ភូមិសាស្ត្រនៃប្រទេសកម្ពុជា, Cambodia geography
ដកស្រង់ពីសៀវភៅ ស្រុកខ្មែរ៖ ការវិវត្តចលនានយោបាយ
និពន្ធដោយ សាគូ សាមុត
![]() |
ប្រទេសខ្មែរមានរាងពហុកោណស្ទើរស្មើជ្រុង ដែលមានចំណុចកណ្ដាលក្បែរកំពង់ធំ និងមានប្រវែងពីជើងទៅត្បូងជិតស្មើនឹងប្រវែងពីកើតទៅលិច ។ ហើយប្រវែងអតិបរមានៃបណ្ដោយ និងទទឹងគឺ ៥៦០ គម និង ៤៤០ គម ។ ដោយហេតុទាំងនេះហើយបានជាប្រទេសខ្មែរពុំមានតំបន់ដាច់ស្រយាលឡើងយ ។
ប្រទេសខ្មែរមានព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ខាងកើតទល់នឹងប្រទេសវៀតណាម ខាងត្បូងទល់នឹងប្រទេសវៀតណាម និងឈូងសមុទ្រថៃ ខាងលិចទល់នឹងប្រទេសថៃ ។ ព្រំប្រទល់ប្រទេសខ្មែរទាំងមូលមានប្រវែង ២.៦០០ គម គឺ ៥/៦ ជាដីគោក និង ១/៦ ជាមាត់សមុទ្រ ។
![]() |
ភូមិសាស្ត្រនៃប្រទេសកម្ពុជា |
១. សណ្ឋានដី
ប្រទេសខ្មែរជាប្រទេសមួយប្រកបដោយទំនាបព័ទ្ធជុំវិញ ហើយជួនកាលព័ទ្ធដោយប្រជុំភ្នំ ជួនកាលទៀតព័ទ្ធដោយខ្ពង់រាបដែលមិនសូវខ្ពស់ ។ ការមានភ្នំនៅតាមបរិវេណមិនមែនជាហេតុធ្វើឲ្យមានឧបសគ្គដល់ចរាចរណ៍ឡើយ ។ ទំនាបកណ្ដាលដែលមានមួយភាគធំលិចទឹក សណ្ដូកបន្តពីទំនាបថៃ គឺសណ្ដូកពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ។
កំពូលភ្នំខ្ពស់បំផុតនៅប្រទេសខ្មែរគឺ ភ្នំឱរ៉ាល់ (១.៨១៣ ម) នៅក្នុងខេត្តកំពង់ស្ពឺ ។ បើគិតតាមសណ្ឋានដី ប្រទេសខ្មែរចែកជាបីផ្នែកធំៗ ៖ តំបន់ទំនាបកណ្ដាល តំបន់ប្រជុំភ្នំ និងខ្ពង់រាប និងតំបន់កូនភ្នំ ។
ក. តំបន់ទំនាបកណ្ដាល
![]() |
តំបន់ទំនាបកណ្ដាល |
ផ្នែកកណ្ដាលនៃប្រទេសខ្មែរ ជាទំនាបមួយយ៉ាងធំដែលមានរយៈកម្ពស់មធ្យមតិចជាង ៥០ ម (ពី ២០ ម ទៅ ៣០ ម) និងមានចំណោតខ្សោយបន្តិចម្ដងៗពីជើងទៅត្បូង ។ គឺជាទំនាបមួយយ៉ាងរាប ប្រកបដោយចំណោតខ្សោយ (១%) និងជាទំនាបល្បប់យ៉ាងធំសង្ខាងបឹងទន្លេសាប និងសង្ខាងទន្លេមេគង្គ ពីពាយ័ព្យទៅអាគ្នេយ៍ ។ ហើយទំនាបនេះកាន់តែរីកធំឡើងសំដៅទៅប្រទេសវៀតណាមខាងត្បូង ។
ទំនាបកណ្ដាលនេះ ប្រកបទៅដោយល្បប់ចាស់ត្រង់ជាយខាងក្រៅ និងល្បាប់ថ្មីត្រង់តំបន់ក្បែរផ្លូវទឹក ។ គឺជាតំបន់មានជីជាតិយ៉ាងល្អ និងមានដង់ស៊ីតេប្រជាជនខ្ពស់ ។ ម្យ៉ាងទៀតទំនាបនេះចែកជា ៤ ភូមិភាគ ៖
១. ភូមិភាគល្បប់ម៉ដ្ឋ
ភូមិភាគល្បប់ម៉ដ្ឋ ដែលមានទទឹងប្រវែងពីបួនដប់ម៉ែត្រដល់ច្រើនរយម៉ែត្រ គឺជាតំបន់ច្រាំងទន្លេ និងជាយកោះ ។ ហើយដីនោះជាដីល្អសម្រាប់ដំណាំកប្បាស មន ថ្នាំជក់ និងត្រុំ ។ ម្យ៉ាងទៀតភូមិភាគនេះជាទីប្រជុំជនយ៉ាងកុះករ និងសម្បូរទៅដោយផ្លូវថ្នល់ ។
២. ភូមិភាគលិចទឹក និងវាលភក់
ភូមិភាគលិចទឹក និងវាលភក់ ព័ទ្ធពីក្រៅតំបន់ល្បប់ម៉ដ្ឋ ហើយមានជីជាតិល្មមគួរសមដែរ ។ រីឯប្រជាជនក៏មានច្រើន ដោយសារបឹងមានត្រីច្រើន ដោយសារដំណាំពោត ល្ង ឈូក ។ល។ ម្យ៉ាងទៀតព្រៃលិចទឹកនៃបឹងទន្លេសាបជាកន្លែងត្រីពង និងជាកន្លែងត្រីធំធាត់ដ៏សន្ធឹកសន្ធាប់ ។ ហេតុនេះហើយ បានជាបឹងធំក្លាយជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងសំខាន់នៃប្រទេសខ្មែរ ។
៣. វាលស្រែ
វាលស្រែ ដែលនៅខាងក្រៅតំបន់លិចទឹក មានជីជាតិតិចជាងច្រាំងទន្លេ គឺជាតំបន់ដែលបំពេញមុខងារយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ។ វាលស្រែទាំងនោះមានផ្ទៃធំធេងដាច់កន្ទុយភ្នែក នៅខេត្តបាត់ដំបង កំពង់ធំ តាកែវ ព្រៃវែង កំពង់ចាម និងស្វាយរៀង ។
៤. ភ្នំតូចៗ
នៅលើវាលទំនាបកណ្ដាលនេះ គេឃើញមានភ្នំតូចៗដាច់តែឯងនៅឯនេះមួយនៅឯនោះមួយ គឺសុទ្ធតែភ្នំថ្មក្រែ ដូចជា ភ្នំបាទី នៅខេត្តតាកែវ ភ្នំបាភ្នំ នៅខេត្តព្រៃវែង ភ្នំបាធាយ នៅខេត្តកំពង់ចាម ភ្នំក្រោម នៅខេត្តសៀមរាប ភ្នំនាងកង្រី នៅខេត្តកំពង់ឆ្នាំង ។
ខ. តំបន់ប្រជុំភ្នំ និងខ្ពង់រាប
![]() |
ផែនទីជូរភ្នំក្នុងប្រទេសកម្ពុជា |
ទំនាបកណ្ដាលនៃប្រទេសខ្មែរព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប គឺភ្នំក្រវាញ នៅនិរតី ភ្នំដងរែក នៅខាងជើង ខ្ពង់រាបខាងជើង ខ្ពង់រាបខាងកើត និងឦសាន ។
១. ជួរភ្នំក្រវាញ
ជួរភ្នំក្រវាញចែកពីលិចទៅកើតជា ភ្នំក្រវាញខាងលិច ភ្នំក្រវាញកណ្ដាល និងភ្នំក្រវាញខាងកើត ។ គឺជាជួរភ្នំដែលសណ្ដូកតាំងពីខាងជើងខេត្តចន្ទបូរនៃប្រទេសថៃ ដល់ខេត្តកំពត គឺពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ។ ហើយបាតភ្នំទាំងនោះ សុទ្ធសឹងប្រកបទៅដោយថ្មក្រានីត គ្របដណ្ដប់ពីក្រៅដោយថ្មក្រែល្បាយខ្សាច់យ៉ាងក្រាស់ ។ ម្យ៉ាងទៀតសំណឹកបានផ្ដាច់ជួរភ្នំនេះជាខ្ពង់រាបប្រកបដោយមុខចំណោត ឬជាភ្នំដាច់ពីគ្នា ។ គឺនៅតំបន់នេះហើយដែលមានកំពូលភ្នំខ្ពស់ជាងគេ «ភ្នំឱរ៉ាល់» មានកម្ពស់ ១.៨១៣ ម ។ នៅតំបន់ភ្នំនេះ គេពុំទាន់ធ្វើការរុករកទេ ព្រោះជាតំបន់ប្រកបទៅដោយព្រៃក្រាស់ចូលមិនចុះ ។ ទីនេះ មានបណ្ដាជនរស់នៅយ៉ាងស្ដួចស្ដើងគឺ ពួកព័រ ពួកស្អូច ។ តែសំណង់ផ្លូវភ្នំក្រវាញជាទ្វារចំហរសម្រាប់សម្រួលការទាក់ទងជាមួយនឹងតំបន់ដទៃ ។
១.ក. ភ្នំក្រវាញខាងលិច: សណ្ដូកពីប៉ៃលិនដល់ស្ទឹងពោធិ៍សាត់ គឺជាភ្នំប្រកបទៅដោយថ្មក្រាម និងថ្មស៊ីសលាយក្រែ ដែលមានពើងផ្នត់យ៉ាងខ្លាំង ។ កំពូលភ្នំសំខាន់ៗនៃតំបន់នេះមាន ភ្នំសពុក (៨៩៣ ម) ភ្នំតាដិត (១.១១៤ ម) ភ្នំទឹកព្រិល (១.១២៣ ម) ភ្នំធំ (១.២៥៨ ម) ភ្នំមូស (១.៣៣៧ ម) ភ្នំខ្មោច (១.៤២៥ ម) និងភ្នំទំពរ ខ្ពស់ជាងគេនៅទីនោះ (១.៥៦៣ ម) ។
១.ខ. ភ្នំក្រវាញកណ្ដាល: ជាប្រជុំភ្នំមួយដ៏ធំ ដែលមានផ្ទៃរាងទេរពីមោងទៅកោះកុង ។ ប៉ែកខាងលិចមាន ភ្នំសំកុះ (១.៧៤៤ ម) ក្បែរឈូងសមុទ្រថៃ ។ ខាងកើតមានភ្នំជាច្រើនដែលមានរយៈកម្ពស់លើសពី ១.០០០ ម ដូចជា ភ្នំប៉ាន (១.៤០០ ម) ភ្នំបាកាន (១.២២០ ម) និងភ្នំខ្នងត្រពាំង (១.១៧២ ម) ។
១.គ. ភ្នំក្រវាញខាងកើត: ចែកជាបីក្រុមយ៉ាងច្បាស់ ៖
- ប្រជុំភ្នំខ្យល់ នៅចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ គឺនៅខាងលិចខេត្តកំពង់ឆ្នាំង ។ គឺនៅទីនេះហើយដែលមានភ្នំខ្ពស់ជាងគេនៃប្រទេសខ្មែរ ឬភ្នំឱរ៉ាល់ (១.៨១៣ ម) ។
- ប្រជុំភ្នំអូរម្លូ នៅចន្លោះស្រែអំបិល និងខេត្តកំពង់ស្ពឺ ហើយកំពូលខ្ពស់បំផុតប្រហែលជា ១.០០០ ម ដូចជា ខ្ពង់រាបគិរីរម្យ (៧០០ ម) ជាដើម ។
- ប្រជុំភ្នំដំរី នៅដាច់ពីភ្នំអូរម្លូដោយច្រកពេជ្រនិល ដែលកាត់ដោយផ្លូវជាតិលេខ ៤ គឺផ្លូវពីភ្នំពេញទៅក្រុងព្រះសីហនុ ។ ហើយពីខាងត្បូងប្រជុំភ្នំនេះបញ្ចប់ដោយមុខចំណោតនៃភ្នំបូកគោ (១.០៧៥ ម) ។
២. ជួរភ្នំដងរែក
ជួរភ្នំដងរែកសណ្ដូកពីខាងកើតទៅខាងលិច គឺពីជ្រលងទន្លេមេគង្គទៅជ្រលងទន្លេចៅប្រះយ៉ា ឬទន្លេមេណាមនៃប្រទេសថៃ ។ តាមពិត ដងរែកមិនមែនជាជួរភ្នំទេ តែជាគែមខាងត្បូងនៃខ្ពង់រាបនគររាជ ដែលស្ថិតក្នុងភូមិភាគខាងកើតនៃប្រទេសថៃ គឺជាជញ្ជាំងថ្មក្រែ និងជាមុខចំណោតមួយយ៉ាងវែង បណ្ដោយប្រហែល ៣០០ គម និងមានរយៈកម្ពស់ចុះជាលំដាប់ពីខាងកើតទៅខាងលិច (គឺពី ៧០០ ម ទៅ ២០០ ម) ។
ជួរភ្នំដងរែកមានមុខចំណោតខាងលើខ្ពង់រាបខ្មែរខាងជើង តែមានចំណោតយ៉ាងទេរទាបទៅខាងប្រទេសថៃ ។ ការដែលមានចំណោតសង្ខាងមិនស្មើគ្នាដូច្នេះ ជាការបញ្ជាក់ឲ្យឃើញថា ទំនាបខ្មែរ និងទំនាបថៃ មានរយៈកម្ពស់ខុសគ្នាយ៉ាងសម្បើមគឺពី ៥០ ទៅ ១៥០ ម នៅប្រទេសខ្មែរ និងពី ១០០ ទៅ ៣០០ ម នៅប្រទេសថៃ ។ ពីខាងកើតទៅខាងលិច កំពូលខ្ពស់ជាងគេមាន ៖ ភ្នំដងរែក (៧៥៦ ម) ជាកំពូលខ្ពស់បំផុត ភ្នំព្រះវិហារ (៦២៥ ម) ភ្នំអណ្ដូងស្វាយ (៤៥៧ ម) ភ្នំម៉ាកកៃ (៥៣៧ ម) ។ នៅចន្លោះភ្នំមានច្រកដែលសម្រួលការទាក់ទងរវាងភូមិភាគថៃខាងកើត និងទំនាបកណ្ដាលនៃប្រទេសខ្មែរ ។ ច្រកសំខាន់ៗគឺ ច្រកអន្សែ ច្រកដូនតាប៉ាយ ច្រកដូនឪ ច្រកតាព្រហ្ម និងច្រកកូន ។
៣.ខ្ពង់រាបខាងជើង
ខ្ពង់រាបខាងជើង ជាខ្ពង់រាបប្រកបទៅដោយល្បប់ចាស់ ឆ្លាស់គ្នានឹងថ្មបាយក្រៀម និងជាតំបន់ព្រៃរបោះ ។ ខ្ពង់រាបនេះស្ថិតនៅត្រង់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺភ្ជាប់ទំនាបកណ្ដាលទៅជួរភ្នំដងរែក ។ នៅតាមទ្រនុងកណ្ដាលនៃខ្ពង់រាបនេះមានកូនភ្នំដាច់ៗពីគ្នាដូចជា ភ្នំស្វាយចេក ភ្នំកំបុត ភ្នំចុងកាល់ ភ្នំត្បែង (៥២៤ ម) ភ្នំគូលែន (៤៩៦ ម) ភ្នំរយោង (៤៣៣ ម) ។
៤. ខ្ពង់រាបខាងកើត និងឦសាន
៤.ក. ខ្ពង់រាបនៃខេត្តស្ទឹងត្រែង និងក្រចេះ មានលក្ខណៈដូចគ្នានឹងខ្ពង់រាបខាងជើងដែរ ហើយនៅដាច់ពីខ្ពង់រាបនោះដោយសារជ្រលងនៃទន្លេមេគង្គ គឺជាតំបន់មានរាងតុ ជាតំបន់ល្បាប់ចាស់ប្រកបទៅដោយព្រៃរបោះ តែនៅទីនោះពុំសូវសម្បូរកូនភ្នំដាច់តែឯងទេ ។
៤.ខ. ខ្ពង់រាបខេត្តកំពង់ចាម ជាខ្ពង់រាបមួយយ៉ាងទេរទៅឦសាន ហើយមានរយៈកម្ពស់ ២០០ ម ខាងនិរតីជាប់នឹងទំនាបកណ្ដាល ។ ខ្ពង់រាបទាំងនោះក៏មានរាងតុ និងប្រកបទៅដោយល្បាប់ចាស់ និងថ្មបាសាល់ ដែលមានស្រទាប់លើពុកជាដីក្រហមទៅហើយ ។ ទីនោះដែលមានទួលថ្មបាសាល់ចំនួនបួនគ្របពីលើថ្មក្រែ បានក្លាយជាចម្ការដំណាំធំៗ: ចម្ការលើ មេមត់ និងស្នួល ។ តំបន់ដីក្រហមទាំងនោះសុទ្ធសឹងជាចម្ការកៅស៊ូ និងចម្ការដំណាំធំៗ ។
៤.គ. ខ្ពង់រាបខេត្តរតនគីរី ជាគែមខាងលិចនៃប្រជុំភ្នំកន្ទំនៃប្រទេសវៀតណាមកណ្ដាល ។ ខ្ពង់រាបនេះដាច់ជាច្រើនផ្នែកដោយដៃទន្លេមេគង្គ ។ នៅចន្លោះទន្លេសាន និងទន្លេស្រែពក មានខ្ពង់រាបកែវ ដែលជាខ្ពង់រាបថ្មបាសាល់ គ្របដណ្ដប់ដោយរីយ៉ូលីត ហើយមានកំពូលខ្ពស់បំផុតមិនហួសពី ៥០០ ម រីឯច្រាំងខ្ពង់រាបនេះ ជាថ្មគ្រីស្តាឡាំង ។ នៅចន្លោះទន្លេកុង និងទន្លេសាន ប្រជុំភ្នំមួយដែលមានកម្ពស់មធ្យមស្ថិតជាព្រំប្រទល់រវាងប្រទេសខ្មែរ និងប្រទេសឡាវ ។ ភ្នំដែលមានកំពូលខ្ពស់លើសពី ៧០០ ម គឺភ្នំពោងពាយ (៨១៦ ម) ភ្នំត្រង់ (៨១២ ម) ភ្នំរាំង (៧០១ ម) ។
៤.ឃ. ខ្ពង់រាបមណ្ឌលគីរី និងខ្ពង់រាបឆ្លូងលើ ជាខ្ពង់រាបដែលមានរយៈកម្ពស់ចុះជាលំដាប់ពីអូររាំង (៩០០ ម) ទៅគ្រប់ទិស (៤០០ ម) ។ កំពូលខ្ពស់បំផុតគឺ ភ្នំព្រះបាទ (ឬ ភ្នំណាមលៀ) ដែលមានកម្ពស់ ១.១០៣ ម ។ ខ្ពង់រាបនេះមានមួយភាគធំគ្របដណ្ដប់ដោយដីក្រហម ក្លាយមកពីថ្មបាសាល់ និងថ្មបាយក្រៀម គឺជាឃ្លាំងទឹកមួយពិតប្រាកដ ជាប្រភពនៃផ្លូវទឹកនានាដែលហូរចាក់មកទន្លេមេគង្គ ។ ហើយនៅចន្លោះរយៈកម្ពស់ ៧០០ ម និង ៤០០ ម មានសុទ្ធតែព្រៃរបោះ ។
គ. តំបន់កូនភ្នំ
នៅជុំវិញភ្នំក្រវាញមានតំបន់មួយដែលមានរយៈកម្ពស់មធ្យម និងមានកូនភ្នំដាច់ៗពីគ្នាដែលមានកំពូលដល់ទៅ ៨០០ ម ។ តំបន់នេះភ្ជាប់ជួរភ្នំក្រវាញទៅសមុទ្រមួយផ្នែក ហើយមួយផ្នែកទៀតភ្ជាប់ជួរភ្នំក្រវាញទៅទំនាបកណ្ដាល ។ ម្យ៉ាងទៀត នៅតំបន់នេះមានអ្នកស្រុករស់នៅតែត្រង់វាលទំនាប និងជ្រលងមានជីជាតិ ។ រីឯតំបន់ខ្ពស់សុទ្ធសឹងប្រកបទៅដោយព្រៃ ។ គេអាចចែកតំបន់នោះជាប្រាំមួយផ្នែក ៖
១. តំបន់មាត់សមុទ្រ
តំបន់មាត់សមុទ្រជាទំនាបដែលមានរយៈកម្ពស់កើនយ៉ាងរហ័សពីសមុទ្រទៅទល់ជើងភ្នំក្រវាញ ។ ទំនាបនេះទាក់ទងជាមួយនឹងទំនាបកណ្ដាលពីជើងទៅត្បូងតាមច្រក ៣ ៖ ពីតំបន់មោងទៅកោះកុង តាមច្រកវាលវែង ពីតំបន់ពោធិ៍សាត់ទៅស្រែអំបិល តាមច្រកតាសី និងពីកំពង់ស្ពឺទៅស្រែអំបិល តាមច្រកពេជ្រនិល ។ តំបន់នេះសម្បូរកូនភ្នំដែលជួនកាលជាកូនភ្នំនៅកណ្ដាលទំនាប ដូចជា ភ្នំជំនាប វាលេញ ហើយជួនកាលទៀត ជាកូនភ្នំលេចពីសមុទ្រដែលជាកោះ ដូចជា កោះកុង (ខ្ពស់ដល់ទៅ ៤១០ ម) ។
២. តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបង
តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបងដែលសន្ធឹងពីអូរជ្រៅទៅមោង មានកូនភ្នំប្រកបដោយរាងប្លែកៗ ដែលមានកំណើតពីថ្មច្រើនបែបគឺ ថ្មគ្រីស្តាឡាំង និងថ្មក្រែ (ភ្នំវែង) ថ្មក្រែ និងថ្មស៊ីស (ភ្នំរន្ទា ភ្នំម៉ាកហឿន) ថ្មកំបោរ (ភ្នំសំពៅ ភ្នំសិរីសោភ័ណ) ។
៣. តំបន់កូនភ្នំចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង
តំបន់កូនភ្នំចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងជាខ្ពង់រាបល្បាប់ចាស់មួយដែលមានកូនភ្នំច្រើន ដូចជា កូនភ្នំថ្មក្រែ កំរែង ក្បែរខេត្តពោធិ៍សាត់ និងកូនភ្នំថ្មភ្នំភ្លើង ក្រាំងលាវ ក្បែរខេត្តកំពង់ឆ្នាំង ។
៤. ខ្ពង់រាបខេត្តកំពង់ស្ពឺ
ខ្ពង់រាបខេត្តកំពង់ស្ពឺ មានរយៈកម្ពស់ឡើងជាលំដាប់ពីទំនាបកណ្ដាលទៅជួរភ្នំក្រវាញ ហើយមានប្រជុំភ្នំទាំងអស់ចំនួនបីៈ ភ្នំជំរាយ នៅខាងឦសាន ភ្នំពិល ភ្នំក្រោល ភ្នំព្រះ នៅចំកណ្ដាល ហើយប្រជុំភ្នំរាជីគង នៅចុងបំផុត ។
៥. តំបន់កូនភ្នំចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពត
តំបន់កូនភ្នំចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពត ជាខ្ពង់រាបខ្សាច់មានផ្ទៃចេះតែរួមទៅខាងត្បូង និងប្រកបទៅដោយប្រជុំភ្នំសំខាន់ៗបីៈ ភ្នំចង្អោរ (៧២២ ម) ភ្នំព្រះ (៧៨០ ម) និងភ្នំទ្វារ ។
៦. តំបន់កូនភ្នំចន្លោះខេត្តកំពត និងខេត្តតាកែវ
តំបន់កូនភ្នំចន្លោះខេត្តកំពត និងខេត្តតាកែវ ជាខ្ពង់រាបមួយដ៏ទាប និងប្រកបទៅដោយកូនភ្នំកម្ពស់ពី ១០០ ទៅ ៣០០ ម ដូចជា កូនភ្នំកែប ភ្នំថ្មកំបោរនៅស្រុកកំពង់ត្រាច និងស្រុកទូកមាស ហើយនិងប្រជុំភ្នំបាក់នឹម នៅតានី ជាដើម ។
២. ផ្លូវទឹកនៅប្រទេសខ្មែរ
![]() |
ផ្លូវទឹកនៅប្រទេសខ្មែរ |
ក. ក្រុមទន្លេធំ ឬក្រុមទន្លេមេគង្គខ្មែរ
ទន្លេមេគង្គជាទន្លេដ៏ធំមួយក្នុងចំណោមទន្លេធំៗទាំងឡាយក្នុងពិភពលោក ។ ទន្លេនេះបណ្ដោយ ៤.២០០ គម និងមានប្រភពនៅទីបេ ប៉ែកខាងកើតប្រទេសចិន ហើយកម្ពស់ ៥០០ ម ។ អាងទន្លេមេគង្គមានផ្ទៃ ៨០០.០០០ គម២ គឺជាទន្លេទីបួននៅទ្វីបអាស៊ី ។ ទន្លេនេះហូរកាត់ប្រទេសចិន ប្រទេសឡាវ ប្រទេសថៃ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង ។ ដងទន្លេនេះអាចចែកជាបីផ្នែក ៖១. ដងទន្លេខាងលើ
ដងទន្លេខាងលើ ចាប់ពីប្រភពដើមមកដល់ទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) ហើយបត់បែនយ៉ាងខ្លាំងដោយសារសណ្ឋានដីទីនោះ ហើយទទួលទឹកពីដៃទន្លេចំហៀងខាងឆ្វេងដែលសុទ្ធសឹងជាជ្រោះ ។២. ដងទន្លេកណ្ដាល
ដងទន្លេកណ្ដាល ចាប់ពីវៀងចន្ទន៍ដល់ក្រចេះ ប្រកបទៅដោយទឹកជួរជាច្រើនអន្លើ ដូចជា ខេមរដ្ឋ (បណ្ដោយ ១៥០ គម) ខោន (១២ គម) និងសម្បូរ (៥០ គម) ។ ហើយដៃទន្លេខាងឆ្វេងក៏សំខាន់ណាស់ដែរ ។៣. ដងទន្លេខាងក្រោម
ដងទន្លេខាងក្រោម ចាប់ពីក្រចេះទៅដល់សមុទ្រចិន ។ ចាប់ពីក្រចេះចម្ងាយ ៥១០ គម ពីសមុទ្រ គេអាចធ្វើនាវាចរបានគ្រប់តែរដូវក្នុងទន្លេមេគង្គ ។ នៅភ្នំពេញ ទន្លេមេគង្គប្រសព្វគ្នានឹងទន្លេសាប បង្កើតជាដៃទន្លេបួនស្របទៅតាមពាក្យខ្មែរថា «ទន្លេបួនមុខ» ទន្លេសាប ទន្លេបាសាក់ (ទន្លេក្នុង) ទន្លេធំខាងលើ (មេគង្គ) និងទន្លេធំខាងក្រោម (ទន្លេក្រៅ) ។ ដីសណ្ដទន្លេមេគង្គចែកជាដៃច្រើនដែលទទឹងមានប្រវែងជួនដល់ទៅ ២ គម និងប្រកបទៅដោយកូនកោះយ៉ាងច្រើន ឬគំនរខ្សាច់យ៉ាងវែងៗដែលសណ្ដូកទៅរកមាត់សមុទ្រ ។ទន្លេមេគង្គខ្មែរ
នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាបដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។
នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង ។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។
បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់ ។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក ។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា ។
ដៃទន្លេមេគង្គសំខាន់ៗមាន ៖
- ទន្លេរពៅ នៅស្ដាំដៃ ត្រង់ព្រំប្រទល់ប្រទេសឡាវ ។
- ទន្លេកុង និងដៃទាំងពីរ ទន្លេសេសាន និងទន្លេស្រែពក: ទន្លេកុងហូរមកពីខ្ពង់រាបបរិវេណ (ប្រទេសឡាវ) ទន្លេសានមានប្រភពនៅខ្ពង់រាបកន្ទំ ហើយទន្លេស្រែពកមានប្រភពនៅខ្ពង់រាបដាឡាក់ (ប្រទេសវៀតណាម) ។
- ព្រែកក្រៀង និងព្រែកកាំពី ជាស្ទឹងរីងនៅរដូវប្រាំង ។
- ព្រែកទេរ ដែលមានប្រភពនៅខ្ពង់រាបឆ្លូងលើ មានរបបមិនទៀងទាត់ តែចរន្តទឹកលឿននៅរដូវទឹកឡើង ។
- ព្រែកឆ្លូង ដែលមានប្រភពនៅខ្ពង់រាបឆ្លូងលើដែរ ជាស្ទឹងមួយយ៉ាងប្រណីតដោយហូរកាត់ព្រៃស្ដុក ។
- ទន្លេតូច ហូរចេញពីជីហែទៅទល់នឹងបាណាម តាមកំហូងទាប និងតាមវាលភក់ ។
មុខងារនៃទន្លេមេគង្គ
ជាបឋម ទន្លេមេគង្គជាផ្លូវនាវាចរមួយដ៏សំខាន់នៅគ្រប់រដូវ ។ ប្រទេសខ្មែររស់យ៉ាងរុងរឿងដោយសារភោគទ្រព្យធម្មជាតិនៃរដុវទឹកឡើង និងរដូវទឹកស្រកអស់មួយភាគធំ ។ ម្យ៉ាងទៀត នៅរាល់រដូវទឹកឡើង ទន្លេមេគង្គផ្ដល់ដល់ដីលិចទឹកទាំងឡាយនូវល្បាប់ម៉ដ្ឋដ៏មានជីជាតិ ។ អ្នកស្រុកមាត់ទន្លេច្រើនរស់នៅលើខ្ពង់ទន្លេតែម្ដង ដែលជាទីដីមានទំហំតុចតែមានជីជាតិ គឺជាដីចម្ការយ៉ាងប្រពៃដែលផ្ដល់ផលិតផលកសិកម្មគ្រប់បែប ។រីឯបឹងទាំងឡាយ ជាឡូត៍នេសាទយ៉ាងសំខាន់នៅរដូវសម្រក ពីព្រោះបឹងទាំងនោះជាទីប្រសើរដល់ការលូតលាស់ និងកំណើនត្រី ។ នៅពេលទឹកសម្រក ត្រីទាំងនោះតែងតែនៅផ្ដុំគ្នាតាមព្រែកដែលជាកន្លែងនេសាទ ។
ខ. ក្រុមទន្លេសាប
ក្រុមទន្លេសាបមានបឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គម២ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល និងមានប្រភពនៅភ្នំរន្ទា ហើយមានផ្នែកលើទឹក ជាស្ទឹងសិរីសោភ័ណ ។
បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គម២ ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គម២ ។ បឹងទន្លេសាបចែកជាបីផ្នែក ៖
- បឹងធំ ស្ថិតនៅខាងជើង មានបណ្ដោយ ៧៥ គម និងទទឹង ៣២ គម ។
- បឹងតូច ស្ថិតនៅចំកណ្ដាល មានបណ្ដោយ ៣៥ គម និងទទឹង ២៨ គម ។
- វាលភក់ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោះមានតែរុក្ខជាតិក្រិនៗ ។
របបទឹកទន្លេសាប
បឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង ។
រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម ។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ ។
នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។
ដៃសំខាន់ៗនៃក្រុមទន្លេសាប
ដៃទន្លេសាបខាងស្ដាំមាន ៖
- ស្ទឹងស្រែង មានប្រភពនៅជួរភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ ។ ដងស្ទឹងស្រែងកណ្ដាលស្ថិតជាព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប ។
- ស្ទឹងសៀមរាប និងស្ទឹងរលួស ជាកូនស្ទឹងតូចពីរ ដែលមានប្រភពនៅភ្នំគូលែន ។ ស្ទឹងសៀមរាបហូរក្បែរប្រាសាទអង្គរ ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍ (អង្គរ) ។
- ស្ទឹងជីក្រែង និងស្ទឹងស្ទោង ដែលហូរចាក់ទៅក្នុងតំបន់វាលភក់ ឬទន្លេឆ្មារ ។
- ស្ទឹងសែន ដែលហូរចុះមកពីជួរភ្នំដងរែក មានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាន់ ។ ស្ទឹងនេះមានបណ្ដោយ ៤៥០ គម ហើយបត់បែនជាភ្នែនយ៉ាងច្រើនមុនមកដល់កំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ ។
- ស្ទឹងជីនិត រីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រង ហូរចាក់មកស្ទឹងនេះ ហូរចាក់ទៅក្នុងវាលភក់ ដោយឆ្លងកាត់កំពង់ថ្ម ។
ដៃទន្លេសាបខាងឆ្វេងមាន ៖
- ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃ ទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវ កម្ពស់ ១.៤៧០ ម ប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម ប្រទេសខ្មែរ) មុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប ។
- ស្ទឹងមោង (ដូនទ្រី) ហូរពីភ្នំទឹកព្រិល (១.៤២៥ ម) កាត់ស្រុកមោងឫស្សី ។
- ស្ទឹងស្វាយដូនកែវ ហូរកាត់ភូមិស្វាយដូនកែវ ។
- ស្ទឹងពោធិ៍សាត់ មានប្រភពនៅភ្នំខ្មោច (១.៤២៥ ម) ជាស្ទឹងប្រកបដោយរបបប្រៀបបាននឹងរបបទឹកជ្រោះដែលបណ្ដាលឲ្យមានជំនន់ ។
- ស្ទឹងបរិបូរណ៍ ហូរកាត់ច្រកបរិបូរណ៍នៅកំពង់ឆ្នាំង ។
- ស្ទឹងជ្រៀវ ហូរកាត់ឧដុង្គ ។
- ស្ទឹងព្រែកត្នោត កើតមកពីអូរជាច្រើន ដែលហូរមកពីភ្នំឱរ៉ាល់ និងពីប្រជុំភ្នំអូរម្លូ ។ ស្ទឹងនេះហូរកាត់ខេត្តកំពង់ស្ពឺ និងតាខ្មៅ ។
- ស្ទឹងតាកែវ ហូរប្រសព្វនឹងទន្លេបាសាក់ត្រង់មាត់ជ្រូក ។
មុខងារទន្លេសាប
ទន្លេសាប និងដៃទាំងអស់ រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍ ។ នៅរដូវវស្សា បឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយបើកក្ដោង ។ រីឯស្ទឹងមានតែកប៉ាល់តូចៗ និងទូកប៉ុកចាយ ដែលមានចំណុះមិនលើសពី ១០០ តោន ។ នៅរដូវប្រាំង ក្នុងបឹងទន្លេសាប គេអាចធ្វើនាវាចរបានចំពោះតែកូនទូកប៉ុណ្ណោះ ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំ គឺជាមជ្ឈមណ្ឌលត្រីច្រើនជាងគេនៅក្នុងពិភពលោក ពីព្រោះទីនោះមានព្រៃលិចទឹកជាជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ ។
គ. ក្រុមទន្លេស្ថិតនៅតាមឈូងសមុទ្រថៃ
មួយភាគប្រាំមួយ (១/៦) នៃបរិវេណព្រំប្រទល់ខ្មែរ ជាឆ្នេរសមុទ្រ ។ ឆ្នេរនេះមានប្រវែង ៤៥៥ គម នៅតាមបណ្ដោយឈូងសមុទ្រថៃ ។ ហើយទន្លេដែលស្ថិតនៅតាមឈូងសមុទ្រនេះច្រើនជាព្រែកតុចៗ ដែលមានទឹកឡើង និងស្រកយ៉ាងឆាប់រហ័ស អាស្រ័យមានភ្លៀង ឬគ្មានភ្លៀង ។ ផ្លូវទឹកសំខាន់ៗនៃតំបន់នេះ ច្រើនតែហូរធ្លាក់ពីរយៈកម្ពស់ ៥០០ ទៅ ៦០០ ម ពីធ្លាក់ពីល្បាក់មួយទៅកាន់ទំនាបជិតៗ ដោយបត់ជាភ្នែនដ៏ច្រើនមុននឹងទៅដល់មាត់សមុទ្រ ចម្ងាយ ១៥ ទៅ ២០ គម ។ នៅត្រង់ដីសណ្ដ ផ្លូវទឹកទាំងនោះតែងចែកជាដៃដ៏ច្រើន កប់ក្រោមភក់ជ្រាយ ដែលមានដើមកោងកាងដុះពាសពេញ ។
ម្យ៉ាងទៀត ជ្រោះជាច្រើនដែលស្ងួតនៅរដូវប្រាំងតែងតែមានទឹកច្រើន ហើយហូរយ៉ាងខ្លាំងនៅរដូវវស្សា ដោយនាំមកនូវដុំថ្មធំៗ និងមែកឈើផង ជាហេតុបណ្ដាលឲ្យមានជំនន់ក្នុងរយៈពេលដ៏ខ្លី ។ ក្រៅអំពីទឹកភ្លៀង ព្រែកតូចៗក្នុងតំបន់នេះស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរសមុទ្រថែមទៀត ។ នៅរដូវប្រាំង ទឹកសមុទ្រតែងតែចូលមកក្នុងព្រែកយ៉ាងងាយ ។ ហេតុដូច្នេះ ស្ទឹងតាមឆ្នេរទាំងអស់ ពុំមានសារសំខាន់ប៉ុន្មានទេចំពោះផ្នែកសេដ្ឋកិច្ច ។ ស្ទឹងសំខាន់ៗនៃតំបន់ឆ្នេរសមុទ្រពីជើងទៅត្បូងមាន ៖
- ស្ទឹងមេទឹក មានប្រភពនៅភ្នំធំ (១.២៥៨ ម) ហើយហូរស្របនឹងព្រំប្រទល់ រួចចាក់ទៅក្នុងសមុទ្រត្រង់ថ្នល់ក្របី ។ ស្ទឹងនេះទទួលទឹកពីស្ទឹងឫស្សីជ្រំ ពិខាងឆ្វេងដៃ ។
- ព្រែកតាតី យកឈ្មោះតាមភូមិតាតី ដែលស្ថិតជិតប្រភពដើម ព្រមទាំងទទួលទឹកពីខាងស្ដាំដៃចំនួនពិរគឺស្ទឹងកែប និងស្ទឹងសាលបន្ធន ។
- ស្ទឹងជាយអារែង មានរាងបត់បែន ទទួលទឹកពីព្រែកយួន ព្រែកស្មៅ ព្រែកតាចន្ទ ។ ម្យ៉ាងទៀត មុនទៅដល់សមុទ្រ ស្ទឹងនេះកែងចូលទៅរកស្ទឹងតាតី ដើរធ្លាក់ចូលទៅរកដៃសមុទ្រជាមួយគ្នា ។
- ព្រែកជីផាត ដែលហូរចាក់ទៅក្នុងឆកកំពង់សោម ជាផ្លូវធម្មជាតិមួយសម្រាប់ឡើងទៅតំបន់ខ្ពស់ ។ ដងខាងលើនៃព្រែកនេះជាទីប្រជុំនៃជ្រោះជាច្រើន ។
- ព្រែកកំពង់សោម ដែលហូរចាក់ទៅក្នុងឆកកំពង់សោមដែរនោះ ស្ថិតនៅក្បែរស្រែអំបិល ដោយទទួលទឹកខាងស្ដាំដៃពីស្ទឹងកំបុត និងស្ទឹងសំរោង ។
- ស្ទឹងកំពត ដែលមានប្រភពនៅភ្នំដំរី ជិតច្រកពេជ្រនិល ទទួលទឹកខាងស្ដាំដៃ និងនៅពីលើខេត្តកំពត ពីស្ទឹងមួយដ៏សំខាន់គឺស្ទឹងកំចាយ ដែលហូរធ្លាក់មកលើភ្នំពពកវិល (បូកគោ) ។
- ស្ទឹងទូកមាស ហូរចូលទៅប្រទេសវៀតណាមត្រង់ទាន់ហន់ រួចចាក់ទៅក្នុងឆកសមុទ្រហាទៀង ។ ហើយស្ទឹងនេះហូរភ្ជាប់ទៅនឹងទន្លេបាសាក់ ដោយសារព្រែកវិញតេ ត្រង់ព្រំប្រទល់ប្រទេសខ្មែរ និងប្រទេសវៀតណាមតែម្ដង ។
ក្រៅពីទន្លេសំខាន់ៗខាងលើនេះ មានកូនជ្រោះជាច្រើន ដែលតែងតែនាំនូវកម្ទេចវត្ថុគ្រប់យ៉ាងមកចាក់បំពេញត្រើយសមុទ្រនៅរាល់រដូវភ្លៀង ។
៣. ឆ្នេរសមុទ្រ និងសមុទ្រនៃប្រទេសខ្មែរ
មួយភាគប្រាំមួយនៃប្រទេសខ្មែរជាឆ្នេរសមុទ្រប្រវែង ៤៥៥ គម ដែលជាឆ្នេរនៃសមុទ្រតែមួយគឺឈូងសមុទ្រថៃ ។ក. ឆ្នេរសមុទ្រខ្មែរ
មានស្ទើរកោះពីរយ៉ាង ដាច់ពីគ្នាដោយឆកកំពង់សោមគឺ ស្ទើរកោះស្មាច់ និងស្ទើរកោះវាលរេញ ។ ឆ្នេរសមុទ្រខ្មែរមិនសូវជ្រៅប៉ុន្មានទេ ដោយមានជម្រៅទឹកមធ្យមមិនហួសពី ៥៦ ម ជាហេតុនាំឲ្យមានលទ្ធភាពជាច្រើនក្នុងការពង្រីកសកម្មភាពនៅតាមសមុទ្រ ។ គឺនៅតាមឆ្នេរសមុទ្រនេះហើយដែលរដ្ឋាភិបាលស្ថាបនាកំពង់ផែយ៉ាងល្អពីរគឺៈ កំពង់ផែរាម និងកំពង់ផែកំពង់សោម ។ ទីក្រុងកែប ដែលស្ថិតនៅតាមឆ្នេរសមុទ្រនេះដែរ ជាបុរីទេសចរណ៍ទំនើបមួយ ប្រកបដោយសោភណភាពយ៉ាងប្រសើរ ។ គេអាចចែកឆ្នេរសមុទ្រខ្មែរជាប្រាំផ្នែក ពីពាយ័ព្យទៅអាគ្នេយ៍ ៖១. ពីចាំយាមទៅព្រែកគគីរ
ពីព្រំប្រទល់ថៃត្រង់ចាំយាមទៅទល់ព្រែកគគីរ ឆ្នេរសមុទ្រតំបន់នោះទាប ប្រកបទៅដោយភក់ និងព្រៃកោងកាង ។ នៅទីនោះមានភូមិច្រើនដែលជាភូមិអ្នកនេសាទ ដូចជា ថ្នល់ក្របី បឹងក្រសោប កោះចៅលាវ កោះកាពិ ។ល។ រីឯទីតាំងមណ្ឌលស្រុកកោះកុង គឺកោះមូល ដែលជាកោះមួយដុះភ្ជាប់មកដីគោកដោយសារទំនប់ផែ ។២. ពីព្រែកគគីរទៅជ្រោយសូរិយាវង្ស
ពីព្រែកគគីរទៅទល់ជ្រោយសូរិយាវង្ស ឆ្នេរសមុទ្រស្ថិតនៅក្បែរជើងភ្នំ និងនៅចំផ្លូវខ្យល់មូសុង គឺជាឆ្នេរប្រកបទៅដោយថ្ម និងមានរាងរឆិញរឆុញ ។ ប៉ុន្តែ ផ្ទាំងថ្មធំៗពុំសូវសម្បូរទេ មានតែជ្រោយខ្លះដែលជាជម្រកនៃឆកសមុទ្រ ដែលវិចិត្រទៅដោយដើមស្ងាវ ដុះងតាមឆ្នេរ ដូចជា ជ្រោយយាយសែន ជ្រោយស្មាច់ និងជ្រោយសូរិយាវង្ស ។ មានកោះ និងកូនកោះជាច្រើននៅរាយបន្តពីមុខជ្រោយទាំងនោះ ចុះទៅឈូងសមុទ្រថៃ ។ តំបន់ឆ្នេរនេះពុំសូវមានមនុស្សរស់នៅទេ ។៣. ឆកកំពង់សោម
ឆកកំពង់សោម ព័ទ្ធពីក្រៅដោយកោះភ្នំមួយជួរ ។ ទីនេះសម្បូរព្រៃ តែគ្មានមនុស្សរស់នៅទេ ។នៅខាងកើត និងខាងលិចឆកនេះ មានជ្រោយសូរិយាវង្ស និងជ្រោយថ្មសដែលមានភូមិអ្នកនេសាទចម្លងគោ និងជ្រោយវាលរេញ ដែលមានកំពង់ផែកំពង់សោម ។ទិដ្ឋភាពទូទៅនៃឆកកំពង់សោមប្រសើរណាស់ ព្រោះឆកនេះបែរមុខចំខ្យល់មូសុងវស្សាពីទិសនិរតី ។ ទទឹងឆកនេះមានប្រវែង ៣០ គម ។ ខាងលិចឆ្នេរទាបហើយត្រង់ ខាងកើតឆ្នេរទាបត្រង់តំបន់ខាងជើង ហើយមានថ្មប៉ប្រះទឹកត្រង់តំបន់ខាងត្បូង ។ ម្យ៉ាងទៀត ឆកនេះចាប់គោកបន្តិចម្ដងៗ ដោយសារល្បប់ដីច្រើនដែលទឹកព្រែកទាំងឡាយនាំចូលមក ។
៤. ពីកំពង់សោមដល់ឆកទឹកសាប
ពីក្រុងព្រះសីហនុទៅដល់ឆកទឹកសាប មានឆ្នេរខ្សាច់ជាច្រើន ប្រកបទៅដោយដើមស្ងាវដុះឆ្លាស់គ្នានឹងដុំថ្ម ។ នៅចំកណ្ដាលវាលឆ្នេរនេះ មានឆករាប ជាជម្រកយ៉ាងល្អសម្រាប់កំពង់ផែរាម ដែលគេចផុតពីខ្យល់មូសុង ។៥. ពីឆកទឹកសាបទៅហាទៀត
ពីឆកទឹកសាបទៅហាទៀង (ប្រទេសវៀតណាម) មាត់សមុទ្រមានរាងផតចូលក្នុងដោយសារឆកទឹកសាប និងឆកវាលរេញ ដែលមានឆ្នេរទាប ហើយពោរពេញទៅដោយភក់ ។ បន្ទាប់ពីឆកទាំងពីរនេះ ក្បែរជើងឆ្នេរចោតនៃភ្នំបូកគោ មានឆ្នេររាងដងធ្នូប្រកបដោយដើមកោងកាង ។ ខាងកើតពាមសមុទ្រនៃស្ទឹងកំពត ឆ្នេរនៅតែទាប លើកលែងតែជ្រោយកែប ដែលមានស្ថានីយងូតទឹកនោះចេញ ។ខ. ឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ ជាសមុទ្រមួយពុំសូវជ្រៅ ហើយមានបាតរាបស្មើ ។ ឈូងសមុទ្រនេះផ្ដាច់ប្រទេសខ្មែរពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា ។ គឺជាជាយទ្វីបដែលមានជម្រៅមធ្យម ១០ ម ហើយជម្រៅអតិបរមាមិនដល់ ៧៥ ម ឡើយ ។ទឹកនៃឈូងសមុទ្រនេះ មានសភាពស្ងប់នៅរដូវប្រាំង ឬសិសិររដូវ (ពីខែធ្នូទៅខែមេសា) និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សា (ពីខែឧសភាទៅខែវិច្ឆិកា) ។ ភាពស្ងប់ ឬភាពរញ្ជួយនៃទឹកប្រែប្រួលទៅតាមរបបខ្យល់មូសុងដែលបក់មកពីទិសឦសាន ឬមកពីទិសនិរតី ។
ព្យុះស៊ីក្លូន ឬព្យុះទីហ្វុងបែបសមុទ្រចិន ពុំដែលមាននៅលើឈូងសមុទ្រនេះឡើយគឺមានតែព្យុះភ្លៀងខ្លះនៅពេលប្ដូររបបមូសុងប៉ុណ្ណោះ ដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់តិច និងមានថ្មប៉ប្រះទឹកក៏តិចដែរ ។
ឈូងសមុទ្រថៃនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរទឹកដូចជាសមុទ្រដទៃទៀតដែរគឺក្នុងមួយថ្ងៃ (២៤ ម៉ោង) មានជំនោរចំនួនពីរឆ្លាស់គ្នានឹងលំនាចចំនួនពីរដែរ ។ ចលនានៃជំនោរនេះ កើតឡើងដោយការប្រែប្រួលនៃផ្ទៃទឹកសមុទ្រទាំងឡាយក្រោមឥទ្ធិពលនៃទំនាញព្រះអាទិត្យ និងព្រះចន្ទ ។ ក្រៅពីជំនោរទឹក មានចរន្តសមុទ្រដែលកើតឡើងដោយការបក់បោកនៃខ្យល់នៅតំបន់នោះ ។ ទិស និងកម្លាំងខ្យល់បញ្ជាក់ទិស និងល្បឿននៃចរន្តទឹកសមុទ្រតែម្ដង ដូចជា នៅតាមឆ្នេរសមុទ្រនៃប្រទេសខ្មែរ ចរន្តក្បែរឆ្នេរជួនកាលខ្លាំងក្លាណាស់គឺអាចមានប្រវែងជិត ១៣០ គម ក្នុងរយៈពេល ២៤ ម៉ោង នៅពេលខ្លះ ។
នៅរដូវខ្យល់មូសុងឦសានក្នុងសមុទ្រចិន ចរន្តសមុទ្របែរទៅពាយ័ព្យដោយមានមួយផ្នែកបែរទៅរកឆ្នេរម៉ាឡាកា រួចបង្វិលមួយជុំស្របទៅនឹងទ្រនិចនាឡិកា ។ ចំពោះឆ្នេរខ្មែរ ចរន្តកើតឡើងពីទិសពាយ័ព្យទៅអាគ្នេយ៍ ជាហេតុបណ្ដាលឲ្យឆ្នេរនេះគេចផុតពីគ្រោះថ្នាក់ គឺខ្យល់មូសុងឦសាននេះហើយ បង្កើតរដូវនេសាទតាមឆ្នេរសមុទ្រខ្មែរយើង ។
នៅរដូវខ្យល់មូសុងនិរតី គេសង្កេតឃើញមានបាតុភូតមួយផ្ទុយទៅវិញ គឺចរន្តសមុទ្រចូលមកប៉ះនឹងឆ្នេរខ្មែរ រួចឡើងទៅទិសខាងជើង ។ បន្ថែមពីលើនេះ មានរលកធំៗនៅកណ្ដាលសមុទ្រ ចូលមកបែកត្រង់ឆ្នេរនេះតែម្ដង ។ គឺខ្យល់មូសុងនិរតីនេះហើយ ដែលបង្កើតរដូវយ៉ាងអាក្រក់នៅសមុទ្រ បណ្ដាលឲ្យនាវាចរប្រព្រឹត្តទៅដោយពិបាក និងដោយគ្រោះថ្នាក់ ។ ជាសង្ខេប ឈូងសមុទ្រថៃមានការអនុគ្រោះច្រើនដល់នាវាចរ ដូចជា នាវាចរនៃកាណូត កប៉ាល់តូចៗ ឬទូកប៉ុកចាយបើកក្ដោងជាច្រើន ដែលចេញនេសាទ ដើម្បីចិញ្ចឹមអ្នកមាត់សមុទ្រ ព្រមទាំងដើម្បីទទួលយកផលពីសមុទ្រគ្រប់បែបយ៉ាង ។ កំពង់ផែព្រះសីហនុ ជាកំពង់ផែមួយដែលមាននាវាសមុទ្រធំៗចូលចតបាន ។ នេះជាមូលហេតុនៃការលូតលាស់ផ្នែកសេដ្ឋកិច្ចតំបន់មាត់សមុទ្រនៃប្រទេសខ្មែរ ។
គ. កោះទាំងឡាយនៃឈូងសមុទ្រថៃ
ក្រុមកោះនៅខាងជើងពៀបសមុទ្រព្រែកតាគី ជាកោះកើតឡើងដោយសម្រុតសមុទ្រនៃតំបន់នោះ ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត ។កោះកុង ជាកោះធំជាងគេនៅប្រទេសខ្មែរ (ប្រហែល ៨០ គម២) គឺជាកូនភ្នំមួយកម្ពស់ ៤១០ ម ដែលដាច់ចេញពីទ្វីបដោយសារបំណាក់ភ្នំភ្លើង ។ ខាងលិចឆ្នេរកោះនេះដែលតែងទទួលខ្យល់មូសុងនិរតី សុទ្ធសឹងប្រកបទៅដោយថ្ម ហើយរឆិញរឆុញខ្លាំងស្ទើរចូលពុំចុះ ។ ផ្ទុយទៅវិញ ឆ្នេរខាងកើត គេចផុតពីខ្យល់មូសុង ហើយមានចម្ការដំណាំជាច្រើនកន្លែង ។
កូនកោះ ប្រកបទៅដោយថ្មមួយជួរ នៅតាមបណ្ដោយជុំវិញជ្រោយស្មាច់ គឺកូនកោះដំបង កោះព្រះ កោះបួន ។
កោះរង់ និងកោះរង់សន្លឹម ស្ថិតនៅពីមុខឆកកំពង់សោម កោះទាំងពីរនេះភ្ជាប់មកដីគោកដោយសារកូនកោះមួយជួរ ។
កោះនៅឯនាយស្ទើរកោះវាលរេញមានបីក្រុមៈ ក្រុមទីមួយ នៅពីមុខកំពង់ផែព្រះសីហនុ មានកោះពស់ ក្រុមទីពីរ នៅពីមុខរាម មានកោះតាកៀវ ព័ទ្ធជុំវិញដោយកោះឫស្សី កោះត្រែស កោះចន្លុះ និងកោះស្រមោច និងក្រុមទីបី បន្តទៅកោះត្រង់ មានកោះថ្មី និងកោះសេះ ។
កោះត្រល់ ដែលពីដើមជាកោះប្រទេសខ្មែរ ឥឡូវបានទៅប្រទេសវៀតណាម ជាកោះមួយដ៏ធំ ដែលការពារឆ្នេរពីខ្យល់មូសុងនិរតី ហើយបាំងជាជម្រកនៃភូមិនេសាទជាច្រើន ។
ជាចុងក្រោយបង្អស់ នៅខាងត្បូងស្ថានីយកែប មានកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និងកោះសេះ ។
កោះទាំងអស់នៃឈូងសមុទ្រថៃ មានបណ្ដាជនរស់នៅតិចតួចទេ ព្រមទាំងប្រកបទៅដោយព្រៃស្ដុក ដែលគេពុំទាន់ទាញយកផលបាននៅឡើយ ។ តែផ្ទុយទៅវិញ កោះទាំងនេះជាមជ្ឈមណ្ឌលនេសាទនៅរដូវមូសុងឦសាន ៕
ឯកសារយោង៖
អធ្យាស្រ័យបង, គ្រប់រូបភាពបងដកស្រង់ពីសៀវភៅណាបង?
ReplyDelete