យុទ្ធោបករណ៍ និង​ វិធីសាស្ត្រធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ

ដោយ ង៉ែត សោភ័ណ និង មៀច ប៉ុណ្ណ ប្រភពពី៖  ស្រុកកោះធំនៃប្រទេសកម្ពុជា សេចក្ដីផ្ដើម ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្...

ដោយ ង៉ែត សោភ័ណ និង មៀច ប៉ុណ្ណ ប្រភពពី៖ ស្រុកកោះធំនៃប្រទេសកម្ពុជា

សេចក្ដីផ្ដើម
ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្រកកោន ក្នុងដែនដីចក្រភពមានអំណាច និង ឥទ្ធិពលគ្របដណ្ដប់ទៅ លើនគរជិតខាង អាស្រ័យដោយបុព្វបុរសខ្មែរ ជាពូជអ្នកចម្បាំង ខ្លាំងពូកែ យូរលង់ណាស់មកហើយ ។ ទន្ទឹមនឹង នគរចម្ប៉ាក្លាយទៅជាវៀតណាមភាគកណ្ដាល ហើយដែន ដីរាមញ្ញមន’ក្លាយទៅជា ភូមា និងថៃនោះ ខ្មែរយើងដែល ជាប់ពូជអម្បូរ ខម បែរជាអាច ថែរក្សាទឹកដីឲ្យនៅគង់វង្ស បានមួយក្រវេចក្នុង ផែនទីពិភពលោកនឹងគេដែរ ព្រោះហេតុតែដូនតាខ្មែរ ជំនាញខាងការធ្វើសង្គ្រាមការពារជាតិ​មាតុភូមិមិនសុខចិត្តឲ្យពួកបរទេស លេបត្របាក់ យកបាន ដោយងាយៗនេះឯង ។
តើបុព្វបុរសខ្មែរ មានមធ្យោបាយធ្វើសង្គ្រាមរបៀបណា ? យើងសាកល្បងសិក្សាស្រាវជ្រាវដូចតទៅ ៖

I – អំពីបន្ទាយទ័ព
ព្រះមហាក្សត្រខ្មែរពីបុរាណព្រេងនាយ មុននឹងយាងទៅគង់ប្រថាប់នៅទីណា ឬក៏លើកទ័ព ទៅវាយបច្ចាមិត្ត ទ្រង់តែងមានព្រះតម្រិះ ពីបញ្ហាតាំងទីបន្ទាយរាយទ័ពជា អាទិភាព រីឯទីតាំងបន្ទាយនោះ ត្រូវប្រកបដោយលក្ខណ: សម្បត្តិដូចខាងក្រោម ៖

  • ដីជ័យភូមិ៖​ ជាទីតាំងខ្ពស់ផុតពីទឹក សមប្រកបតាមក្បួនពិជ័យ សង្គ្រាម និងក្បួនហោរាសាស្ត្រ ។ នុំនឹង វាតដីតាំងជា បន្ទាយស្ដេច ឬមេទ័ពធំ តែងតម្រូវឲ្យហោរាទស្សន៍ទាយ វាស់វែងបែងក្រឡាមើលដីនោះ ឲ្យល្អិតល្អន់សិន ។
  • មានស្ទឹង ឬទន្លេព័ទ្ធជុំវិញ៖​ ចំណុចនេះ បើសិនជាគ្មានស្ទឹង ឬទន្លេនៅជិត ព្រះមហាក្សត្រ ឬមេទ័ពធំ តែងបញ្ជាសេនារេហ៍ពល ឲ្យជីកជាគូទឹកព័ទ្ធជុំញ ដោយ មានចិញ្ចឹមក្រពើកាចៗផង ដើម្បីទុកជាមធ្យោបាយការពារ ទប់ទល់ នឹងបច្ចាមិត្ត ។
  • សង់សើន និងប៉មខ្ពស់ៗ៖ បើបន្ទាយនោះធំ ការសង់សើន និងប៉មក៏ធ្វើធំ ហើយខ្ពស់ទៅតាមនោះដែរ ។ បើបន្ទាយ នោះតូចតាច សើន និងប៉មក៏ទាបៗ ។ គេធ្វើសើនសម្រាប់ដាក់តម្កល់មេរៀម ឬកាំភ្លើងធំ ដើម្បីបាញ់ ការពារបន្ទាយ ។ ឯប៉ម សម្រាប់ឲ្យពលសេនា អង្គុយយាមមើលទៅមុខបានឆ្ងាយ។ 
  • លើកដីឱ្យខ្ពស់ ឬ ធ្វើជាកំពែង៖ គេលើកដីព័ទ្ធជុំវិញបន្ទាយ ដូចជាទំនប់ទឹក ដើម្បីទប់នឹង ផ្លែព្រួញ ឬគ្រាប់មេរៀមរបស់ខ្មាំង ។ បើបន្ទាយនោះធំមាំមួន គេធ្វើជាកំពែងថ្ម អាចជិះសេះពីលើ​បានងាយស្រួលឲ្យពលសេនា បញ្ជូនសារ និងពាក្យបញ្ជាពីថ្នាក់លើទៅថ្នាក់ ក្រោម ក្នុងករណីមាន​ភាពអាសន្នកើតឡើង ។
  • រោង និងឃ្លាំង៖ សម្ភារ:សង់រោង សម្រាប់ពលសេនាស្នាក់នៅ ច្រើនធ្វើពីឈើប្រក់ស្បូវ មានរានរនាប​ប្ញស្សីសម្រាប់ដេក ទៅតាមពួក តាមកងនីមួយៗ ។ មានរោង ចម្អិនអាហារ រោងព្យាបាលជំងឺ និងរោងគុក សម្រាប់ដាក់យុទ្ធជនល្មើសវិន័យ ។ ឃ្លាំងជាកន្លែង សម្រាប់ផ្ទុកស្បៀងអាហារ ដូចជា អង្ករ ពោត សណ្ដែក អំបិល ត្រីងៀត ត្រីឆ្អើរ ប្រហុក គ្រឿងសស្ត្រាវុធ និង សំលៀកបំពាក់ ៘
  • ក្រោលដំរី ក្រោលសេះ ៖ ធ្វើក្រោលដំរី ពាក្យបុរាណថា តាំងខ្លោងព្នៀត ដោយកាប់ឈើប៉ុន៉ៗសសរ​ផ្ទះ មកដាំ ច្រុះតំរៀមគ្នា ដូច ម្រាមដៃព័ទ្ធទីធ្លាដ៏ធំមួយ មានឈើជាម្លប់ល្មមដំរីជ្រកការពារ កម្ដៅថ្ងៃបាន ។ ក្រោលនេះធំទូលាយ អាចផ្សាំងដំរីសឹកបាន ។ ដំរីដែលជាប់ក្នុងក្រោល ភាគច្រើនគេដាក់ទន្លីងមិន ឲ្យវាដើរ ទៅណាបានឆ្ងាយ ដោយមានពលបោចស្មៅ និងយកទឹកមកឲ្យដល់កន្លែង ព្រោះនៅពេល ជាប់ច្បាំង ឬខ្មាំងព័ទ្ធជាប់ គេពុំអាចយកដំរីទៅលែងឲ្យស៊ីខាងក្រៅបន្ទាយបានឡើយ ។ ឯក្រោល សេះ និងកន្លែងដាក់រទេះ ក៏មានលក្ខណ:ប្រហាក់ ប្រហែលក្រោលដំរីដែរ ដោយគ្រាន់តែសង់ឲ្យ វាឃ្លាតឆ្ងាយពីគ្នាបន្តិច ព្រោះដំរី និងសេះ ផ្អើលខ្លាចគ្នាទៅវិញទៅមក ដាក់ជិតគ្នាមិនបានទេ ។
  • ទីលានហាត់យុទ្ធសាស្ត្រ៖ គេច្រើនយកទីតាំងនៅកណ្ដាលបន្ទាយ ដែលជាទីធ្លាវាលស្រឡះគ្មានបន្លា ឬគល់ដង្គត់ជាឧបសគ្គ ។ មានដាក់ ផ្ទាំង ស៊ីបភ្ជាប់នឹងដើមឈើ ឬសសរ សម្រាប់ហាត់បាញ់ ព្រួញ ចោលលំពែង គប់កាំបិត ។ មានកន្លែងហាត់ជិះសេះ ជិះដំរី កាប់ដាវ គុនដំបង និងធ្លា សម្រាប់បើកសមរភូមិ ប្រយុទ្ធរួមគ្នាម្ដងៗរាប់រយនាក់ ។ បន្ទាយគ្រប់ទីកន្លែង ត្រូវតែមាន​លក្ខណ:សម្បត្តិ  ដូចខាងលើនេះ  ។ ជួនកាលព្រះមហាបានត្រាស់បង្គាប់ឲ្យសាងសង់​បន្ទាយ ធ្វើជារាជវាំងគង់នៅជាអចិន្ត្រៃយ៍តែម្ដង ដោយមានរៀបកំពែងថ្ម តជាកសិណ ដាំប្ញស្សីច្រុះក្ដារ យ៉ាងមាំមួន ដូចជាបន្ទាយលង្វែកជាដើម ។

II - គ្រឿងសស្ត្រាវុធ
សស្ត្រាវុធជំនាន់ដើម ជាប្រភេទអាវុធ កាប់ ចាក់ បាញ់ វាយ ដែលជារួមមានដូចតទៅ៖
១-ប្រភេទអាវុធសម្រាប់កាប់
  • ព្រះខាន់៖ ក្លាយពីពាក្យសំស្ក្រឹត ខ័ឌ្គ បាលី ខគ្គជាអាវុធសម្រាប់ព្រះមហាក្សត្រ ។ ផ្លែមានមុខទាំងសងខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែងដងខ្លី មានស្រោម សម្រាប់ស៊កស្ពាយនៅចង្កេះបាន ។ ព្រះខាន់ មានពីរប្រភេទ គឺព្រះខាន់រាជ្យ និងព្រះខាន់ជ័យ ។ ព្រះខាន់ រាជ្យ សម្រាប់ទុកជានិមិត្តរូបនៃរាជបល្ល័ង្ក មិនមែនទុក សម្រាប់កាប់ ចាក់ទេ ឯព្រះខាន់ជ័យ ទើបប្រើជាអាវុធបាន។ នៅមានព្រះខាន់ស្តេចត្រាញ់ ដោយឡែកមួយបែបទៀត ជា និមិត្តរូបនៃអំណាច ។
  • ដាវ ៖ ដាវចែកចេញជា ដាវវែង ដាវខ្លី ដាវកូនស្រាល ។ គឺជាអាវុធ ធ្វើពីដែកមានផ្លែវែង មានមុខតែម្ខាង ខ្នងអ៊ែន ដងខ្លី មានរបាំងឆែង សម្រាប់រងដៃ មានបញ្ចុះក្រំមាស ប្រាក់ ស្ពាន់ និងមានស្រោមសម្រាប់ស៊ក ហូត ចេញចូលបាន ។ ដាវវែងជាមធ្យម ប្រវែង២ហត្ថ ។ ឣាវុធនេះ មានខ្សែចងស្ពាយនៅខ្នង ។ ឯដាវកូនស្រាល គេអាចលាក់បង្កប់ក្នុងដៃអាវបាន សម្រាប់ចារបុរស ប្រើប្រាស់ ។ បើដាវជារបស់ស្ដេចកាន់ គេហៅថា ព្រះទម្រង់ ឣសិ ព្រះសែង ព្រះសែងស្នៀត ។ នៅមានដាវអាជ្ញា សឹកមួយទៀត ជានិមិត្តរូប នៃអំណាចផ្ដាច់ការ ។
  • កាំបិត ៖ កាំបិតមានវែង ខ្លី ធំ តូច ធ្វើពីដែក មានមុខ តែម្ខាង ដូចកាំបិតចែត កាំបិតព្រា កាំបិតបន្ទោះ កាំបិតប៉័ង តោ កាំបិតស្នៀត ។ កាំបិតខ្លីរបស់ស្ដេចហៅថា ព្រះទម្រង់ឆុរិកា ។
  • ផ្គាក់ ៖ ជាអាវុធមួយប្រភេទ ធ្វើដោយដែកផ្លែ ក្រាស់ មានមុខតែម្ខាង រាងស្រដៀងនឹង កាំបិតចែត មាន ក្បាច់រាងជហ្វាចែ នៅចុងផ្លែ ដងវែង អាចពិឃាដ មនុស្ស សត្វ ឬកាប់ ឆ្ការព្រៃ ងាយស្រួលជាងកាំបិត ។ ផ្គាក់ដែលប្រើប្រាស់ក្នុងសង្គ្រាម ដូចយើងបានឃើញក្នុងរឿង តេជោមាស តេជោយ៉ត៉ នោះមានផ្លែក្រាស់ វែង មុត ធ្ងន់ ហើយត្រូវដាប់ផ្នែកខាងគល់នៃផ្លែ បញ្ចុះទៅក្នុងដង ធ្វើពីប្ញស្សីថ្នាំងរេញ ឬឈើមានទម្រង់កោងជាប់ស្វិត ។ អ្នកប៉ិនប្រសប់ ខាងគុនកាំបិតផ្គាក់ មានប្រៀបខ្លាំងណាស់ ទៅលើដាវ ឬលំពែង ព្រោះដងវែង ផ្លែធ្ងន់ អាចយោល កាប់បានខ្លាំង បាក់ទាំងអាវុធគូសត្រូវ និងធ្វើឲ្យដាច់កគូ សត្រូវ ឬរយ:ស្មាមួយចំហៀងផង ។ សព្វថ្ងៃនេះ ជនជាតិ ភាគតិច កួយ ជង ភ្នង រដែ … កំពុងប្រើនៅឡើយ ។ ព្រះខាន់ ដាវ កាំបិតខ្លី អាចកាប់ក៏បាន ចាក់ក៏បាន ។

២-ប្រភេទចាក់
  • ច្បូក៖ ជាអាវុធផ្លែបី មានងៀង ដងវែងជាងមួយព្យាម អាចចាក់សម្លាប់បច្ចាមិត្ត ឬប្រើធ្វើនេសាទក៏បាន ។
  • តោមរ៖ ជាអាវុធម៉្យាង មានមុខពីរ ង ដូចស្នែង ក្របី អាចហៅថា លំពែងស្នែងក្របីក៏បាន ។ សេនាកាន់ អាវុធនេះ ច្រើនជាពេជ្ឈឃាដ សម្រាប់នាំអ្នកទោសទៅ ប្រហារ ហៅថា តោមរធរ ។
  • លំពែង៖ ជាអាវុធអាចប្រឡូកគ្នាជិតៗ ឬពួយពី ចម្ងាយបាន មានមុខទាំងពីរខាង មានចុងស្រួច រូបសណ្ឋាន ដូចផ្លែព្រះខាន់ តែដងវាវែង ។ លំពែងជាគូនឹងខែល ។
  • ទួន៖ ទួនមានលក្ខណ:ប្រហែលគ្នានឹងលំពែង ប្លែក តែនៅគល់ដងមានភូ ‘រំយោល’ ទួន ក៏មានខែលការពារដែរ ។
  • ក្រឹស៖ ជាអាវុធខ្លីស្រួចមានមុខទាំងពីរខាង សម្រាប់ ស៊កក្នុងស្រោម សៀតចង្កេះ ដូចកាំបិត ស្នៀត ។
  • ស្ន ៖ ជាអាវុធមានផ្លែដែក មូលវែងប៉ុនម្រាមដៃ បញ្ចុះខាងគល់ភ្ជ័រ ជិតជាប់ទៅនឹងដងប្ញស្សីវែង រៀវស្ដួចចុង សម្រាប់ប្រើជាឧបករណ៍នេសាទត្រី ។ គេមិនដែលប្រើស្ន ចូល សមរភូមិទេ ប៉ុន្តែអ្នកភូមិតែងដាក់វា ត្រៀមនៅក្បែរ មាត់ទ្វារ សម្រាប់ចាក់សម្លាប់ចោរ ដែលលប ឡើងផ្ទះចូល លួចទ្រព្យសម្បត្តិ ។

៣-ប្រភេទវាយ
  • ដំបងវែង ៖ ច្រើនធ្វើពីខ្លឹមគ្រញូង ក្រឡាញ់ ទ្រយឹង ដើមផ្អាវ ឬធ្វើពីប្ញស្សីពីងពង់សម្រួច ចុង រោលភ្លើងឲ្យឡើង ក្រហម ។ ដំបងវែងមានប្រវែងជាមធ្យម ជាងមួយព្យាម មនុស្សចាស់ ។
  • ដំបងខ្លី ៖ ដំបងខ្លីធម្មតាមានប្រវែងពីរហត្ថ ធ្វើពី ឈើខ្លឹម មិនសូវរើសឈើទេ ។ ឯដំបង ម៉្យាងទៀត ខ្លីប្រវែង មួយចំអាម មានពីរកំណាត់ ហើយភ្ជាប់នឹងច្រវាក់ដែក ។ ដំបងច្រវាក់នេះ មានប្រសិទ្ធិភាព អាចវាយប្រហារទាញឆ្វាក់ ថ្ពក់យកដាវពីបច្ចាមិត្របាន ។
  • ព្រនង់ ៖ ជាដំបងយ៉ាងធំហើយខ្លី ។ គេប្រើអាវុធ នេះ សម្រាប់តែមនុស្សមានកំហឹង ខ្វះការពិចារណាប៉ុណ្ណោះ មិនដែលយកចូលសមរភូមិទេ ។
  • អង្រែ៖ ជាដំបងធុនធំ ប្រើសម្រាប់តែបុកអង្ករ បុកល័ខទេ ប៉ុន្តែក្នុងពេលមានឣាសន្ន រកអ្វីមិនទាន់ អ្នកដែល ចេះគុនដំបងយ៉ាងស្ទាត់ តែងស្រវាយកអង្រែក្បែរដៃ មកដោះស្រាយបញ្ហាក្នុង ករណីបន្ទាន់ ។


៤-ប្រភេទបាញ់
  • ធ្នូ ៖ ជាអាវុធធ្វើដោយឈើ ប្ញស្សី ឬធាងទ្រាំង មានដងមានបន្លោះ សម្រាប់ផ្ទាប់ព្រួញបាញ់ ។ មានបំពង់ព្រួញស្ពាយនៅខ្នង ជាគូ បើអស់ព្រួញ ធ្នូក៏អស់ប្ញទ្ធិដែរ ។ បុរាណច្រើនប្រើពាក្យភ្ជាប់គ្នា ថា ធ្នូសរ បើធ្នូជារបស់ស្ដេចហៅថា កៅទណ្ឌ ឬកៅទណ្ឌជ័យ ។ ក្នុង កាល:ទេស:ខ្លះ គេត្រាំចុងព្រួញក្នុងថ្នាំពិស ហៅថាជ័រឆក់ ដើម្បី ប្រហារសត្រូវឲ្យស្លាប់ទាន់ហន់ភ្លាមៗ ។ ជ័រឆក់ ឬព្រួញពិសនេះ អាច ប្រើក្នុងការបាញ់សត្វធំៗ ដូចជាដំរី ខ្ទីង រមាស ជាដើមផងដែរ ។
  • ស្នា៖ ជាអាវុធធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាប សម្រាប់បាញ់បាន និងត្រង់ ជាងធ្នូ ប៉ុន្តែរហ័សមិនទាន់ធ្នូទេ ។ ឣ្នកប៉ិនប្រសប់ អាចបាញ់ម្ដងបាន ព្រួញប្រាំ ហើយទៅត្រូវទិសដៅតែមួយ ឬផ្សេងគ្នា ទៅតាមការ ដៅរបស់អ្នកបាញ់ ។ ធ្នូជាអាវុធធ្លាប់មានមកជាច្រើនពាន់ឆ្នាំ ហើយ ។ យើងបានឃើញក្នុងរឿងរាមកេរ្តិ៍-រឿងសុវណ្ណសាម និងរឿងប្លែកៗ ច្រើនទៀត ក្នុងអត្ថបទអក្សរសាស្ត្រ សាសនា និងសាស្ត្រាល្បែង ជាច្រើន ។
  • មេរៀម៖ជាកាំភ្លើងម៉្យាងវើឣាយ ។ ជាងដែក អាចស្លដែក សិតវាបាន មានធំ មានតូច សម្រាប់បាញ់ ។ គេស្លរំសេវបញ្ចរង្គ ញ៉ក៉ុនៅគល់កាណុង ហើយដាក់គ្រាប់សំណខាងចុងកាណុង ទើបដុត ឆ្នួនឲ្យ រំសេវផ្ទុះធាក់គ្រាប់ចេញទៅ ។ ខ្មែរយើងចេះធ្វើកាំភ្លើងមេរៀមនេះ តាំងពីសម័យអង្គរម៉េ្លះ ។ គេច្រើនប្រើមេរៀមដាក់តម្កល់លើសើនខ្ពស់ សម្រាប់បាញ់ការពារបន្ទាយ ។ ក្នុងសង្គ្រាម រវាងព្រះចន្ទរាជា និង ស្ដេច ភាគីម្ខាងៗសុទ្ធតែយកមេរៀមជា អាទិភាព រហូតដល់ខ្វះខាត ក៏ចាត់ទ័ពសំពៅឲ្យទៅទិញ បន្ថែមពីប្រទេសម៉ាឡាយូ ដើម្បីយកមក ធ្វើចម្បាំងយកឈ្នះគ្នា ។ សម័យបន្ទាយលង្វែក សៀមបានចាត់តាំង ចារបុរស ឈ្មោះសុប្បញ្ញោ និងតិប្បញ្ញោ ឲ្យផ្លមបួសជាសង្ឃ ចូល មកលួចស្លង់រន្ធកាំភ្លើងបាន រហូតដល់ខ្មែរចាញ់ បែកបន្ទាយលង្វែក ទៅ ព្រោះអាវុធដ៏មានប្រសិទ្ធភាព ឈ្នះដាវ កាំបិតខូចខាតអស់ ។ ក្នុងរជ្ជកាលព្រះបាទអង្គដួង មានមន្ត្រីយោធា ខ្មែរម្នាក់បុណ្យសក្ដិជា “ ម៉ឺន ” ចេះធ្វើគ្រាបមេរៀមនេះ បាញ់ទៅផ្ទុះឆេះ បន្ទាយយួននៅជ្រោយ ចង្វាអស់ ជំនាន់នោះ ពមុទាន់មានអ្នកចេះធ្វើគ្រាប់ឲ្យផ្ទុះឆេះ នៅឡើយ ទេទើបពួកយួនដកថយចេញពីទឹកដីខ្មែរអស់ទៅ ។


III - គ្រឿងការពារខ្លួន និងវេទមន្តសក្ដិសិទ្ធិ
ដើម្បីបញ្ចៀសការពារទប់ទល់ នឹងគ្រឿងអាវុធគ្រប់ប្រភេទបាន បុព្វបុរសខ្មែរមានមធ្យោបាយ និងគ្រឿងការពារខ្លួនពីរយ៉ាងគឺ តាមក្បួន យុទ្ធវិធី និងតាមវេទមន្ត ។
១-ក្បួនយុទ្ធវិធី
  • តាមធម្មជាតិ៖ ត្រូវចេះរកទីបិទបាំង មានព្រៃរបោះ ថ្មដា ចេះស្មានតម្រូវកាលអាកាស ចេះស្ដាប់​សន្ធឹកខ្យល់ បោកបក់ ៘
  • ប្រើខែល៖ អាចចាត់ជាអាវុធក៏បាន ខែលមានរាងមូល វែង ដូចចង្អេរ ធ្វើពីដែក ស្បែកក្របី ឬឈើ សម្រាប់ទប់រាំងបាំង ផ្លែព្រួញ ឬមុខលំពែងដែលបាញ់ពីចម្ងាយ ។
  • អាវក្រោះ៖ ជាអាវវៀលក្លៀក ធ្វើពីបន្ទះដែក ស្ពាន់ សំណាញ់ដែក ស្បែកគោ-ក្របីហាលស្ងួត ដោយដេរភ្ជិតសម្រាប់ពាក់ចូលទីលានប្រយុទ្ធ ។ អាវក្រោះអាចទប់នឹងផ្លែព្រួញ មុខដាវ លំពែង បាន ។ ព្រះមហាក្សត្រខ្មែរតែងប្រើអាវក្រោះ តាំងពីសម័យមុន អង្គរម្ល៉េះ រហូតដល់ជាប់ព្រះនាមថា “វរ្ម័ន” ‘ ជាពាក្យសំស្ក្រឹតប្រែថា : អាវក្រោះនេះឯង ’ ។ ព្រះនាមជ័យវរ្ម័នមានន័យថា “ឣាវក្រោះមាន ជ័យ” ។
  • ផឹកថ្នាំគង់ ៖ ជាឱសថសក្ដិសិទ្ធិ ផ្សំពីប្ញសឈើ សំបក ឈើ ប្រទាល យកទៅស្ងោររម្ងាស់នឹងឆ្នាំងដី ដោយមានរាយមន្តព័ទ្ធ សីមាផង ដើម្បីផឹកទៅឲ្យគង់ស្បែក កាប់មិនមុត ។ ជួនកាលផ្សំ ពីសត្វរញី ប្រមាត់ខ្លាឃ្មុំ ល្អូតស្បូវ ថ្លាន់ភ្ញី ៘
២-វេទមន្ត
  1. អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិប ទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:​ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះ​មិនសូវចោល​អក្សរ​ ន​ ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ ហើយកាន់ក្អែលឡើងខ្មៅរលើប ។
  2. កន្សែងយ័ន្ត៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាម​បាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណ សម្រាប់បង់ជាប់នឹងក ជួតលើក្បាល ។
  3. សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅ ដុសយកទៅសាក់ជាឣក្ខរ: យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ, ស្មា ជាប់ ស្នាមរហូតមួយជីវិត ។
  4. សក់ដាញ់៖ សក់ស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប ជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ ជឿថាមានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់  មួយ​ប្រភេទ​ទៀត កើតឡើងដោយកម្រ បំផុត នៅត្រង់រោមយោនីស្ត្រី ។ ខ្មែរជឿថា កណ្ដាញ់​រោមយោនីនេះពូកែណាស់ ។ មានគេដំណាលថា ប្រពន្ធលោកសក្ដិបី ឥស្សរ:ម្នាក់ មានកណ្ដាញ់​រោមយោនីនេះ ពេល ចេញច្បាំងនឹង​ទ័ពបារាំង លោកតែងបញ្ជិះប្រពន្ធ ឲ្យអង្គុយលើខ្នង សេះពីខាងមុខ ការពារលោកបានរួចខ្លួនគ្រប់គ្រាអាសន្ន ។
  5. អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្ត អាគម សម្រាប់សូត្រសេកហៅ ឬបណ្ដេញខ្មោចបិសាច ។
  6. ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ ។ ចែដំរី ដែលវា ចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់​ត្រជុំ ការពារជំងឺ គ្រប់ប្រភេទ ។
  7. ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត ។
  8. កុយ៖ ជាស្នែងសត្វរមាស ‘ មិនសូវមាន ’ ល្អបំផុតគឺកុយពុក ។
  9. គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វ​ទាំងឡាយ ដូចជា គជ់ ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាត ភ្លើង កាសក្របី ។
  10. នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់, រមាំង, ប្រើស ។
  11. កូនក្រក៖ វត្ថុនេះសំខាន់ជាងគេ ហើយមិនងាយរក បានផង ។ កូនក្រក គឺជាទារកទំក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ ៥ខែ ហើយត្រូវ ឪពុកល្បួងលួងលោម បញ្ឆោតសុំបានរួចនាំទៅវះពោះ យកទាំងរស់ដូចក្នុង​រឿងឃុនឆាង ឃុនផែន’ ។ កាលបើម្ដាយស្លាប់ ទារកក៏ស្លាប់ដែរ ប៉ុន្តែ ឪពុកចិត្តតិរច្ឆាន បានយកខ្មោចទារក​ប៉ុនកដៃនោះ ទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា អធិដ្ឋានឲ្យព្រលឹង ទារកនោះ វិលវល់តាម ជួយយកអាសាខ្លួនឲ្យក្លាយទៅជាអ្នកខ្លាំងពូកែ មានញាណដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកទៅខ្សឹបប្រាប់ ។ អ្នកកាន់កូនក្រក មិនសូវបានយូរអង្វែងទេ ច្រើនតែអាយុខ្លី ព្រោះកម្ម របស់ខ្លួន ដែលហ៊ានលើកដៃសម្លាប់​ភរិយា ឬគូកំណាន់ ព្រោះតែ មហិច្ឆតាឥតព្រំដែនរបស់ខ្លួន ។
  12. គាថា៖ គឺជាបន្ទះសំណប្រាក់ ស្ពាន់ ឬមាស មានចារ យ័ន្ត បាលីគាថាបញ្ចុះ ហើយដាស់ឲ្យពូកែសក្ដិសិទ្ធិ ។ គាថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅក ក៏មាន ។
  13. អាព័ទ្ធ៖ ជាវេទមន្តមួយបែប សូត្រទៅគង់ស្បែកកាប់មិនមុត ដុតមិនឆេះ ។
  14. មហាសំកាំង៖ អាចសូត្រសេកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់ ។
  15. មន្តសណ្តំ៖ អាចសូត្រសេកឲ្យខ្មាំងសត្រូវដេកលក់ ‘ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំធ្វើឲ្យទ័ពយួន​ដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ព្រះបាទជ័យជេដ្ឋាទី៣ ដែលយួនចាប់យកទៅបង្ខាំងក្នុង​ទូកនៅ​​ជ្រោយចង្វា ។
  16. ធ្មប់៖ អាចសូត្រសេកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ល៉ា់ ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន ។ អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីប្រើ អំពើធ្វើអ្នកស្រុក ឲ្យហើមពោះស្លាប់ ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា ជួនកាលហ៊ានប្រកាសខ្លួនឯងជា ស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដូចជាព្រះបាទជាន់ជុំ កែវព្រះភ្លើង ដែលតាំងរាជវាំងនៅខេត្ត តាកែវជាដើម ។
  17. មហារំអិល៖ មន្តនេះសូត្រទៅរអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ ។
  18. មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ ។ តេជោមាស ចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់ តេជោយ៉ត៉ទៀត ។
  19. បំបាំងខ្លួន៖ សូត្រសេកទៅខ្មាំងមើលមិនឃើញ ។ វត្ថុ សក្ដិសិទ្ធិទាំងអស់នេះ បុព្វបុរសខ្មែរតែងដាក់ក្នុង​ទៃគ្រូ កាន់ជាប់ នឹងខ្លួន បើមិនចេញទៅណាទេ ត្រូវតម្កល់ទុកលើហ៊ឹង ដុតទៀន ធូបបូជា ជាប្រក្រតីរាល់ថ្ងៃ​សីល ហើយក្រៅពីម្ចាស់វត្ថុនេះ សូម្បីប្រពន្ធកូនក៏ មិនហ៊ានបំពាន់ដែរ ។ ឣ្នកអាងវត្ថុសក្ដិសិទ្ធិ និងសិល្ប៍វេទមន្ត ដូចខាងលើនេះ កាន់ត្រណមតឹងរ៉ឹងណាស់ ហើយភាគច្រើនៗ តែភ្លាត់ស្នៀតដល់ស្លាប់ ព្រោះចាញ់ល្បិចស្រី ។ ឯថ្នាំបន្សាបសិល្ប៍វេទមន្តនោះ គេយកផ្លែត្រឡាច និងសំពត់ ប្រឡាក់ឈាមរដូវស្ត្រី ទៅកម្លោចបុកឲ្យម៉ដ៉្ឋ លាយនឹងប្រទាល មួយរយមុខ យកទៅដាក់លាយនឹងម្ហូបចំណី ឬក្នុងទឹកឲ្យអ្នក សិល្ប៍ ស៊ី ឬផឹក, ងូត នឹងសាបរលាបអស់ជាមិនខាន ។ ជាទូទៅ បុព្វបុរសខ្មែរ តែងកាន់ជាប់នូវជំនឿ ជាប្រពៃណីទាំងនេះ ស្ទើរ ១០០ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រ និងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ ។ យើងឃើញក្នុង ព្រះរាជពង្សាវតារ ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្ត មានជា ឣាទិ៍ តេជោ មាស, តេជោយ៉ត៉, ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ, ស្ដេចសំរែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករត្ន័, ភក្ដីសង្គ្រាមហុកជាដើម ៘ ទោះបីបច្ចុប្បន្ន ក៏ខ្មែរមួយភាគធំនៅតែប្រកាន់ជំនឿបែបនេះ នៅឡើយ ។
*អំពីត្រណម៖ ទន្ទឹមនឹងមានគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដូចបានជម្រាប ជាលំដាប់លំដោយ​ខាងលើនេះ ក៏នៅមានរបៀបរបបមួយទៀត មកកូបផ្សំផង ទើបពូកែសក្ដិសិទ្ធិគួរ ឲ្យកក់ក្ដៅបាននោះគឺ “ត្រណម” ។ មានត្រណមច្រើនយ៉ាងណាស់ ដែលអ្នកទ្រង់គ្រឿងការពារខ្លួន  ត្រូវកាន់ឲ្យបានខ្ជាប់ខ្ជួន ៖
  • តមកុំទាក់ទងស្នេហ៍ស្និទ្ធជាមួយស្រី មានស្រីប្រពន្ធគេ កូនក្រមុំគេ
  • តមមិនលួចលាក់យកទ្រព្យរបស់គ្រប់យ៉ាង នៅសមរភូមិ មានមាស ប្រាក់ សំពត់ ឣាវ ឬគ្រឿង អលង្ការ គ្រប់ប្រភេទ
  • តមមិនជេរប្រមាថគ្នីគ្នា ដែលជាយុទ្ធជនរួមអាវុធ
  • តមមិនជេរ ម្ដាយគូសត្រូវក្នុងពេលកំពុងប្រយុទ្ធ លើសមរភូមិ
  • តមចំណីអាហារផ្សេងៗ ដែលគ្រូហាម មានត្រាវ, ស្ពឺ, ឃ្លោក… សាច់ឆ្កែ… ជាដើម ។
នៅមានត្រណមផ្សេងដទៃទៀត ដែលឣ្នកចម្បាំងត្រូវ កាន់ឲ្យបានម៉ឺងម៉ត៉ា់ ដើម្បីកុំឲ្យខុសនឹងបណ្ដាំគ្រូ នាំឲ្យសាបមន្តអាគម បណ្ដាលឲ្យមានគ្រោះថ្នាក់ក្នុងសមរភូមិ ។
IV-អំពីយានជំនិះក្នុងចម្បាំង
  • ដំរី៖ ជាសត្វខ្លាំងជាងគេ អាចដើរបានឆ្ងាយ កាត់ភក់ផុង ព្រៃភ្នំក្រំថ្ម និងផ្ទុកទម្ងន់បានច្រើន ។ គេទាក់ដំរីព្រៃយកមកផ្សាំង ឲ្យចេះក្បួនយុទ្ធសាស្ត្រ ចេះស្ដាប់បង្គាប់ហ្មរបស់ខ្លួន ។ ក្នុងក្បួន កងទ័ពធំ អាចមានដំរីដល់ទៅមួយពាន់ក្បាល ។ ក្នុងករណីខ្វះ ដំរីប្រើ គេអាចទិញពីនគរលាវបាន ព្រោះស្រុកលាវសម្បូណ៌ដំរី ណាស់ ។ ដូចជាកាល ព្រះចន្ទរាជា ធ្វើសង្គ្រាមជាមួយនឹងសៀម ព្រះអង្គបានចាត់ព្រះរាជបរិពារ ឲ្យទៅទិញដំរីពីដែនចម្ប៉ា សាក់យកមកធ្វើចម្បាំង ។ ដំរីក្នុងសមរភូមិ ចាត់ទុកដូចជារថក្រោះ នាសម័យនេះ ។ដំរី ៖ នៅក្នុងសមរភូមិ ដំរីត្រូវគេបង្ហាត់ឲ្យចេះកាន់ដាវកាប់​សម្លាប់សត្រូវ ឲ្យចេះព្រេច ប៉ែងនឹងជើងក្រោយ ឈូសនឹងជើងមុខ ចាក់នឹងភ្លុក កម្ទេចសត្រូវឲ្យស្លាប់​បានយ៉ាងស្រួល ។ ដើម្បីឲ្យដំរីមាន ចរិតកាចសាហាវខ្លាំងក្លា ពេលរៀបចូលប្រយុទ្ធក្នុងសមរភូមិ គេបង្អកស្រាឲ្យដំរីផឹក លុះវាស្រវឹង វាសម្លាប់សត្រូវឥតមានកោត ញញើត ដូចមនុស្សឡប់សតិ ក្នុងពេលស្រវឹងស្រាដូច្នោះដែរ ។
  • សេះ៖ ជាពាហនៈមានល្បឿនលឿនជាងគេ អាច ជិះលើខ្នង ឬទឹមរទេះបានយ៉ាងស្រួល ។ ក្នុងកងទ័ពតែង មានសេះរាប់ពាន់ក្បាលឯណោះ ។
  • ក្របី៖ មានតិចតួចសម្រាប់ទឹមរទេះដឹកស្បៀង ។ ជួន កាលគេបង្ហាត់ក្របី ឲ្យចេះវ័ធ​សម្លាប់បច្ចាមិត្រទៀតផង ។
  • រថ៖ ជារទេះទឹមសេះ និងក្របី ។ រថសម្រាប់ប្រើ ក្នុងកងពលស្បៀង ។
  • ទូក៖​ ជារួមមានទូកង, ទូកមួង, ទូកគេហ៊ៅ,ទូកប៉ុកចាយ ។
  • ក្បូន៖ ជលយានមួយប្រភេទ ធ្វើពីប្ញស្សីស្រុក ចងគួបគ្នាដោយផ្ដៅរាប់រយដើម សម្រាប់សណ្ដោង​សត្វពាហនៈ និងពល សេនា ឆ្លងទន្លេទៅត្រើយម្ខាង ព្រោះជំនាន់ដើមពុំទាន់មានលទ្ធភាព ធ្វើស្ពានធំៗ ឆ្លងកាត់ទន្លេនៅឡើយទេ ។
  • សំពៅ៖ ជលយានធំជាងគេប្រើចែវ និងក្ដោង បើកឆ្លងទន្លេ សមុទ្របាន ។ សំពៅប្រើសម្រាប់ដឹកទ័ព សម្ភារ: សឹក ឬទំនិញ និងវត្ថុគ្រប់ប្រភេទ ។

V-ការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ
មុនពេលចេញទៅធ្វើសង្គ្រាម យុទ្ធជន យុទ្ធនារីខ្មែរ តែងទទួលបានការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនៅក្នុង​បន្ទាយ ដោយមាន មេកងជំនាញ ធ្លាប់មានការពិសោធន៍ជាអ្នកបង្ហាត់ ។ អ្នកដែលចេះស្នៀតគុនស្ទាត់វាងវៃ គួបផ្សំនឹងការចេះមន្តអាគមផ្សេងៗ ចាត់ទុកជាអ្នកខ្លាំង ហើយនឹងត្រូវ ជ្រើសរើសជាមេពួក, មេក្រុម, មេកង ទៅតាមសមត្ថភាពរៀងៗខ្លួន ។ ឯការតែងតាំងនេះ ត្រូវឆ្លងកាត់ ការប្រឡងកាប់ដាវ,ចោលលំពែង, បាញ់ធ្នូ ៘ ជាមុនសិន ។ ឯស្នៀតគុនទាំងនោះមាន ៖
  • គុនដាវ៖ ប្រើស្នៀតព្រះនារាយណ៍ សម្ដែងប្ញទ្ធិ, ឃ្មុំបែក សំបុក, ត្រីនេត្រផ្តាច់ព្រលឹង ។
  • គុនដំបងវែង៖ ប្រើស្នៀត ពីទ្វារ២ ដល់ទ្វារ៨ ៘
  • គុនដំបងខ្លី៖ ល្បុក្កតោ ៘
  • ប្រដាល់៖ ព្រះរាមផ្លែងសរ, ឥន្ទ្រីឆាបដំរី ៘
  • ចំបាប់៖ ហនុមានគាស់ភ្នំ ៘
  • គប់កាំបិត៖កាំបិតអត់ម្ចាស់ ‘លាយវេទមន្ត’ ៘
  • បាញ់ធ្នូ ស្នា ចោលលំពែង៖ តម្រង់ឲ្យចំទិសដៅ គ្មាន ស្នៀតទេ ប៉ុន្តែស្ដេចកនអាចបាញ់ព្រួញម្តង៥ ឲ្យទៅត្រូវមនុស្ស ស្លាប់ ៥នាក់ ដោយប្រើវេទមន្តផ្សំផង ។
  • ហាត់លើខ្នងដំរី៖ បរដំរី ឬបំបោលឲ្យជាន់ ឲ្យព្រេច ខ្មាំង និងហាត់ចាក់លំពែង ច្បូក ពួយពីចម្ងាយ ឲ្យចំចំណុចមរណ:របស់ បច្ចាមិត្រ ។
  • ហាត់លើខ្នងសេះ៖ ភាគច្រើនមេកង ដោយប្រើដាវ និង ដាវកាប់គ្នា ។
  • ហាត់លើរទេះ៖ ហាត់ប្រណាំងដឹកស្បៀង ឲ្យទាន់ សភាពការណ៍ ៘ ការហ្វឹកហាត់នេះ ទោះជាស្រុកមានសន្តិភាព ក៏ត្រូវតែហាត់ដែរ ហើយគ្រប់ផ្នែកទាំងអស់ ត្រូវជួបជុំគ្នាធ្វើសម- យុទ្ធជារៀងរាល់ឆ្នាំ ទៅតាមការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ។

VI-ថ្នាក់ដឹកនាំកងទ័ព
សង្គមខ្មែរពីបុរាណព្រេងនាយមក អំណាចគ្រប់បែបយ៉ាង ឋិតនៅលើព្រះមហាក្សត្រទាំងអស់ ។ ព្រះរាជាប្រកបដោយសម្បូណ៌ាជ្ញាសិទ្ធិរាជ ។ ព្រះអង្គជាម្ចាស់ទឹកម្ចាស់ដី ជាអគ្គបញ្ជាការ កំពូលរបស់កងទ័ព ។ នៅសម័យអង្គរ, លង្វែក, ឧដុង្គ ជាពិសេស នៅសម័យលង្វែក មានការបែងចែកឋានន្តរសក្ដិយោធា ដូចខាងក្រោមនេះ ៖
មហាឧបរាជ   ព្រះមហាក្សត្រ    មហាឧភយោរាជ

  1. មហាឧកយោរាជ៖  (ទីប្រឹក្សារបស់ស្ដេចផែនដីភាគច្រើនជាស្ដេចដាក់រាជ្យ ) ព្រះអង្គមានកងទ័ព​ឡើង​ចំណុះខ្លះដែរ ។
  2. មហាឧបរាជ៖ បន្ទាប់ស្ដេចផែនដី មានទ័ពចំណុះច្រើនដែរ
  3. សម្ដេចចៅហ្វាទឡ្ហ:៖ ទទួលបញ្ជាពីស្ដេចផែនដី ហើយបង្គាប់ទៅឧកញ៉ាចក្រី និងឧកញ៉ាក្រឡាហោម ។ សម្ដេចចៅ ហ្វាទឡ្ហ: ពាក់សក្ដិ ១១ ហ៊ូពាន់ ច្រើនរើសយកនាហ្មឺនចាស់មាន ការពិសោធន៍រាប់សិបឆ្នាំ ក្នុងការបម្រើជាតិមាតុភូមិ ជួនកាល បិតាក្មេករបស់ស្ដេចផែនដីផងក៏មាន ឧទាហរណ៍ ចៅហ្វាដុង បិតារបស់ព្រះនាងទេពធីតា ជាអគ្គមហេសីព្រះបាទបរមរាជាទី ៤ ។
  4. ឧកញ៉ាចក្រី៖ សក្ដិ ១០ ហ៊ូពាន់ អាចឡើងជា សម្ដេចចក្រីកុញ្ជរាធិបតី ។
  5. ឧកញ៉ាក្រឡាហោម៖ សក្ដិ ១០ ហ៊ូពាន់ ត្រួតខាងជើងទឹក ភារកិច្ចដឹកនាំកងទ័ព គឺសំខាន់នៅលើ​មន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នេះ ។ ចុះពីឧកញ៉ាចក្រី និងក្រឡាហោមមកមាន ៖
  6. ឧកញ៉ាវិបុលរាជះ៖ សក្ដិ ៧ ឬ ៨ ហ៊ូពាន់ មេទ័ពរង 
  7. ឧកញ៉ារាជតេជះ៖ សក្ដិ ៧ ឬ ៨ ហ៊ូពាន់ មេទ័ពរង ចុះពីនេះទៅទៀតមាន ៖
  8. ព្រះ៖ សក្តិ ៦ ហ៊ូពាន់ ឧទាហរណ៍ ព្រះសុទត្តមាស, ព្រះសុធនបទរស់
  9. ហ្លួង៖ សក្តិ ៥ហ៊ូពាន់ ឧទាហរណ៍ ហ្លួងសេនានុ រក្សព្រំ, ហ្លួងឧត្ដមចិន្ដាស្រី ។ ហ្លួងជាពាក្យសៀម តាមវចនានុក្រមខ្មែរ ប៉ុន្តែតាមទស្សន:លោកឣៀវ កើស ក្នុងសៀវភៅ “ភាសាខ្មែរ” លោកបានពន្យល់ថា ហ្លួងជាពាក្យសៀមសងបំណុលខ្មែរ ។ កាល ពីសម័យអង្គរ ខ្មែរប្រើពាក្យ លោញ សម្គាល់ឋាន: វរមន្ត្រីបន្ទាប់ ពីខ្លោញ ។ សៀមលួចពាក្យលោញនេះ ទៅប្រើទៅជា លោញ→ហ្លួង តាមសំនៀងភាសាគេ ។ លុះខ្មែរយើងដែលធ្លាប់ទៅនៅស្រុកសៀម រៀននិយាយតាមគេក៏ហៅ លោញ ជា ហ្លួង តាមគេទៅ ហើយបាន យកមកដាក់ជាឋានន្តរសក្ដិយោធាសក្តិ៥ ។ ពាក្យហ្លួងនេះ ហៅ ចំពោះស្ដេចផែនដីក៏បាន ។
  10. ឃុន៖​ សក្ដិ៤ហ៊ូពាន់ ឧទាហរណ៍ ឃុនសេនានុរក្សកែន។
  11. ឧកម៉ឺន៖ សក្តិ៣ ហ៊ូពាន់ ឧ. ឧកម៉ឺនសុរិន្ទកែវ ជាសេនាដៃឯករបស់ស្ដេចកន ។ ឧកម៉ឺនសុរិន្ទកែវ​នេះហើយ ដែលផ្លមខ្លួន ចូលលុកធ្វើគតព្រះបាទស្រីសុគន្ធបទបាន តាមបញ្ជា​ស្ដេចកនជ្រែក រាជ្យ ។
  12. ចៈម៉ឺន៖ សក្ដិ២ហ៊ូពាន់ ឧទាហរណ៍ ច:ម៉ឺនចៃចុងរក្សកែ គេច្រើនប្រើមន្ត្រីយោធាថ្នាក់ច:ម៉ឺនឲ្យធ្វើជាឣ្នក នាំសារ 
  13. ម៉ឺន៖ សក្តិ១ ហ៊ូពាន់ ឧទាហរណ៍ ម៉ឺនមាស, ម៉ឺនគល់, ម៉ឺនទៀង ។ កូនប្រុសរបស់ស្តេចត្រាញ់នៅបៅ​ដោះ​ម្ដាយ ក៏ហៅថា ម៉ឺនដែរ ។

ក្រៅពីមន្ត្រីមានបណ្ដាសក្ដិខាងលើនេះ លំដាប់ចុះក្រោមមក ទៀត គេហៅថា “នាយ” ទាំងអស់ កូនទាហានកំប៉ិកកំប៉ុក ក៏ហៅ នាយដែរ មិនឲ្យហៅអា ឬមឹងទេ ព្រោះពលសេនា មានតម្លៃ ណាស់។ ឧទាហរណ៍ នាយក្អែក, នាយប៉ែន, នាយជ្រឹង ។ ពាក្យថា “ហ៊ូពាន់” មានន័យថា ក្បាលពាន់ ឬនាយពាន់ បានសេចក្ដីថា ឋានន្តរសក្ដិ “ ម៉ឺន ” អាចត្រួត ពលបានមួយពាន់នាក់ ឯឧកម៉ឺន អាចត្រួតបានបី ពាន់នាក់ ។ មានខ្លះច្រឡំថា ឋាន:ជាម៉ឺន ត្រូវកាន់ពលមួយម៉ឺននាក់ ហើយឋាន:ជាឧកញ៉ា កាន់បានមួយ សែននាក់ ទើបគេហៅជាប់មកថា នាយម៉ឺន ឬនាយសែន ហៅក្លាយ ជានាម៉ឺន នាសែនតមក ។ នាម៉ឺន នាសែននេះ សំដៅដល់ មន្ត្រីរាជ ការទូទៅ ។ តាមការពិត ម៉ឺនពាក់សក្ដិមួយហ៊ូពាន់ មានចំនួនច្រើនលើសលុប ហើយទៅរកពលម្នាក់មួយម៉ឺនៗឯណាកាន់បាន ? យោលទៅតាមការស្រាវជ្រាវ បានបញ្ជាក់ថា ម៉ឺន ស្មើនឹងអនុសេនីយ៍ត្រីបច្ចុប្បន្ននេះ អាចត្រួតពលបានមួយកងរយ ឬមួយកង អនុសេនាធំ ។ ឯបុណ្យ សក្ដិទីឧកញ៉ា អាចកាន់បានមួយកងពាន់ ។ មន្ត្រីយោធាទាំងអស់នេះ អាចឡើងឋានន្តរសក្ដិ ទៅតាមគុណ បំណាច់ និងសមត្ថភាពក្នុងចម្បាំង ដូចជាម៉ឺន អាចឡើងជាចៅ ហ្វាយខេត្តជាឧកញ៉ាបាន ដូចជាព្រះបាទជ័យជេដ្ឋាទី៣ ឬព្រះជ័យ- ចេស្ដា បានសម្រេចតែងតាំង ៖
  • ម៉ឺនអ៊ុក ឲ្យឡើងជា ឧកញ៉ាសុភាធិបតី ប្រធានតុលាការ
  • ម៉ឺនទា ឲ្យឡើងជា ឧកញ៉ាពហុលទេព រដ្ឋមន្ត្រីក្រសួង កសិកម្ម ’ ។
  • ម៉ឺនសួស ឲ្យឡើងជា ចៅហ្វាយខេត្តបាភ្នំ
  • ម៉ឺនឯក ឲ្យឡើងជា ចៅហ្វាយខេត្តសៀមរាប
ចំណែកបុណ្យសក្ដិ ជាព្រះសក្ដិ៦ហ៊ូពាន់ អាចឡើង ដល់សម្រេចចៅហ្វាទឡ្ហ: សក្ដិ ២ ហ៊ូពាន់ ឧទាហរណ៍ ៖
  • ព្រះដុង ៖ បិតាក្មេកព្រះបរមរាជាទី៤ ស្ដេចហៅថា ឪដុង និងម៉ែជ័យ ដីភូមិរបស់គាត់ជាប់ឈ្មោះ ឧដុង្គមានជ័យរហូតមក ហៅក្លាយពីពាក្យឪដុងម៉ែជ័យ។
  • ព្រះអភ័យទេស អី ក្នុងរជ្ជកាលព្រះជ័យចេស្ដា អង្គស៊ូ គួរគប្បីយល់ថា មន្ត្រីយោធាទាំងអស់នោះ មិនសុទ្ធតែមានកូនពលកាន់គ្រប់គ្នា តាមចំនួននោះឡើយ ព្រោះមន្ត្រីខ្លះ មានតែ បុណ្យសក្ដិហើយ នៅធ្វើការក្នុងរាជធានី ដែលយើងទម្លាប់ហៅ តាមបារាំងថា ធ្វើការប៊ុយរ៉ូ។ ក្រៅពីមន្ត្រីយោធាខ្មែរ ព្រះរាជា ក៏បានតែងតាំងជនជាតិចិនអន្តោប្រវេសន៍ ឲ្យធ្វើជាមេទ័ពដែរ ដើម្បី ត្រួតពលកំណែនជាជនជាតិចិនដូចគ្នា “ចៅពញាចិនចាន់តុក” ប្រហែលជាពាក់សក្ដិ៨ ឬ៩ ហ៊ូពាន់ ព្រោះចៅពញាធំជាងឧកញ៉ា។ រីឯមន្ត្រីយោធាថ្នាក់ខេត្ត ក៏មានងារជាឧកញ៉ា ជាព្រះ ជាហ្លួង ដូចកងទ័ពស្រួចដែរ ហើយមន្ត្រីយោធាទាំងអស់ ត្រូវស្ដាប់បង្គាប់“ស្ដេចត្រាញ់” សក្ដិ ១០ ហ៊ូពាន់ ។ ស្ដេចត្រាញ់មានប្រាំអង្គ ជា មេបញ្ជាការកងទ័ពប្រចាំភូមិភាគ ដែលពីបុរាណ ហៅភូមិភាគថា “ ដី ” ។ ដីមួយៗមាន “ មឿង” ឡើងស្ដាប់បង្គាប់ជាច្រើន ។
នៅសម័យលង្វែក គេអាចសម្គាល់អ្នកមានបណ្ដាសក្ដិបែបនេះ បានដោយសាផ្លិតពណ៌ក្រហម, ខៀវ, ស្វាយ ,បៃតង ហើយជិះគ្រែស្នែងឡើងគាល់ស្ដេច ។ បើនៅសម័យអង្គរ មាន បាំងក្លស់ តាំងពីក្លស់ដងប្រាក់មួយ រហូតដល់ក្លស់ដងមាសបួន ។ ឧទាហរណ៍ វ្រះកម្រតេងអញ + ចៅហ្វាទឡ្ហ: នាយករដ្ឋមន្ត្រីត្រូវជិះគ្រែ បាំងក្លស់ដង មាស ៤ ។

១-ទូកង: ជាទូកទ័ពស្រួចនៃកងទ័ពជើងទឹក ព្រោះមានល្បឿនលឿន រហ័ស ឣាចវាយឆ្មក់ វាយលុកខ្មាំងបានទាន់ចិត្ត ទាហានទ័ពទូក តែង ស្ពាយដាវនៅខ្នង ពេលជួបគូសត្រូវ ក៏លោតទៅចាក់កាប់សត្រូវនៅលើ ទូកសត្រូវ ។
២-ទូកមួង: ជាទូកលំដាប់ទី២ មានល្បឿនប្រហែលទូកឣុំដែរ តែមាន ចំណុះតិចជាង ។
៣-ទូកគេហ៊ៅ:ជាទូកមានដំបូល សម្រាប់ផ្ទុកស្បៀងចិញ្ចឹមទ័ពជើងទឹក។

VII – ប្រភេទកងទ័ព
ខ្មែរបុរាណចែកទ័ពជាចតុរង្គសេនា គឺមានបួនអង្គភាព បំបែកមកជាទ័ពថ្មើរជើង ទ័ពសេះ ទ័ពដំរី ទ័ពរទេះ ៖
១-ទ័ពជើងគោក
  1. ក-ទ័ពដំរី នៅពេលមានសង្គ្រាមម្ដងៗ ទ័ពដំរីគេប្រៀបដូចជា ទ័ពរថក្រោះនាសម័យបច្ចុប្បន្ននេះដែរ ។ គេបំបោលដំរីឲ្យជាន់ ឲ្យព្រេច បច្ចាមិត្តគ្មានយោគយល់ ។ មេកងដែលកាន់ពលដំរី សុទ្ធតែមានងារថា ឧទេន, គជេន្ទ្រ, កុញ្ជរនៅពីក្រោយគោរមងារ ដូចជា ចក្រីកុញ្ជរាធិបតី, ព្រះពិជ័យគជេន្ទ្រ, ហ្លួងភក្ដីឧទេន ។ល។ កងពល ដែលទាមក្បាលដំរីភាគច្រើន ជាហ្មទម័ក មិនចេះខ្លាចដំរី ជាប់តំណពូជពីហ្ម​ថាវជាអ្នករក្សាព្រះកាំបិតស្ដាំ នៅខេត្តពោធិ៍សាត់ ។ ទ័ពដំរី មានច្រើនរាប់ពាន់ក្បាល ។
  2. ខ-ទ័ពសេះ ភាគច្រើនជ្រើសយកតែយុទ្ធជន ដែលក្លាហានមោះមុតមិនខ្លាចស្លាប់ ។ សេះជាជំនិះចាំបាច់របស់មេៗ តាំងពីមេពួក មេរយ មេពាន់ និងមេពល ត្រូវតែជិះសេះជាចាំបាច់ ។ គេច្រើនប្រើទ័ពសេះឲ្យនាំសារពីសមរភូមិមួយ ទៅសមរភូមិមួយ ព្រោះវាមានល្បឿនលឿនទាន់ចិត្ត ។
  3. គ-ទ័ពរថ ក្នុងរថមួយ (រទេះសេះ ឬក្របី) ដែលផ្ទុកស្បៀង អាចមានកងការពារដប់នាក់យ៉ាងតិច សម្រាប់ទប់ស្កាត់ ក្រែងបច្ចាមិត្តស្ទាក់ដណ្ដើមយក ។ ក្នុងកងទ័ពធំ អាចមានរថ រហូតដល់បីរយ ទៅប្រាំរយគ្រឿង ។
  4. ឃ-ទ័ពថ្មើរជើង គឺពួកពលដែលដើរនឹងជើងគ្មានជំនិះ ភាគច្រើនជាពលកំណែនថ្មី មិនទាន់មាន​ការពិសោធន៍ ដូចពលដំរី ពលសេះ ។ ពលទាហាន មានពីរបែបទៀតគឺ ”ទាហានក្នុង តំណែង” និង ”ក្រៅតំណែង” ។ ទាហានក្នុងតំណែងរស់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទាយ មានអាណត្តិ អាចយកប្រពន្ធកូនមកនៅជាមួយបាន ។ ពលសេនាប្រភេទនេះ មានប្រាក់បៀវត្ស (មួយឆ្នាំបើកម្ដង) ជាប្រាក់ណែន,ប្រាក់ស្លឹង,ប្រាក់ហួង ។ ក្នុងរជ្ជកាលស្ដេច មួយអង្គក្រោយសម័យអង្គរបន្តិច មានព្រះនាមមិនប្រាកដ ដោយ រកមាសប្រាក់ដាក់ឃ្លាំងមិនទាន់ ព្រោះស្រុកច្បាំងនឹងសៀម ស្ដេចក៏ត្រាស់បង្កាប់ឲ្យយកសំបកខ្យងបៀ ដែលមាននៅតាមឆ្នេរសមុទ្រ មកឆ្លាក់ត្រាសម្គាល់ ហើយបើកឲ្យពល ចាយ ជាបណ្ដោះអាសន្ន ជំនួសមាសប្រាក់ ប្រៀបដូចគេចាយកាក់ ក្នុងវង់ល្បែងស៊ីសង បច្ចុប្បន្ននេះ ស្ដេចហៅថា ប្រាក់បៀ ។ ដល់ឆ្នាំក៏បើកបៀឲ្យ ហៅថា បើកបៀវត្ស តាមភាសាបាលី ។ ខ្មែរយើងក៏ប្រើពាក្យ បៀវត្សនេះជាប់រហូតសព្វថ្ងៃ ទោះជាបើកលុយឲ្យក៏ហៅថា បៀវត្ស ដែរ ។ ទាហានក្នុងតំណែង សម្រាប់ការពារព្រះរាជធានី ទីរួមខេត្ត។ ពួកនេះជាចាំបាច់ ត្រូវធ្វើពិធីបង្កក់ប្រសិទ្ធិផឹកទឹកសម្បថ ក្នុងមួយ ឆ្នាំពីរដង ដោយតាំងសច្ចាប្រណិធានយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិន ក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ។ ឯទាហានក្រៅតំណែង គឺទាហានបម្រុង ជាទ័ពអ្នកស្រុកក្មេងៗ ដែលរាជការកែនមក ជួយច្បាំងម្ដងម្កាល ។ កាលណាចប់សង្គ្រាម ក៏រំសាយឲ្យវិលទៅ ជួបកូនប្រពន្ធ ធ្វើស្រែចម្ការវិញ ចំពោះអ្នកដែលនៅរស់ ឬពិការ ។ ឯអ្នកដែលស្លាប់ ព្រះរាជាតែងតែចំណាយព្រះរាជទ្រព្យធ្វើបុណ្យ គោរពវិញ្ញាណក្ខន្ធ និងប្រទាន​មាសប្រាក់ជូនគ្រួសារសពជានិច្ច ដើម្បីតបស្នងសងគុណ ដែលបានពលីជីវិតការពារ ជាតិមាតុភូមិ ។
២-កងទ័ពជើងទឹក
ជារួមមានពលសំពៅ ពលទូក ច្រើនដាក់ពង្រាយការពារ ដែន សមុទ្រ និងទន្លេមេគង្គ ។ ឯថានានុក្រមក៏មិនខុសពីកងទ័ព ជើងគោកដែរ ។ ទ័ពជើងទឹកត្រូវហាត់ធ្វើ សមយុទ្ធក្នុងទន្លេរៀងរាល់ឆ្នាំ ដូចជានៅខេត្តបាសាក់ ព្រះត្រពាំងជំនាន់ព្រះភូបាល ស្ដេចត្រាញ់ឈរត្រួតខេត្ត មានការបើកសមយុទ្ធ នៅទន្លេពាមកន្ថោរ ហើយជាប់ទំនៀមទម្លាប់ក្លាយទៅជាពិធីបុណ្យអុំទូក អកអំបុក
សំពះព្រះខែ មកទល់បច្ចុប្បន្ននេះ ។ នៅជញ្ជាំងប្រាសាទបាយ័ន មានរូបចម្លាក់បង្ហាញពីកងទ័ពជើងទឹក របស់ព្រះបាទជ័យវរ្ម័នទី ៧ ច្បាំងគ្នាជាមួយចាម ទុកជាភស្តុតាងស្រាប់ ។

VIII - របៀបបែងចែកទ័ព
ដើម្បីពង្រឹងកម្លាំងទ័ពឲ្យមានថាមពល គុណភាព និង សណ្ដាប់ធ្នាប់ល្អ បុព្វបុរសខ្មែរ បានបែងចែកកងទ័ពជា ពួក, ក្រុម, កងរយ, កងពាន់, កងទ័ពធំ ។
  • ពួក ៖ ក្នុងមួយពួក (ដូចសាខា) មានកូនទ័ព៣នាក់ និង មេទ័ព១នាក់ រួមជា៤
  • ក្រុម ៖ ក្នុងមួយក្រុមមាន៣ ពួក មានមេក្រុម ឬនាយក្រុម ត្រួតគ្នា១២ នាក់
  • កងរយ ៖ មានសេនា ១០០ នាក់ ឬលើសបន្តិចបន្តួច មានមន្ត្រីយោធា”ម៉ឺន” ឬមេរយកាន់ងារជា ”មេបង្កាប់”
  • កងពាន់ ៖ មានសេនា ១០០០ នាក់ ជួនលើសជួនខ្វះ ។ ១០ កងរយ បានមួយកងពាន់ ។ កងពាន់​មានមេពាន់ថ្នាក់ ឧកញ៉ា សក្ដិ ៧ ឬ ៨ ទាបបំផុតត្រឹមថ្នាក់ ហ្លួង សក្ដិ ៥ ហ៊ូពាន់ ទើបកាន់បានមានងារជា ”មេបង្កាប់ការ” ។
  • កងពល ៖ កងពលមានសេនា ១០ ០០០ នាក់ ។ មាននាយម៉ឺន ឬមេពល បើជំនាន់អង្គរ ហៅថា ”ខ្លោញពល” កាន់ងារជា ”មេបញ្ជាការកងពល” ។ មន្ត្រីយោធាថ្នាក់ឧកញ៉ា ឬចៅពញាសក្ដិ៨ ឬ៩ហ៊ូពាន់ ទើបកាន់បាន ។
  • កងទ័ពធំ ឬ កងទ័ពហ្លួង ៖ មានសេនា១០០ ០០០នាក់ ឡើងទៅ ។ កងទ័ពធំ មានព្រះមហាក្សត្រ​ជាមេបញ្ជាការ ។ បើព្រះអង្គមិនបានយាងទៅច្បាំងផ្ទាល់ ក៏ចាត់ឲ្យចៅហ្វាយទទ្ប្ហៈ ឬឧកញ៉ាចក្រី សក្ដិ ១០ហ៊ូពាន់កាន់ជំនួស គ្រងងារជា“មេបញ្ជាការ“ ។ ចំពោះសម្លៀកបំពាក់កងទ័ព កាលពីសម័យអង្គរ ពលម្នាក់ៗមានតែខោស្នាប់ភ្លៅមួយ ដោយមានឈ្នួតក្បាល និងកន្សែងក្រវាត់ចង្កេះផង ។ ឈ្នួតក្បាល និងក្រមាក្រវាត់ចង្កេះ សម្រាប់ផ្លាស់ ដណ្ដប់ពេលដេក ។ ដល់មកសម័យលង្វែកមាន ពាក់អាវលឿង ក្រហម ខៀវ មួកកំពូលស្រួច ខោត្រឹមស្មង មានពាក់ស្បែកជើងចងស្រាក់តាមកងនីមួយៗ កុំឲ្យច្រឡំគ្នា ។ ពេលចេញទៅច្បាំង ម្នាក់ៗមានតែមួយចង្កេះជាប់នឹងខ្លួន បើដាច់ដាចដោយប្រការណាមួយ មេពលស្បៀងភស្តុភារ មានភារកិច្ច បើកឲ្យតាមលទ្ធភាព ។ ពេលមានច្បាំងម្ដងៗ រាជការខេត្ត តែងកេណ្ឌស្រីៗឲ្យបុកអង្ករ ត្បាញរវៃ ធ្វើប្រហុក ត្រីងៀត បម្រើ សមរភូមិមុខ ប៉ុន្តែក៏មានស្រីៗ ជាវីរនារីចេញទៅច្បាំងដូចប្រុសៗដែរ ។ ស្រីជំនាន់នោះ កាត់សក់ផ្កាស្កូវ វាយសៀមបាក់ទាំងផ្ទាំងៗ ។ ក្រៅពីការបែងចែកទ័ព ឲ្យមានរបៀបរៀបរយ ខ្មែរយើងមាន ”ទ័ពបិសាច” ទៀត ។ ទ័ពបិសាចចាប់ប្រភពពីអ្នកតាឃ្លាំងមឿង និងអ្នកតាដំបងដែក កាលដែលលោករស់នៅបានពលីជីវិត ដើម្បីជាតិមាតុភូមិហើយ ទៅកើតជាអសុរកាយ តាមជួយថែរក្សាស្រុកខេត្តក្នុងគ្រាមានចម្បាំងរាំងជល់ ។
IX -របៀបរៀបទ័ពចូលច្បាំង
សាច់ទ័ពដែលប្រមូលពីគ្រប់ខេត្ត ខណ្ឌ ដើម្បីចេញធ្វើ សង្គ្រាម ត្រូវប្រកបដោយអង្គបួន ហៅថា ”ចតុរង្គ” ។ ចតុរង្គសេនា បានដល់ទ័ពដំរី ទ័ពសេះ ទ័ពរថ ទ័ពថ្មើរជើង ។ នៅខាងជើងបន្ទាយលង្វែក មានទីធ្លាធំទូលាយ​សម្រាប់វាល់ពល ហៅថាបន្ទាយវាល់ពល ដើម្បីបញ្ចុះពលរាប់មើលឲ្យដឹងចំនួនពិតប្រាកដ និងចុះក្នុងបញ្ជីរាយ​នាមច្បាស់លាស់ ។ យើងសូមចែករបៀបលើកទ័ពជាពីរផ្នែក គឺវិធីលើកទ័ពនិងភារកិច្ចកងទ័ព ។

១-វិធីលើកទ័ព
  • ទ័ពមុខ ៖ ទ័ពមុខ ភាគច្រើនជាទ័ពដំរី អាចមានដល់ ១០០០ ក្បាល និងពលអមជើងដំរី ជិះខ្នងដំរី​១០០០នាក់ ។
  • ទ័ពស្ដាំ៖ ជាទ័ពសេះយ៉ាងតិច ៥០០០ក្បាល ពល ១០ ០០០នាក់ ។
  • ទ័ពឆ្វេង៖ រៀបដូចទ័ពស្ដាំដែរ ។
  • ទ័ពហ្លួង៖​ ជាទ័ពធំនៅក្រោយគេ មានដំរី សេះ រថ ចម្រុះគ្នា ពល ចំនួន ៤០ ០០០នាក់ យ៉ាងតិច ។ មានស្ដេច ជាមេបញ្ជាការ ។ កងទ័ពទាំងអស់ បើត្រូវការឆ្លង ទន្លេទៅវាយខ្មាំង ត្រូវបញ្ចុះ ក្បូនធំៗ ទាំងសត្វ ទាំងមនុស្ស សណ្ដោងទៅឲ្យដល់ត្រើយម្ខាងសិន ទើបចេញដំណើរ ។ មុននឹងលើកព្យូហ៍សឹកចេញទៅ ស្ដេចតែងបង្គាប់ ហោរាធិបតី ឲ្យទស្សន៍ទាយរកថ្ងៃ​ជោគថ្ងៃចរមានជ័យជម្នះ ហើយអញ្ជើញព្រាហ្មណ៍បុរោហិត ថ្វាយទឹកក្លស់ សូត្រព្រះវេទនិងនិមន្ត​ព្រះសង្ឃប្រសិទ្ធីជយន្ដោ ប្រោះព្រំទឹកមន្ត ។ ក្រៅពីនេះនៅមាន​ពិធីលៀង​ខ្មោចអារក្សអ្នកតា សុំឲ្យជួយកាន់ខ្នងរងមុខផង ។ លុះដល់ថ្ងៃចេញដំណើរសំឡេង​ស្គរជ័យទូងបីបទ​ប្រជុំហៅកងពល​ឲ្យចូលជួររួចស្ដេច ឬមេបញ្ជាការកងទ័ព បានបង្គាប់ឲ្យមន្ត្រីយោធាម្នាក់ ជាព្រះរាជតំណាង​ឈរលើខ្នង​ដំរីសឹក នៅកណ្ដាលក្បួន រាំបក់បោកកន្ទុយក្ងោកបញ្ជាទ័ព ។ ខណៈនោះសំឡេងភ្លេងស្គរជ្វា ដែលក្នុង​វង់មានស្គរពីរ ស្រឡែ១ ដាក់លើខ្នងដំរី ចាប់ផ្ដើមប្រគំបទចរយាត្រា ជាគ្រឿងសម្រើបចិត្ត ពលសេនា​ឲ្យកើតសេចក្ដីក្លាហាន ។ ក្បួនទ័ពមុខគេចេញដំណើរមុន ដោយមានហែ​ព្រះពុទ្ធបដិមា, រូបព្រះឥសូរ, រូបព្រះនារាយណ៍ ហើយមានអ្នកកាន់ទង់ជ័យរូបហនុមាន ដែលជាស្ដេចស្វា បុត្រព្រះពាយ មេទ័ពជើងគោក ដ៏ខ្លាំងពូកែរបស់ព្រះរាម ធ្វើសង្គ្រាមមិនដែលចាញ់យក្សដល់ម្ដងណាឡើយ ។ នៅសម័យអង្គរ មានចាត់ឲ្យសេនាសែងចង្ក្រានភ្លើងសក្ដិសិទ្ធិ ដើម្បីបូជាដល់ ទេព្ដារក្សាទ័ពក្នុងចម្បាំង (រូបចម្លាក់នៅអង្គរវត្តរោងទងខាងត្បូង ប៉ែកខាងលិច) ដោយមានទាហាន “ ស្យាមកុ ” ស៊ីឈ្នួលច្បាំង ឲ្យខ្មែរផង ។ ក្រៅពីនោះ នៅមាន លើកទង់រូបព្រះវរលញ្ឆករផងដែរ ។ ចំពោះស្ដេចកនជ្រែករាជ្យ វិញ ព្រះអង្គបានត្រាស់បង្គាប់ ឲ្យប្រើទង់ជ័យរូបនាគ ដែលជាតំណាង ឆ្នាំកំណើតព្រះអង្គ (ឆ្នាំរោង) សូម្បីតែការបោះប្រាក់ស្លឹង ចាយវាយក្នុងព្រះនគរក៏ស្ដេចកនឲ្យដាក់រូបនាគដែរ ដើម្បីលើកកិត្យានុភាព ។ ពេលលើកទ័ពចេញទៅច្បាំង បើព្រះករុណាមិនបានយាងទៅ តែងចាត់មន្ត្រីយោធាជាន់ខ្ពស់ជាព្រះរាជតំណាង ដោយប្រទានដាវអាជ្ញាសឹកឲ្យកាន់ផង ។ ដាវអាជ្ញាសឹក ភាគច្រើនធ្វើអំពីមាស ឬដែកបញ្ចុះក្រំមាស ។ អ្នកកាន់ដាវនេះមានអំណាចផ្ដាច់ការ អាចកាប់សម្លាប់អ្នករឹងទទឹងខ្លួនបាន ដោយមិនចាំបាច់ជំនុំជម្រះ ។ ជាឧទាហរណ៍ព្រះបាទជ័យជេដ្ឋាទី២ បានព្រះរាជទានដាវអាជ្ញាសឹកដល់ឧកញ៉ាតេជោយ៉ត ឲ្យចេញទៅ​វាយ​សៀមបះបោរ នៅភូមិភាគខាងលិច ។ តេជោយ៉ត ហានប្រើដាវនេះ កាត់ក្បាល អ្នកម្នាង នូ ដែលជាម្នាង របស់ស្ដេចម្ចាស់ដាវអាជ្ញាសឹក ព្រោះតែអ្នកម្នាងនេះ ចេញមុខ​កាន់ជើងប្អូនរបស់ខ្លួនឈ្មោះ ម៉ឺនចៃ ចុងរក្ស ។ ម៉ឺននេះ រឹងទទឹងមិនស្ដាប់បញ្ជាតេជោយ៉ត ព្រោះតែអាង​ខ្នងថាជាប្អូនថ្លៃស្ដេចផែនដី ។ ព្រះបាទជ័យ​ជេដ្ឋាទី២ ក៏មិនហ៊ានយកទោស តេជោយ៉ត ដែរ ព្រោះគាត់ជាមេទ័ព​ក្លាហានម្នោម្នះវាយឈ្នះសៀម ។ ចំពោះទ័ពដែលជាតំណាងស្ដេចកន បែរជាប្រទាន ”លំពែងអាជ្ញាសឹក” ឲ្យកាន់ទៅវិញ ។ មេទ័ពធំ ទោះជាមិនមែនតួអង្គព្រះមហាក្សត្រ ក៏ត្រូវតែជិះដំរី​បាំងសប្បធន់ (ឆត្រធំស្រដៀងនឹងក្លស់ តែឥតរំភាយ) ដៃកាន់ដាវអាជ្ញាសឹកមានអំណាចរុងរឿងណាស់ ។ ជួនកាលរបៀបលើកទ័ពតូចតាច (ចេញបង្ក្រាបពួកឧទ្ទាមបះបោរក្នុងប្រទេស) មានវិធីខុសគ្នាដូចជាក្នុងរជ្ជកាលព្រះពញានូ ស្ដេចត្រាស់បង្គាប់ពលយោធា ឲ្យចេញបង្ក្រាបមេក្បត់ ឈ្មោះ បល្ល័ង្កពេជ្រ និងបល្ល័ង្ករត្នមានរៀបបែបផែនជា រាងសត្វឥន្ទ្រីដូចខាងក្រោមនេះ ៖
  1. ឧកញ៉ារាជតេជះ   ឃុំពល៥០០នាក់ ជាចំពុះ សត្វឥន្ទ្រី
  2. ឧកញ៉ាវិបុលរាជ   ឃុំពល៣០០នាក់ ជាជើងស្ដាំឥន្ទ្រី
  3. ឧកញ៉ាមហាសេនា ឃុំពល ៣០០នាក់  ជាស្លាបស្ដាំឥន្ទ្រី
  4. ឧកញ៉ាយោធាសង្គ្រាម ឃុំពល ៣០០នាក់ ជាស្លាបឆ្វេងឥន្ទ្រី
  5. ឧកញ៉ាវង្សាអគ្គរាជ ឃុំពល ៣០០នាក់ ជាជើងឆ្វេងឥន្ទ្រី
  6. ឧកញ៉ាយោធានរិន្ទ ឃុំពល ៣០០នាក់ ជាកន្ទុយឥន្ទ្រី
  7. កងទ័ពហ្លួង  ឃុំពល១០០០នាក់ ជាតួសត្វឥន្ទ្រី
  8. ឧកញ៉ាពហុលទេព្វ ឃុំពល ៤០០នាក់ ជាទ័ពស្បៀង
២-ភារកិច្ចកងទ័ព
ទ័ពដែលចូលសមរភូមិ មានភារកិច្ចខុសគ្នាដូចតទៅ ៖
  • ទ័ពមុខ ៖ ជាទ័ពចេញមុនគេវាយបញ្ឆោតខ្មាំង ។
  • ទ័ពស្ទាក់៖ សម្រាប់ស្ទាក់វាយពីចំហៀង និងស្ទាក់កុំឲ្យខ្មាំងបញ្ជូនសារទាក់ទងគ្នាបាន ។
  • ទ័ពក្រវែល៖ ជិះសេះក្រឡឹងកៀរពលខ្មាំងឲ្យចូលអង្គប់ ឬឃ្លាំស្ដាប់សភាពការណ៍ ។
  • ទ័ពជន្ល៖ គ្រាន់តែវាយមួយប្រាវ ក៏ធ្វើជាចាញ់ហើយរត់ទៅ ។
  • ទ័ពបង្កប់៖លាក់បំពួនខ្លួនក្នុងព្រែចាំវាយផ្ទប់ ។ របៀបរៀបទ័ពទាំងអស់នេះ សុទ្ធតែធ្វើទៅតាមក្បួន​ពិជ័យសង្គ្រាម និងក្បួនហោរាសាស្ត្រទាំងអស់ ។
X-លើលានសមរភូមិ
យើងអាចចែកសង្គ្រាមជាបីប្រភេទ គឺ៖
  • សង្គ្រាមក្នុងស្រុក ឬសង្គ្រាមស៊ីវិល
  • សង្គ្រាមរំដោះទឹកដី
  • សង្គ្រាមការពារជាតិ
១-សង្គ្រាមក្នុងស្រុក ឬ សង្គ្រាមស៊ីវិល
សង្គ្រាមបែបនេះ ច្រើនតែកើតរាំរៃយូរឆ្នាំ ដូចជំងឺរបេង មិនងាយឈ្នះចាញ់គ្នាទេ ដូចជាសង្គ្រាមរវាង ព្រះចន្ទរាជា និង ស្ដេចកន ស៊ីពេលវេលាដល់ទៅ ១៤ឆ្នាំ ទើបរលត់ ។ ក្នុង សង្គ្រាមនេះមេទ័ពទាំងសងខាង ច្រើនប្រើចិត្តសាស្ត្រឃោសនាអូសទាញឲ្យរង្វាន់ដល់ជនណា ដែលងាកមកខាងខ្លួន ។ ជួនកាល គេប្រើចារបុរសឲ្យលបចូលទៅធ្វើការខាងខ្មាំង ហើយលបលុកស្ដេចម្ខាងសុគតទៅ ដូចជា ឧកម៉ឺនសុរិន្ទកែវ ជាចារបុរសស្ដេចកន លបលុកព្រះបាទស្រីសុគន្ធបទក្ស័យ ព្រះជន្ម ឬដូចម្សៀល្វី វេឡូហ្សូ (Luis Veloso) ជាជនជាតិព័រទុយហ្កេស៍ (Portugais) ធ្វើកលលបលុក ព្រះបាទរាមាជើងព្រៃក្ស័យព្រះជន្មទៅ ដើម្បីយករាជសម្បត្តិថ្វាយទៅព្រះពញាតន់ ។ល។ កាលណាសង្គ្រាមនេះកើតឡើងប្រជារាស្ត្រវេទនាណាស់ ព្រោះស្រុកទេសកើតចោរលួច ចោរប្លន់ ទុរ្ភិក្សអត់បាយក្រហាយទឹក និងកើតជំងឺអាសន្នរោគ អុតធំ ស្លាប់ដោយគ្មាននរណាកប់នរណា ។

២-សង្គ្រាមរំដោះទឹកដី
យើងបានដឹងថា ទឹកដីខ្មែរពីដើមមានទំហំធំធេងណាស់ ទៅជើងធ្លាយដល់នគរណានចាវ ទៅលិចដល់ភូមា ទៅត្បូងដល់ ម៉ាឡាយូ និងទៅកើតដល់សមុទ្រចិន ។ រាជាណាចក្រខ្មែរ បានក្លាយទៅជាចក្រភព ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ លុះចំណេរតមក ទឹកដីខ្មែរកាន់តែរៀវរោយចុះមកដោយសារ​អ្នកជិតខាងយើង ប្រើល្បិចមហិច្ឆតាឈ្លានពាន យកដោយកម្លាំងទ័ព ឬយកសម្រស់ស្រី មកប្រើជាធ្នាក់ ក៏មាន ។ ក្នុងករណីនេះ ព្រះមហាក្សត្រក្រោយៗ ដែលមានមនសិការជាតិ មានការតូចព្រះទ័យ និងឈឺចាប់ណាស់ តែងតែប្រកាសធ្វើសង្គ្រាមរំដោះទឹកដី ជាបន្តបន្ទាប់ ។ ដូចជា ព្រះចន្ទរាជា បានលើកទ័ពទៅវាយសៀម រំដោះយកខេត្តនគរ រាជសីមា និងធ្វើឲ្យសៀមស្លាប់យ៉ាងច្រើននៅក្បែរក្រុងអង្គរក៏ជាប់ឈ្មោះថាខេត្ត ”សៀមរាប” រហូតមក ។ នៅលើសមរភូមិ ទ័ពខ្មែរស្នេហាជាតិក្លាហានណាស់បរដំរី ដេញជាន់ ដេញព្រេច​បច្ចាមិត្តឲ្យដល់នូវមរណៈយ៉ាងទាន់ហន់ ។ ដំរីដែលខ្លាំងៗ ខាងចម្បាំងសុទ្ធតែមានឈ្មោះឧត្ដុង្គឧត្ដមដូចជា ៖ បវរគជេន្ទ្រ, ពិជ័យនាគេន្ទ្រ, ឧត្ដមកុញ្ជរ ជាដើម ។ ព្រះទីនាំងគជេន្ទ្ររបស់ព្រះបាទ ចន្ទរាជា ចេះកាន់ដាវលំពែង ដូចមនុស្សចូលចាក់ ចូលជាន់ទ័ពសៀមស្លាប់គរជើងលើគ្នា ។ ដំរីសឹកចំណានៗ សុទ្ធតែទុកឲ្យចុះប្រេង ឡើងកម្លាំងកាចសាហាវដូចភ្លើងព្រៃ ។ របៀបធ្វើសង្គ្រាមជួនកាល​គេវាយបញ្ឆោតធ្វើជាចាញ់ឲ្យខ្មាំងដេញ ហើយរត់ទៅរក ច្រកភ្នំណាមួយ ទើបឲ្យទ័ពបង្កប់វាយខ្ទប់មកវិញ ដោយប្រមៀលដុំថ្មពីលើភ្នំសង្កត់ផង ។ ល្បិចបែបនេះ ខ្មាំងស្លាប់ រាប់ពាន់ ក្លាយជាចំណីសត្វព្រៃ (ប្រវត្តិភ្នំច្រកសៀម) ។ មេទ័ពខ្មែរ សុទ្ធតែក្លាហានម្នោម្នះ ដើរមុខកូនចៅជានិច្ច ហើយ កាន់អំណាចផ្ដាច់ការផង ។ ពេលចូលច្បាំងមេទ័ពតែងជិះសេះ ឬដំរីកាល់ពលចូលច្បាំង​តតាំងមិនឲ្យថយដាច់ខាត ។ បើយុទ្ធជនណាហ៊ានរត់ចោលសមរភូមិ ត្រូវចាប់កាត់ក្បាលដោតជាបម្រាម។ ឯដៃគូប្រឡូកកាប់ចាក់ គេច្រើនទុកកិត្តិយស ឲ្យស្ដេចច្បាំងនឹងស្ដេច មេទ័ពច្បាំងនឹងមេទ័ព មេក្រុមច្បាំង នឹង មេក្រុម ពល ច្បាំង នឹងពលដូចគ្នា ។ បើស្ដេចត្រូវ គ្រឿងអាវុធសុគត ឬមេទ័ពត្រូវអាវុធរបស់គេស្លាប់ ពល សេនានឹងបាក់កម្លាំងតស៊ូ រត់ចោលលានប្រយុទ្ធ ហើយ ស្គាល់បរាជ័យជាមិនខាន ។ បើសិនណាជាច្បាំងឈ្នះ ខ្មែរយើង រំដោះទឹកដីបានមកវិញ ដោយកៀរគ្រួខាងខ្មាំង និង ចាប់ឈ្លើយសឹក បញ្ជូនមកទុកប្រើជាទាសករ ឬបញ្ចូល ជា ពលព្រះស្រីរតនត្រ័យ ‘ ពល ឬអ្នកងារសម្រាប់ថែវត្តអារាម ’ គេរាប់ចំនួនខ្មោចស្លាប់លើលាន​ប្រយុទ្ធ មិនគ្រប់ក្បាល អស់ទេ ព្រោះស្លាប់ម្ដងៗរាប់រយ រាប់ពាន់គជើងគ្នា គឺត្រូវរាប់ ជាសួនវិញ ដូចជាទ័ពសៀម ស្លាប់ ៥ សួន ទ័ពខ្មែរ ស្លាប់ ២ សួន ។ អ្នកឈ្នះ ក៏ស្លាប់ អ្នកចាញ់ក៏ស្លាប់ ។ គេរឹបអូស យកជ័យភណ្ឌផ្សេងៗ ដូចជាចាប់ដំរី ៣០ ក្បាល ចាប់សេះ បាន ៥០០ ក្បាល មេរៀម ២០០ ដើម អង្ករត្រីងៀត ១០០ហាបជាដើម ។ ចំពោះដំរីសឹក ដែលបាក់រត់ចូលព្រៃ ដេញចាប់មិនបាន ក៏ក្លាយជាដំរីព្រៃទៅ ។ រយៈកាលចេញធ្វើ សង្គ្រាមរំដោះជាតិមិនយូរ ដូចសង្គ្រាមក្នុងស្រុកទេ ជួនពីរ បី ខែជួនមួយឆ្នាំ លុះដល់ត្រឡប់មកស្រុកវិញ ពលសេនាប្រុសៗ សក់ឡើងកន្ទ្រើងប៉ប្រះស្មា ពុកមាត់ ពុកចង្កាទ្រុបទ្រុល ព្រោះ គាត់គ្មានពេលកោរកាត់ ។ គេហែលឆ្លងស្ទឹង ទន្លេ វិល ចូលបុរីទាំងរីករាយ នឹងជ័យជម្នះទទួលបាន ។ ជួនកាល រវល់តែសប្បាយ អ្នកហែលទឹកក្រោយគេ ច្រើនតែក្រពើខាំ ស្លាប់ ។ អ្នកដែលរួចរស់បាន វិលមកជួបជុំឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឬសង្សារវិញ នោះភាគច្រើនជាអ្នកចេះគុន វិជ្ជាស្ទាត់ជំនាញ ស្បែកគង់កាប់មិនមុត និងមានវត្ថុសក្ដិសិទ្ធិ ផ្សំនឹងមន្តអាគមគាថាការពារខ្លួន ជាពិសេស គឺទឹកដោះម្ដាយ ថ្លៃ ទើបបានជាមិនស្លាប់ ។

៣-សង្គ្រាមការពារជាតិ
ពាក្យថា ការពារជាតិនេះ គីខ្មែរយើងមិនចូលវាយប្រហារគេមុនទេ ដាច់ខាតគោរពសន្ធិសញ្ញា ឬកតិកាសញ្ញា ។ ព្រះចៅចក្រពត្តិស្ដេចសៀម និងព្រះបាទ បរមរាជាទី៤ ស្ដេចខ្មែរ ដោយអាណិតរាស្ត្រពេក បានចុះសន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក ។ ដូច្នេះ កងកម្លាំងម្ខាងៗ តោងគោរព លក្ខខ័ណ្ឌការពារ​ព្រំប្រទល់រៀងៗខ្លួន បើមានប្រយុទ្ធគ្នាខ្លះ ច្រើនជាជម្លោះបុគ្គល ហើយឆ្លើយដាក់ថារឿងជាតិ ។ ជួនកាល ស្ដេចបានឲ្យគេប្រហារជីវិតមន្ត្រីយោធាណា ដែលមិនគោរពសន្ធិសញ្ញា ទោះជាមន្ត្រីនោះមានមនសិការជាតិក៏ ដោយ ។ ឧទាហរណ៍ ព្រះចន្ទរាជា ដែលគេ ហៅថា ហ្លួងខាងលិចចែកដីគ្នាជាមួយហ្លួងខាងកើត (ស្ដេចកន)  ដោយយកទន្លេមេគង្គជាព្រំប្រទល់ បានចុះកតិកាសញ្ញាមិន មិនច្បាំងគ្នា ក្នុងរដូវវស្សាដោយ​ទុកពេលឲ្យរាស្ត្រធ្វើស្រែចម្ការ ។ នៅពេលនោះ ឧកញ៉ាយមរាជសួស ខាងព្រះចន្ទរាជា បាននាំស្ម័គ្របក្សពួក ១០០នាក់ ទៅលបបាញ់ស្ដេចកន តែបាញ់មិនត្រូវ ។ ស្ដេចកន ក៏ទូលទាស់ចោទប្រកាន់ ព្រះចន្ទរាជា ថាជាស្ដេចខ្វះសច្ចធម៌ មិនគោរពលក្ខខ័ណ្ឌដែលបានព្រមព្រៀងគ្នារួចមកហើយ ។ ព្រះចន្ទរាជា ខ្ញាល់ណាស់បានត្រាស់ បង្គាប់ពេជ្ឈឃាដឲ្យចាប់យមរាជសួស ទៅប្រហារជីវិតបង់ ។ មួយបែបទៀត ខ្មែរយើងធ្វើសង្គ្រាម ការពារជាតិ ក្នុងពេលដែលបច្ចាមិត្តចូលឈ្លានពាន ។ សង្គ្រាម របៀបនេះកើតឡើង​ញឹកញាប់ណាស់ ហើយច្រើនកើតជាមួយសៀម និងយួន ឯលាវកើតតែម្ដងប៉ុណ្ណោះ ។ ក្នុងពេលដែលសៀម​វាយបែកបន្ទាយលង្វែក ខ្មែរយើងខំតស៊ូរំដោះជាតិ រហូតដណ្ដើម រាជធានីមកវិញ បណ្ដាលឲ្យទ័ពសៀម​ស្លាប់ដូចស្រមោច ក្នុងរជ្ជកាល ព្រះបាទរាមាជើងព្រៃ ។ កាលក្នុងរាជ្យក្សត្រី អង្គម៉ី យួនដាក់អាណានិគម​លើខ្មែរ ៤​ឆ្នាំ ខ្មែរងើបប្រឆាំង យ៉ាងស្វិតស្វាញ ក្រោមការដឹកនាំរបស់ព្រះអង្គឌួង រហូត យួនដកអស់ពីស្រុក បណ្ដាលឲ្យមេទ័ពយួនឈ្មោះ ទ្រឿង មិញយ៉ាង ឈឺចិត្តពេកក្អួតឈាមស្លាប់ទៅ ។ កាលព្រះចៅ ស៊ីសតនាគនហុត ស្ដេចលាវបរទ័ពចូលឈ្លានពានខ្មែរៗ ក៏ក្រោកតទល់វិញ ក្រោមការដឹកនាំរបស់ ព្រះបាទបរមរាជាទី៤ បណ្ដាលឲ្យទ័ពលាវបាក់ទាំងផ្ទាំងៗ លិចទូក លិចសំពៅ ខ្មែរចាប់បានឈ្លើយរាប់ពាន់​នាក់ ជាប់ឈ្មោះភូមិស្រុកជាអនុស្សាវរីយ៍រហូតសព្វថ្ងៃ ដូចជាភូមិលាវបាក់ទូក ហៅសង្ខេបថា ភូមិបាក់ទូក នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃ ជាភស្តុតាងស្រាប់ ។ ភូមិនោះ ស្ដេចបើកឲ្យលាវបាក់ទូកទៅ តាំងទីលំនៅ សម្រាប់ថែរក្សាវត្តភ្នំដូនពេញ ក្នុងឋានៈជាពលព្រះទើបជាប់ឈ្មោះ ភូមិកររហូតមក ។ សង្គ្រាមការពារជាតិ គេច្រើនប្រើសង្គ្រាមឈ្លបតស៊ូយូរអង្វែង ប្រកបដោយមនសិការជាតិ ឧត្ដមគតិជាតិថ្លៃថ្លាបំផុត ។
សរុបមក មធ្យោបាយធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ មានលក្ខណៈគួរឲ្យស្ញប់ស្ញែង ចំពោះវីរភាពរបស់លោក​ណាស់ ។ ទោះបី ជាជំនាន់ដូនតាយើងប្រើអាវុធមិនទាន់សម័យ ដូចយ៉ាង ដាវ លំពែង ធ្នូ ស្នា សាក់ខ្លួន កូនក្រក ខ្នាយតាន់ សក់ដាញ់ ជឿខ្មោចបិសាច ដែលមនុស្សឥឡូវលែងជឿ ក៏លោកបានតស៊ូរក្សាទឹកដី ទុកឲ្យកូនចៅជ្រកកោននឹងគេដែរ មិនទាន់ដល់ ថ្នាក់ទៅជ្រកដីគេ ដូចបងប្អូនជនជាតិចាមដ៏គួរឲ្យអាសូរ ។ ឈានមកដល់ សតវត្សទី ២០ ទី ២១ នេះ យើងចូលដល់យុគសម័យទំនើបភាវូបនីយកម្មសព្វាវុធយើង បានឆ្លងកាត់អស់ហើយ នូវកាំភ្លើងតូច កាំភ្លើងធំរថក្រោះ យន្តហោះ នៅសល់តែគ្រាប់បែកបរមាណូ ឬកាំជ្រួចបាញ់ រំលងទ្វីប ប្រើថាមពលនុយក្លេអ៊ែរប៉ុណ្ណោះ ដែលយើងមិនទាន់ ភ្លក់រសជាតិ ប៉ុន្តែអាវុធប្រល័យ​លោកនេះ ជនជាតិជប៉ុនបាន ភ្លក់មុនគេរួចទៅហើយ ។ ឈ្មោះថាសង្គ្រាមនេះ តែកើត ឡើងហើយអ្វីៗត្រូវតែ​ខ្ទេចខ្ទី ក្លាយទៅជាផេះផង់ គ្មាននរណា ចង់ធ្វើទេ ប៉ុន្តែកាលៈទេសៈ និងមហិច្ឆតារបស់ អ្នកដឹកនាំជាប់ ដោយ លោភៈ ទោសៈ មោហៈ ជាអ្នកនាំឲ្យផ្ទុះឆេះឡើង ។ ទោះជាយើងស្អប់ខ្ពើម មិនចង់ជួបសង្គ្រាមឈាម​ដាបធរណី យ៉ាងណា ក៏មិនត្រូវបំភ្លេចវាដែរ ចាំបាច់ត្រូវតែ កត់ត្រាទុកជា ចលនាប្រវត្តិសាស្ត្រ សម្រាប់យកជាគតិ និងជាប្រទីបបំភ្លឺផ្លូវ ឲ្យបច្ឆាជនបានដឹង បានយល់ ពីអ្វីដែលហៅថាសង្គ្រាមនោះ ហើយរិះរកគ្រប់ វិធី ដើម្បីបញ្ចៀសវាឲ្យខាងតែបាន ។

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): យុទ្ធោបករណ៍ និង​ វិធីសាស្ត្រធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ
យុទ្ធោបករណ៍ និង​ វិធីសាស្ត្រធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-YN2YH4bVNeM8KIfAXRt7BmqFtX9PcqRMgeHOnts95cdBF0PnR6vDXf3QnNJXqDpsAWMXANZ37_NSxjzEbbP2TrxcFCychzGMUhJ6TN0KIE7ozrmqwcmazGFfHGP6nciaYdfhNy6z9T4/s1600/IMG_7056.JPG
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-YN2YH4bVNeM8KIfAXRt7BmqFtX9PcqRMgeHOnts95cdBF0PnR6vDXf3QnNJXqDpsAWMXANZ37_NSxjzEbbP2TrxcFCychzGMUhJ6TN0KIE7ozrmqwcmazGFfHGP6nciaYdfhNy6z9T4/s72-c/IMG_7056.JPG
Khmer Legend (រឿងព្រេងខ្មែរ)
https://khmer-legend.blogspot.com/2014/06/khmer-art-of-war-and-tools.html
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/2014/06/khmer-art-of-war-and-tools.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy