ចៅមាណព និងត្រីកន្រ្តប់
កាលពីព្រេងនាយ មានចៅមាណពម្នាក់ ប្រកបរបរជាអ្នកកាប់អុស។ សម័យកាលថ្ងៃមួយ
នៅពេលដែលអុសក្នុងព្រៃកាន់តែខ្សត់ទៅៗ ចៅមាណពក៏បែកគំនិត គិតចង់ប្រកបរបរជាអ្នកនេសាទត្រីវិញម្តង។
គិតដូច្នេះហើយ ចៅមាណពក៏ទៅកាប់មែកឬស្សី ដើម្បីយកមកពត់ធ្វើជាដងសន្ទូច ហើយខំប្រឹងពត់ដែក ដែលរើសបានពីគំនរអេតចាយ រហូតបង្កើតបានជាផ្លែសន្ទូចយ៉ាងខ្ញង់មួយ…។ ពេលរៀបចំបានសន្ទូចស្ទូចត្រីត្រឹមត្រូវហើយ ចៅមាណពគិតថា នឹងយកសន្ទូចនេះ ទៅស្ទូចត្រីនៅបឹងរំដួល ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីខាងក្រោយផ្ទះ…។
លុះព្រលឹមស្រាងៗឡើង ចៅមាណពឈប់កាន់កាំបិតផ្គាក់ ដើរចូលព្រៃកាប់អុសដូចពីមុនទៀតហើយ។ ចាប់ពីពេលនេះតទៅ ចៅមាណពនឹងបែរមកកាន់សន្ទូច ដើម្បីស្ទូចត្រីចិញ្ចឹមជីវិតវិញម្តង។
ដោយសារមិនធ្លាប់ដែលស្ទូចត្រី ទើបចៅមាណពមិនដឹងថា តើត្រូវប្រើនុយអីដើម្បីស្ទូចត្រីបានយកមកទទួលទាន?… គិតចុះគិតឡើង ចៅមាណពក្រឡេកឃើញផ្កាននោងកំពុងរីក ដែលដាំនៅលើទ្រើងមុខផ្ទះ ក៏គិតថា បើប្រើនុយផ្កាននោង អាចបញ្ចោតត្រីមកស៊ីផ្លែសន្ទូចបាន ព្រោះផ្កាវាមានពណ៌លឿងប្លែកល្អណាស់។ គិតរួច ចៅមាណពក៏ដើរទៅបេះផ្កាននោងបានពីរបី ដាក់ចូលក្នុងថ្នក់ក្រមារ ហើយដើរសំដៅទៅបឹងក្រោយផ្ទះ…។
ពេលធ្វើដំណើរដល់បឹងរំដួលភ្លាម ចៅមាណពក៏ដាក់បង្គុយនៅក្បែរមាត់បឹង ហើយចាប់ផ្តើមបិទដោតនុយផ្កាននោង ដើម្បីស្ទូចត្រីភ្លាមៗដែរ។ ដូចការគិតរបស់ចៅមាណពមែន គ្រាន់តែបោះនុយផ្កាននោងសឹងមិនទាន់ដល់ទឹកផង ស្រាប់តែមានត្រីកន្ត្រប់មួយ ប៉ុនបីធ្នាប់ដៃ ត្របាក់ស៊ីនុយផ្កាននោងភ្លាម ហើយចៅមាណពក៏វាត់សន្ទូចឆាច់ឡើង ជាមួយនឹងទឹកចិត្តសប្បាយរីករាយ ដោយសារត្រីកន្រ្តប់នេះ វាងាយចាញ់បញ្ឆោតផ្កាននោងពេក…។
នៅពេលចាប់ត្រីកន្រ្តប់ដែលស្ទូចបាន មកដាក់ក្នុងដៃ ចៅមាណពក៏បែកគំនិតគិតទៀតថា៖ បើអញប្រើតែនុយផ្កាននោង អញស្ទូចបានតែត្រីកន្រ្តប់នេះឯង… ចុះបើអញយកត្រីកន្រ្តប់នេះ មកធ្វើជានុយវិញ អញច្បាស់ជាស្ទូចបានត្រីធំៗច្រើន នឹងបានឆ្ងាញ់មាត់លើសពីត្រីកន្រ្តប់នេះ..!!..
គិតឃើញដូច្នេះហើយ ចៅមាណពក៏យកត្រីកន្រ្តប់ដែលស្ទូចបាន មកបិទដោតជាប់ផ្លែសន្ទូច ធ្វើជានុយវិញម្តង ហើយចាប់ផ្តើមស្ទូចបន្តទៀត…។
ដូចការគិតរបស់ចៅមាណពមែន… ពេលយកត្រីកន្រ្តប់មកធ្វើជានុយ ស្រាប់តែចៅមាណព ដាក់វាត់ៗ… តែមួយភ្លែតស្ទូចបានត្រីប្រាំ-ប្រាំមួយភ្លាមៗ…។ ចៅមាណពសប្បាយចិត្តណាស់ ព្រោះត្រីដែលចៅមាណពស្ទូចបាន មានច្រើនប្រភេទ ដូចជា ត្រីក្រាញ់(ស្ទូចបានមុនគេ), ត្រីផ្ទក់, ត្រីឆ្លាំង, ត្រីកន្រ្តងប្រេង, ត្រីក្អែក, និងចុងក្រោយគឺ ត្រីព្រលូង…។
ដោយសារមើលទៅមេឃដូចរាងចង់កក់ខែទាំងព្រឹក ហើយមើលទៅត្រីដែលស្ទូចបាន ក៏ច្រើនគួរសមដែរ ចៅមាណពក៏បញ្ឈប់ការស្ទូចត្រីត្រឹមប៉ុណ្ណេះ ហើយវិលត្រឡប់មកផ្ទះវិញ ប្រកបដោយទឹកចិត្តសប្បាយរីករាយ។ ធ្វើដំណើរបណ្តើរ ចៅមាណពយកដៃទះទ្រុងតិចៗបណ្តើរ ហើយគិតថា៖ ត្រីនៅក្នុងទ្រុងអញ្ចឹង ស្រួលចាត់ការណាស់… តែដែលពិបាកនោះ ត្រង់ថា តើត្រីណាគួរអាំង ត្រីណាគួរស្ងោរទៅវិញទេ..??..!!..
COMMENTS