ភាគ៥-៦​​ ​រឿង​ ភ្នំបាយ៉ង់កោ

ភ្នំបាយ៉ង់កោ

​រឿង​ ភ្នំបាយ៉ង់កោ​ ​​ ​ក្នុងសម័យ​ព្រេងនាយ នៅ​ប្រទេស​ខ្មែរ​មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះនាម​ព្រះបាទ បា​យ៉ង់ មាន​ព្រះ​ដំណាក់​នៅឯ​ភ្នំ​ដងរែក មាន​ព្រះ​អគ្គមហេសី​ល្អ​ណាស់ ទ្រង់​ព្រះនាម ព្រះ​នាង​សក់​ក្រអូប ប្រកប​ដោយ​ព្រះ​រូប​ព្រះ​ឆោម​ព្រះ​ភក្ត្រ​ល្អ​ប្រិមប្រិយ សម្បុរ​ភ្លឺ​ថ្លា​ដូច​នាង​ទេព​ធីតា ក្លិនក្រអូប​សាយ​ចេញ​ជុំវិញ​ព្រះកាយ ១ យោ​ជន៍ ល្បី​កិត្តិយស​សុសសាយ​ទៅដល់​ព្រះ​ចៅ​សៀមៗ ចាត់​ឲ្យ​មនុស្ស​មក​ស៊ើបអង្កេត​ពិនិត្យ បានដឹង​ពិត​ថា​ល្អឆើត ដាច់​ស្រី​ទាំងឡាយ​មែន ជា​ស្រី​បរិបូណ៌​ដោយ​លក្ខណៈ​គ្រប់យ៉ាង ។​ ​​
​ស្ដេច​សៀម​រក​ឧបាយកល​ចូលមក​ចាប់​ព្រះ​នាង​យក​ទៅ ដើម្បី​ជា​កិត្តិយស​ប្រទេស​ខ្លួន ។​ ​​
​ស្ដេច​បា​យ៉ង់​ទ្រង់​ទ្រាប​ការណ៍​ដូច្នោះ ក៏​នាំ​ព្រះ​នាង​អគ្គមហេសី​នូវ​ពួក​ស្រីស្នំ​ក្រម​ការ នឹង​ពល​សេនា​ទាំងឡាយ ចុះ​សំពៅ​ភៀស​ព្រះអង្គ​រត់ចេញ​ចោល​ព្រះ​ដំណាក់​ទាំង​វេលាយប់​បើក​សំពៅ​សំដៅ​ទៅ​ទិស​អាគ្នេយ៍ ។ មុន​នឹង​ស្ដេចយាង​ចេញ​ទ្រង់​លើក​ព្រះហស្ត​ប្រណម្យ​ដាក់​លើ​ព្រះ​សិរសា​សច្ចា​បន់​ទេវតា​រក្សា​ទឹកថា " សូមឲ្យ​បាន​សម្រេចសេចក្ដី​ប្រាថ្នា ៣ ប្រការ គឺ​ ​​
​១- សូមឲ្យ​បាន​សុខ​ក្នុង​ដំណើរ​ផ្លូវ​សាគរ ; ​​
​២- សូម​កុំ​ឲ្យ​ពួក​ចោ​រសៀម​តាម​ទាន់ ; ​
​​៣- សូមឲ្យ​បាន​ជួបប្រទះ​កន្លែង​ជា​ទីគាប់ចិត្ត ។​ ​
​ស្ដេច​ទ្រង់​ព្រួយព្រះទ័យ​ជាខ្លាំង ទ្រង់​បើក​សំពៅ​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ឈប់ឈរ ។ លុះ​ទ្រង់​ប្រមើល​ឃើញថា ចេញ​មក​បាន​ឆ្ងាយ​ណាស់​ហើយ ទើប​ទ្រង់​ងាករេ​ទៅរក​តំបន់​មួយ ដើម្បី​ចត​សំពៅ ។ ជួប​ជា​ខណៈនោះ ខ្យល់ព្យុះ​មក​បក់បោក​សំពៅឲ្យ​វិលវ​ល់បាក់​ចង្កូត ។ ទើប​ទី​ត្រង់នោះ​មានឈ្មោះ​ថា " ភូមិ​បាក់​ចង្កូត " ជាប់​មក​សព្វ​ថ្ងៃ​គេ​ហៅ​ហៅ​ក្លាយ​មក​ភូមិ​បាក់​កូត ។ ស្ដេច​ទ្រង់​ភ័យ​ហើយ​លើក​ព្រះហស្ត​អំពាវនាវ​បន់​ថា "​ឲ្យ​បាត់​ព្យុះ​ខ្យល់ នឹង​សូម​សែន​ថ្វាយ​ដល់​ពួក​អារក្សទឹក​ទាំងឡាយ " ។ គ្រា​នោះ​ខ្យល់ព្យុះ​ក៏​សាបសូន្យ​អស់ ។ សំពៅ​ទៅ​បាន​បន្តិច​ទៀត​ឈប់​បោះ​យុថ្កា​ចត ទើប​ទីនោះ​មានឈ្មោះ​ថា " កន្លែង​ចត " ជាប់​មក​ដល់​សព្វថ្ងៃ គេ​ហៅ​ក្លាយ​មកជា " ភូមិ​កន្លែង​ចត " ។ ការឈប់​ចត​នេះ គឺ​ដើម្បី​នឹង​រៀបចំ​ចំណីអាហារ​សែន​ថ្វាយ​អារក្សទឹក​និង​ធ្វើ​ចង្កូត​សំពៅ​ថ្មី ។ ត្រង់​តំបន់​ដែល​ថ្វាយ​អាហារ​នោះ នៅ​មាន​ឈ្មោះ​ជាប់​មក​ដល់​សព្វថ្ងៃ​ថា " ភូមិ​សែន​បន់ " ។ ទាំង ៣ កន្លែង​នេះ នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ ​
​រឿង​ ភ្នំបាយ៉ង់កោ ​លុះ​សម្រេច​កិច្ច​នៅ​កន្លែង​នេះ​សព្វគ្រប់​ហើយ ទ្រង់​ក៏​ចេញ​សំពៅ​ទៅទៀត សំដៅ​ទៅ​ទិស​អាគ្នេយ៍​ដដែល ។ លុះ​ទៅដល់​កន្លែង​មួយ​សំពៅ​ធ្លាយ ទ្រង់​ក៏​ចាប់​ធ្វើ​សំពៅ​បណ្ដើរ បើក​ទៅ​បណ្ដើរ ។ ត្រង់​កន្លែង​នោះ​ជាប់​ឈ្មោះ​រហូតមកដល់​សព្វថ្ងៃ​ថា " សំពៅ​ធ្លាយ " ។ បើក​បន្តិច​ទៅ​ទៀត​ដល់​កន្លែង​មួយ​ឃើញ​ដី​មាន​ស្បូវ​ដុះ​ជាច្រើន ក៏​បោច​ស្បូវ​នោះ​ចុក​សំពៅ​ដែល​ធ្លាយ ។ ត្រង់​កន្លែង​នោះ ជាប់​ឈ្មោះ​មកដល់​សព្វថ្ងៃ​ថា " ភូមិ​ព្រែក​ស្បូវ " ហើយ​បើក​សំពៅ​ធ្វើដំណើរ​តទៅទៀត ដល់​ទៅ​កន្លែង​មួយទៀត ព្រះ​នាង​សក់​ក្រអូប ទ្រង់​កើត​ទុក្ខព្រួយ​ព្រះ​ហឫទ័យ​ច្រើន​ប្រការ គឺ​ណាមួយ​អំពី​សំពៅ​ដែល​ចេះ​តែ​ទៅៗ រក​ទី​សំណាក់​មិនឃើញ ណាមួយ​អំពី​ពួក​សៀម ថា​មុខជា​គេ​នឹង​តាម​មក​មិន​ខាន ។ ព្រះ​នាង​ទ្រង់​អុជ​ទៀន នមស្ការ​បន់ស្រន់​ដល់​អារក្ស​ទឹក អារក្ស​គោក អ្នកតា​ព្រៃភ្នំ​ក្រំ​ថ្ម សព្វ​ទីកន្លែង​ថា " សូមឲ្យ​បាន​ជួប​នឹង​ទី​សុខ​ប្រសើរ សូម​ឲ្យ​ចោ​រសៀម​ចិត្ត​អប្រិយ​បរាជ័យ​វិនាស​ក្នុង​សាគរ " ។ ត្រង់​កន្លែង​ដែល​ព្រះ​នាង​អុជ​ទៀន​បន់​នោះ នៅជាប់​ឈ្មោះ​រហូតមកដល់​សព្វថ្ងៃ​ថា " ភូមិ​អន្លង់​ទៀន " ។​ ​
​ពិធី​នមស្ការ​អំពាវ​របស់​ព្រះ​នាង​នោះ បាន​សម្រេច​ដូច​សេចក្ដីប្រាថ្នា​មែន គឺ​សំពៅ​ស្ដេច​សៀម ដែល​បាន​បញ្ជូន​ពល​ចំនួន​មួយ​សែន​នាក់​ឲ្យចេញ​ទៅតាម​ស្កាត់រក​ព្រះនាង​នោះ ជ្រួសផ្លូវ​គ្នា​ដោយ​សំពៅ​ស្ដេច​បា​យ៉ង់​ចេញ​ផ្លូវ​ក្រោម​ផ្នែក​ខាងកើត សំពៅ​ពួក​ពល​សៀម​ចេញ​ផ្លូវ​លើ​ផ្នែក​ខាង​លិច ។ ក្រោយ​ដែល​ព្រះ​នាង​បន់ស្រន់​រួចហើយ សំពៅ​ស្ដេច​បា​យ៉ង់ ក៏​ងាក​សំដៅ​ទៅ​ទិសនិរតី​បន្តិច ។ បន្ទាប់ពី​នោះ​ស្រាប់តែ​មាន​ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​សម្បើម​អស្ចារ្យ បក់បោក​សំពៅ​សៀម​ខ្ទេចខ្ទី​លិចលង់​ស្លាប់​អស់​ពួក​ពល​នៅក្នុង​មហាសាគរ ។ ត្រង់​កន្លែង​នោះ​មានឈ្មោះ​ថា " ភូមិ​សែន​លង់ " ជាប់​មក តែ​សព្វថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា " ភូមិ​សន្លុង " វិញ ។​ ​
​ចំណែក​សំពៅ​ស្ដេច បា​យ៉ង់ កាល​បើ​លឿន​ទៅ​ត្រង់​ទិស​និរតី ស្ដេច​ទត​ឃើញ​កោះ និង​ភ្នំ​ជាច្រើន​ត្រៀបត្រា ព្រះអង្គ​ក៏​ចូល​ទៅ​បោះ​យុថ្កា​ចត​សំពៅ​នៅក្បែ​រកោះ​មួយ ស្ដេច​យាង​ឡើង​ទៅលើ​កោះ​នោះ ដើម្បី​រក​ទីកន្លែង​ដ៏​សមគួរ​នឹង​ជ្រក ព្រះ​អង្ក​បាន​ទត​ឃើញ​កន្លែង​ដ៏​ល្អៗ ជាច្រើន ប៉ុន្តែ​មិន​សូវ​គាប់​ព្រះទ័យ​ក៏​ឲ្យ​ពួក​ពល​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​សំពៅ​នាំ​ព្រះ​អគ្គមហេសី​យាង​ចូល​ទៅ​ក្នុងព្រៃ​ច្រក​បព្វ​តា ហើយ​ចត​សំពៅ​នៅ​ត្រង់​កន្លែង​នោះ ។ គ្រាន់​ស្ដេចយាង​ចេញផុត​ភ្លាម មហាមេឃ​ដ៏​ងងឹត​បណ្ដាល​ទៅ​ជា​មាន​ភ្លៀង​ផ្គរ​យ៉ាងខ្លាំង ។ ក្រោយ​ពី​ស្ដេច និង​ព្រះ​នាង ព្រមទាំង​ព្រះ​រាជបរិពារ​ឡើងគោក​ហើយ ស្រាប់តែ​រន្ទះបាញ់​សំពៅ​ក្រឡាប់​លិចលង់​នៅ​កំពង់​នោះ ។ ត្រង់​កន្លែង​នោះ​ជាប់​ឈ្មោះថា " ភ្នំ​រន្ទះ " រហូតមកដល់​សព្វថ្ងៃ ។​ ​
​បន្ទាប់ពីនោះ ស្ដេច​បា​យ៉ង់​ចេះ​តែ​ខំ​ស្វែងរក​ទី​ភូមិឋាន​ដើម្បី​បាន​សង់​ព្រះ​ដំណាក់​ស្នាក់អាស្រ័យ ។ គ្រា​នោះ ទ្រង់​បាន​ជួប​ទីទួល​មួយ​ខ្ពស់​ល្អ​ជា​ទី​គួរ​រីករាយ​ក្រៃពេក ក៏​ទ្រង់​ធ្វើ​ព្រះ​ពន្លា​បណ្ដោះអាសន្ន​នៅ​ទីនោះ ។ លុះ​ស្ដេច​បាន​ស្នាក់​អាស្រ័យ​ស្រួលបួល​ហើយ ក៏​ទ្រង់​សំណេះសំណាល​ជាមួយ​នឹង​ព្រះ​អគ្គមហេសី​អំពី​សេចក្ដី​កម្សត់ ទុក្ខវេទនា របស់​ព្រះអង្គ​នឹង​ព្រះ​នាង​តាំងពី​ដើមទី​មក ។ ព្រះ​នាង​ទ្រង់​រំលឹក​ព្រះរាជា​ពី​រឿង​ដែល​ទ្រង់​បន់​ថា "​នឹងដាក់​ព្រះ​កេស (​កោរសក់ ) ថ្វាយ​អារក្សទឹក​នោះ ពេលនេះ ព្រះ​ត្រូវតែ​ដាក់​ព្រះ​កេស​លាបំណន់ " ។ ព្រះរាជា​ក៏​ទ្រង់​ចាត់ឲ្យ​ធ្វើ​ពិធីដាក់​ព្រះកេស​លាបំណន់​ក្នុងវេលា​នោះឯង ។​ ​
​ព្រោះ​ស្ដេច បា​យ៉ង់ ទ្រង់​បន់​កោរ ហើយ​ទ្រង់​កោ​ព្រះ​កេស​ថ្វាយ​អារក្សទឹក​លាបំណន់​ដូច្នេះ បាន​ជាប់​ព្រះនាម​ថា " ស្ដេច​បា​យ៉ង់​កោរ " ហើយ​នឹង​ដី​ទួល​ខ្ពស់ ដែល​ទ្រង់​ធ្វើ​ព្រះ​ពន្លា​នោះ​ជាប់​ឈ្មោះថា " ភ្នំ​បា​យ៉ង់​កោរ " រហូតមកដល់​សព្វថ្ងៃ ។​ ​
​ស្ដេច បា​យ៉ង់​កោរ ទ្រង់​គង់​នៅ​លើ​ភ្នំ​នោះ ជាមួយ​ព្រះ​នាង សក់​ក្រអូប​ជា​ព្រះ​អគ្គមហេសី​បាន​សេចក្ដីសុខសាន្ត​ជា ២ ឆ្នាំ ព្រះ​អគ្គមហេសី​ទ្រង់​ព្រះ​គ​ភ៌ ។ លុះ​គ្រប់​ទ​សមាស ទ្រង់​បាន​ព្រះរាជបុត្រ​មួយ​ព្រះអង្គ ទ្រង់​ដាក់​ព្រះនាម​ថា "​ព្រះបាទ​ដៃខ្លី​" (?) ។ ព្រះរាជបុត្រ​មិនមែន តែ​មាន​ព្រះនាម​ថា ព្រះបាទ​ដៃខ្លី តែ​ទ្រង់មាន​ព្រះ​សរីរាវយវៈ​ពេញ​លក្ខណៈ​ទាំងអស់ ជា​បុរស​ក្លាហាន អង់អាច ព្រះ​រូបឆោម​ក៏​ស្អាត​សក្ដិសម​ឥតខ្ចោះ នាំ​ឲ្យ​ព្រះវរបិតា​ព្រះ​វរមាតា​សព្វព្រះរាជហឫទ័យ​ពន់ពេក ។​ ​
​តាំង​ពី​ស្ដេច បា​យ៉ង់​កោ និង​ព្រះ​នាង​សក់​ក្រអូប ភៀស​ព្រះអង្គ​មក​គង់​នៅ​កោះ​នោះ​រវាង ៧-៨​ឆ្នាំ ពុំ​មាន​លេចឮ​ដំណឹង​ពី​ស្ដេច​សៀម​បន្តិចបន្តួច​សោះ ព្រះអង្គ​ក៏​គង់​នៅ​ជា​សុខ​សប្បាយ ឥត​មាន​ទុក្ខភ័យ ឥត​នឹកនា​ដល់​ស្ដេច​សៀម​ឡើយ ។​ ​
​រឿង​ ភ្នំបាយ៉ង់កោ ​ក្រោយ​ពី​នោះ ៥ ឆ្នាំ ស្ដេច​សៀម​រក​ល្បិច​ដើម្បី​យក​ព្រះ​នាង​សក់​ក្រអូប​ឲ្យ​ទា​ល់​បាន ក៏​ចាត់​ការជ្រើសរើស​រក​ក្រុម​ភ្លេង​ល្ខោន​ដ៏​ពិសេស ហើយ​នឹង​ជ្រើស​យក​ពួក​មន្ត្រី​អ្នករាជការ​ជាច្រើនរូប​ទៀត ដែល​ឈ្លាសវៃ​ក្នុង​ល្បិច​ស៊ើបការណ៍​ផ្សេងៗ ព្រមទាំង​រេពល​ជាច្រើន​បញ្ជូន​ឲ្យ​ចុះ​សំពៅ​សំដៅ​ទៅ​ទិសទក្សិណ ដើម្បី​ស្វែងរក​ព្រះ​នាង សក់​ក្រអូប ជា​ព្រះ​អគ្គមហេសី បា​យ៉ង់​កោរ ម្ដងទៀត ។ ពួក​មន្ត្រី​ពួក​ល្ខោន ហើយ​ពួក​ទាហាន​ទាំងអស់ គេ​បាន​ពិភាក្សា​គ្នា​ដឹង​កិច្ចការ​ជា​ស្រេច ដោយ​គេ​យល់ថា ស្ដេច​បា​យ៉ង់​កោរ និង​ព្រះ​នាង សក់​ក្រអូប ប្រាកដ​ជា​នៅក្នុង​កោះ​មួយ​ខាងនាយ​សមុទ្រ គេ​ក៏​ចេញ​សំពៅ​ជាច្រើន​ថ្ងៃ​ច្រើន​យប់ សំដៅ​ទៅ​កោះ​នោះ ដល់​ហើយ​ក៏​បោះ​យុថ្កា​ចត សំពៅ​នៅ​ជិត​ឆ្នេ​រកោះ ដែល​ស្ដេច បា​យ៉ង់​កោរ គង់​ស្នាក់អាស្រ័យ នៅ​ចម្ងាយ​ប្រមាណ ១២ សិន ប៉ុណ្ណោះ ។​ ​
​ត្រង់​កោះ ដែល​ជា​ទី​ចត​សំពៅ​របស់​ពួក​សៀម​នោះ ចាប់​មានឈ្មោះ ហៅថា "​ជើង​ប្រជុំ​" ត​មក តែ​សព្វថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា " ជើងកញ្ជុំ " ។​ ​

​ឯ​ពួក​ពល​សេនា​ពួក​សៀម​កាល​គេ​បាច​ត​សំពៅ បោះ​យុថ្កា​ស្រួល​ហើយ គេ​ក៏​ដាក់​ឈើ​ធ្វើ​ជា​ស្ពាន​ត​ពី​លើ​សំពៅ​របស់​គេ​មក​ភ្ជាប់​នឹង​កំពង់​នៃ​កោះ​នោះ ហើយ​ក៏​តាំង​រៀប​ពិធី​លេងល្ខោន​នៅក្នុង​សំ​ពៅ​នោះ​រាល់​យប់ ។ មនុស្ស​ប្រុស​ស្រី​ដែល​នៅក្នុង​កោះ​ទាំង​ប៉ុន្មាន​ដោយ​ពុំដែល​បាន​មើល​អ្វី​ឲ្យ​សប្បាយ​សោះ ក៏​នាំគ្នា​ទៅ​មើល​ល្ខោន​នោះ​យ៉ាង​កុះករ ហើយ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ប្រសើរ អំពី​ពួក​ពល​រាជការ​សៀម​ទាំងនោះ ។ លុះ​លេង​យូរៗ ទៅ សេចក្ដី​សប្បាយរីករាយ​របស់​មនុស្ស​អ្នក​កោះ​នោះ​ក៏​កើតមានឡើង ដោយសារ​សិល្បរ​បាំ របស់​ស្ដេច​សៀម បណ្ដាល​ឲ្យ​អ្នកកោះ​និងព​ពួក​ពល​សៀម ស្និទ្ធស្នាល​គ្នា​យ៉ាង​ប្រពៃ ។ ចំណែក​ពួក​សៀម​ខាង​អ្នក​ស៊ើបការណ៍ ក៏​យក​ការ​បាន​យ៉ាង​ច្បាស់លាស់​ថា ស្ដេច បា​យ៉ង់​កោរ ពិតជា​នៅ​ស្នាក់​ពួន​ក្នុង​កោះ​នោះ​មែន ។ ​
​អ្នក​មើល​ល្ខោន​ទាំង​ប៉ុន្មាន​នោះ កាល​ត្រឡប់ទៅផ្ទះ​វិញ ក៏​នាំគ្នា​និយាយ​អួត​កោតសរសើរ​អំពី​ស្រី​របាំ នឹង​ពួក​ល្ខោន​ដែល​ចេះ​រាំ​យ៉ាង​ទន់ភ្លន់ នឹង​អំពី​ការរៀប​ទទួលភ្ញៀវ​យ៉ាង​ប្រសើរ​របស់​ពួក​សៀម ។​ ​
​ឯ​ពួក​ភីលៀង​នឹង​ពួក​ពល​ស្ដេច បា​យ៉ង់​កោរ ដែល​បាន​ទៅ​មើល​ល្ខោន​នោះ​ជាមួយនឹង​អ្នក​កោះ​នោះ ក៏​នាំគ្នា​មក​ក្រាបទូល​ស្ដេច​បា​យ៉ង់​កោរ និង​ព្រះ​នាង​សក់​ក្រអូប រៀង​រាល់ថ្ងៃ​ដែល​បាន​ទៅ​មើល ។ ថ្ងៃមួយ​ព្រះ​នាង​អត់​ទ្រាំ​នឹង​សេចក្ដី​សប្បាយរីករាយ​នោះ​ពុំ​បាន ដោយ​ពួក​ភីលៀង​ចេះតែ​ក្រាបទូល​ញឹកញយ​ពេក ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ស្វាមី​ថា "​ចង់​ទៅ​មើល​ល្ខោន​នឹង​គេ​ឲ្យបាន​ឃើញ​ម្ដង ព្រោះ​ពួក​ភីលៀង​និយាយ​អួតថា ល្អមើល​ណាស់ " ។ ស្ដេច បា​យ៉ង់​កោរ ក៏​ទ្រង់​ស្ងៀម​មិន​អនុញ្ញាត​ឲ្យទៅ នឹង​មិន​ឃាត់​ឡើយ ។​ ​
​ព្រះ​នាង​ក៏​ទុក​ព្រះរាជបុត្រ ដែល​មាន​ព្រះជន្ម​ទើបតែ​បាន ៦ វស្សា​ឲ្យនៅ​ជាមួយ​ភីលៀង ក្នុង​ព្រះរាជដំណាក់ ។ ហើយ​ព្រះ​នាង​ទ្រង់​យាង​ចេញ​ទៅ​ស្រង់ទឹក​នៅ​កំពង់​នោះ លុះ​ស្រង់​រួច​ក៏​ទ្រង់​គ្រឿងអលង្ការ មាន​បរិវារ​ប្រុស​ស្រី​ជូន​ព្រះ​ដំណើរ​ផង ទៅ​ទត​ល្ខោន​នោះ ។ លុះ​ចូល​ទៅ​ដល់​ពួក​មន្ត្រី​នឹង​ពល​សេនា​សៀម បាន​ឃើញ​ក៏​ស្គាល់​ថា ជា​តួ​ព្រះ​នាង​សក់​ក្រអូប ជា​មហេសី​ស្ដេច​បា​យ៉ង់​កោរ ពិត​ដែល​ពួកគេ​ស្វែង​មករក​យកទៅ​ថ្វាយ​ស្ដេច​គេ តាម​ព្រះ​រាជបញ្ជា ឥឡូវ​ព្រះ​នាង​បាន​យាង​ចូលមក​ក្នុង​កលឧបាយ​គេ​ហើយ គេ​ក៏​បាន​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​គួរសម​ចំពោះ​ព្រះ​នាង និង​បាន​រចនា​អាសនៈ​យ៉ាង​វិចិត្រ​សម្រាប់​ព្រះ​នាង ។ កាល​ព្រះ​នាង​គង់​ស្រួលបួល​ហើយ គេ​បាន​ប្រគំ​ភ្លេង​មួយ​យ៉ាង​ពីរោះ ឈ្មោះថា " បទ​លោមនាង " រួច​គេ​ប្រគំ​បទ​ជើត​ទៀត ជា​កិច្ច​បើក​ឆាកល្ខោនរ​បស់​ជា​លំដាប់​ហូរហែ​ទៅ ។ អារម្មណ៍​របស់​ព្រះ​នាង បាន​ដិត​ជាប់​នៅក្នុង​សាច់​រឿង​និង​បទ​ភ្លេង​ដ៏​ពីរោះ​នៃ​ល្ខោន​នោះ ។​ ​
​ចំណែក​ខាង​ពួក​សៀម ដែល​គេ​បាន​និយាយ​ណាត់គ្នា​រួចស្រេច​ហើយ​នោះ គឺ​គេ​ណាត់គ្នា​ដោយ​ចង្វាក់​ស្គរ​និង​ទំនុក​ផ្សេងៗ ។ សំពៅ​របស់គេ គេ​ចង​ខ្សែ​យុថ្កា ១​នៅ​ទិសឦសាន ចម្ងាយ​ប្រមាណ ៦-៧ សិន សម្រាប់រ​វៃឲ្យ​សំពៅថយ​, កន្លែង​នោះ កន្លែង​នោះ​ជាប់​ឈ្មោះថា " ភូមិ​យុថ្កា " (​នៅ​ស្រុក​ព្រះបាទ​ជាន់ជុំ ) មកដល់​សព្វថ្ងៃ ។ លុះ​គេ​ដឹងថា ព្រះ​នាង​កំពុងតែ​ជាប់​ព្រះទ័យ​យ៉ាង​មាំ​ចំពោះ​សាច់​រឿង​និង​បទ​ភ្លេង​ហើយ គេ​ក៏​ប្រគំ​បទ​មួយទៀត​ហៅថា " បទ​ស្រាវ​ខ្សែ​យុថ្កា " ហើយ​គេ​ប្រគំ​បទ​មួយ​ទៀត​ឈ្មោះ " បទ​សំពៅថយ " រួច​គេ​ចាប់រ​វៃ​ខ្សែ​យុថ្កា​ហើយ​សំពៅ​ក៏​ចេះ​តែ​ថយ​ចេញ​ទៅ​បន្តិច​ម្ដងៗ ។ ឯ​ព្រះ​នាង សក់​ក្រអូប ព្រមទាំង​ពួក​ភីលៀង​ឥត​ដឹងខ្លួន​ថា សំពៅថយ​ចេញ​សោះឡើយ ដោយ​ដក់​ព្រះទ័យ​នឹង​រឿង​ល្ខោន​នោះ​យ៉ាង​ក្រៃលែង ។​ ​
​សំពៅ​ក៏​ថយ​ចេញ​ឆ្ងាយ​ទៅៗ ដល់​យប់​កាន់តែ​ជ្រៅ​ទៅ ទើប​ព្រះ​នាង​នឹក​ចង់​វិល​មក​ព្រះ​ដំណាក់​វិញ ។ លុះ​ទ្រង់​ងាក​រក​ផ្លូវ​យាងចុះ​ចាក​អាសនៈ​ល្ខោន ស្រាប់តែ​ឃើញ​សុទ្ធ​តែ​ទឹក​ល្ហល្ហាច រក​កោះ​ត្រើយ​មិនឃើញ ព្រះ​នាង​ក៏​ស្រឡាំងកាំង​ភ័ន្ត​ភាំង​ញ័រ​ចំប្រប់​កណ្ដាល​មហាសាគរ ។ ព្រះ​នាង​ទ្រង់​នឹកឃើញ​ដល់​រឿង​ដើម កាល​ដែល​រត់​ពី​ភ្នំ​ដងរែក ដើម្បី​ឲ្យ​ផុត​ពី​កណ្ដាប់ដៃ​សៀម ឥឡូវនេះ​គេច​មិន​ផុត ត្រឡប់​ជា​វិល​មក​ចូល​ក្នុង​កលឧបាយ​របស់​សៀម​ទៅវិញ​, ទ្រង់​ក៏​ព្រះ​កន្សែង​សោ​ក​ដោយ​ក្រៀមក្រំ​ថា " ឱ​! ថ្ងៃនេះ​ហើយ​ដែល​អញ​ត្រូវ​ព្រាត់ប្រាស​ពី​ប្ដី​កម្សត់​និង​កូន​ជា​ទី​ស្នេហា " ។ ឯ​ពួក​ពល​សៀម​គេ​ច្រាន​អស់​ពួក​ភីលៀង​របស់​ព្រះ​នាង សក់​ក្រអូប ឲ្យ​ចុះ​ក្បូន​ត្រឡប់មកវិញ​វា​យក​តែ​ព្រះ​នាង​មួយ​ព្រះអង្គ​ទៅ​ប៉ុណ្ណោះ ។ លុះ​វា​បាន​ព្រះ​នាង​ហើយ វា​យក​ទៅ​ថ្វាយ​ស្ដេច​សៀម​តាម​ព្រះរាជ​បំណង ស្ដេច​សៀម​ត្រក​អ​រណាស់ បាន​ឲ្យ​រង្វាន់​ខាន់ខៅ យ៉ាង​ដល់​ពួក​ពល​សេនា​ទាំងនោះ ។ ស្ដេច​សៀម​យក​ព្រះ​នាង សក់​ក្រអូប ទៅឲ្យ​គង់នៅ​ក្នុង​ប្រាសាទ​ដោយឡែកមួ​យ​ព្រះអង្គ ជាមួយ​នឹង​ពួក​ស្រីស្នំ​ក្រមការ​អ្នក​បម្រើ​តែ​ប៉ុណ្ណោះ ចាំ​ឲ្យ​ព្រះនាង​បាន​ស្រាកស្រាន្ត​ពី​សេចក្ដី​ទុក​សិន សឹម​យក​មក​ឲ្យ​គង់នៅ​ជាមួយ​ព្រះអង្គ ។​ ​
​ចំណែក​ខាង​ស្ដេច បា​យ៉ង់​កោរ កាល​បាន​ទ្រង់​ជ្រាប​ថា ពួក​ពល​សៀម​នាំយក​ព្រះ​អគ្គមហេសី​ទៅហើយ ព្រះអង្គ​ក៏​កើត​ទុក្ខសោក​សង្រេងសង្រៃ​យ៉ាង​ក្រៃលែង ក្នុង​មួយ​ថ្ងៃៗ ព្រះអង្គ​លែង​ធ្វើ​កិច្ចការ​អ្វី​កើត​ទាំងអស់ មានទឹក​ព្រះ​នេត្រ​ហូរ​ជាប់​ជា​និច្ចកាល ជាមួយ​ព្រះរាជបុត្រ​កំព្រា ១ ព្រះអង្គ ។ ព្រះអង្គ​ទ្រង់​គង់​គយគន់​តែ​ទៅក្នុង​មហាសាគរ ស្ទើរតែ​បែក​ព្រះ​នេត្រ តែ​មិន​បាន​ឃើញ​អ្វី​ក្រៅ​អំពី​មហាមេឃ​ដ៏​ធំ​ល្វឹងល្វើយ និង​រលក​បោក​បែក​ផ្កាត្រែង​នោះឡើយ ទ្រង់​ងាក​មក​លើ​កោះ​វិញ​ក៏​ទ្រង់​ឃើញ​តែ​រុក្ខា​លតា​វល្លិ ដែល​សុទ្ធតែ​ជា​ធម្មជាតិ​រស់រ​វើក​ហាក់ដូចជា​ចង់​ជួយ​រំលែក​នូវ​សេចក្ដី​ទុក្ខ​របស់​ព្រះអង្គ​ដែរ ។ ព្រះអង្គ​តែ​ពោលថា " កម្សត់​អើយ​សែន​កម្សត់​! បង​ស្រណោះ​កាល​បង​នាំ​អូន​រត់​ឲ្យ​ផុត​ពី​ដៃ​សៀម ឥឡូវ​មិន​ផុត គង់​ភ្លាត់ស្នៀត​បាន ឲ្យ​បង​ទីមទាម​នៅ​ម្នាក់ឯង " ។​ ​
​ចំណែក​ព្រះ​នាង​សក់​ក្រអូប ដែល​គង់នៅ​ក្នុង​ប្រាសាទ ១ តែ ១ ព្រះអង្គ​នោះ មាន​ព្រះ​ភក្ត្រ​ស្រពាប់​ស្រពោន​ជានិច្ច ទោះបី​ស្រីស្នំ​ក្រមការ​ខំ​យកចិត្តទុកដាក់​បម្រើ​ផ្គាប់ផ្គុន​យ៉ាងណា ក៏​មិន​ស្រាកស្រាន្ត​អំពី​សេចក្ដី​ទុក​ដែរ ប្រាសាទធំ​ល្វឹងល្វើយ តែ​ហាក់ដូចជា​ចង្អៀត​រក​ផ្លូវ​ដើរ​គ្មាន មួយថ្ងៃៗ​ព្រះ​នាង​តែង​គង់​អើត​តាម​បង្អួច​ខាងត្បូង​ជានិច្ច សម្លឹង​រកមើល​ក្រែង​បាន​ឃើញ​មនុស្ស ដែល​ព្រះ​នាង​ធ្លាប់​ស្គាល់ ។ ស្ដេច​សៀម​ឲ្យ​ទាហាន​យាម​ទ្វារ​ជានិច្ច មិន​ព្រះ​នាង​យាង​ចេញ​ទៅ​ណា​បាន​ទេ ព្រះ​នាង​កើតទុក្ខ​សង្រេងសង្រៃ​រៀងរាល់ថ្ងៃ ណាមួយ​នឹក​មក​ព្រះរាជបុត្រ​តូច​ជា​ទីស្រឡាញ់ ណាមួយ​នឹក​ព្រះ​ស្វាមី​ជា​គូរ​កម្សត់ ។​ ​
​លុះ ១២ ឆ្នាំ ក្រោយមក ព្រះអង្គម្ចាស់ ព្រះបាទ​ដៃខ្លី ជា​ព្រះរាជបុត្រ​ក៏​មាន​វ័យ​វឌ្ឍនាការ​ត​ចម្រើន​ធំ​ឡើង សួរ​ព្រះបិតា​រក​ព្រះ​មាតា​ថា " ព្រះ​មាតា​ទៅណា​បាត់ មិនដែល​ឃើញ​ព្រះ​ភក្ត្រ​សោះ​? " ។ ស្ដេច បា​យ៉ង់​កោរ ជា​ប្រះ​បិតា​ក៏​ប្រាប់​តាម​ដំណើរ​ហេតុ​គ្រប់យ៉ាង ។ ព្រះអង្គ​ក៏​កើត​សេចក្ដី​ក្ដៅក្រហាយ​ជាខ្លាំង សូម​លា​ព្រះបិតា​ទៅ​តាម​រក​ព្រះ​មាតា​យក​មក​វិញ ។ ព្រះបិតា​ក៏មាន​ព្រះ​បន្ទូល​ថា "​បើ​កូន​ទោ​តាមរក​ព្រះ​មាតា នឹង​ទៅ​ដៃទទេ​ពុំ​បាន​ទេ ទោះ​កូន​យក​បាន​ម្ដាយ​មកវិញ ក៏​នឹង​មាន​គេ​តយុទ្ធ​គ្នា​ខាង​ផ្លូវ​សង្គ្រាម​ជាមិនខាន​, ដូច្នេះ​កូន​កុំអាល​ទៅ​ចាំ​ឪពុក​កេណ្ឌ​សេនា​រេហ៍ពល​ឲ្យបាន​ច្រើន​ជា​កំដរ បើ​មាន​អាសន្ន​មកដល់ កូន​អាច​ដោះ​ខ្លួន​បាន​" ។ ទើប​ស្ដេច បា​យ៉ង់​កោរ ទ្រង់​ជ្រើស​មនុស្ស​ដែល​ក្លាហាន​ស្ម័គ្រចិត្ត​ចូលខ្លួន​ធ្វើ​ជា​ពល​សេនា បាន​ចំនួន​រាប់​ម៉ឺន​នាក់ ឲ្យមក​ប្រជុំ​នៅ​កន្លែង​មួយ​តាំងសីល​មន្ត​វិជ្ជាការ ហាត់រៀន​មន្តអាគម​គា​ថា នៅ​ទី​ព្រះ​លាន​មួយ ទើប​ទីនោះ​ជាប់​ឈ្មោះថា "​ស្រែ​ចម​ពល​" រហូតមកដល់​សព្វថ្ងៃ ។ លុះ​ទ្រង់​យល់​ថា​បាន​ការ​ល្មម​ជាទី​ទុកចិត្ត​ហើយ ទើប​ទ្រង់​ឲ្យ​ព្រះបាទ​ដៃខ្លី ជា​ព្រះរាជបុត្រ​ចុះ​សំពៅ​ទៅ​តាម​ផ្លូវទឹក សំពៅ​ទៅ​ទិស​ពាយព្យ​អស់​ពេល​រវាង ៣ សប្ដាហ៍ ទើប​ទៅ​ដល់​ព្រំដែន​សៀម ។​ ​
​ព្រះអង្គម្ចាស់​ដៃខ្លី ក៏​ឲ្យ​ចត​សំពៅ​នៅ​កំពង់​នៃ​កោះ​មួយ ដែល​មាន​ដែនដី​ជាប់​នឹង​ព្រំប្រទល់​សៀម ល្មម​យាង​ចូល​ទៅ​ស្រុក​សៀម​បាន ។​ ​
​ដូច​បាន​ពោល​មកហើយ​ថា ព្រះអង្គម្ចាស់ ដៃ​ខ្លី ពិតមែនតែ​មាន​ព្រះនាម​ថា ដៃ​ខ្លី តែ​ព្រះអង្គ​មាន​ព្រះហស្ត​ល្អ មាន​ព្រះ​រូប​ស្អាត​ឆើត​ឆាយ គួរ​ជាទី​ពិតពិលរមិលមើល​នៃ​ពួក​ស្រី​ក្រមុំៗ ព្រះអង្គ​បាន​ផ្ដាំ​ពួក​ពល​ទាំងអស់​ថា " ឲ្យនៅ​ចាំ​សំពៅ​ក្នុង​ទីនេះ យើង​ទៅ​តែ​ម្នាក់ឯង​ហើយ​មិន​កំណត់​ថ្ងៃ​ណា​នឹង​មក​វិញ​ទេ លុះតែ​យើង​បាន​សម្រេច​តាម​សេចក្ដីប្រាថ្នា ទើប​យើង​ត្រឡប់​មក​សំពៅ​វិញ " ។ ព្រះអង្គម្ចាស់​ក៏​ធ្វើ​ព្រះ​ដំណើរ​ចូល​ទៅ​ដល់​ក្រុង​សៀម ក្នុង​ព្រះទ័យ​ចេះ​តែ​គិត​បណ្ដើរ​ថា "​បើ​ប្រសិន​ជា​បាន​ជួប​នឹង​ព្រះ​មាតា​ប្រហែលជា​មិន​ស្គាល់​ព្រះ​ភក្ត្រ​លោក​ទេ ចំណែក​ព្រះ​មាតា​វិញ ក៏​ប្រហែលជា​មិន​ស្គាល់​ព្រះអង្គ​ដែរ ព្រោះ​បែក​គ្នា​យូរ​ឆ្នាំ​មកហើយ " ។​ ​
​គាប់​ជួន​ថ្ងៃមួយ ព្រះ​ម្ចាស់​ព្រះបាទ ដៃ​ខ្លី កំពុងតែ​សម្លឹងមើល​នាយ​មើល​អា​យ ស្រាប់តែ​ជួប​ប្រទះ​នឹង​ព្រះ​នាង​សក់​ក្រអូប ជា​ព្រះ​មាតា​ដែល​គង់​ត្រង់​បង្អួច​ប្រាសាទ ទត​មើល​មក​ខាង​ក្រៅ​តែ ១ ព្រះអង្គ តែ​ទ្រង់​មិន​ស្គាល់​ជា​ព្រះ​មាតា​សោះ ទ្រង់​សំគាល់ថា​ជា​ស្រី​សៀម មាន​រូបឆោម​ស្អាត​ស្រស់បំព្រង មុខ​មូល​ក្រឡង់​ដូច​វង់​ច័ន្ទ បបូរមាត់​ក្រហមឆ្អៅ​គួរ​ជាទី​ទស្សនា ទ្រង់​កើត​ព្រះទ័យ​ស្នេហា ក៏​ទ្រង់​ពោល​បញ្ឆិតបញ្ឆៀង​ផ្ដោះផ្ដង​ឲ្យ ។ ឯ​ព្រះ​នាង​សក់​ក្រអូប វិញ​ក៏​មិន​ស្គាល់​ព្រះរាជបុត្រ​ដែរ សំគាល់ថា​ជា​ប្រុស​សៀម​សុទ្ធសាធ ក៏​កើត​ចិត្ត​ប្រតិព័ទ្ធ​យ៉ាងខ្លាំង រហូតដល់​បាន​ជួបប្រទះ​ពាក្យសំដី​ចែចង់​គ្នា​តាម​ធម្មតា​របស់​ស្ត្រី​និង​បុរស ព្រះ​នាង​បាន​ផ្ដាំ​ព្រះអង្គម្ចាស់​ថា " ដល់​ពេល​ព្រលប់ធំ​ឲ្យចូល​មក​ក្នុង​ទី​នេះ​ទៀត ព្រះ​នាង​នឹង​ចុះ​មក​ពី​ប្រាសាទ​មក​ចាំ​ផ្លូវ " ព្រះ​នាង​បានបញ្ជាក់​ថា " ទីនេះ​ស្ងាត់​ល្អ​ណាស់ ឥត​មាន​មនុស្ស​ចេញចូល​ញឹកញាប់​ទេ " ។ ព្រះអង្គម្ចាស់​ព្រះបាទ ដៃ​ខ្លី មាន​ព្រះទ័យ​រីករាយ​ណាស់ ដោយ​សេចក្ដីស្នេហា​ជាខ្លាំង ទ្រង់​គិតថា "​អញចង់​កូនក្រមុំ​សៀម​នេះ​ឲ្យបាន​ហើយពង្រ​ត់​យក​ទៅ​ទុក​ឯ​សំពៅ​សិន សឹម​ដើរ​ម្ដាយ​អញ​តទៅទៀត " ។ លុះ​ពេល​ព្រលប់​ធំ ព្រះអង្គម្ចាស់​ក៏​ឡប់​ទៅកាន់​ប្រាសាទ​ព្រះ​នាង​វិញ តាម​បណ្ដាំ​ពី​ពេល​មុន ។ ព្រះ​នាង​ក៏​ចេញមក​ជួប​នាំ​ឡើង​ទៅ​ព្រះ​ដំណាក់ ។ លោក​ទាំង​ពីរ​ក៏​និយាយ​សំណេះសំណាល​លួងលោម​គ្នា​ដោយ​សេចក្ដីស្នេហា បាន​ប្រព្រឹត្ត​ស្មន់អន្ធករ​នឹង​គ្នា ហើយ​ក៏​នាំគ្នា​រត់​ចេញពី​ដំណាក់​សំដៅទៅ​កំពង់​ជាទី​ចត​សំពៅ ។ លុះ​មកដល់​សំពៅ ព្រះ​នាង​ស្គាល់​អាមាត្យ​ជា​ក្រុម​ញាតិ​ខ្លះ ជា​អ្នកបម្រើ​ខ្លះ អ្នក​ទាំងនោះ​ក៏​ភ្ញាក់ខ្លួន ហើយ​សាកសួរ​ទៅវិញទៅមក​ភ្លាម​ក៏​បាន​ដឹង​ច្បាស់​ថា ស្ត្រី​នេះ​ជា​ព្រះ​នាង​សក់​ក្រអូប ជា​ព្រះ​មាតា ព្រះអង្គម្ចាស់​ព្រះបាទ ដៃ​ខ្លី ជា​ព្រះរាជបុត្រ ។ ព្រះ​នាង​ក៏​បាន​ជ្រាប​ថា​បុរស​នេះ​ជា​ព្រះរាជបុត្រ​ជាទី​កម្សត់​របស់​ព្រះ​នាង ដែល​ព្រះ​នាង​ប្រាសចាក​ចោល​មក​អស់​រយៈកាល ជាង ១០ ឆ្នាំ ហើយ ។​ ​
​ព្រះ​មាតា​និង​ព្រះរាជបុត្រ​ក៏​យំ​ឱប​គ្នា​ទៅវិញទៅមក ដោយ​សេចក្ដី​នឹករលឹក​យ៉ាង​សែន​កម្សត់ ។ ឯ​សេចក្ដីស្នេហា​ដោយ​តណ្ហា​ក៏​រលាយ​បាត់​ក្នុង​ពេល​នោះ​គ្មាន​សល់ ។ ព្រះរាជ​កុមារ​ក៏មាន​សេចក្ដី​រន្ធត់​ញាប់​ញ័រ​ជា​ពន្លឹក ចំពោះ​អំពើ​ពុំគប្បី​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ព្រះ​មាតា ទោះ​ព្រះ​មាតា​អត់​ទោស​ឲ្យ​យ៉ាងណា ក៏​មិន​ស្ងប់​សេចក្ដី​ញាប់​ញ័រ​នោះឡើយ ។​ ​
​ពួក​ពល​សេនា កាល​បាន​ព្រះ​នាង​ហើយ​ក៏​នាំគ្នា​បើក​សំពៅ​យ៉ាង​លឿន​លន់​ពេញទំហឹង​ឥត​មាន​បង្អង់ ឆ្ពោះ​មក​កាន់​ព្រះ​ដំណាក់​ព្រះបាទ បា​យ៉ង់​កោរ វិញ ។ ៣​សប្ដាហ៍​ក្រោយមក​សំពៅ​ក៏​បាន​មកដល់​ព្រះ​ដំណាក់ ។ ស្ដេច បា​យ៉ង់​កោរ និង​ព្រះ​នាង សក់​ក្រអូប បាន​ជួបជុំគ្នា​ដោយ​សេចក្ដី​រីករាយ នឹង​សេចក្ដី​សោកសង្រេង ទង្គឹះ​ខ្សឹកខ្សួល​ព្រោះ​សេចក្ដី​នឹករលឹក នឹង​សេចក្ដីស្នេហា​ជាទីបំផុត ។ កាល​បាន​ជួប​ព្រះ​ភ​ស្ដា ជា​ទី​ស្រឡាញ់​ហើយ ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​រៀបរាប់​តាម​ដំណើរ ដែល​ព្រះ​នាង​ត្រូវ​ស្ដេច​សៀម​ចាប់​ថា " គេ​នាំ​យក​ខ្ញុំម្ចាស់​ទៅឲ្យ​នៅក្នុង​ប្រាសាទមួយ​តែម្នាក់ឯង មាន​ពួក​ស្រីៗ​កំដរ​ចាំ​បម្រើ​គ្រប់ពេល ស្ដេច​សៀម​ឬ​កំលោះ​ណា​ម្នាក់​ឥត​បានមក​ជិត​បៀតបៀន​ខ្ញុំម្ចាស់​ទេ ពេល​ដែល​កូន​ទៅដល់ ខ្ញុំម្ចាស់​មិន​ស្គាល់​ជា​កូន​របស់​យើង​សោះ នឹកស្មាន​ថា​បុរស​កំលោះ​ពី​ណា មក​ចំណែក​កូន​យើង​វិញ ក៏​ពុំ​ស្គាល់​ខ្ញុំម្ចាស់​ជា​ម្ដាយ​ដែរ បាន​ជួបគ្នា​ក៏​កើត​ចិត្ត​ប្រតិព័ទ្ធ​ស្នេហា​រហូត​ដល់​បាន​ស្ម័គ្រ​ស្មន់អន្ធករ ជាមួយនឹង​កូន​របស់​យើង​នេះ​ទៅហើយ សូម​ព្រះ​ស្វាមី​អភ័យទោស ដល់​រូប​ខ្ញុំម្ចាស់ ព្រមទាំង​កូន​ផង " ។ ​

​ស្ដេច បា​យ៉ង់​កោរ ទ្រង់​ជ្រាប​ហេតុ​សព្វគ្រប់​តាម​ពាក្យ​ទូល​នៃ​ព្រះ​នាង​ហើយ ក៏​ទ្រង់​អនុញ្ញាត ឥត​មាន​ខ្ញាល់​ឡើយ ដោយ​ព្រះអង្គ​ទ្រង់​ពិចារណា​ថា " ធម្មតា​ម្ដាយ​និង​កូន ទោះបីយ៉ាងណា ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុំគប្បី​របៀប​នេះ​ដែរ នេះ​គឺ​អំពី​អំពើ​ហេតុ​មិន​ស្គាល់គ្នា​បាន​ជា​ហ៊ាន​ប្រព្រឹត្ត​អនាចារ​យ៉ាងនេះ ។​ ​
​រឿងនេះ ស្ដេច​បា​យ៉ង់​កោរ ព្រះអង្គ​នៅ​មាន​សន្ទិះ​សង្ស័យ​ក្រែងលោ​ព្រះរាជបុត្រ​មាន​បាបកម្ម​ធ្ងន់​ធ្លាក់​ដល់​អបាយ ទើប​ព្រះអង្គ​ឲ្យ​ហៅ​អ្នកប្រាជ្ញ​បណ្ឌិត កវី ហោ​រា ជាដើម មកជួបជុំ​ពិគ្រោះ​មើល​ក្រែង​មានកម្ម​ពៀរ​វេរា​ទៅ​ជាតិ​ខាងមុខ ។ លុះ​ជំនុំ​ពិគ្រោះ​ធៀប​មើល​ហេតុផល​សព្វគ្រប់​ទៅ ក៏​បាន​វិនិច្ឆ័យ​សម្រេច​ថា " ត្រូវតែ​ព្រះរាជបុត្រ​ទទួល​ទណ្ឌកម្ម គឺ​ត្រូវ​ជីក​ស្រះ​អង្គ​ចំនួន ១០០១ អង្គ​" ។ ស្ដេច​បា​យ៉ង់​កោរ ក៏​ទ្រង់​ឲ្យ​ពលករ ចំនួន ១០០១ នាក់ ជួយ​ជីក​ស្រះ​ព្រះរាជបុត្រ​ដែរ ។ លុះ​ជី​ករួច​កើត​ជា​ស្រេច​ហើយ ក៏​ទ្រង់​ចាត់ចែង​ធ្វើ​បុណ្យ​ឆ្លង ហើយ​ព្រះរាជបុត្រ​ទ្រង់​អធិដ្ឋាន​ថា " ស្រះ​អង្គ​ទាំង ១០០១ ដែល​ជា​ស្នាដៃ​ខ្ញុំ​សាង​នេះ ខ្ញុំ​ឧទ្ទិស​ទុក​ជា​ប្រយោជន៍​ដល់​សត្តនិករ ដើម្បី​នឹង​បាន​ប្រើ​ទឹក​ត​ទៅ​ដរាបណា​ស្រះ​អង្គ​នេះ លែង​ដក់​ទឹក​ជាប់ ហើយ​ដីដុះ​ឡើង​រាបស្មើ​ដូច​ធម្មតា​វិញ​, ដរាប​នោះ សូម​ឲ្យ​ទោស​របស់​ខ្ញុំ​រលាយ​ជា​អហោសិកម្ម​ទៅ " ។​ ​
​ហេតុនេះហើយ​បានជា​នៅក្នុង​ខេត្ត​តាកែវ​ទាំងមូល មាន​ទីកន្លែង ដែល​មានឈ្មោះ​ថា "​អង្គៗ " នេះ​ច្រើន​ណាស់ ដូចជា អង្គ​រកា អង្គ​សឹង្ហ ជាដើម ។​​

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ភាគ៥-៦​​ ​រឿង​ ភ្នំបាយ៉ង់កោ
ភាគ៥-៦​​ ​រឿង​ ភ្នំបាយ៉ង់កោ
ភ្នំបាយ៉ង់កោ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEBHv8YFvXqqNIB2p948-aDFyfx-jY4Eaj3IFgTTHnzmdkv6nddlgsstQHG5xrudQi-rASykaUSZAeRsq0tGGF2em-RaYKD-qSOCQk4Go9CSJDMYd1CtWr5KnwW-pUt0aXwYXsNon2G1A/s400/1.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEBHv8YFvXqqNIB2p948-aDFyfx-jY4Eaj3IFgTTHnzmdkv6nddlgsstQHG5xrudQi-rASykaUSZAeRsq0tGGF2em-RaYKD-qSOCQk4Go9CSJDMYd1CtWr5KnwW-pUt0aXwYXsNon2G1A/s72-c/1.jpg
Khmer Legend (រឿងព្រេងខ្មែរ)
https://khmer-legend.blogspot.com/2016/03/bayon-temple.html
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/2016/03/bayon-temple.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy