នំសែនព្រះខែ គឺជាវត្ថុដ៏សំខាន់ប្រើនៅក្នុងពិធីបុណ្យ «សែនព្រះខែ» ឬ «ពិធីបុណ្យជុងឈីវ» នៅខែពេញបូណ៌មីតាមប្រពៃណីចិន ។ ជ...
នំសែនព្រះខែ គឺជាវត្ថុដ៏សំខាន់ប្រើនៅក្នុងពិធីបុណ្យ «សែនព្រះខែ» ឬ «ពិធីបុណ្យជុងឈីវ» នៅខែពេញបូណ៌មីតាមប្រពៃណីចិន ។
ជនជាតិចិនមានជំនឿថា «ព្រះចន្ទ» តំណាង ឱ្យស្ត្រីភេទ មានភាពស្រស់ស្រាយ ត្រជាក់ត្រជុំ និងជានិមិត្តរូបនៃក្តីស្រឡាញ់ ។
ទំនៀមទម្លាប់នៃពិធីបុណ្យសែនព្រះខែ មានរឿងព្រេងនិទានពីព្រះនាង «ទេពធីតាឆាងអឺ» ។
រឿងព្រេងនិទានតំណាលថាព្រះនាងឆាងអឺ ជាស្ត្រីដ៏ស្រស់ស្អាតបានសោយថ្នាំវេទមន្តដ៏វិសេសធ្វើឱ្យអាចហោះហើរនៅលើដួងព្រះចន្ទបាន ។ ក្រោយមកព្រះនាងឆាងអឺ មានជីវិតអមតៈ ក្លាយជា«ទេពធីតានៃព្រះចន្ទ»។
ព្រះនាងឆាងអឺ គឺជាទេពធីតា មានក្តីមេត្តាដល់មនុស្សលោក ។ នៅពេលឈានចូលដល់រដូវដាំដុះ ព្រះនាងឆាងអឺតែងតែប្រោះព្រំទឹកអម្រឹតលើផែនដី និងស្រោចស្រពដំណាំរបស់កសិករ ។ ដោយសារបែបនោះហើយទើបមនុស្សលោកសម្តែងការដឹងគុណព្រះនាងទេពធីតាឆាងអឺ ដោយយកនំដ៏ពិសេសហៅថា «នំសែនព្រះខែ»ដាក់សែនឧទ្ទិសជូន ។
ក្រៅពីនោះមានរឿងព្រេងតំណាលខុសប្លែកគ្នាមួយចំនួនទៀត ប៉ុន្តែអត្ថន័យចម្បង គឺបង្ហាញពីភាពស្រស់ស្អាត និងការមានចិត្តមេត្តាធម៌របស់ទេពធីតាដួងចន្ទឆាងអឺ ទើបក្លាយជាទំនៀមទម្លាប់បុណ្យសែនព្រះខែមកដល់បច្ចុប្បន្ន ។
របៀបរបបនៃការសែនព្រះខែ គឺកាលពីដើមឡើយបុរសជនជាតិចិនមិននិយមសែនព្រះខែទេ ព្រោះមានជំនឿថាព្រះចន្ទគឺជាធាតុស្រី ហេតុដូច្នេះទើបឱ្យស្ត្រីជាអ្នកសែន ប៉ុន្តែបច្ចុប្បន្នបុរសក៏អាចសែនព្រះខែបានដែរ និងស្ត្រីជាអ្នកចាប់ផ្តើមសែនដំបូង ។
ពិធីសែនព្រះខែចាប់ផ្តើមតាំងពីសែននៅពេលព្រឹក ឧទ្ទិសដល់បុព្វបុរស និងសែនសំពះព្រះខែនៅពេលព្រលប់ ។ ពិធីសែនចាប់ផ្តើមតាំងពីព្រះចន្ទរះ និងគួរសែនឱ្យរួចរាល់នៅមុនពេលព្រះចន្ទរះនៅចំពីលើក្បាល ។
នៅពេលបញ្ចប់ពិធីសែនព្រះខែ សមាជិកក្រុមគ្រួសារត្រូវជួបជុំគ្នាទទួលទាននំសែនព្រះខែដោយបែងចែកឱ្យស្មើនឹងចំនួនមនុស្សក្នុងគ្រួសារ និងនំត្រូវមានទំហំ ប៉ុនៗគ្នា ។
នំសែនព្រះខែ គឺជានិមិត្តរូបនៃសាមគ្គីភាព និងកិច្ចសហការយ៉ាងស្អិតល្មួតរបស់មនុស្សក្នុងគ្រួសារ ៕
ប្រភព៖ កោះសន្តិភាព
COMMENTS