ការបែងចែកដែនរដ្ឋបាលគ្រប់គ្រង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
សម្រាប់អស់លោកអ្នកដែលកើតក្រោយឆ្នាំ១៩៧៩ ហើយដែលមិនបានយកចិត្តទុកដាក់ស្វែងយល់ពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យទេ, យើងជឿថា អស់លោកអ្នកនៅតែមិនដឹងរហូត… នោះគឺការបែងចែកតំបន់រដ្ឋបាលគ្រប់គ្រងនៅក្នុងរបបនោះ នៅចន្លោះពីខែ មេសា ឆ្នាំ១៩៧៥ រហូតដល់ខែមករា ឆ្នាំ១៩៧៩ ។ ហេតុដូច្នេះ យើងចង់នាំអារម្មណ៍អស់លោកអ្នក អញ្ជើញមកធ្វើការស្វែងយល់ជាមួយខ្ញុំ ថាតើក្រុមមេដឹកនាំខ្មែរក្រហម ធ្វើការពុះចែកខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា អោយទៅជាតំបន់, ជាភូមិភាគ ដោយរបៀបម៉េច?…
ដោយកង្វះឯកសារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, នៅទីនេះ យើងរកបានផែនទីរបស់ក្រុមលោក ប៉ុល ពត បានតែមួយសន្លឹកគត់ (Map-A) ដែលផលិតឡើងក្នុងអំឡុងឆ្នាំ ១៩៧៧ ។ ឯផែនទីមួយផ្ទាំងទៀត ជាផែនទីគូរថ្មី (Map-B) ដែលចំឡងពីផែនទីចាស់ តែមិនមានដាក់កាលបរិច្ឆេទទេ។ ផ្ទៀងផ្ទាត់គ្នាទៅ ផែនទីដែលចំឡងថ្មីនេះ គឺហាក់ដូចជាមានការបែងចែកឡើងវិញ ទៅលើដែនរដ្ឋបាលគ្រប់គ្រង ដែលខុសពីផែនទីផលិតក្នុងឆ្នាំ១៩៧៧ មួយសន្លឹកខាងលើ…។
ផ្អែកតាមសន្លឹកផែនទី Map-A, ប្រទេសកម្ពុជា ត្រូវបានបែងចែកជាភូមិភាគ និងតំបន់ធំៗដូចខាងក្រោម៖
- ភូមិភាគពាយ័ព្យ (៥០៦)- រួមមានខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន។
- ភូមិភាគបស្ចឹម (៤០១)- រួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បច្ចុប្បន្ន។
- ភូមិភាគនិរតី (៤០៥)- រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បច្ចុប្បន្ន។
- ភូមិភាគបូព៌ា (២០៣)- រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ព្រមទាំងស្រុកស្នួល និងស្រុកឆ្លូងនៃខេត្តក្រចេះ បច្ចុប្បន្ន។
- ភូមិភាគឧត្តរ (៣០៣)- រួមមានខេត្តកំពង់ធំ ខេត្តកំពង់ចាម និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ បច្ចុប្បន្ន។
- ភូមិភាគឥសាន (១០៨)- រួមមានខេត្តរតនគិរី និងស្រុកនៅប៉ែកខាងកើតទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង បច្ចុប្បន្ន។
- តំបន់ក្រចេះ (៥០៥)- គឺខេត្តក្រចេះ បច្ចុប្បន្ន ដោយកាត់ចេញស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងស្រុកស្នួល។
- តំបន់មណ្ឌលគិរី (១០៥)- គឺខេត្តមណ្ឌលគិរី បច្ចុប្បន្ន។
- តំបន់ព្រះវិហារ (១០៣)- គឺខេត្តព្រះវិហារបច្ចុប្បន្ន និងស្រុកប៉ែកខាងលិចទន្លេមេគង្គ នៃខេត្តស្ទឹងត្រែងទាំងអស់។
- តំបន់សៀមរាប-ឧត្តរមានជ័យ (១០៦)- រួមមានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បច្ចុប្បន្ន។
ចំណុះអោយភូមិភាគនីមួយៗគឺមាន “តំបន់” ដែលតំបន់ខ្លះ ក៏មានស្រុកមួយចំនួនជាចំណុះផងដែរ។ តំបន់ដែលចំណុះអោយភូមិភាគខាងលើរួមមាន៖
- ភូមិភាគពាយ័ព្យ (៥០៦)- រួមមានតំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧ សរុមមាន ៧តំបន់។
- ភូមិភាគបស្ចឹម (៤០១)- រួមមានតំបន់១១ តំបន់៣១ តំបន់៣២ និងតំបន់៣៧ សរុបមាន ៤តំបន់។
- ភូមិភាគនិរតី (៤០៥)- រួមមានតំបន់១៣ តំបន់២៥ តំបន់៣៣ និងតំបន់៣៥ សរុបមាន ៤តំបន់។
- ភូមិភាគបូព៌ា (២០៣)- រួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤ សរុបមាន ៥តំបន់។
- ភូមិភាគឧត្តរ (៣០៣)- រួមមានតំបន់៤១ តំបន់៤២ និងតំបន់៤៣ សរុបមាន ៣តំបន់។
- ភូមិភាគឥសាន (១០៨)- រួមមានតំបន់១០១ តំបន់១០២ តំបន់១០៤ និងតំបន់១០៧ សរុបមាន ៤តំបន់។
- ជារួម, តំបន់ដែលចំណុះអោយភូមិភាគទាំងប្រាំមួយខាងលើ មានចំនួនទាំងអស់ ២៧តំបន់។ រីឯតំបន់ធំៗបួនទៀត ដូចជាតំបន់ក្រចេះ តំបន់មណ្ឌលគិរី តំបន់ព្រះវិហារ និងតំបន់សៀមរាប-ឧត្តរមានជ័យ គឺមិនមានតំបន់តូចៗ ជាចំណុះទេ…។
Map A- ផែនទីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ផលិតឆ្នាំ១៩៧៧ រួមមាន៖ ៦ភូមិភាគ និង ៤តំបន់ធំៗ |
ក្រឡេកមើលផែនទី Map-B ខាងក្រោមនេះវិញ…។ ផែនទីថ្មីដែលចំឡងចេញពីផែនទីចាស់នេះ មានការកែប្រែផ្នែកខ្លះ ដែលខុសពីផែនទី Map-A ខាងលើ។
ចំណុចដែលគួរអោយកត់សំគាល់នៅលើផែនទី Map-B នោះគឺ៖
Map B- ផែនទីថ្មីដែលចំឡងចេញពីផែនទីចាស់ មិនមានដាក់កាលបរិច្ឆេទទេ តែបានបង្ហាញអោយដឹងពីការកែប្រែដែនរដ្ឋបាលគ្រប់គ្រង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ |
- ភូមិភាគពាយ័ព្យ ភូមិភាគនិរតី និងភូមិភាគបូព៌ា មិនមានការប្រែប្រួលទេ។
- សំរាប់ភូមិភាគបស្ចឹម, ភូមិសាស្រ្តស្ថិតនៅប៉ែកខាងលិចក្រុងភ្នំពេញ ត្រូវបានចាត់ជាតំបន់១៥ ដែលផែនទីឆ្នាំ១៩៧៧ មិនមានឃើញទេ។
- តំបន់ក្រចេះ (៥០៥) គឺរក្សាទុកនៅដដែល មិនមានការផ្លាស់ប្តូរទេ។
- តំបន់មណ្ឌលគិរី (១០៥) ត្រូវបានកាត់បញ្ចូលទៅក្នុងភូមិភាគឥសាន។ ដូចនេះ ភូមិភាគឥសាន កើនបានតំបន់មួយទៀត គឺតំបន់១០៥ ។
- តំបន់ព្រះវិហារ (១០៣) ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយតំបន់សៀមរាប-ឧត្តរមានជ័យ (១០៦) ហើយប្តូរឈ្មោះទៅជាភូមិភាគឧត្តរ។ តំបន់១០៣ នៅរក្សាឈ្មោះដដែល, តែតំបន់១០៦ ត្រូវបានប្តូរទៅជាតំបន់៤៤ វិញ។
- អតីតភូមិភាគឧត្តរ ត្រូវបានប្តូរឈ្មោះទៅជាភូមិភាគកណ្តាលវិញ។ ឯចំនួនតំបន់គឺនៅដដែល មិនមានការប្រែប្រួលទេ…។
សំរាប់អ្នកស្រុកដែលរស់នៅខេត្តភាគខាងជើងប្រទេស ដូចជាឧត្តរមានជ័យ, ព្រះវិហារ, រតនគិរី, និងមណ្ឌលគិរី ជាដើម, នៅតាមតំបន់ខ្លះ ពួកគេរស់នៅដោយមិនឆ្លងកាត់របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ ទាល់តែសោះ។ មានន័យថា ក្រោយរដ្ឋប្រហារទំលាក់ព្រះបរមរតនកោដ្ឋ ១៨ មីនា ១៩៧០ ភ្លាម, តំបន់ទាំងនោះបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងទព័រំដោះភ្លាមៗដែរ… ហើយពួកគេរស់នៅក្នុងតំបន់រំដោះ រហូតទាល់តែបែកភ្នំពេញ ១៧ មេសា ១៩៧៥ តែម្តង..!!..
ប្រហែលជាដោយសារហេតុផលនេះហើយ បានជាតំបន់ភាគខាងជើងនៃប្រទេស ត្រូវបានអង្គការខ្មែរក្រហម ប្រើឈ្មោះជា «តំបន់» ដោយមិនប្រើឈ្មោះជា «ភូមិភាគ» ទេ។ ឧទាហរណ៍ដូចជាតំបន់សៀមរាប-ឧត្តរមានជ័យ, តំបន់ព្រះវិហារ, តំបន់មណ្ឌលគិរី, និងតំបន់ក្រចេះ ជាដើម ដែលចង់យោងសំដៅទៅលើតំបន់ដែល«រំដោះ» បានភ្លាមៗពីរបបលោក លន់ នល់ ។
ចំពោះការដាក់ឈ្មោះតំបន់ជាលេខកូដ ខ្ញុំយល់ដឹងមិនដល់ទេ។ តែអាចជាលេខសំគាល់ថ្ងៃខែរំដោះបាន ឬអាចជាថ្ងៃខែដែលបង្កើតតំបន់ទាំងនោះ។ លោកអ្នកក៏អាចកត់សំគាល់បានថែមទៀតថា សំរាប់តំបន់ធំៗ ដែលមានសិទ្ធិអំណាចស្មើនឹងភូមិភាគ, ឈ្មោះតំបន់ត្រូវបានកំណត់ដោយលេខបីខ្ទង់ ដូចគ្នានឹងភូមិភាគដែរ។ ឧទាហរណ៍ៈ តំបន់១០៣(ព្រះវិហារ), តំបន់១០៥(មណ្ឌលគិរី), តំបន់១០៦(សៀមរាប-ឧត្តរមានជ័យ), តំបន់៥០៥(ក្រចេះ), ភូមិភាគ៥៦០(ពាយ័ព្យ), ភូមិភាគ៤០១(បស្ចឹម), ភូមិភាគ៤០៥(នីរតី) ជាដើម។ ចំពោះតំបន់ដែលស្ថិតក្រោមតំបន់ធំៗនៅភាគខាងជើង ក៏ត្រូវបានដាក់ឈ្មោះដោយលេខបីខ្ទង់ដែរ។
ដោយឡែកសំរាប់តំបន់ដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ភូមិភាគវិញ(លើកលែងតែភូមិភាគឥសាន), ឈ្មោះតំបន់ត្រូវបានកំណត់ដោយលេខពីរខ្ទង់ប៉ុណ្ណោះ ហើយតួលេខទៀតសោត ក៏មិនលំដាប់រៀងគ្នាដែរ។
ចំណុចនេះ ហាក់ត្រូវបានឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្ទៃក្នុង ឬជាដំណាក់កាលនៃការសំរេចចិត្តរបស់ក្រុមមេដឹកនាំខ្មែរក្រហម, អាចថា តួលេខបីខ្ទង់ គឺត្រូវបានដាក់ដោយកម្មាភិបាលនៃបក្សកុម្មុយនីស្តវៀតណាម ដែលបានជួយជ្រោមជ្រែងពួកគេ ក្នុងចលនាតស៊ូរំដោះជាតិ(sic!)…។ ចំណែកតួលេខពីរខ្ទង់វិញ អាចជាការសំរេចចិត្តផ្ទាល់ ដោយមេៗខ្មែរក្រហម ដូចជា ប៉ុល ពត, នួន ជា, អៀង សារី, ខៀវ សំផន, សុន សេន, កុយ ធួន, និង វន វ៉េត ជាដើម ដែលចង់បង្ហាញពីឯករាជ្យភាពនៃបក្សកុម្មុយនីស្តរបស់ពួកគេ…៕(ប្រភព៖ស្រុកស្រែ)
COMMENTS