រឿងមហាចោរនៅទល់ដែន

រឿងមហាចោរនៅទល់ដែន


វគ្គទី១៖ខ្លាបាក់ចង្កូម 
ខ្លាបាក់ចង្កូម
ផ្ទះនោះទាបប្រក់ស្បូវ ជញ្ជាំងក្តារ សង់លើដីទួលតូច តែស្អាត មានរបងអំពិលទឹកព័ទ្ធជុំវិញ។ ខាងមុខ គឺដងស្ទឹងនៃអាណាខេត្រសិរីសោភ័ណ្ឌ ដែលក្នុងនា​ឆ្នាំ១៨៦៥​នេះ គង្គាហូរគំហុកយ៉ាង​ខ្លាំង ហាក់សម្តែង​សេចក្តី​គ្រោតខឹងអំណាចស្ងៀម ដែលសង្កត់​សង្កិនយូរ​មកហើយ។​ខាងក្រោយ​គឺជួរភ្នំ​ស្វាយ​ដែលលាត​សន្ធឹង​ទៅ​ឆ្ងាយទល់នឹង​ជើងមេឃ។ ក្នុងខ្ទមនៅទៅ​មាត់បង្អួចមនុស្ស​ម្នាក់​អង្គុយផ្អែកខ្នងលើកៅអីផ្តៅធំមួយសម្លឹង​មិនព្រិចភ្នែក​ទៅ​គេហដ្ឋានមួយទៀត ដែលល្អឆើតឆាយ​បីដូច​វិមាននា​ឋានសួគា៍ល័យ។ មនុស្សចាស់សក់ស្កូវ ពុកចង្ការ​ស្រមូមសក្បុស ប៉ាន់​អាយុ​ប្រមាណ​ចិតសិបប្លាយឆ្នាំ។ មើលរាងកាយ មើលភិនភាគ យើងសន្និដ្ឋានបានថា ពុំមែនជាមនុស្សសាមញ្ញទេ គឺប្រាកដជាមនុស្សពិសេសជាមិនខាន។ គាត់មានសម្បុរទង់ដែង។​សម្បុរនេះបង្ហាញជីវិត​របស់​គាត់​ឲ្យយើងដឹងថា គាត់ពុំមែនជា​មនុស្សជិះជាន់គេ ដែលស្រណុកនៅតែក្នុងម្លប់ ចាំតែគេ​បម្រើឆ្វេងស្តាំនោះទេ។​សម្បុរនេះ​ជាសម្បុរមនុស្សលំបាក ហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ជាមនុស្សពុះពារ ប្រឹងប្រែងតស៊ូ មានប្រជែងរកយុត្តិធម៌ និងសុភមង្គលជូនប្រទេសជាតិ និង​ប្រជាជនខ្មែរយើង។ ហេតុនេះតាចាស់​យើងជាមនុស្សមានឧត្តមគតិខ្ពស់!! ថ្ងាសគាត់​ធំទូលាយ។​នៅលើថ្ងាសនេះ យើងហាក់មើលឃើញ​រស្មីនៃការពិសោធធំៗ ដែលបោះបង្គោលដិត​ជាប់នៅ​នោះរួច ដែលនាំឲ្យយើងមានសន្តានចិត្ត​មួយកោតសរសើរដល់គាត់យ៉ាងជ្រាលជ្រៅបំផុត។ កាល​យើងគយគន់គាត់ឲ្យយូរបន្តិចទៅទៀត យើងស្ញើបរំភើបនឹងផ្នត់ដែលលាត​បន្ទាត់យ៉ាងអង្កាញ់រសាំ​នៅលើថ្ងាសនោះ។គន្លងផ្នត់ទាំងនោះនិយាយប្រាប់យើងនូវអនុស្សាវរីយ៍ដ៏វិចិត្រផ្សេងៗ ដែលគាត់​បាន​ជួបប្រទះក្នុងដំណើរជីវិតរបស់គាត់ មានអនុស្សាវរីយ៍នៃសេចក្តីសប្បាយ អនុស្សាវរីយ៍​នៃគ្រាក្រជាដើម។ អនុស្សាវរីយ៍ទាំងនោះជាគំរូនៃជីវិតដែលអាចត្រដាងបានជាខ្សែរឿងមួយយ៉ាងជក់ចិត្តដល់យុវជនដែលស្រឡាញ់ការដើរផ្សងព្រេងសំណាង ដូចវីរជនខ្លះក្នុងប្រលោមលោកធំៗនៃប្រទេសនានាក្នុងសម័យកាលបុរាណ។ ទឹកមុខរបស់តាចាស់យើងមើលឃើញគួរសម្បើម សម្បើមត្រង់គាត់មានថ្គាមខ្លា និងភ្នែកមុត។​តែបើយើងធ្លាប់ស្គាល់គាត់ យើងមុខជាស្រឡាញ់គាត់វិញ ពីព្រោះគាត់ជាមនុស្សស្លូត ចិត្តត្រង់​ចេះអាណិត ចេះជួយសង្គ្រោះដល់អ្នកក្រីក្រគ្រប់ៗគ្នា មិនថាស្រី ឬប្រុស ក្មេងចាស់ទេ។ម្យ៉ាងទៀត គាត់ជាមនុស្សមានវោហារពូកែ មានប្រាជ្ញាវៃឆ្លាតណាស់ក្នុងការដោះស្រាយ និង​មានសតិរឹង​ប៉ឹងចំពោះឧបសគ្គទាំងពួង។ វិសេសក្លាហាន នេះហើយជាឈ្មោះគាត់។ មេទ័ពជើងចាស់ វិសេសបានចូលបម្រើប្រទេសជាតិជាទាហានក្លាហានតាំងពីខ្លួននៅកម្លោះពេញវ័យនៅឡើយ។ដោយចិត្តស្នេហាមាតុភូមិយ៉ាងជ្រាលជ្រៅ ដោយពលិកម្មមានការលះបង់ក្តីសប្បាយកាមរាគ ល្បែងស៊ីសង ស្រី ស្រាជាដើម ដើម្បី​បំពេញកិច្ចការសាធារណៈឲ្យបានហ្មត់ល្អ ដោយសតិសម្បជញ្ញៈ ចេះត្រិះរិះស្គាល់ខុសត្រូវ ដោយមានចិត្តជាមនុស្សសេរី មិនរវល់លុតក្រាបសំពះអង្វរអ្នកណាដើម្បីបុណ្យសក្តិខ្លួន វិសេស​ក្លាហានបានឡើងបុណ្យសក្តិជាលំដាប់ រហូតដល់បានជាមេទ័ពជាតិទាំងឡាយ។ កាលនៅមាន​កម្លាំងមាំមួននៅឡើយ វិសេសក្លាហានបានចូលប្រឡូកគ្រប់សង្គ្រាមទាំងអស់ រួចក្នុងសង្គ្រាម​នីមួយៗជាមួយយួន ជាមួយសៀមក្តី ជាមួយលាវក្តី វិសេសក្លាហានមាន​សូរស័ព្ទ​ទាំងសម្លេងឈ្មោះពីរោះ ប្រកបដោយជោគជ័យជានិច្ច។ តែដល់សម័យចូលវ័យជរាពិការនេះ ស្រុកដុនដាប ខ្មែរបែកសាមគ្គី អ្នកកាន់អំណាចខ្មែរមានចិត្តទន់ខ្សោយធ្វើការ គ្មានវិធីសាស្ត្រ អត់បាយ ខ្មាំងចូលរុករានពាសពេញ វិសេសក្លាហានក៏ថយខ្លួន​មកនៅក្នុងកូនដែលយើងបាន​ពណ៌នាមកហើយនេះ។ រាល់ថ្ងៃ វិសេសក្លាហានភ្ញាក់ពីព្រលឹម អង្គុយសម្លក់គេហដ្ឋាន​ដែលគាត់​មើលឃើញតាមបង្អួចនេះ។ គាត់មានចិត្តទោមនស្សក្រៃពេក។​ម្ចាស់គេហដ្ឋានដ៏ស្តុកស្តម្ភនោះឈ្មោះ ព្រះកម្ពុត ។ គឺជាខ្មែរមួយរូបដែរ ដែលបានទៅ​រៀននៅខាង​សៀម រួចបានរលាយជាតិខ្លួនជាជាតិសៀម ភ្លេចនឹកនាដល់អរិយធម៌ខ្មែរ ដល់កត្តិយស​ខ្មែរ ដល់កិត្យានុភាពខ្មែរសូន្យឈឹង រួចគិតធ្វើបាបដល់រាស្ត្រខ្មែរ មានការចាប់ចង កំហែងគំរាម កេណ្ឌប្លន់ កាប់សម្លាប់គ្នាឯងជាដើម។ តាំងពីព្រះកម្ពុតមកគ្រប់គ្រងអាណាខេត្រសិរីសោភ័ណ តាងនាមរដ្ឋាភិបាលសៀមនេះ ព្រះកម្ពុតរស់នៅក្នុងការសប្បាយ(ស្រី ស្រា ល្បែង ភ្លេងភ្លាត់ច្រៀងរាំ)​គ្រប់បែបយ៉ាង ហើយប្រើលទ្ធិផ្តាច់ការលើខ្មែរយើង។​ប្រជានុរាស្ត្រក៏បានស្គាល់​នូវទុក្ខវេទនាក្រៃពេកឥតមានពេលណាមកប្រៀបដូចបានឡើយ។ម្យ៉ាងទៀត ក្នុងការគ្រប់គ្រង​នោះ ព្រះកម្ពុតគិតតែប្រមូលធនធានសម្បត្តិសម្រាប់តែខ្លួនមួយប៉ុណ្ណោះ។ អាស្រ័យហេតុនោះ ចំពោះប្រាសាទដ៏ល្អឆើតដែលវិសេសក្លាហានឃើញនោះ បើអ្នកមើលៗមិនឃើញរឿង មុខជា​កោត​សរសើរដល់ភ័ព្វសំណាងរបស់ព្រះកម្ពុតមិនខាន។ តែកែវភ្នែកវិសេសក្លាហានមើលប្រាសាទនោះឃើញជាភ្លើង ជាសាច់ ជាឈាម ជាញើស ជាកម្លាំងរបស់ប្រជាជនខ្មែរទៅវិញ។ប្រាសាទហាក់ឈរយ៉ាងក្រអើតដាក់គាត់គ្មានខ្លាច គ្មានអៀនឡើយ។ ដោយគាត់ចាស់ហើយ ដៃគាត់កាន់អាវុធទៀតពុំកើត ជើងគាត់រត់ដើរទៀត​លែងបាន មាត់គាត់ប្រាសចាកអស់សម្លេង គាត់ហាក់ឃើញអានុភាពបុរាណរបស់គាត់ទ្រុឌទ្រោម ពីមុខអយុត្តិធម៌របស់ព្រះកម្ពុត។នៅក្នុងទ្រូងក្លាហានមានតែក្នុងចិត្ត កម្លាំងបញ្ញាទេដែលរស់​រវើកក្នុងថ្លើមគាត់ ហើយដែលហេតុនាំឲ្យគាត់ចំបែងរាល់ពេលវេលា។ មួយថ្ងៃៗ គាត់សំឡឹង​គេហដ្ឋាន​នោះដោយចេតនាចង់ឲ្យរលាយ ចង់ឲ្យឆេះ ចង់ឲ្យបាត់វិនាសសូន្យឈឹងទៅ។ ប្រាសាទព្រះកម្ពុតហាក់ធ្ងន់លើចិត្តវិសេសក្លាហានអ្វីម៉្លេះទេ ពីព្រោះប្រាសាទនេះសាងលើដីខ្មែរ និងសាងលើស្មារាស្ត្រខ្មែរ។ទឹកភ្នែកពីរតំណក់យ៉ាងល្វីងចត់ហូរធ្លាក់ពីនេត្រវីរបុរសយើង។ ឱ! វិសេសក្លាហានអស់ឬទ្ធានុភាពហើយ។គាត់ជា ខ្លាបាក់ចង្កូម ។យើងមានចិត្តមេត្តាដល់ចាស់​ព្រឹទ្ធាចារ្យពិសេសមួយនេះជាពន់ពេក។ សព្វថ្ងៃគាត់គ្មានទ្រព្យសម្បត្តិ គ្មានធនធាន គ្មានបាយ​បរិភោគគ្រប់គ្រាន់ គ្មានប្រដាប់ប្រដាប្រើប្រាស់សមរម្យ គ្មានខោអាវស្លៀកពាក់គួរសម គ្មានលុយ​កាក់ចាយវាយ គ្មានភូមិអាករ កំព្រាម្នាក់ឯងគ្មានទីពឹង។​រឿងវិសេសក្លាហានផ្ទុយពីរឿងស្នេហា​ជាតិឯទៀតជាច្រើនរូប។ តែវិសេសក្លាហានពុំមានអារិះចិត្តនឹងឋានៈកំសត់ ទុគ៌តនេះទេ គាត់នឹកថាគាត់អាចបិទភ្នែកស្លាប់ទៅវិញដោយសតិសម្បជញ្ញៈរបស់គាត់នៅស្អាត គ្មានបន្ទោសអ្វី​ដល់គាត់ឡើយ។គាត់ស្លាប់ទៅវិញបាន ព្រោះផ្លូវដែលគាត់ជ្រើសរើសដើម្បីដើរ គឺផ្លូវថ្លៃថ្នូរប្រកប​ដោយកិត្តិយសពិតៗ។នឹកដូច្នោះ វិសេសក្លាហានមានទឹកមុខញញឹមយ៉ាងជ្រាលជ្រៅឡើងវិញ។ ក្នុងពេលនោះ ស្រីម្នាក់ចូលមកសម្អាតតុទូ។​គឺជាមនុស្សម្នាក់អាយុប្រមាណជាងសែសិបឆ្នាំ។​នាងនោះបើកទូឮក្រោក។វិសេសក្លាហានភ្ញាក់ខ្លួនព្រើត នៅស្ងៀមមួយស្របក់ ទើបមានវាចា​សួរថា៖ 
  • អ្នកណា? ភួងឬ? 
  • ចាស៎! ខ្ញុំ។ 
  • ភួង! តើទេវីកូនស្រីខ្ញុំទៅណាហើយ? នាងទាសីលុតជង្គង់ពីក្រោយខ្នងវិសេសក្លាហាន ឆ្លើយយ៉ាងគោរពវិញថា៖ 
  • ចាស៎! នាងទៅបេះផ្កាក្រោយផ្ទះហើយ ពីព្រោះថ្ងៃនេះជាថ្ងៃសីលផង។ 
  • កាលណាវាមកវិញ? 
  • ចាស៎! ជម្រាបប្រសាសន៍ ប្រហែលជាមិនយូរប៉ុន្មានទេ...
 នាងរង់ចាំពាក្យអ្វីទៀតដែលឥតឮសោះ។នាងក៏បន្តការជូតតទៅទៀត ត្រាតែជ្រះស្រឡះទើប​ត្រឡប់​ទៅក្នុងវិញបាត់ទៅ។​រីឯវិសេសក្លាហាន កាលនិយាយទៅដល់ឈ្មោះកញ្ញាទេវី ជាបុត្រី ចិត្តស្នេហាបុត្រយ៉ាងខ្លាំងរត់ចូលឈៀបមកដល់ក្នុងបេះដូងគាត់។ទឹកមុខស្ងួតពីមុនមក ក៏ប្រែក្លាយជារីករាយប្រិមប្រិយទៅវិញ។រូបវលក្ខណ៍កល្យាណលេចធ្លោចេញមកក្នុងមនោគតិរបស់គាត់។គាត់ហាក់ឃើញស្រីឆោមសាច់សល្អផូរផង់ ថ្ពាល់ខួច មុខស្រស់ ភ្នែក និងបបូរមាត់មានសម្ផស្ស ចង្កេះរៀវ ដំណើរសមសួន ល្អផុតនារីទាំងពួង។ ក្នុងពេលដ៏ខ្លីនោះព្រលឹងវិសេសក្លាហាន អណ្តែតទៅបបោសអង្អែល​រូបទេវីជាបុត្រីទើបមានអាយុ១៨ឆ្នាំគត់។សន្តានចិត្តអាណិត អាណិតយុវតីមួយយ៉ាង​គ្រលួចក៏​ឈាន​ជំហានមកប្រជែងកន្លែងសេចក្តីស្នេហានៃបុត្រីដែលមានអម្បាញ់ម៉ិញនេះ។ ភ័ព្វសំណាងអ្វីក៏អាក្រក់ម៉្លេះ កញ្ញាដ៏ល្អវិចិត្រនេះម្តេចមកកើតចំអន្លង់ធំឮសូរឃូរ។ទៅថ្ងៃមុខ គាត់ពុំ​ដឹងថាស្ត្រីឧត្តម រងទុក្ខវេទនាឬយ៉ាងណាទេ? ពុំដឹងជានាងទៅពឹងពាក់នរណា? ឱ! អនាគតគ្មានអ្វីទៀតសោះ។នាងជារូប ជាទីព្រលឹង ជាទីសង្ឃឹមរបស់គាត់។ថ្ងៃជាថ្ងៃសីល នាងទៅបេះផ្កា នាងល្អដូចជាផ្កាកំពុងរីក នាងក្រអូបដូចផ្កា។នាងថ្វាយបង្គំព្រះ ដៃនាងប្រណម្យ ជីវិតរបស់នាងរស់តែក្នុងធម៌ ក្នុងមេត្តា ក្នុងកុសល។នាងមានសម្តីផ្អែមពីរោះ ពុំដែលចេះខឹង​រហូតទៅដល់ជេរស្តីនរណាឡើយ។ ដោយផ្ទាំងអនាគតលោតត្រដាងឡើងពុំបានរុងរឿងសោះ នោះវិសេសក្លាហានមានទុក្ខព្រួយបារម្ភយ៉ាងខ្លាំង។ គាត់នឹកថា ទៅថ្ងៃមុខ អ្នករួមសុខទុក្ខជាមួយ​កញ្ញាទេវី គឺប្រាកដជានាងភួង ពីព្រោះនាងភួងជាទាសីដែលបានបំបៅដោះនាងទេវី។​នាងភួងស្រឡាញ់នាងទេវីដូចជាកូនបង្កើត។នាងភួងពុំដាច់ចិត្តទៅណាចោលនាងទេវីសោះ ហើយ​ព្រមរស់​ដោយលំបាកជាមួយនាង ដើម្បីជួយមើលថែរក្សានាង ដើម្បីបានមើលមុខនាង។ ដោយនឹកឃើញដូច្នោះ វិសេសក្លាហានអាណិតនាងភួងក្រៃពេក រកវត្ថុអ្វីមកប្រៀបផ្ទឹមស្មើគ្មាន៕ 
*******************************************************
វគ្គទី២៖បងប្អូនពីរនាក់ 
បងប្អូនពីរនាក់
ព្រះសុរិយាចោលពន្លឺពណ៌មាសលើសិរីសោភ័ណ បីដូចប្រាប់ថាព្រឹត្តិការណ៌មួយយ៉ាងចម្លែក នឹងចាប់កើតមានថ្ងៃនោះតទៅមិនខាន។ ស្រីស្រស់ទេវី បុត្រីវិសេសក្លាហាន ដើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។ ព្រឹកនោះធម្មជាតិជូនទេសភាពមួយជាទីពេញចិត្តបំផុត។​រុក្ខាមានស្លឹកពណ៌បៃតងខ្ចី ត្រដាងផ្ទៃមួយយ៉ាង​ធំទូលាយទៅលើពសុធា។​នៅចុងស្លឹកនីមួយៗ នៅទងធាងនីមួយៗ នៅកៀនមែកនីមួយៗ គឺបុប្ផាពណ៌ស លឿង ខៀវ ក្រហម ស្វាយ រីករហង់ត្រង់នោះគ្រប់បែបយ៉ាង ខ្លះមានរំយោលឆើតឆាយ ខ្លះមានទងផ្កាជាក្បាច់ ជាក្បូរដែលធ្វើឲ្យចក្ខុមនុស្សលោក​ឃើញចម្លែកប្លែកអស្ចារ្យ ចង់ឲ្យតែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។ ឱ! ស្នាដៃធម្មជាតិដែលចេះតុបតែងលោក តើអ្នកកើតឡើងសម្រាប់តែ​ទេវីបុត្រីវិសេសក្លាហាន​ម្នាក់ឯងឬ?ឬសម្រាប់អ្នកទាំងអស់គ្នា? អ្នកនិងកញ្ញាទេវី ហាក់ចេញតែពីគុម្ពមួយ ពីព្រោះល្អឆើតឆាយផុតវិសេសដូចគ្នា។ នាងទេវីដើរមួយៗ យ៉ាងស្រាលខ្លួន។ ស្រីស្រស់ក្រឡេកមើលនាយអាយ ឈប់រើសផ្កាណាដែលនាងស្រឡាញ់។ នាងបេះផ្កាមួយយកមកសៀតលេងនឹងសក់នាង។នាងយកមកល្បងសៀតលើទ្រូងនាង រួចយកមកដាក់ផ្ទឹមនឹងមុខនាង។​នាងរឹតតែល្អជាងមុនទៅទៀត។​នារីសប្បាយរីករាយក្នុងចិត្តឥតឧបមា។ ក្នុងមួយនាទីដ៏សុខសាន្តនេះ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្មជាតិទាំងមូលគឺជាទ្រព្យរបស់នាងទាំងអស់ ដែលមាននាងជាព្រះខន្តិយានីយ៍ម្ចាស់ស្រីតែមួយ។ តាំងពីតូចមក នាងពុំដែលបានសប្បាយថ្ងៃណាមួយដូចថ្ងៃនេះឡើយ។​នាងជាស្រីធ្លាប់តែរស់ក្នុងបរិវេណផ្ទះ ក្នុងជញ្ជាំងស្លឹកក្រៀមទាំងបួនជុំវិញ។ ក្រៅពីព្រំដែនដែលវត្ថុមើលឃើញ កាន់បាននោះនៅមានរបងដែកមួយបែបទៀតដែលភ្នែកធម្មតាមើលមិនឃើញឡើយ គឺរបងទំនៀមទម្លាប់។ ខ័ណ្ឌសីមានេះ ចងក ចងដៃ ចងជើង ចងចិត្តនាងមិនឲ្យទៅ ណាបានឆ្ងាយពីខ្ទមនាងឡើយ។ ហេតុនេះជីវិតទេវីស្រីកល្យាណគឺជាជីវិតក្នុងរូង ក្នុងអណ្តូងងងឹត ក្នុងកន្លែងឃុំឃាំង បីដូចជីវិតអ្នកទោស។ ក្នុងមួយអាទិត្យទាល់តែចំថ្ងៃសីលទើបនាងបានចេញដើរម្តង ដោយមានកិច្ចបេះផ្កាជាហេតុ។​ក្នុងពេលសេរីដ៏ថ្លៃវិចិត្រនេះ កញ្ញាហាក់បានធូរសាច់ ធូរឈាម ធូរសរសៃ ដោយបានដកដង្ហើមយកខ្យល់ថ្មីក្នុងទីសួន។ ហេតុថ្ងៃសីលចំពោះនាងគឺថ្ងៃរួចខ្លួន ថ្ងៃថ្មី ថ្ងៃសប្បាយ ថ្ងៃមនុស្ស ថ្ងៃស្មើមុខ ថ្ងៃសិទ្ធិ ថ្ងៃសេរី។ កញ្ញាបេះបុប្ផាគ្រប់ពណ៌បានមួយដុំធំ។​នាងទៅបត់ជើងលើស្មៅ។​នាងក្រងផ្កា នាងញញឹម នាងធ្មេចភ្នែក ចិត្តស្រីស្រម័យនឹក... នឹក... នាងនឹកដល់គូស្នេហារបស់នាង ម្តេចក៏បាត់យូរម៉្លេះ មិនឃើញមក? តើប្រុសជីវិតទៅណា? តើថ្លៃឧត្តមរវល់ការអ្វី? តើថ្លើមថ្លៃផុតអស់ប្រុសឈឺហើយ ឬដូចម្តេច? តើសង្សារប្រសើរភ្លេចនាងឬ? តើព្រលឹងបងស្នេហាប្អូនដូចប្អូនស្នេហាបងឬទេ? តើគូស្នេហាហ៊ានប្តូរជីវិតនឹងបងឬទេ? ចំណោទទាំងប៉ុន្មាននេះ បុរសម្នាក់មាឌធំ ស្មាទូលាយ ដើមទ្រូងធំ ចង្កេះរាវ សក់រួញអង្គាដី មុខស្រស់ ភ្នែកមុតថ្លា សម្លៀកបំពាក់រុងរឿង អាវពណ៌ខៀវរលើបរលោង ដាវស្រោមពណ៌មាសព្យួរនៅចង្កេះ សមជាអ្នកមានបណ្តាសក្តិខ្ពស់ អាយុប្រមាណជាង២០ឆ្នាំ ស្ទុះភ្លែតចេញពីគុម្ពផ្ការហ័ស ដូចគ្នាមកចាប់ឱបនាងទេវីពីក្រោយរឹតជាប់ដូចដង្កាប់ ឱនមុខថើប...។ នារីដំបូងភ្ញាក់ខ្លួនដូចកន្ត្រាក់ ប៉ុន្តែលុះដៃនិងដៃជួបគ្នា មុខនិងមុខជល់គ្នា ម្រាមនាងរាវរឹតកប្រុសចម្លែកជើងឆើតនេះយ៉ាងខ្លាំងបន្ថែមទៀត។រួចគឺឈាមដែលរត់ខុសធម្មតា គឺបេះដូងដែលវាយលឿនជាងធម្មតាគឺមនោសញ្ចេតនាដែលជ្រួល ខ្មួលលើសធម្មតាក្នុងរូបយុវជនទាំងពីរ។ តណ្ហា! ឱតណ្ហា! នារីភ្លេចអស់ហើយ! ផ្កាទៅដោយផ្កា ឳពុកទៅដោយឳពុក ដីទៅដោយដី ធម្មជាតិទៅដោយធម្មជាតិ នៅសល់តែវត្ថុគឺបងនិងប្អូនប៉ុណ្ណោះដែលអ្នកផងស្គាល់ឈ្មោះហៅថា សេចក្តីស្នេហាឬរាគៈ ឬភ្លើងមេត្រី។ នាងទេវីនិយាយខ្សឹបៗដាក់ត្រចៀកបុរសថា៖ នាងហៅបន្តទៀត៖ បង! បងមានន្ទ! បុរសលើកស្រីឡើងឲ្យអង្គុយ។អ្នកសើចរកនាង ឃើញធ្មេញសស្គុស យកម្រាមដៃចាប់ចង្កានាងដោយមេត្រី រួចឆ្លើយតិចៗទៅវិញ៖ បងស្រឡាញ់អូនណា! បងមិនចង់លែងអូនឲ្យផុតពីរង្វង់ដៃបងទេ បងចង់តែនៅឱបជាប់សាច់មួយជាមួយអូន។ នារីបែបអៀន មុខឡើងក្រហម ញញឹមចុងតមាត់តបទៅវិញ។បុរសចាប់បង្វិលខ្លួននាងយ៉ាងលឿន ខ្នងនាងក៏បានមកជាប់នឹងដើមទ្រូងប្រុសជាទីស្នេហា។ ក្នុងសន្ទុះនេះ ស្ត្រីផ្តេកក្បាលនាងលើស្មាមានន្ទជាគូជីវិតយ៉ាងស្និទ្ធស្នាល។ ដៃបុរសឱបរឹតចង្កេះនាង។ ដៃនាងអង្អែលដៃបុរស។ នាងហាក់បាត់ខ្មាសបន្តិចដែរ ដោយនៅមិនចំកែវភ្នែកបុរសដូចមុនពេក។ ស្រីធីតានិយាយដោយក្រៀមក្រំថា៖ ប្អូនក៏ស្រឡាញ់បងដែរ... អូ ទេ! ប្អូនស្រឡាញ់បងណាស់។ បុរសឆ្លើយកាត់ដោយម៉ឹងម៉ាត់ថា៖ អូនដឹងទេ ហេតុអ្វីបានជាអូនស្រឡាញ់បង? នាងទេវីខ្មួលរំជួលក្នុងចិត្តពេកក្រៃ នាងគ្រវីក្បាលដកដង្ហើមធំឆ្លើយដោយមានសម្លេងស្រងូតស្រងាត់វិញថា៖ ហ៊ី! ប្អូនអូននិយាយមិនបានអស់ដូចចិត្តទេ។ប៉ុន្តែបើនិយាយឲ្យខ្លី ប្អូនស្រឡាញ់បងពីព្រោះស្រឡាញ់ៗៗប៉ុណ្ណោះឯង។ មានន្ទមានចិត្តគ្រលួចអាណិតស្រី។នាងទេវីលើកដៃឡើងអង្អែលថ្គាមបុរសជាទីស្នេហា។នាងនិយាយមួយៗថា៖ ប្អូនស្រឡាញ់បង ពីព្រោះបងមានលក្ខណៈពេញជាមនុស្ស។ ពេញយ៉ាងណា? គឺបងជាខ្មែរ បងស្រឡាញ់ជាតិខ្មែរ បងស្រឡាញ់អ្នកស្រុកខ្មែរ បងធ្វើការរកប្រយោជន៍ឲ្យខ្មែរ បងហ៊ានប្តូរជីវិតនិងខ្មែរ បងហ៊ានស្លាប់និងខ្មែរ បងមិនប្រកាន់កិច្ចការ មិនថាជាការណាជាការណា បងមិនយករឿងបុណ្យសក្តិមកជាគ្រឿងបំពុលខ្លួនបង បងមិនយករឿងទ្រព្យសម្បត្តិមកសង្កត់ខ្លួនបង មិនបង្ខូចខ្លួននឹងរឿងស្រី ស្រា ល្បែង របាំ។បងជាមនុស្សថ្លៃថ្លាណាស់... ប្អូនសូមទោស ប្អូននិយាយមិនអស់ទេ។ បុរសញញឹមរួចឆ្លើយវិញថា៖ ក្នុងលោកនេះមានតែប្អូនមួយទេដែលចេះពិនិត្យមើល ហើយស្គាល់តម្លៃពិតៗរបស់មនុស្ស។បងស្រឡាញ់ប្អូន ពីព្រោះតែអូនមានចិត្តខ្ពស់មែននេះ។លាក់បាំងអ្វី មានខ្លះគេស្រឡាញ់មនុស្ស ដោយមនុស្សនោះមានបុណ្យសក្តិ ទ្រព្យសម្បត្តិ ចេះធ្វើឫកធំ ចេះក្អេងក្អាង ចេះដេក ចេះនៅស្ងៀមដោយឥតធ្វើការ ចេះបរិភោគម្ហូបឆ្ងាញ់ ដោយឥតចាំបាច់ធ្វើការបង្កើនឲ្យបានប្រាក់ ចេះវោហាអាងអួតខាងជេរស្តី ខាងបញ្ជោរ ចេះមួលបង្កាច់។ម៉្លោះហើយ អ្វីដែលខុសទៅជាត្រូវ ត្រូវទៅជាខុស អាក្រក់ទៅជាល្អ ល្អទៅជាអាក្រក់ បាត់អស់យុត្តិធម៌ សីលធម៌ មនុស្សធម៌។ម្យ៉ាងទៀត បងដែលស្រឡាញ់អូននេះគឺស្រឡាញ់ព្រោះតែអូនក្រ។បងដឹងថា គឺមកពីអូននេះហើយបានជាឳពុកបងមាន។ទ្រព្យសម្បត្តិដែលអូនត្រូវមាន បានទៅអ្នកមានវិញ។និយាយដូច្នេះ បងខ្លោចចិត្តអាណិតដល់ជនអ្នកក្រទាំងអស់គ្នាណាស់។សព្វថ្ងៃបងច្បាំងនឹងគំនិតលោភា ទោសាទាំងនោះ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនដល់អ្នកទាំងអស់គ្នាណាស់។ហេតុនេះ ចូរអូនត្រាទុកក្នុងចិត្ត ហើយចាំជានិច្ចថា ក្នុងជាតិនេះយើងស្រឡាញ់គ្នា ពុំមែនលើទុក្ខរបស់អ្នកឯទៀតទេ។អូនយល់ទេ? ចាស៎! យល់ហើយ បងនិយាយពីរោះស្តាប់ណាស់។ក្នុងជាតិនេះប្អូនសុំតែរស់ជាមួយបងទេ។ប្អូនមានចិត្តដូចបង គឺស្អប់ស្រីដែលចាំតែទីពឹងលើគេ ធ្វើការមានចៅហ្វាយបង្គាប់រួចសប្បាយតាមបុណ្យគេប៉ុណ្ណោះ។ប្អូនយល់ថា កើតមកជាមនុស្សត្រូវធ្វើដើម្បីរស់។មនុស្សត្រូវដុសខាត់ សម្អាតចិត្ត គឺមិនតាំងខ្លួនជាបញ្ញើក្អែក ឬជាឈ្លើង ដែលរស់ដោយសារឈាមគេនោះទេ។មនុស្សត្រូវរកកិត្តិយស រកសេចក្តីថ្កុំថ្កើង រកសេចក្តីថ្លៃថ្នូរ អំពីការងារដែលធ្វើនេះឯង។ប្អូនរីករាយនឹងរស់ជាមួយបងព្រោះបងមានគំនិតដូចប្អូន។តែប្អូនសុំចិត្តបងមួយ...។ គឺអ្វី? គឺកុំទុកប្អូនជាគ្រឿងសម្រាប់សប្បាយ ជាវត្ថុសម្រាប់តម្រេកចិត្តបង ជាគ្រឿងសម្រាប់លម្អ ឬសម្រាប់បម្រើបង...។ ប្អូនជាស្រី ប្អូនពុំមែនពឹងបងជាប្រុសនោះទេ។ប្អូនពឹង រួចត្រូវការយ៉ាងដាច់ខាតនឹងពឹង។ តែប្អូនសុំបញ្ជាក់ថា ប្អូនពុំពឹងដូចគេឯងទេ។ប្អូនពឹងឲ្យបងជួយបណ្តុះបណ្តាលប្អូនឲ្យដឹង ឲ្យចេះ ឲ្យស្គាល់ផ្លូវល្អចម្រើនប៉ុណ្ណោះឯង។ស្តាប់បានទេ? មានន្ទពេញចិត្តក្រៃពេកនឹងសម្តីនារីជាសង្សារ អ្នកពុំឆ្លើយភ្លាមទេ អ្នកឱនទៅថើបថ្ពាល់ស្រីដែលនៅជិតនឹងច្រមុះអ្នកស្រាប់។នាងទេវីស្រៀវខ្លួនខ្ញាកៗ នាងចង់ឱនឱបលេបបុរសវិញ តែអៀនពេករកធ្វើអ្វីទៅមិនរួច។នាងរកឧបាយកំប្លែងលេងថា៖ បងកុំទុកអូនដូចជាផ្កាណា! ថើបរួចគ្រវាត់ចោលនោះ។ បងថើបអូន ព្រោះស្រឡាញ់អូនទេ។ ដូច្នោះបងអត់ស្រឡាញ់អ្នកណាទៀតទេ។ អ្នកឯទៀត បងស្រឡាញ់ជាមិត្រ ចំណែកអូន បងស្រឡាញ់ជាប្រពន្ធ វាខុសគ្នាឆ្ងាយណាស់ណា៎!បើដូច្នោះមានតែអូនចង់ឲ្យបងដើរថើបគេឯងតែពាសវាលទៅឬ? ទេៗៗ មិនបានជាដាច់ខាត...។ ចូរអូនកុំទុកបងជាប្រុសផ្កាមាសណា៎! តោងទុកបងត្រឹមជាមាសបានហើយ។ បងជាពេជ្រ។ អូនជាទាំងគ្រាប់។ ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជាងនេះទៅទៀត ខ្ញុំជាមនុស្ស។ បងជាមនុស្សដែរ។ ក្នុងលោកនោះ សូរស្គរលាន់ឮឡើងទូងៗ នៅឯគេហដ្ឋានព្រះកម្ពុត។មានន្ទងើបអើតមើលទៅទិសដែលសូររត់មកដល់។នាងទេវីក៏ក្រោកងាកមើលទៅតាម។ មានន្ទនិយាយទៅកាន់ថា៖ បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត។ អ្នកសើចយ៉ាងស្រស់ដាក់នាង។នាងសើចយ៉ាងស្ងួតដាក់អ្នកដោយមិនចង់ឲ្យឃ្លាតសោះ។ មានន្ទស្ទង់ឃើញចិត្តនាង។អ្នកចាប់ដៃនាងទាំងពីរច្របាច់យ៉ាងខ្លាំង ឱនថើបជាចុងក្រោយបង្អស់ រួចនាងទេវីឈរមើលមុខសង្សារដែលថយខ្លួនមួយៗ ចេញពីនាងទាំងស្តាយ។នារីខ្លោចផ្សាក្នុងចិត្តជាពន់ពេក។ នាងស្រែកតិចៗ ផ្តាំថា៖ បង! បង! យប់នេះពេលអាធ្រាត្រសុំជួបនឹងបងមួយភ្លែត ត្រង់ក្រោមដើមពោធិ៍ធំជិតខ្ទមអ្នកតា។ បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា៖ យប់នេះ អាធ្រាត្រក្រោមដើមពោធិ៍ធំ។ កុំខានណា៎! បាទ! ...កុំខានណា៎! ចាស៎! ថាហើយបុរសស្ទុះភ្លែតរត់ផ្លោះគុម្ពផ្កាទាំងពួងបាត់ទៅ។នាងកញ្ញាឈរមើលគូសង្សារយ៉ាងរំភើបញាប់ញ័រក្នុងចិត្ត។ នាងងាកចេញហាក់អស់កម្លាំងហេវទន់ដៃ ទន់ជើង ធេងធោងៗក្នុងខ្លួន។នាងដើរមួយៗ ទៅរើសផ្កាដែលនាងបេះចងទុកលើស្មៅ។ ដើរចេញពីទីស្នេហាបានប្រមាណ ប្រហែលដប់ជំហាន បុរសម្នាក់មាឌស្តើងមាំ ប្រដាប់ដោយ គ្រឿងទាហាន អាវុធនៅចង្កេះ រូបឆើត ស្ទុះចេញពីគុម្ពផ្កាមួយមកឱបនាងទេវីពីក្រោយ។ស្រីភ្ញាក់ខ្លួនស្ទើរភ្លាត់ស្មារតី នាងបម្រះយ៉ាងខ្លះអស់ទំហឹង ចងចិញ្ចើម ភ័យផង បបូរមាត់ស្លេកស្លាំង។ ក្នុងមួយវិនាទីនោះ នាងក៏បានរួចពីក្រញាំដៃ ពីបុរសថ្មី។បុរសសើចក្អាកក្អាយដោះមួកគំនាប់នាងយ៉ាងកំប្លែងអស់ពីចិត្ត។ នាងទេវីខាំធ្មេញគ្រឺត សំឡក់បុរស មុខនាងដែលស្លាំង ក៏ប្រែជាក្រហមភ្លាម។នាងនិយាយដោយសង្កត់ពាក្យទៅរកយុវជនចម្លែកថា៖ យី! លោកកាមា! ចៀសចេញពីទីនេះឲ្យឆាប់។ នាងចង្អុលមុខបុរសដោយបន្តវាចាថា៖ នែ! មុខលោកឯង កុំមកប៉ះសាច់ខ្ញុំណា៎! ប៉ះមិនបានទេ។ទៅៗ ស្អប់មុខណាស់។ បុរសឈ្មោះកាមា ពេបមាត់សើចយ៉ាងវែង ច្រត់ចង្កេះមើលនាងដែលខឹង ហើយពោលតបដោយសម្លេងក្អុលខ្លាំងថា៖ ស្រីដែលមានរូបល្អ ដូចអូន មិនគួរមានចិត្តអាក្រក់សោះ។ ថាហើយកាមាសើចក្អាកក្អាយ សើចឮរំពង។ យី! អីលោកហ៊ានហៅរូបខ្ញុំអូនផង? ខ្ញុំជាប្អូនលោកពីកាលណាមក? មនុស្សអីក៏មានចិត្តឫស្យា មុខក្រាស់ម៉្លេះ? ថាហើយ នាងច្រត់ដៃនឹងចង្កេះនាង សម្លឹងមុខបុរសគ្មានប្រហែលឡើយ។កាមាសើចដដែល។ បើមិនឲ្យហៅអូន តើឲ្យខ្ញុំហៅអីវិញ? ហៅបង? ហៅអ្នកបង? ហៅមិនកើតទេ។ នាងទេវីឮសម្តីចុងក្រោយនេះ នាងស្មានក្នុងចិត្តថា ប្រហែលបុរសនេះឃើញនាង និងមានន្ទហើយ ពីព្រោះកាមាត្រូវជាប្អូនបង្កើតរបស់មានន្ទ។នាងខំទប់សេចក្តីអៀនខ្មាស ប្រឹងធ្វើទឹកមុខដដែល។ យី! ចំណាស់ប៉ុនខ្ញុំ លោកហៅខ្ញុំបងមិនបានឬ? ហៅមិនបាន ព្រោះខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ខ្ញុំចង់បានអ្នកជាប្រពន្ធខ្ញុំ។ខ្ញុំប្រាថ្នាលើកតម្កើងអ្នកឲ្យខ្ពស់ផុតអស់នារីដែលមាននៅលើលោកនេះ។ ខ្ញុំចង់ឲ្យអ្នកថ្កុំថ្កើងដោយសារស្នាដៃខ្ញុំ។ មិនបាច់និយាយច្រើនទេ! ខ្ញុំមិនត្រូវការឲ្យលោកលើកតម្កើងខ្ញុំទេ ពាក្យថោក គំនិតទាប ខ្ញុំមិនចង់ស្តាប់លោកទេ។ បុរសឡើងក្រហមស្លឹកត្រចៀក។ដោយស្រឡាញ់នាងទេវីពេក កាមាមើលមុខនាងឃើញល្អអ្វី ក៏ល្អម៉្លេះទេ ទោះកំពុងខឹងក្រញូវដូច្នោះក៏នៅតែល្អ។សម្លេងពីរោះអ្វីក៏ពីរោះម៉្លេះ ទោះគំហក ដៀលត្មះប៉ុណ្ណោះហើយ ក៏នៅតែពីរោះ។អ្នកមើលមុខនាងដោយអង្វរ ហើយពោលថា៖ ខ្ញុំទាប អ្នកខ្ពស់ បានជាខ្ញុំស្រឡាញ់អ្នក។ខ្ញុំសូមចិត្តអ្នកចុះ កុំខឹងអ្វីនឹងខ្ញុំ។ដោយស្រឡាញ់អ្នកពេកហើយ បានជាអម្បាញ់មិញ ខ្ញុំស្ទុះមកឱបអ្នក។សូមទោសអ្នកចុះ កុំប្រកាន់ខ្ញុំ។ខ្ញុំពិតជាស្រឡាញ់អ្នកមែន។ថ្ងៃនេះខ្ញុំចង់និយាយជាមួយនឹងអ្នកឲ្យបានវែងឆ្ងាយ ដើម្បីអ្នកយល់...។ ខ្ញុំមិនបាច់ស្តាប់លោកទេ។ខ្ញុំមិនចង់ស្តាប់ ខ្ញុំមិនចង់យល់លោកទេ។ កាមាខឹងឆួលក្នុងចិត្ត ដោយមើលឃើញជាក់ថា ធម៌ត្រជាក់មិនបានការ។អ្នកខាំធ្មេញដើរចូលទៅរកនាង ប្រាថ្នាគិតចាប់គំហែង ចាប់ដោយកម្លាំងតែម្តង។នារីសម្លឹងបុរសយ៉ាងកកាចបំផុត។កាមាទុចង៉ក់។នាងពោលថា៖ កាមា! កាមា! កាមា! កុំចូលជិត! តែបើចូល មានតែស្លាប់ និងរស់ប៉ុណ្ណោះ! ខ្ញុំមិនថយមួយជំហានទេ។ ឈប់! កាមា បើចង់និយាយនឹងយើងណាស់ ឈរឲ្យស្ងៀមមួយកន្លែងចម្ងាយបីម៉ែតពីយើង។អើ! ធ្វើយ៉ាងហ្នឹង បានហៅថ្លៃថ្នូរ ពេញដោយជាកូនប្រុស។ឥឡូវនិយាយមកចុះ បើពេញជាកូនប្រុសព្រះកម្ពុតមែន ខ្ញុំស្តាប់។ អ្នកជ្រាបទេ? ខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ឳពុកខ្ញុំ ព្រះកម្ពុតជាចៅហ្វាយលើភពផែនដី ចង្វាត់សិរីសោភ័ណនេះ។ខ្ញុំអាចសូមឪពុកខ្ញុំ ចូលដណ្តឹងអ្នកបាន។តែខ្ញុំគ្រាន់តែចង់ដឹងចិត្តអ្នកបន្ថែមបន្តិចទៀតទេ បានជាខ្ញុំតែងឆ្លៀតឱកាស ចង់ជួបនឹងអ្នក ដើម្បីយើងនិយាយគ្នាឲ្យដឹងដើម ដឹងចុងបន្តិច។ឳពុកខ្ញុំប្រាកដជាស្រឡាញ់អ្នកដែរ ពីព្រោះគាត់បាននិយាយដំណាលពីរឿងអ្នករឿយៗណាស់។ ឪពុកលោកតំណាលពីគ្រប់ស្រីដែលមានរូបល្អ។នេះជាការធម្មតាទេ។ ទេ! លោកប្រហែលជាចង់បានអ្នកជាកូនប្រសាដែរ។ ប្រហែលជាចង់បានខ្ញុំយកទៅធ្វើជាប្រពន្ធខ្លួនឯងទេដឹង? ឳពុកលោកជាមនុស្សមកពីអវចី ប្រពន្ធរាប់ដប់ម្ភៃ លួចកូនគេ លួចប្រពន្ធគេ។ យីអ្នក! ខ្ញុំនិយាយមិនស្តាប់ បានតែបងមានន្ទឬ ទើបនិយាយស្តាប់បាន? អើ! ខ្ញុំស្តាប់តែមានន្ទពិតប្រាកដមែន។មានន្ទជាគូសង្សារខ្ញុំ ជាប្តីខ្ញុំពេញចិត្ត។អើ! អើ! បើកាមាឯងជាប្អូនមានន្ទ ហើយដឹងថាមានន្ទជាបងកាមាឯងស្រឡាញ់ខ្ញុំហើយ ម្តេចក៏កាមាឯងមកស្រឡាញ់ខ្ញុំទៀត?ឬចង់ក្បត់មានន្ទជាបងបង្កើត? លោកក្បត់ចុះ តែខ្ញុំ ខ្ញុំមិនក្បត់ទេ។កាមា! ខ្ញុំសូមលោករកស្រីណាទៀតទៅ មិនខ្វះទេ ស្រីល្អនោះ។តែធ្វើដូច្នោះ នាំឲ្យបាក់បែកគ្រួសារយើងទេ។ទៅ! កាមាអញ្ជើញទៅចុះ។ កាមារឹតតែខឹងទៀត អ្នកសំឡក់នាងទេវីស្ទើរធ្លុះពីរបី។ខ្យលគំនុំមួយ បោកមកលើដួងចិត្តអ្នកដូចព្យុះសង្ឃរា។យ៉ាងរហ័សអ្នកបែរមុខចេញ ស្ទុះលោតកាត់គុម្ពផ្កាមួយ ពីមួយទៅមួយ តម្រង់ទៅគេហដ្ឋានព្រះកម្ពុតឳពុក។ នាងកញ្ញាទេវីបានធូរ ដូចដកបន្លាពីដើមទ្រូង ធូរចិត្ត ឈរមើលកាមាដែលបាត់ទៅ។អស់កម្លាំងហេវ នារីដើរមួយៗទៅកាន់ផ្ទះនាង៕ **********************************************

វគ្គទី៣៖រាត្រីស្ងាត់

រាត្រីស្ងាត់
រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។
លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឲ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។
ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។
នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឲ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឲ្យចង់អង្អែលលេង។
ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ ឆ្ងាយពីរបង ឆ្ងាយដល់ដើមពោធិ៍ ដែលហាក់នៅជើងមេឃ ដុះតែឯងរង់ចាំនាង។ដៃនាងធ្វើការ ភ្នែកនាងរំពៃលបមើលឳពុកនាងដែលសម្រាន្តបើកភ្នែកព្រិចៗ។
ទេវីស្រីទន្ទឹងចង់ឲ្យឳពុកនាងសម្រាន្តលង់លក់ទៅ។មួយនាទីកន្លងយូរ ហាក់ដូចមួយសតវត្សរ៍។ខាងក្រៅឆ្កែព្រុសឡូៗ ឮគួរឲ្យខ្លាច តែនាងបែរជាភ័យទៅវិញ ព្រោះខ្លាចសង្សារកម្សត់រង់ចាំនាង។ម្យ៉ាងទៀតខ្លាចក្រែងខានជួប ហើយខាននិយាយ។នារីភ័យនឹងបានជួប នារីសប្បាយនឹងជីពចរនាងដើរឮទូងៗ ធ្ងន់ៗ...។
វិសេសក្លាហានក្រោកឈរឡើង។នាងទេវីភ្ញាក់។វិសេសក្លាហានដើរទៅជញ្ជាំង ចាប់យកដាវមួយយ៉ាងវែង ហូតផ្លែដាវចេញពីស្រោម មេដៃស្ទាបផ្លែដាវ។នាងទេវីមើលកាយវិការរបស់ឳពុកនាងគ្មានចោលកន្លែងណា។វិសេសក្លាហានចាប់ដងដាវដៃម្ខាង ដៃម្ខាងទៀតចាប់ចុងដាវសាកល្បង មើលហាក់សួរដាវថា នៅរឹងប៉ឹងទេ?
ធ្វើដូច្នោះបណ្តើរ គាត់ងាកមកមើល និយាយនឹងនាងបណ្តើរ៖

កូន! ល្មមទៅចូលរកដំណេកហើយ។

នារីដាក់ភ្នែកចុះនៅស្ងៀម ឳពុកនាងបន្តទៅទៀតយ៉ាងរាយមាយថា៖
យប់ៗ កូនឯងខ្លាចអីឬ?

នាងមើលទៅឳពុកនាង ចោលញញឹមយ៉ាងស្រស់ជូនទៅលោកឳពុក រួចហើយឆ្លើយយ៉ាងស្រួយស្រេះ៖
កូនខ្លាចដែរ លោកឪពុក។
ខ្លាចអី?
ខ្លាចចោរ។
អត់ខ្លាចទេ។
មិនមែនចោរលួចអីវ៉ាន់ទេ គឺចោរចាប់មនុស្សស្រីៗនោះណា!
អី! ទៅខ្លាចអី អាចោរបែបនោះ? បើវាមក ឳពុកចាប់ដាវនេះជាចុងក្រោយបង្អស់។ឳពុកនឹងការពារកូនឲ្យបាន ដូចកាលឳពុកនៅកម្លោះ... ផ្តាំចាស់ម្តង។កុំព្រួយអី! ទៅ! ពន្លត់ភ្លើងដេកទៅ!

នាងទេវីក៏រុំអំបោះ តម្លោះរហាត់ រៀបចំទុកដាក់តាមកន្លែង ពន្លត់ភ្លើង ចូលដំណេកតាមពាក្យឳពុកនាង។
ក្នុងមុងងងឹត លើពូកដែលមានកម្រាលសស្អាត នារីគេងងើយភ្នែកទៅលើគិត។រូបប្រុសថ្លៃវិសេសមកប្រឡែងលេងនឹងនាងក្នុងខួរក្បាលនាង។ស្ត្រីសប្បាយជាពន់ពេក។
មួយម៉ោងកន្លងទៅ... ពីរម៉ោងកន្លងទៅ... ស្រីលបស្តាប់ឮសូរឳពុកនាងស្រមុកខែៗ។យុវតីត្រេកអរព្រួចគ្រលួចក្នុងចិត្ត។
កល្យាណរិះរកពាក្យសម្តីដើម្បីនិយាយនឹងសង្សាររបស់នាង។នាងគិតថា ត្រូវថែមត្រង់នេះមួយមាត់ ត្រូវបន្ថយពាក្យត្រង់នេះមួយឃ្លា រួចនាងទន្ទេញគំនិតដែលនាងរកឃើញហើយដែលនាងសន្មតថា ថ្លៃថ្លាពីរោះមែននោះ។កែវល្បងនិយាយឃ្លាឡើងវិញមួយដងជាពីរដង។
វិសេសក្លាហានសម្រាន្តលក់ស្កប់ស្កល់។កញ្ញាក្រោកពីគ្រែ ត្រចៀកប្រុងស្តាប់។គ្មានសូរអ្វីប្លែកឆ្លើយសោះ។ដល់ប្រាកដថា គ្មានឮអ្វីហើយ ទើបជីវ៉ាបើកមុងខ្វាក លបៗ បន្ថើរជើង ដើរតម្រង់ទៅមាត់ទ្វារ។នាងទាញទ្វារដោយទប់សូរមិនឲ្យឮយឺតៗ ទ្វារចំហកាន់តែធំឡើងៗ។ទេវីបញ្ឆិតខ្លួន លបស្តាប់ជាចុងក្រោយបង្អស់ ស្ទុះចេញទៅក្រៅ។
ស្រីឆោមចាប់លើកសំពត់បន្តិចហើយរត់យ៉ាងលឿនកាត់តម្រង់ទៅដើមពោធិ៍។លុះឈប់ដកដង្ហើម ហូតកន្សែងជូតញើសបើកស្បៃគ្របសុដន់បង្ហើបបន្តិចបក់បញ្ចូលខ្យល់។
ឱ! រាត្រីស្ងាត់ភ្លឺព្រិលៗ ឃើញដើមឈើឈរស្លុងៗ អ្នកហាក់មានអានុភាពអ្វីម៉្លេះ? អ្នកចាប់ចិត្ត ចាប់សតិបញ្ញាមនុស្សលោកឲ្យលង់លក់ក្នុងសុបិនមួយដ៏អស្ចារ្យដែលយើងចេតនាចង់ឲ្យតែពេលនៅនឹងដដែល ដើម្បីក្រេបទេសភាពងងឹតស្រពិចស្រពិលដែលមានលាយទឹកស្នេហាសង្សារនេះឲ្យបានអស់ចិត្ត។
ចំពោះនាងទេវីស្រីនឹងកត់ត្រាទុកក្នុងចិត្តជាប់ជានិច្ចថា រាត្រីនេះជារាត្រីធំបំផុតតែមួយក្នុងមួយជីវិតរបស់នាង។ឆោមស្រស់ចង់ឲ្យរាត្រីនេះក្លាយទៅជារាត្រីឯករបស់ប្រវត្តិសង្ខារនាង។ សង្សារស្រីចង់សរសើររាត្រីនេះ ចង់ច្រៀងតែពីរាត្រីនេះ ប្រយោជន៍ឲ្យគូស្នេហ៍ជាន់ក្រោយៗស្គាល់តែរាត្រីមួយនេះ។
ជាអវសាន កែវចាំៗៗពុំឃើញប្រុសកម្លោះមកដល់សោះ។សូរចង្រិតយំក្នុងគុម្ពស្មៅ ធ្វើឲ្យចិត្តនាងស្រើបស្រាលត្រេកត្រអាលក្រៃពេក។អំពិលអំពែកហើរចាប់ភ្នែកនាងឲ្យមើលឃើញតាម ក្រែងឆ្លុះឃើញគូជីវិតរួចដឹងថាសង្សារនៅទីណា។សូរថ្លែនផ្លាស់កន្លែងទាញឆក់ក្រដាសត្រចៀកនាងឲ្យតាមសូរ។
មិនយូរប៉ុន្មាន ស្រមោលមួយលេចចេញមក។
ស្រីឆោមត្រេកអរជាអនេក ស្ទើរលោតទៅលើមេឃ។នារីក្រោកឈររង់ចាំទទួល។ស្រមោលកាន់តែជិតមក។
លុះបុរសម្នាក់មកដល់ បុត្រវិសេសក្លាហានចោលខ្លួនទាំងស្រុង ទៅក្នុងរង្វង់ដៃគូស្នេហាដែលនាងទន្ទឹងចាំផ្លូវ ដូចគេចាំមាតាមកពីផ្សារ។ទេវីស្រីលោតឱបរឹតបុរស ថ្វីត្បិតតែរង្វង់ដៃកម្លោះនេះរឹតនាងខ្លាំងទៅហើយ។
មានន្ទពុំបង្អង់ឲ្យខាតពេលឡើយ ភក្ត្រាយុវជនឱនក្រេបលំអងក្លិននារីដោយរួសរាន់ បន្ទាន់ចិត្តដែលស្នេហាយ៉ាងជ្រាលជ្រៅ។ទេវីស្រូបក្លិនសង្សារវិញយ៉ាងតិចៗ តែយ៉ាងខ្មួលខ្មាញ់ព្រោះនាងខ្មាសច្រើនណាស់ទៅហើយ។ គឺបុរសហើយ ដែលកាត់សុបិនដ៏ថ្លៃថ្លានេះ ហើយដែលដាស់នាងឲ្យដឹងខ្លួនមកនៅលើពិភពលោកយើងនេះវិញ។
អូន! អូន! អូន!
យុវតីរឹតតែឱបគូជីវិតខ្លាំងទៅទៀត ដោយឥតឆ្លើយតបវិញឡើយ មានន្ទបន្តវាចាទៅទៀតថា៖
អូន! អូនកុំឲ្យខាតពេលយើង។
ច៎ាះ!
អូន! ម្ដេងក៏ម្ដងនេះ អូនហាក់ដូចជាញាប់ញ័រជាងសព្វថ្ងៃមួយដងម្ល៉េះ? អូនមានរឿងអ្វី អូនកើតអ្វី?
ច៎ាះ! ច៎ាះ! ខ្ញុំញ័រដោយត្រេកអរបានជួបនឹងបង ប្អូនអត់កើតអ្វីទេ ប្អូនសប្បាយ។ ទេ! ប្អូនមានទុក្ខ អូ៎! ទេ ប្អូនសប្បាយទេ។
ប្អូនសប្បាយ?
ច៎ាះ! ប្អូនសប្បាយ! ប្អូនសូមជម្រាបរឿងមួយដល់បងឲ្យបានជ្រាប។ រឿងប្អូនជាស្រីដូចស្រីឯទៀត។ រឿងប្អូនឥតប្លែកពីស្រីឯទៀតទេ។ ច៎ាះ! ច៎ាះ! រឿងប្អូនដូចជារឿងអ្នកឯទៀត... ។
មានន្ទសើចដោយឃើញថា នាងនិយាយពុំទៅមុខសោះ។ បុរសអង្រួនស្មាននាងថា៖
នែ! បងស្ដាប់បានហើយ! រឿងអ្វី?
នារីជំទើតចុងជើង ដើម្បីឲ្យមាត់របស់នាងទៅជិតត្រចៀកប្ដីនាងបន្តិចទៅទៀត៖
បង! បង!
បាទ!
ប្អូន! ... ឱ! ... ប្អូននិយាយមិនរួចទេ។ ប្អូន... ។
មានន្ទតឹងដើមទ្រូង និយាយដាច់ៗនេះជាពន់ពេក តែបុរសឃើញថា កែវកម្សត់ប្រែភេទខុសពីធម្មតាខ្លាំងណាស់។ អ្នកឱបរឹតធីតារឹតតែខ្លាំងឡើង។ អ្នកយកម្រាមដៃអង្អែលសាច់នាងថ្នមៗ រួចពោលសម្ដីយ៉ាងទន់ភ្លន់ថា៖
អូន! សូមនិយាយមក កុំឲ្យបងចាំស្ដាប់យូរពេក។ ប្អូនធ្លាប់ភប់ប្រសព្វនឹងបង ជាយូរណាស់មកហើយ។ គួរណាស់ តែអូនស្ដាប់បងឲ្យជាក់។ អូនៗ សូមទុកចិត្តបងចុះ បងនឹងជួយអូន ទោះដល់ក្ដីមរណៈក៏បងហ៊ានដែរ។ ឱ! ក្នុងជាតិនេះ បងស្រឡាញ់អូនអស់ប៉ុណ្ណឹងហើយ គឺថាឥតមានរបស់អ្វីមកប្រៀបធៀបបានទេ។ សូមអូននិយាយមកចុះ បងចាំស្ដាប់។
ច៎ាះ! ... ច៎ាះ! ... ហ៊ឺ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ។
ទេ! បងចង់ដឹងតែយប់នេះឯង។
ច៎ាះ! ហ៊ឺ! សូមចាំដល់យើងបែកគ្នាសិន។
ទេ! បងចង់ដឹងតែឥឡូវនេះឯង។
បង! បង!
នារីឱបបុរសយ៉ាងខ្លាំងជាថ្មីម្ដងទៀត រួចបន្តវាចាថា៖
ច៎ាះ! បងៗ ប្អូនខ្មាសបងណាស់។
អូនមិនស្រឡាញ់បងទេ?
អូនស្រឡាញ់ៗជីវិតមួយ។
ប្រាប់មក។
ច៎ាះ! ប្អូនមាន... ។
មានអី?
ផ្ទៃពោះ។
មានផ្ទៃ? អីអូនមានផ្ទៃពោះ?
ច៎ាះ! ប្អូនជាមាតានៃបុត្ររបស់បងចំនួនពីរខែហើយ។
បុរសចាប់មុខនាង ដៃទាំងពីរច្របាច់ដោយសេ្នហា និងដោយរីករាយយ៉ាងខ្លាំង។ នារីបន្តកិច្ចសន្ទនាតទៅទៀតថា៖
ច៎ាះ! ប្អូនមានផ្ទៃពោះ បន្តិចទៀត បុត្រមួយនឹងកើតឡើងមានរូបល្អដូចបង។ ក្នុងសាច់ សរសៃឆ្អឹងរបស់កូននេះ ឈាមបង និងឈាមប្អូនហូរលាយគ្នា។ ឱ បង! កូននោះមានឬកពាដូចបង មានសម្ដីដូចបង មានសន្តានចិត្តដូចបងមិនខាន។ បន្តិចទៀត ប្អូនបីបុត្រនោះនឹងដៃប្អូនហើយ។ ឱ! បន្តិចទៀតប្អូនបំបៅបុត្រនោះ ប្អូនចិញ្ចឹមបុត្រនោះ។ បង! បងធ្វើយ៉ាងណា? ឥឡូវនេះ? ដើម្បីកុំឲ្យអ្នកជិតផងតិះដៀលប្អូនជាស្រី! បងចោលប្អូនឬ?
ទឹកភ្នែកហូរសស្រាក់ពីភ្នែកនាងទេវី។ មានន្ទរំជួលដួងចិត្ត អាណិតសង្សារកម្សត់។ អ្នកតបថា៖
មិនអីទេ យើងរៀបការគ្នាឆាប់ៗនេះ។
កញ្ញារីករាយយ៉ាងណា អស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ ប្ដូឬរស់។
ចុះ ឪពុកបងថាម៉េច?
ឪពុកជាឪពុក ប្រពន្ធជាប្រពន្ធ!
ទេវីទទួលពាក្យនេះដោយពេញចិត្តទៀត។ ស្ត្រីសើចទាំងទឹកភ្នែករមៀល ស្រក់តក់ៗ ធ្លាក់លើទ្រូងមានន្ទ ដែលមានចិត្តខ្លោចផ្សាឥតឧបមា។
បុរសពុំចង់ឲ្យនាងយំទេ ពុំចង់ឲ្យនាងកើតទុក្ខទេ អ្នកចង់ឲ្យសង្សារសប្បាយ។ អ្នកពន្យល់នាងថា៖
កុំយំអូន! គេយំតែកាលណាស្រុកខ្ញុំគេ។ បងមិនចោលអូនទេ បងប្ដេជ្ញាថា ទោះមានរឿងរ៉ាវឪពុកម្ដាយ បងប្អូន ជំទាស់យ៉ាងណា ក៏បងយកអូនជាប្រពន្ធដែរ។ ចូរអូនកុំភ័យអី ព្រោះយើងនិយាយថា យើងសាងសុខដោយខ្លួនយើង។ យើងគ្មានគំនិត ពឹងផ្អែកផ្ដេករកសុខលើចន្ទល់អ្នកណាទេ។ អូននិងបង បានគិតហើយ បានយល់ហើយ យើងស្រឡាញ់គ្នា។ គំនិត និងបំណងនេះ ជាទេពវត្ថុ ដែលគ្មានអ្វីមករំលាយបានឡើយ។ យើងជាមនុស្ស យើងជាអ្នកសម្រេចវាសនាយើង យើងជ្រើសរើសផ្លូវយើងដើរ យើងគូសវាសជីវិតយើងដោយខ្លួនយើង នេះជាការធម្មតាទេ យើងជាយុត្តិធម៌តាមគន្លងធម៌ទៀតផង។ រីឯមាតាបិតាយើងទុកជាធំជានិច្ច ក៏ប៉ុន្តែដែលល្អប្រពៃ មិនត្រូវបញ្ចុះតម្លៃខ្លួនឲ្យទាប អាម៉ាស់ខ្លួនរហូតទៅផ្ដាច់កូន ឲ្យបែកគូគេនោះទេ។ បើមាតាបិតាខ្លះ ធ្វើដូចនេះ គឺជាមាតាបិតាប្រើអំណាចលើកូន គឺជាអំពើសង្កត់សង្កិនមនុស្ស ក៏លាមកក្រៃលែង។ ចូរអូនគិតមើល ពាក្យថាសម្លាប់ស្នេហា កាត់ចំណងមេត្រីភាព រំលាយរឿងកម្សត់ផ្សេងៗ ជាពាក្យមួយ ដែលគ្មានជនណាចង់ឮទេ។ តែកាលណា គេឮឡើង គេអារចិត្ត គេខាំធ្មេញ គេខឹង។ ឯណាយុត្តិធម៌ ឯណាសីលធម៌ ឯណាមនុស្សធម៌ ឯណាធម៌ព្រះ បើធ្វើឲ្យព្រាត់ប្រាស់គូគេនោះ? ការបង្ខំ ការបង្គាប់ ការគំរាម ការត្រួតត្រាលើចិត្ដមនុស្ស ជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នា ដែលចេះគិត ចេះគូរ។ ក្នុងលោកនេះបងសូមកុំឲ្យមានរឿងអកុសលដូចនេះទៀតឡើយ គឺសូមឲ្យគូស្នេហាបានជួបគ្នា អាចទុកដាក់ខ្លួនឯង តាមសេចក្ដីយល់ឃើញរបស់ខ្លួន។
ច៎ាះ ! ប្អូនបានធូរស្បើយបន្ដិចដែរ តែពុំដឹងជាមានរឿងអ្វីទៀតទេ ដែលអាចជំទាស់មិនឲ្យយើងជួបគ្នាបាន!
ចូរអូនដឹងឲ្យច្បាស់ថា មនុស្សអ្នកគិតការ ទេវតាអ្នកសំរេច។ ចំពោះឪពុករបស់អូន បងជឿថា លោកចាស់ហើយ ហើយលោកស្គាល់បង ដឹងចិត្ដបង ស្រលាញ់បងណាស់។
នាងទេវីដកដង្ហើមធំ។ ស្រីគ្រវីក្បាល ដោយនឹកឃើញរឿងមួយទៀត។ នាងនិយាយស្រងូតស្រងាត់ថា៖
បង ! ប្អូនមិនគួរមកស្រលាញ់បងទេ ។ ប្អូនទាបណាស់ ។ យើងខុសគ្នាដូចមេឃ និងដី។ រឿងខុសគ្នាខ្លាំងពេកនេះហើយ ដែលនាំឲ្យប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះ។ បើសិនជាប្អូនយកអ្នកក្រដូចគ្នា ម៉្លេះសមប្អូនមិនបានទុក្ខព្រួយដូច្នោះទេ។
កុំគិតដូចនោះអូន ... ខុសស្រឡះ។ នែ ! អូន ! យើងកើតមកលើលោកនេះ គ្មានអ្នកណាយកបុណ្យស័ក្ដិ និងទ្រព្យសម្បត្ដិមកជាមួយផងទេ មនុស្សកើតឡើងខ្លួនទទេដូចៗគ្នា។ សព្វថ្ងៃអូនក្រ ៗមកពីបងមាន។ ស្ដាប់បានទេ ?គឺថាទ្រព្យដែលអូនត្រូវបាន ទៅជាហូរមកចូលហឹបបងវិញ។ ឯចំនែកខាងបុណ្យសក្ដិវិញ មនុស្សត្រូវតែងចង់បាន។ ក៏ប៉ុន្ដែបើចង់បាន ត្រូវមើលនាយមើលអាយសិន។ មានខ្លះចង់បានបុណ្យសក្ដិ ខំបន្ដុះបន្ដាលខ្លួនដោយរៀនសូត្រតំរិះវិជ្ជាផ្សេងៗ ឲ្យបានចេះដឹងជ្រៅជ្រះ ហើយខិតខំធ្វើការបំរើប្រទេសជាតិ និងប្រជាជនឲ្យបានគង់វង្សស្ថិតស្ថេរចិរកាលទៅ។ ជនបែបនេះហើយដែលប្អូនត្រូវស្វែងរកឲ្យបានជួប។ ......
កាលពេលដែលមានន្ទ និងនាងទេវីកំពុងនិយាយគ្នានេះ ស្រមោលមួយលបស្ដាប់នៅជិតនោះ រួចរសាត់យ៉ាងលឿនទៅឯខាងផ្ទះនាងទេវី។ គឺស្រមោលកាមាប្អូនមានន្ទ បុត្របន្ទាត់របស់ព្រះកំពុត មេទ័ពខាងតំបន់ម្លូព្រៃ ក្រោមកិច្ចបញ្ជាការរបស់មានន្ទជាបង ដែលជាមេទ័ពនាអាណាខេត្ដសិរីសោភ័ណនេះឯង។ កាមាទៅដល់ខ្ទមវិសេសក្លាហាន ច្រានទ្វារចូល រួចបង្កូកឡើងថា៖
លោកអ៊ំ ! លោកអ៊ំ !
ចុងដាវវិសេសក្លាហានផ្ទុចមកចំចុងដង្ហើមកាមាជាស្រេច។ ស្រឡាំងកាំងក្នុងងងឹត កាមាហៀប នឹងនិយាយ តែវិសេសក្លាហានគំហកថា៖
នៅស្ងៀម អាចោរកំណាច ! ឯងហ៊ានតែកម្រើកខ្លួន ជីវិតឯងសូន្យក្នុងពេលនេះឥឡូវ !
ខ្ញុំបាទមិនមែនចោរទេ លោកអ៊ំ!
បើឯងពុំមែនចោរ ម្ដេចឯងចូលក្នុងផ្ទះអញទាំងយប់? ឯងមកមានការអ្វី ?
ខ្ញុំបាទយកការណ៍មួយអាម៉ាស់បំផុតមកជំរាបលោកអ៊ំឲ្យបានជ្រាប។
វិសេសក្លាហានគំហកថា៖
ការអ្វី អាចោរអប្បលក្ខណ៍ ? អញដឹងហើយការដែលឯងចង់និយាយនឹងអញ។ ហ៊ីសៗ ឪពុកឯង និងអញជាគូសត្រូវប្រចាំជីវិតនឹងគ្នា។ ឪពុកឯងគុំអញស៊ីសាច់ហុតឈាម។ អញគុំឪពុកឯងវិញដូច្នោះដែរ។ រាល់ថ្ងៃអញនៅទីនេះ ទន្ទឹងចាំរឿងដែលឪពុកឯងបង្កើតឡើង ដើម្បីរំលោភលើអញ។ អានាងពេលមកដល់មែន។ ឥឡូវគ្មានអ្វីច្រើនទេ ចូលមកចុះ ដកដាវឡើងកុំទុកឲ្យនៅស្ងៀមយូរទាន់ចិត្ដនៅក្ដៅៗ ដាវអញសំរាកយូរមកហើយ ទើបមកដល់ឥឡូវដាវអញមានចិត្ដរីករាយ និង មានសកម្មភាពជាថ្មី។ មកអានាង។ ឱ ! ឪពុកឯងចំជាមនុស្សកំសាកញីណាស់អីមិនហ៊ានស៊ូនឹងអញដោយខ្លួនឯងទេ? ទើបប្រើឯងមកនេះ រួចប្រើមកទាំងយប់ទៀត ! ហាសៗ ឪពុកឯងមិនសមកិត្ដិយសជាស្ដេចត្រាញ់ពិតៗនោះទេ។ ឪពុកឯងស្លាប់នឹងគ្រឿងអាវុធអញរឺ ?
កាមាសើចបើកភ្នែកធំៗ។
សូមទោសលោកអ៊ំ ខ្ញុំមិនដឹងរឿងទាំងនេះទេ។ រឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ំទេ ដែលប៉ះពាល់ដល់កិត្ដិនាមលោកអ៊ំ។ ដែលខ្ញុំមកនេះ ... ។
កុំលាក់ កុំធ្វើពុត កុំធ្វើពើ ... អើបើឯងមិនដឹង អញជាអ្នកប្រាប់ឲ្យឯងដឹង។
ទេ ៗ ៗ លោកអ៊ំ កុំទាន់អាល ខ្ញុំសូមនិយាយមួយម៉ាត់សិន។
ឱ ឯងភ័យខ្លាចស្លាប់ដែរ? ឯងមិនសមជាកូនប្រុសទេ។
ហ៊ី ! លោកអ៊ំ ខ្ញុំនិយាយមួយម៉ាត់ទេ។
និយាយភ្លាម កុំបង្អង់ អញសម្លាប់ចោលឥឡូវនេះ។
បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
ហាៗ ! អញមិនចេះសម្លាប់មនុស្សដែលឥតមានអាវុធនៅក្នុងដៃទេ នៅឲ្យស្ងៀមកុំកម្រើក។
ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។
មើលរឿងអ្វី ?
សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។
វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។
សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។
វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា៖
ហាស់ ! កូនស្រី ! ទេវី !
សូរសម្រែកឮបានតែប៉ុណ្ណោះតាចាស់យើងដួលផ្ងាខ្លួនទៅក្រោយសន្លប់បាត់ស្មារតី។ កាមាឃើញដូច្នោះ ក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែលដេកលើក្ដារមកស៊កចូលក្នុងស្រោមដូចមុន រួចផ្លោះតាមបង្អួចទៅបាត់ក្នុងទីងងឹតទៅ។ សម្រែកវិសេសក្លាហានលាន់ឮស្ទើររហែកមេឃ។ សូរសម្រែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវី ដែលកំពុងនិយាយលេងយ៉ាងរីករាយជាមួយមានន្ទជាគូគាប់ នាងឈប់ង៉ក់ដូចគេកន្ដ្រាក់។ កញ្ញាងើបក្បាលឡើងពីជង្គង់មានន្ទដោយបើកភ្នែកធំៗ ។ ដើមទ្រូងនាងញ័រយ៉ាងខ្លាំង។ ស្រីហាក់ដឹងរឿងអាសន្នអស់។ នាងច្រានមានន្ទវឹងដែលដួលទៅក្រោយ រួចរត់សំដៅទៅផ្ទះ។ មានន្ទស្រឡាំងកាំងក្រោកឡើងបោសគូទស្រែកដោយសម្លេងហៅនាង៖
ឈប់ៗ រឿងអ្វី ? ទេវីអូន !
តែនារីទៅឆ្ងាយណាស់ទៅហើយ បុរសក៏ដើរតាមក្រោយនាងទៅ ដោយឈានជើងយ៉ាងវែងៗ ប្រញាប់ប្រញាល់ឲ្យបានទាន់គូធីតាពន្លឺចង្កៀងចោះប្រលោះមួយយ៉ាងធំក្នុងអាកាសងងឹត តាមទ្វារខ្ទមដែលចំហ។ នាងទេវីទុចជើងដោយបានឃើញពន្លឺនេះ។
ពន្លឺធ្វើឲ្យនាងកើតក្ដីខ្លាច តែទោះដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះ។ ព្រលឹងនៅចុងសក់ កញ្ញាប្រឹងទប់សន្ដានចិត្ដកុំឲ្យជ្រួលច្របល់ពេក តែឥតប្រយោជន៍។ ស្រីដឹងមុនថា ទុក្ខមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយភ្លែតទៀតនេះ តែនាងយល់ថាចៀសទុក្ខនេះមិនបានផុតទេ នាងត្រូវតែប៉ះទង្គិចជាដាច់ខាត។ នាងនឹកថា មិនអីទេខ្លួននាងខុស ហើយនាងព្រមទទួលទុក្ខទាំងអស់ដោយឥតប្រកែក តែពុំដឹងជាទុក្ខនោះ មានភាព រឺ បែបយ៉ាងណានៅឡើយ។
កល្យាណកើតមានមនោសញ្ចេតនាមួយថ្មីដែលមកសណ្ឋិតក្នុងខ្លួននាង គឺចង់ដឹង។ នាងឈានជើងមួយៗចូលក្នុងផ្ទះយ៉ាងមានះ ដោយធ្មេចភ្នែកកុំឲ្យឃើញពន្លឺដ៏មហិមានេះ។ មួយជំហានដែលនាងដើរ ធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើង។ ខ្លួន ស្រីព្រលឹងហាក់ចេះតែថយក្រោយទៅវិញ។ មួយជំហានដែលនាងបានបោះកន្លងរួចមកហើយ គឺឧបសគ្គមួយដែលនាងឆ្លងរួច ស្រីហាក់បានធូរចិត្ដបន្ដិច។ ផ្ទះស្ងាត់ឈឹង ទេវីរិតតែឆ្ងល់ទៅទៀត។ នាងដើរដល់មាត់ទ្វារ។ នាងដកដង្ហើមធំម្ដង។ នាងអើតមុខចូលខាងក្នុងផ្ទះ។ ឱ ! រឿងអីដូច្នោះ ? នាងឃើញឪពុកនាងដួលដេកលើក្ដារសន្លប់បាត់ស្មារតីឥតដឹងខ្លួន។ យុវតីខ្លោចចិត្ដអាណិតឪពុក។ នាងយំយ៉ាងខ្លោចផ្សា ហើយរត់ទៅបីត្រកងលោកឪពុកជាអ្នកមានគុណ ផ្ដេកក្បាលដាក់លើភ្លៅនាង។ បុត្រីអង្រួនដាស់បិតា តែគ្មានពោក្យអ្វីសួរ អ្វីឆ្លើយសោះ។ កញ្ញាភិតភ័យកាន់តែខ្លាំងឡើងៗ។ កល្យាណងើបមុខឡើងឃើញម៉ែភួង នាងទ្រហោយំថា៖
ម៉ែភូង ជួយផង ! ជួយឪពុកខ្ញុំផង លោកកើតអី?
នាងភួងទឹកភ្នែករហាមដែរឱបជើងវិសេសក្លាហានយំដូចកូនក្មេង។
ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង។
លុះបានទឹកមក នាងទេវីលាបមុខលោកឪពុក លាបដៃជើង និង សព្វសព៌ាង្គកាយ។ គាប់ជួនពេលនោះ ព្រលឹងវិសេសក្លាហានក៏ចូលមកសណ្ឋិតកាន់រូបវិញធ្វើឲ្យមេទ័ពចាស់ងាកក្បាលចុះឡើងៗ។ នាងទេវីត្រេកអរក្រៃលែង ដូចបានឃើញឪពុកនាងមានកំនើតជាថ្មី។ ស្រីខំដាស់បោសអង្អែលទាំងទឹកភ្នែកថា៖
លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?
ដំបូងវិសេសក្លាហានហាក់ភ្ញាក់ពីដេក។ លោកឮមាត់កូនលោកខ្សាវ រួចសូរមាត់បុត្រីនេះឮកាន់តែខ្លាំងឡើងៗ។ លោកបើកភ្នែកឃើញនាងទេវីឱបលោក ឃើញនាងភួងនៅទ្រចុងជើងលោក។ មួយស្របក់ក្រោយមក កម្លាំងក៏កាន់តែមានឡើងវិញបន្ដិចម្ដងៗ ទើបវិសេសក្លាហាន នឹកឃើញរឿងដែលនាំឲ្យលោកដេកដួលនៅទីនេះ។
សេចក្ដីក្រោធខឹងមួយឆួលឆេះឡើងយ៉ាងពេញទំហឹង មករោលរាលរូបគាត់។ គាត់ក្រោកអង្គុយសម្លឹងមើលមុខនាងទេវីមិនដាក់ភ្នែក។ លោកច្រានកែវដែលធ្លាប់ជាពន្លកចេញពីខ្លួនលោក កុំឲ្យស្រីអប្បលក្ខណ៍កាន់សាច់លោកទៀត។ នាងទេវីឆ្ងល់ ឆ្ងល់នឹងកាយវិការនេះ ទើបនាងនឹកភ្លែតឡើងថា លោកឪពុកនាងជ្រាបរឿងនេះហើយ។ នាងលុតជង្គង់ ដៃទាំងពីរខ្ទប់មុខយំឮឃឹកៗ។ កញ្ញាពោលទាំងត្រដាបត្រដួសថា៖
លោកឪពុក កូនសូមទោស ! ច៎ាះ ! កូនសូមទោស លោកឪពុក ! កូនបានជាខុសចំពោះចិត្ដលោកឪពុកហើយ។ ច៎ាះ! កូនខុសពិតមែន។ កូនស្រលាញ់ ។ កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កន្ដាលអធ្រាត្រ។ កូនខុសនឹងទំនៀមទំលាប់ ខុសនឹងអ្នកមានគុណមែនហើយ។ តែសូមលោកឪពុកជ្រាបថាកូនពុំទាន់បានខុសនឹងធម្មជាតិទេ។ កូនជាផ្នែកមួយរបស់ធម្មជាតិ កូនជាមនុស្ស។
ថាហើយនាងមើលមុខវិសេសក្លាហាន។ តែទឹកមុខបិតានៅក្រហមដដែល ភ្នែកនៅតែសម្លក់ក្រឡោតដដែល មានតែថ្គាមទាំងពីរ ដែលប្រខាំគ្នាថែមទៀត នារីអស់សង្ឃឹម។ ញើសលោតចេញពីថ្ងាសនាងផ្លោតៗ ហូរតាមខ្នងនាង។ ស្ងួនភ្ងាដឹងថា ឪពុកនាងពុំប្រណីទោសនាងទេ។ ហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះ ដែលនិយាយទៅទៀត។
វិសេសក្លាហានក្រោកឈរឡើង ដង្ហើមធំៗ ខ្លីៗ មុខដូចខ្លា។ នាងទេវីរិតតែភ័យទៅទៀតឱបជើងលោកឪពុក។ នាងភួងអោជើងម្ខាង។ យូរបន្ដិចមក វិសេសក្លាហានអោនទៅចាប់បុត្រីឲ្យក្រោកឈរឡើង នាងទេវីបានធូរក្នុងចិត្ដឥតឧបមា នឹកថាឪពុកនាងយល់ព្រមអនុលោមកំហុសនាងហើយ។ វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។ កញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេក ដោយមិនដឹងថា ឪពុកនាងចង់ធ្វើយ៉ាងណា ចង់និយាយយ៉ាងណា។ លុះដល់មាត់ទ្វារហើយ វិសេសក្លាហានច្រានស្មានាងទេវីយ៉ាងខ្លាំងទៅខាងក្រៅ ដោយពន្លឺពាក្យថា៖
ទៅចុះ អញអស់មានកូនទៀតហើយ។
នាងភួងដែលឃើញរឿងចំលែកអស្ចារ្យដូច្នោះ ស្ទុះភ្លែតទៅឱបជើងវិសេសក្លាហានសាជាថ្មី ហៀបនឹងនិយាយ តែវិសេសក្លាហានច្រាននាងដួលទៅក្រោយដោយគំហកថា៖
ទេ! អញគ្មានកូនទៀតទេ។
នៅខាងក្រៅ នាងទេវីឱបដៃស្រពោនដូចផ្កាត្រូវថ្ងៃ។ នាងអស់ចិត្ដ អស់ពាក្យនឹងនិយាយ អស់គំនិតនឹងគិត។ ស្រីយំខះទឹកភ្នែកអស់ហើយ។ មួយរំពេចនេះ នាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយ គឺមុខជាដេកក្រោមដើមឈើ ត្រូវខ្យល់ ត្រូវថ្ងៃ ត្រូវភ្លៀង អត់បាយហើយចាប់ពីរាត្រីនេះតទៅ។ ទេវីបែរមើលក្នុងទីងងឹត ដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះ តែមិនឃើញផ្លូវណាសោះ។កល្យាណបែរមើលរកទិសដែលនាងត្រូវយក តែមិនដឹងជាយកទិសណាសោះ។ នាងបែរមើលដំបូលផ្ទះ។ ឱ! ដំបូលនេះដាច់ចិត្ដលែងទទួលនាងទៅហើយ។
មានន្ទមកដល់ ! ដៃប្រុសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលក្នុងផ្ទះវិញ។ ធីតាភ្ញាក់។ មានន្ទដើរយ៉ាងស្វាហាប់ចូលស្លុងទៅក្នុងផ្ទះ លុតជង្គង់ម្ខាងគ្រឹប ទៅលើក្ដារពីមុខវិសេសក្លាហាន និយាយដោយវាចាមួយៗ យ៉ាងដាច់ខាត៖
សូមទានលោកអ៊ំ រូបកូនប្រុសរបស់លោកអ៊ំ ទើបលេចចេញពីបន្ដូលចិត្ដលោកអ៊ំ។ ខ្ញុំមានន្ទ ខ្ញុំសូមប្រគល់ខ្លួន ប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ំ។ សូមលោកអ៊ំជឿថា កូនប្រុសនេះមានចិត្ដដូចលោក មានគំនិតដូចលោកអ៊ំ មានឧត្ដមគតិចំពោះជាតិ និងចំពោះប្រជាជនដូចលោកអ៊ំគ្មានខុសប៉ុនមួយចម្រៀកសក់ទេ។ ខ្ញុំសូមលើកដៃសច្ចាចំពោះមុខលោកអ៊ំថា ចាប់តាំងពីយប់នេះទៅ ខ្ញុំធ្វើការពុះពារគ្រប់បែបយ៉ាងប្រឆាំងនឹងអយុត្ដិធម៌ ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនា ប្រឆាំងនឹងគំនិតខ្ញុំគេដែលខ្មែរមាន ប្រឆាំងនឹងជនជាតិនានា ដែលគ្របសង្កត់ខ្មែរយើងជំនួសលោកអ៊ំដែលចាស់ណាស់ទៅហើយ។ ក្នុងការតស៊ូនេះ ខ្ញុំបេ្ដជ្ញាជាឱឡារិកថា ចំពោះប្អូនទេវីខ្ញុំទទួលបីបាច់រក្សាអស់មួយជីវិត ទុកនាងជាគូវាសនាពីអតីតជាតិមក ហើយជាវត្ថុមួយដ៏ថ្លៃថ្លា ដែលខ្ញុំការពាររាល់ទិវា។
វិសេសក្លាហាន មើលមុខមានន្ទដោយពុំលែងចោលសោះ។ លោកញញឹមជាសញ្ញាទទួលយល់ព្រម។ លោកងក់ក្បាល រួចលូកដៃទៅចាប់ស្មាមានន្ទ មានវាចាថា៖
ចាប់តាំងពីពេលនេះតទៅ ឯងជាកូនអញទាំងពីរ។
នាងទេវីសប្បាយចិត្ដក្នុងគ្រានោះ នឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយ។ នាងហាក់ហើបខ្លួនពីដី ហាក់អណ្ដែតត្រសែតលើអាកាសជាមួយមានន្ទ និងជាមួយឪពុកនាង កញ្ញាស្ទុះទៅឱបជង្គង់លោកឪពុកជាទីស្នេហា។ នាងភួងក៏ធ្វើដូច្នោះដែរ។ វិសេសក្លាហានបន្ដសេចក្ដីមួយៗ ដូចតទៅ ៖
កាលណាបានឯងគិតរៀបការគ្នា ?
បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។
វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។
ទេ ! មិនបានទេ
បាទពីរខែទៀត
ទេ!
បាទមួយខែទៀត
ទេ !
បើដូច្នោះតាមចិត្ដលោកអ៊ំកាលណា ? មួយអាទិត្យទៀត ?
ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។
មានន្ទឮដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រឡាស្ទង់ ញញឹមរួចទទួល :
បាទ ! បាន !
ពិធីសែនព្រេនចាប់ធ្វើឡើងមួយរំពេចក្នុងវេលានោះ។ នាងភួងត្រូវទៅដាស់លោកមេឃុំ ជំទប់មកដោយឥតបង្អង់។ នាងទេវីត្រូវធ្វើម្ហូបអាហារមាន់ទាសំរាប់សែនភ្លាម។ វិសេសក្លាហាន និងមានន្ទត្រូវកាច់ស្លាធម៌ រកទៀនធូបដោយរួសរាន់។ មិនយូរប៉ុន្មាន លោកមេឃុំ លោកជំទប់ក៏មកដល់ ភ្លើងទៀនធូបក៏ភ្លឺរន្ទាល កូនស្រី កូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នា។លោកមេឃុំ លោកជំទប់បាចទឹកឲ្យពរសព្ទសាធុការដល់គូថ្មី ដែលផ្ដិតមេដៃចុះសំបុត្រអាពាហ៍ពិពាហ៍ មិនឲ្យយូរដល់តិចតួចឡើយ។ ទើបវិសេសក្លាហានឲ្យពរជ័យដល់បុត្រាបុត្រី ឲ្យបានសុខគ្រប់ប្រការ។
សូមកូននៅជាមួយគ្នាឲ្យបានសុខ។ ឪពុកគ្មានអ្វីចងដៃកូនទេ ឪពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូន ។ ប្រទេសនេះមានទឹក ដី ព្រៃសព្វគ្រប់មុខ លោហធាតុគ្រប់មុខ។ កូនអាចនាំគ្នាកាប់គាស់ ចិញ្ចឹម ដាំ ឆ្ការ ពុពារ ទាញផលឲ្យបានបរិបូណ៌តាមចិត្ដកូន។ប៉ុន្ដែដើម្បីឲ្យផលដែលកូនរកបានមក កូនតោងធ្វើខ្លួនកូនឲ្យទៅជាម្ចាស់ស្រុកពិតៗ កូន ! កូន !...
ក្នុងពេលប្រស់ទឹកឲ្យពរនេះ វិសេសក្លាហានដួលផ្ងារខ្លួនទៅក្រោយ។ លោកមេឃុំ លោកជំទប់ មានន្ទ នាងទេវី នាងភួងក៏ផ្អើលឆោឡោ ខ្លះកោសខ្យល់ ខ្លះចាប់ ខ្លះច្របាច់ ខ្លះហៅ ខ្លះផ្ដុំត្រចៀក តែជីពចរវិសេសក្លាហាន ក៏ចេះតែវាយថយទៅៗ រហូតដល់ដាច់ខ្យល់សូន្យឈឹងតែម្ដង។ វិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះឯង។ លោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹម ព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយ ញញឹមព្រោះលោកជឿថា វរលក្ខណ៍មានបង្អែកមួយដ៏មាំមួនហើយ ញញឹមដោយពេញចិត្ដគ្មានអរិត្រង់ណា។
នាងទេវី និងមានន្ទប្ដីប្រពន្ធថ្មី កើតទុក្ខនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេ។ នាងភួងឱបជើងខ្មោចយំរអាក់រអួល រៀបរាប់ពីចិត្ដវិសេសក្លាហាន ពីគុណសម្បត្ដិវិសេសក្លាហាន។ នាងទេវីរៀបរាប់អំពីសេចក្ដីសោកស្ដាយដោយបិតានេះ ពុំទាន់បានឃើញនាងសុខ រឺទុក្ខយ៉ាងណាផងទៅថ្ងៃមុខ។ នាងរំជួលយោលយោគសោកយ៉ាងក្រៃអនេក។ មានន្ទមានទឹកមុខក្រៀមបំផុត។ ក្នុងពេលនោះ ជើងសេះឮសូរកុបៗផាយពីចំងាយមក។ មានន្ទប្រុងខ្លួនមើលទៅទិសដែលអស្សពាហ៍មក។ លុះមកដល់មុខខ្ទមកម្សត់ អ្នកជិះលោតចុះពីលើខ្នងអាជានេយ្យយ៉ាងរហ័ស។ បុរសមិនស្គាល់នេះមកគំនាប់មានន្ទយ៉ាងស្វាហាប់ រួចហុចសំបុត្រមួយដែលមានន្ទហែកមើលឃើញមានសេចក្ដីដូចតទៅ៖
សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨
ទីព្រះពន្លាជ័យព្រះកំពុត មកដល់មានន្ទមេទ័ពអានាខេត្ដសិរីសោភ័ណ

ចូលខ្លួនមកជាប្រញាប់ គ្មានបង្អង់បានឡើយ។ រឹងទទឹង មានទោសអាជ្ញាសឹក។
ព្រះកំពុត
លុះមើកូនសំបុត្រចប់ហើយ មានន្ទដកដង្ហើមធំ។ ណាមួយខ្មោចឪពុកក្មេកនៅជ្រងោ ណាមួយអាណិតដល់នាងទេវី ណាមួយព្រួយបារម្ភប្រហែលឪពុកលោកដឹងរឿងមករៀបការហើយ បានជាហៅទៅបន្ទាយយ៉ាងប្រញាប់ដូច្នោះ។ អ្នកសសៀរទៅជិតនាងទេវីកំពុងតែយំ ខ្សឹបប្រាប់ថា :
ឪពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ។
នាងទទួលសំបុត្រមកអាន។ នាងបែរមកកើតទុក្ខនឹងប្ដីទៀតហើយ។ ឱ !ទុក្ខអើយទុក្ខ ! ! គិតទៅក្នុងវដ្ដសង្សារនេះឃើញតែទុក្ខជួបតែទុក្ខ មានតែទុក្ខ។ ទុក្ខអ្វីក៏ទុក្ខម៉្លេះ មកញាំញីនាងទេវីមួយគ្រាជាពីរគ្រា រួចមកបន្ថែមលើគ្នាគ្មានស្រាកស្រាន្ដដូច្នោះ។ នាងសួរស្វាមីថា៖
មានរឿងអ្វីបង ?
ទេ មិនដឹងទេ តែអូនយកប្រាក់ពីរណែននេះទុកស្អែកទិញអីវ៉ាន់ និមន្ដលោកឆាន់ រូបបងមកជួយធ្វើក្ដារមឈូសពីព្រឹកមិនខាន។
ច៎ាះ ! បងមកកុំខានណា !
មានន្ទឮបណ្ដាំនេះព្រឺព្រួចគ្រលួចក្នុងចិត្ដអាណិតភរិយា? ព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះឯង។ បងមកកុំខានណា ពាក្យនេះឮសូរធ្ងន់ក្នុងដួងចិត្ដមេទ័ពក្មេងនេះ។ ពាក្យនេះពីរោះរកតូរ្យតន្ដ្រីណាមកប្រៀបស្មើគ្មាន។ ពាក្យនេះឮក្ដូងៗ ក្នុងបេះដូង...។ ពាក្យនេះថ្មីដរាបចង់តែឮ ចង់តែស្ដាប់ ចង់តែឲ្យនាងថាម្ដងទៀត។ មានន្ទមើលមុខនាង នាងមើលមុខមានន្ទ រួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅ ដែលអ្នកយកសំបុត្រនៅរង់ចាំ។ រួចមានន្ទប្រាប់អ្នកយកសំបុត្រថាឲ្យដើរទៅបន្ទាយវិញចុះ ។ ចំនែកអ្នកលោតលើខ្នងលេះបំផាយតម្រង់ទៅអាសនៈព្រះកំពុតជាបិតា៕
****************************************
វគ្គទី៤៖សពស្នេហា

រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។ ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក គេឮសូរធម៌លាយទៅក្នុងអាកាសអន្ដែតទៅតាមខ្យល់ ច្រានព្រលឹងនាងទេវីកំព្រាឲ្យទៅខ្ពស់តែអែង ដល់ស្ថានមួយដ៏ចម្លែកដែលអ្នកផងទៅមិនដល់។ សូរធម៌នាំឲ្យចិត្ដនាងរីកធំ ស្គឹកឆួលប្លែក សូរធម៌ចូលទៅក្នុងក្រឳចិត្ដនាង សូរធម៌នាំឲ្យកើតសង្វេគ ភ្លឹកភ្លាំងអស់ស្មារតី។ ធីតាចង់ឲ្យបិតានាងរស់ឡើងវិញ និយាយឡើងវិញ អង្គុយឡើងវិញ ដើរឡើងវិញ តែរូបកាយសពនៅធ្មឹងឥតធ្វើតាមចិត្ដនាងចង់នេះសោះ។ កញ្ញានឹកដល់ទឹកមន្ដដែលគេអាចប្រោសមនុស្សឲ្យរស់ជីវិតវិញបាន។ បើមានមែន កញ្ញានឹងយកមកធ្វើឲ្យឪពុកនាងរស់ដោយទឹកមន្ដនោះ ឲ្យឃើញយ៉ាងជាក់ស្ដែងឡើង។ បើបានដូចនោះមែន ម៉្លេះពុំដឹងជាសប្បាយយ៉ាងណាទេ។ តែគ្មានសោះ។
កញ្ញានឹកដល់សង្ខារឪពុក ដែលចេញពីរូបទៅពុំដឹងជាទៅណាហើយទេ។ តាមពាក្យចាស់គេថា មនុស្សស្លាប់ ព្រលឹងមិនទាន់ដឹងខ្លួនទេ ព្រលឹងនេះនៅវិលវល់ជិតៗនោះ ពេលយប់ដេកលើចុងឈើ ពេលថ្ងៃដើរលើលោកយើងនេះ។ តែដល់ផុតមួយអាទិត្យទៅ ព្រលឹងនេះទៅសោយសុខនៅឋានសួគ៌ រឺ ទៅសោយទុក្ខនាឋាននារក រឺ ទៅកើតទៀតនៅភពឋានកណ្ដាលយើងនេះ។ស្រីឆោមអាណិតឪពុកនាងយ៉ាងគ្រលួចក្នុងដួងចិត្ដ។ នាងចោទសួរទៅទៀតថា រឺមួយមនុស្សស្លាប់ទៅសូន្យសោះតែម្ដង។ បើពុំសូន្យទេគួរតែយកវត្ថុនេះ នោះមានអង្ករ ឆ្នាំង ទ្រព្យសម្បត្ដិ បុណ្យសក្ដិទៅជាមួយផងបាន។ នេះគ្មានយកអ្វីទៅបានសោះ វត្ថុដែលប្លុងនៅជ្រងោនឹងមុខនាង។ ប្រសិនបើមានព្រំដែន ពីសេចក្ដីរស់ទល់នឹងសេចក្ដីស្លាប់ ហើយបើមានគេអាចលាគ្នាបាន ម៉្លេះនាងសំពះលាឪពុកនាងរួចប្រុងប្រៀបរៀបចំបាយទឹក ស្បៀងអាហារ ចានក្បាន ខោអាវ ខ្នើយ មុងជូនលោកឪពុកនាងមិនខាន។ ឱ! ក្នុងពេលនេះហើយ ទើបនាងនឹករលឹកដល់ធម៌ព្រះពុទ្ធបរមគ្រូដែលអធិប្បាយហាក់ដូចលេងសោះថា ស្លាប់គឺធ្វើដំនើរចេញពីផ្ទះទៅដោយឥតប្រាប់អ្នកណា ដោយឥតយកអ្វី ដោយឥតគេមើលឃើញ ស្លាប់គឺចែកឋានគ្នាជាពីរស្រលះ។ ស្រីស្រស់ភ្ញាក់ស្មារតីទៀតថា ព្រោះហេតុនេះហើយបានជាឪពុកនាងពុំស្រលាញ់ទ្រព្យ រឺ បុណ្យសក្ដិ រឺ ប្រាក់កាសដូចគេ រួចបែរជាស្រលាញ់កេរ្តិ៍ឈ្មោះល្អវិញ។ ឱ ! មានតែកេរ្តិ៍ឈ្មោះល្អនេះទេ ដែលគង់វង្សនិត្យនៅជានិច្ចលើលោកនេះ។ វត្ថុនានាសឹងជាវត្ថុអនត្ដាដែលវិនាសអន្ដរាយទៅវិញទាំងអស់។ អ្នកព្យាយាមប្រមូលធន ឪពុកនាងប្រមូលកិត្ដិនាម។ អ្នកផងឱបក្រសោបទ្រព្យធ្វើជាដើមទុន ឪពុកនាងទុកឈ្មោះដើមទុន។ កញ្ញាទេវីយល់ថា ឪពុកនាងមានចិត្ដខ្ពស់ពិតមែន ត្បិតលោកស្គាល់តម្លៃពិតរបស់ជីវិតមនុស្ស ហើយបានដើរផ្លូវត្រូវផង។ អាស្រ័យហេតុនេះ កំលាំងមួយហាក់មកសណ្ឋិតក្នុងខ្លួននាង ធ្វើឲ្យឆវីកម្សត់រីកកាយរួចជឿថា ឪពុកនាងមុខជាទៅកើតនៅឋានសួគ៌បានសប្បាយមិនខាន ពីព្រោះក្នុងលោកយើងនេះ ក្នុងសង្គមខ្មែរយើងនេះ ចំពោះជនជាតិខ្មែរយើង ឪពុកនាងបានបូជាពលិកម្មគ្រប់យ៉ាងស្រេចអស់ហើយ។
ទឹកភ្នែករីករាយពីរដំនក់ហូរធ្លាក់ពីភ្នែកនាង។ នៅវេលាថ្ងៃបែរបន្ដិច ក្ដារមឈូសរបស់លោកវិសេសក្លាហានដើរព័ទ្ធជុំវិញប៉ាឆាចំនួនបីជុំ ដូចតែក្ដារមឈូសមនុស្សឯទៀត រួចឡើងយឺតៗ ទៅទំនៅលើគំនរឧស។ អគ្គីឆាបឆេះឡើងចោលអណ្ដាតធ្លោកាន់តែខ្លាំងឡើង។ ភ្លើងឆេះឧសទេ តែដូចឆេះបន្ដូលចិត្ដទេវី។ ធីតាគយគន់មើលសព្វគ្រប់ទាំងអស់ តាំងពីកម្ទេចភ្លើងដែលហុយឡើងទៅលើអាកាស ដោយពុំលែងភ្នែកចោលឡើយ។ យុវតីចង់ផុតយំហើយ នាងរង់ចាំស្វាមីសម្លាញ់របស់នាង តែពុំទាន់ឃើញមកសោះ។ភ្លើងឆេះកាន់តែខ្លាំងឡើង នាងទេវីឆួលរអាក់រអួលកាន់តែខ្លាំងឡើងដែរ។ កល្យាណអាណិតឪពុកនាង ដែលឥលូវដូចគល់ឧសមួយដែរ។ ស្រីជូនលោកមកបានតែត្រឹមប៉ាឆានេះទេ។ ចាប់ពីពេលនេះទៅ នាងអស់បានឃើញមុខលោកទៀតហើយ។ ទឹកភ្នែកដែលខះក៏ស្ទុះបម្រាសបានពីរបីតំណក់ទៀតចេញមកក្រៅជាចុងក្រោយបង្អស់។ នារីហាក់ឃើញព្រលឹងឪពុកនាង ឡើងពីមឈូសទៅតាមផ្សែងភ្លើង។ រួចមានពួកមច្ចុរាជមាឌធំៗ មាំៗ មកនាំឪពុកនាងទៅ។ អគ្គីឆេះរូបវិសេសក្លាហានដែលមានសាច់របេះ ឆេះឮសូរគួរឲ្យព្រឺក្បាល។នាងទន្ទេញក្នុងចិត្ដថា ឪពុកនាងកើតឡើងជាខ្មែរ បានធ្វើការជូនជាតិខ្មែរ បានរស់ក្រលំបាកដូចខ្មែរអែទៀត រួចបានស្លាប់ទៅវិញជាខ្មែរជាខ្មែរស្នេហាជាតិទៀតយ៉ាងពិតប្រាកដ។ អនុស្សាវរីយ៍និមួយៗ រឿងនីមួយៗ ដែលផុសឡើងក្នុងមនោគតិរបស់នាងទេវីសុទ្ធសឹងជាវត្ថុដ៏ថ្លៃថ្លូរដែលមកទង្គិច និងចំណុចខ្សោយនៃចិត្ដរបស់នាង។ភ្លើងឆេះ នាងមើលភ្លើង នាងស្គាល់សូរសាច់ដែលផ្ទុះ នាងរកាំណាស់ តែអនុស្សាវរីយ៍នៃជីវិតឪពុកនាងចេះតែមានមកហូរហែបន្ដៗគ្នា។ រឿងនីមួយៗ ដែលនាងនឹកឃើញសុទ្ធសឹងជារឿងដែលទាញទឹកចិត្ដឲ្យទោរទន់ល្វីងចត់ប៉ុណ្ណោះ។ ឱ ! ជីវិតមនុស្សគិតទៅអស្ចារ្យមែន កើតមកមានប្រុសស្រី ក្មេង ចាស់ មានស្លាប់ មានកើត មានឈឺ មានជរា។ រីឯសន្ដានចិត្ដវិញក៏ប្លែកដែរ។ ចិត្ដកូនចំពោះឪពុកម្ដាយមានជំរៅមួយបែបទៅ។ ចិត្ដប្ដីចំពោះប្រពន្ធមានទម្ងន់មួយបែបទៅ។ចិត្ដគូសង្សារស្រលាញ់គ្នាមានអាថ៌កំបាំងដែលជាក់ជានិច្ច។ ឯចិត្ដទាំងអស់នេះប្រទាក់ប្រទងគ្នាយ៉ាងក្រៃអនេក។
នៅលើចំណងដែលជំពាក់គ្នាស្មុកស្មាញនេះមានទង់ពីរ គឺទង់ទុក្ខ និងទង់សុខ។ ទង់ទាំងពីរនេះរលុបរលាយនៅពេលតែមួយដូចៗគ្នាក្នុងគ្រប់រូបមនុស្ស រឺសត្វ គឺសេចក្ដីស្លាប់។ អាស្រ័យហេតុនេះអ្នកប្រាជ្ញទាំងឡាយដែលចំណានខាងវិជ្ជាគ្រប់គ្រងមនុស្សតើលទ្ធិណា មានជំរៅជាងគេដែលអាចដោះស្រាយបញ្ហាជីវិតមនុស្សឲ្យបានស្ដាល់តែសុខមួយមាត់?។ តាមយើងដឹង សព្វថ្ងៃមានលទ្ធិពីរដែលមានទ្រិស្ដីចោទបញ្ហានេះចំពីមុខគឺលទ្ធិមនុស្សដែល មនុស្សធ្វើ និង លទ្ធិព្រះដែលព្រះតែង។ លទ្ធិមនុស្សរកសុខឲ្យមនុស្សដោយប្រឹងប្រែងដោះស្រាយចំណោទសេដ្ឋកិច្ច ប្រើវិទ្យាសាស្រ្ដបង្កើតផលឲ្យបានបរិបូណ៌ រួចធ្វើវិភាគកម្មចែកផលនោះឲ្យមនុស្សគ្រប់ៗគ្នា មានស៊ី មានផ្ទះនៅ មានសម្លៀកបំពាក់មានថ្នាំពេទ្យ មានសំភារៈប្រើប្រាស់គ្រប់យ៉ាង។ លទ្ធិនេះនឹកស្មានថា ធ្វើបានប៉ុណ្ណោះ មនុស្សបានសុខផុតអស់ទុក្ខហើយ។ សួរថា តើអស់ត្រឹមប៉ុណ្ណោះ រឺអ្វី រឿងមនុស្សនោះ? ឱ ! ទេមិនទាន់អស់ទេ លទ្ធិព្រះគិតដូចខាងលើនេះដែរ តែដល់ពេលនោះ ព្រះបន្ដទៀតថា មនុស្សរកសុខមួយទៀត គឺសុខគ្មានទុក្ខពិតៗ មែនៗសុខនេះគឺព្រះនិព្វាន។ ហេតុនេះ មានតែលទ្ធិព្រះទេ ទើបចប់ចុងចប់ដើម គឺឋានព្រះនិព្វានជាឋានគ្មានរូបគ្មានខន្ធ គ្មានតណ្ហា ជាស្ថានសន្ដិភាពពិតៗ។ គឺឋានអស់កើត អស់ស្លាប់ អស់ទុក្ខ មានសុខតែមួយជាទីអវសាន។ ទស្សនៈដូចមានខាងលើនេះជាទស្សនៈដែលកើតក្នុងមនោគតិនាងទេវី ព្រោះសមុទ្រទុក្ខធ្វើឲ្យមនុស្សចេះគិត។
លុះល្ងាចជ្រេព្រះសុរិយា នាងទេវីរើសឆ្អឹងខ្មោចឪពុកជាទីស្នេហាមកទុកដាក់អែទីវត្ដអារាមតាមសមគួរ។ នៅផ្ទះនាងភួងជួយលក់ដូររកប្រាក់ចញ្ចឹមនាង។ ចំនែកមានន្ទប្ដីនាង បាត់សូន្យមិនឃើញសោះ៕
*********************************************
វគ្គទី៥៖បណ្ដាំបង
បណ្ដាំបង
មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។
ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។
អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។ សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារបស់ខ្លួន ក៏មានវាចាខ្សឹបៗថា៖
បងកោប បងឯងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?
គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា៖
បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់ឪពុករបស់លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។
ឪពុកខ្ញុំនៅទេ ?
នៅហ្នឹង!
ចុះបងកោប ឯងមានឮសូរមាត់គាត់និយាយអ្វីទេ ?
ទេ ! អត់ទេ !
តាំងពីល្ងាចមក គាត់សម្រាន្តហើយ រឺ នៅ?
នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
ការផ្ទាល់ខ្លួន !
ការអ្វី ?
មានន្ទទះស្មាកោបមួយផូង សើច ធ្វើដោយមេត្រីភាព៖
ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ ឥឡូវយកសេះខ្ញុំទៅទុកចុះ។ នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបណ្ដើរ សួរបណ្ដើរទៀតថា៖
ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?
ការចិត្ដ តែឥឡូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង ឪពុករបស់ខ្ញុំ។
បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ...!
ឆ្គួត !
បើមានរឿងអ្វី សូមលោកគ្រូអាណិតប្រាប់ខ្ញុំឲ្យឆាប់ផងណ៎ា !..
យល់ព្រម
មានន្ទក៏ស្ទុះឡើងកាំជន្ដើរទៅលើផ្ទះ។ នាយកោបក៏ដឹកសេះយកទៅទុក។ មានន្ទដើរយ៉ាងមាំមួនចូលទៅក្នុបន្ទប់ព្រះកម្ពុត។ គឺជាបន្ទប់មួយធំ ជញ្ជាំងលាបពណ៌បៃតងខ្ចីស្រស់។ នៅជញ្ជាំងនីមួយៗមានព្យួរផ្ទាំងគំនូរចាស់ៗ គូរដោយដៃសិប្បករយ៉ាងចំណាននៃសម័យព្រងនាយនោះ។ នៅលើក្ដារ គឺកម្រាលល្អឆើតឆាយរំលេចដោយរូបភាពសត្វផ្សេងៗ និងរុក្ខាលតាវល្លិប្លែកៗដោយពណ៌ស លឿង ក្រហម បីដូចពណ៌ធម្មជាតិមែនៗ។ ក្រៅពីនេះចក្ខុយើងចាប់ភ្លឹកស្ញប់ស្ញែងដល់តុ ទូ កែវកង ដែលរៀបចំយ៉ាងប្រពៃ។ វត្ថុទាំងអស់សុទ្ធសឹងតែលាងដុសខាត់ស្អាតរលោងរលើបស្ទើរឆ្លុះមុខបាន។ គ្រឿងលំអទាំងពួងមានកែវកងជាដើមសឹងធ្វើអំពីប្រាក់ និង មាសយ៉ាងរុងរឿង។ នៅខាងមុខបន្ទប់ដ៏ស្ដុកស្ដម្ភនេះ ព្រះកម្ពុតកំពុងធ្វើការ អង្គុយសរសេរនៅលើតុធំមួយ។ គឺជាមនុស្សម្នាក់ប្រមាណ ៥០ឆ្នាំ ភ្នែកលៀនសក់ស្កូវល្បាយអាចម៍ខ្លា ថ្ងាសខ្ពស់។ នៅពីក្រោយខ្នងស្ដេចសឹកនេះ គេសង្កេតឃើញអាវុធគ្រប់បែប គ្រប់យ៉ាងដែលព្យួរនៅជញ្ជាំង មានកាំបិតស្នៀត ដាវ ធ្នូ ព្រួញ ខែល ជាដើម។
បណ្ដាំបង
មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើឪពុកអ្នកជំទាស់នឹងរឿងនេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។ នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រឹតតែថប់ដង្ហើមឡើងៗបុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការកោះហៅខ្លួនអ្នកមកនេះ ។ នឹងយករឿងនាងទេវីមកនិយាយដោះសាជម្រាបលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំឲ្យឪពុកអ្នកបង្ហើបរឿងមុនឪពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអាកប្បកិរិយារបស់ព្រះកម្ពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅដើម្បីរកកូនកន្សែងមកជូតញើស ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តឲ្យចាកផុតអំពីរណ្ដៅចង្អៀតចង្អល់ ដែលអ្នកជួបប្រទះមកនេះ។ មានន្ទក៏ហុចសំបុត្រដីកានោះជូនព្រះកម្ពុតដោយគោរព។
ព្រះកម្ពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា
ឯងទើបមកពីណា ?
មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសម្ដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង។
លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?
ព្រះកម្ពុត សម្លក់មានន្ទចុងភ្នែកជាថ្មី។
អញមិនមែនឪពុកឯងទេ ?
មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា
បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?
ព្រះកម្ពុតក្រោកឡើងគំហកវិញថា
អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?
មានន្ទសើច៖
ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។
ព្រះកម្ពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។ ព្រះកម្ពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សម្លេងថា៖
ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?
មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា៖
ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។
ព្រះកម្ពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចឲ្យមានន្ទ ។ វីរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាងស្រួល។ ឃើញដូច្នោះ ព្រះកម្ពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួចពោលវាចាឡើងញ័រៗថា៖
កូនឯងអាចមើលសំបុត្រនេះឥឡូវ។
មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សម្លឹងមើលមុខឪពុកដោយប្រឹងរិះរកមើលរឿងដែលឪពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិការ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា
លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?
ព្រះកម្ពុតញញឹម៖
មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។
ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?
ព្រះកម្ពុតបើកភ្នែកធំៗ តបវិញថា
ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!
ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ ... !
គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។
មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកម្ពុតថយខ្លួនចេញមក។ ព្រះកម្ពុតស្រែកហៅមានន្ទថា៖
មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង... ។
ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។
សូមលោកពុកនៅឲ្យបានសុខសប្បាយ។
មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរសក្រឡេកឃើញឪពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញកាមាប្អូនប្រុសអ្នក។
មាណពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖
ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។
បាទ
កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា៖
កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?
កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា៖
បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?
បាទដូចគ្នា។
ប្អូនស្រលាញ់បងទេ ?
មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?
មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា៖
បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។
មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។
វត្ថុនេះជាអ្វីបង នៅឯណា?
ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។
មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។
វត្ថុនោះគឺមនុស្ស។
អី គឺមនុស្ស ?
អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
យីមនុស្សស្រីនោះនៅឯណា?
នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!
នែ ! ការនឹងអ្នកណា ?
ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
យី ! អីបងការហើយ ?
កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។
តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ ... ។
អី វិសេសក្លាហានស្លាប់ហើយ ?
ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។
អូ ! អីនាងមានទម្ងន់ផង ?
ពីរខែហើយ ។ កាមាប្អូន។
បាទ!
ការដែលប្អូនត្រូវធ្វើ គឺ៖
ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល
ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ
ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?
បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។
ប្អូនហ៊ានស្បថឲ្យបងទេ ?
កាមាថយបីជំហានក្រាក លើកដៃទៅលើ។
ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។
កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។
ថាហើយមានន្ទស្ទុះទៅឱបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាឲ្យពលទាហានប្រុង រួចកងទ័ពដើរទៅមុខយ៉ាងសម្បើមកក្រើកភពផែនដី។
**************************************
វគ្គទី៦៖ភ្លើងរាគៈ

ក្រោយពីរាត្រីកំសត់ដែលសម្បូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំណុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកាយ៉ាងខ្លាំងក្រៃអនេក។ ស្រ្ដីអស់កម្លាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ ឪពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់ហើយ។ តែទុក្ខមួយថ្មីទៀតដែលមានទម្ងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ ... ឱ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វីបានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ... ចាំៗ ចាំរងកម្មរហូត។
ក្រោយមក ដោយពុំឈ្នះនឹងចាំ នាងបានឲ្យនាងភួងជាមាតាទៅស៊ើបសួរគេ ទើបនាងដឹងថា ប្ដីកល្យាណអ្នកមានដំនើរទៅឆ្ងាយណាស់ទៅហើយ។ នាងយំ យំជានិច្ច ត្បិតជីវិតនាងជាជីវិតសម្រាប់តែយំទៅហើយ។ ឱ! ប្រុសប្រសើរ ! អ្នកទៅ ទៅក៏ទៅចុះ តែទៅដោយគ្មានដំណឹង ទៅដោយធ្វើកន្ដើយ ហាក់ដូចគ្មាននាងសោះក្នុងជីវិតរបស់ប្រុសតែមួយនេះ។ គេទៅ .. ឱ ! គេទៅ ពាក្យនេះអីក៏មានជម្រៅក្រៃម្លេះ? គេទៅបាត់ ... ឱ ! ពាក្យនេះធ្វើឲ្យព្រឺសព្វសាច់អីម៉្លេះទេ បាត់ស្ងាត់សូន្យៗលើភពផែនដី សូន្យក្នុងភូមិ សូន្យពីចក្ខុនាង។ ពុំងានឹកស្ដាយ ស្ដាយត្រង់មុនទៅស្រីពុំដឹង ខានមិនបានមើលមុខប្រុសឲ្យជាក់ច្បាស់ ដើម្បីចាំទុកឲ្យច្បាស់ក្នុងចិត្ដ ... ស្ដាយត្រង់ពុំបាននិយាយគ្នា លាគ្នា ចាប់ដៃគ្នាជាចុងបង្ហើយ។
ជីវិតឥតគូ ជាជីវិតសាបសូន្យ ជីវិតធេងធោង គ្មានគោល គ្មានប៉ោលទេ គ្មានត្រើយ គ្មានទីដៅ គ្មានអុត្ដមគតិ ជាជីវិតកំព្រា រងាសង្វេគ។ គឺក្នុងគ្រាព្រាត់នេះហើយ ដែលមនុស្សមានមនោគតិច្រើនៗ រហូតដល់ទៅគ្មានវង្វាស់រង្វាល់។ គឺក្នុងគ្រាព្រាត់គ្នានេះហើយដែលមនុស្សមានមនោសញ្ចេតនាគ្រប់បែប គ្រប់យ៉ាងឥតគណនាបានឡើយ។ ខ្យល់ដែលបក់ បក់មកប៉ះសាច់ គឺរលកនៃចិត្ដស្នេហាដែលមកដាស់អារម្មណ៍ឲ្យនឹកឃើញអនុស្សាវរីយ៍ចាស់ ដែលធ្លាប់នៅជាមួយគ្នា។ ស្លឹកឈើដែលជ្រុះ ជ្រុះលើសន្ដានចិត្ដគូកំសត់ ធ្វើឲ្យនាងនឹកស្ទើររលេះរលួយអស់ប្រមាត់បេះដូង។ ភ្លៀង ផ្គរ រន្ទះ ធាតុទាំងនេះញាំញីទឹកចិត្ដឲ្យខ្មួលខ្មាញ់ដែលទាញទឹកភ្នែកឲ្យហូររហាមជានិច្ច។ សត្វដែលយំ យំក្នុងទ្រូងរៀបរាប់ទុក្ខសុខរបស់គូសង្សារដែលព្រាត់ទៅម្នាក់ឯង។ អំពិលអំពែកដែលហើរៗ រាយមាយ ហើរពេញភ្នែកជនដែលស្រលាញ់ដែលនឹក។
នាងទេវីនឹកដល់ប្រុសខ្លាំងពេក ទៅជាស្រមៃឃើញអ្នកកាន់ទ័ពដើរកាត់ព្រៃលំបាកវេទនា ឥតដេកពួន ឥតបាយទឹក។ ស្រីស្រងេះស្រងោចគ្រវីក្បាលថា៖ *ឱ ! គេមានការធ្វើច្រើនណាស់ គេពុំមានពេលនឹកនាងដូចនាងនឹកគេទេ។ ការគេ បំភ្លេចគេ។ ចំនែកនាងវិញ នាងមានការដែរ គឺលក់ដូរអីវ៉ាន់ មានដូង ស្លា ម្លូ សាច់ត្រី ស្រូវ អង្ករជាដើម ដើម្បីចិញ្ចឹមជីវិតជាមួយនាងភួង តែក្នុងការនីមួយៗ ក្នុងវត្ថុនីមួយៗ មានទឹកចិត្ដស្នេហាប្ដីលាយទៅជាមួយផង ដែលបណ្ដាលឲ្យនាងនឹកគេជានិច្ច។ គិតទៅចិត្ដប្រុសឆាប់ដាច់ពីស្រីណាស់។
នឹកឃើញដូច្នោះ នាងយំម្នាក់ឯង។ ថ្ងៃមួយព្រះអាទិត្យរះជ្រះស្រឡះមេឃ នាងទេវីកំពុងរៀបចំផ្ទះ ស្រាប់តែនៅមាត់ទ្វារនាងភ្ញាក់ខ្លួនព្រើតមុខឡើងស្លាំងដោយឃើញកាមាជាប្អូន ដែលសើចរកនាងយ៉ាងក្អាកក្អាយដូចមុន។ ទេវីភ័យញ័រអស់សព្វសព៌ាង្គ។
ម៉េចសុខសប្បាយជាទេ ?
ថាហើយ កាមាចូលជិតស្រីដែលថយក្រោយក្រាក។
សុខនិងទុក្ខមានជាធម្មតា!
បុរសអង្គុយលើកៅអីយ៉ាងខែងញញឹមស្រស់។
ខ្ញុំមកនេះមានការបន្ដិច។
ការអី ?
ខ្ញុំសូមជម្រាបថា បងមានន្ទស្លាប់ហើយ !
យី ! អីបងមានន្ទស្លាប់ ?
នារីយំខ្សឹកខ្សួល បន្ដពាក្យទៅទៀតថា
អីបងមានន្ទស្លាប់ ! ឱបង ! ប្អូនមុខជាស្លាប់ផងហើយ។
កាមាសើច នារីស្ទើរទន់ជង្គង់ អង្គុយចុះលើក្ដារ។
ទេ! អ្នកមិនត្រូវស្លាប់ទេ។ ដូចអ្នកជ្រាបស្រាប់ហើយ។ បងមានន្ទបានផ្ដាំថា ឲ្យខ្ញុំជួយបីបាច់រក្សាអ្នក។ ក្នុងពេលនេះដំណឹងប្រាកដ គឺមានន្ទស្លាប់បាត់ទៅហើយ។ គាត់ស្លាប់ព្រោះគាត់ជាមនុស្សអាក្រក់ឃោរឃៅ ចិត្ដឫស្យាណាស់ កាប់សម្លាប់មនុស្សរាប់រយពាន់នាក់ដុតផ្ទះសម្បែងគេ ដែលជាមនុស្សស្លូតត្រង់ បង្រាសពង្រាត់ប្រពន្ធកូនគេ លួចប្លន់គេឯងក្នុងព្រៃ។ ថ្ងៃនេះខ្ញុំសូមចិត្ដអ្នក សូមនិយាយនឹងអ្នកឲ្យអស់ទៅចុះ គឺខ្ញុំសូមដណ្ដឹងអ្នកជាភរិយាស្មោះស្ម័គ្រដើម្បីរក្សាអ្នកតរៀងទៅ។ តើអ្នកមានយោបល់យ៉ាងណា ?
ទេៗ សូមទោសលោកចុះ ខ្ញុំជាស្រីមេម៉ាយហើយ។
អ្នកៗ ស្ដាប់ឲ្យបាន ! ខ្ញុំពុំបានធ្វើបាបអ្នកទេ គឺខ្ញុំបម្រុងយកអ្នកធ្វើជាប្រពន្ធពិតៗ របស់ខ្ញុំ ព្រោះថា កាលពីបងមានន្ទនៅរស់ ខ្ញុំក៏ពុំដែលមានពាក្យអ្វីដូច្នេះដែរ តែបើឥឡូវបងមានន្ទស្លាប់បាត់បង់ជីវិតទៅហើយ គប្បីពាក្យស្នើរបស់ខ្ញុំបានសំរេចផងដែរ។ អ្នកនៅទំនេរធ្វើអ្វី នាំឲ្យសត្រូវមើលងាយទេ។
ខ្ញុំទម្ងន់ជិតគ្រប់ខែទៅហើយ។
មិនអីទេ កូនបងមានន្ទក៏ដូចកូនខ្ញុំដែរ។ ខ្ញុំធានាបីបាច់រក្សាកូននេះឲ្យដូចកូនខ្ញុំបង្កើត។
ខ្ញុំកំពុងមានទុក្ខព្រួយនឹងប្ដីខ្ញុំខ្លាំងណាស់។
កាលណាអ្នករៀបការនឹងខ្ញុំទៅ ទុក្ខនេះនឹងវិនាសទៅឯងហើយ។
ខ្ញុំជាស្រីមេម៉ាយទៅហើយ។
រឿងនេះខ្ញុំគ្មានប្រកាន់អ្វីទេ។ ខ្ញុំដឹងថាអ្នកមេម៉ាយហើយ!
ម្ដេចលោកមិនគិតទៅរករៀបការនឹងគេឯទៀតទៅ ?
ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអ្នកមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអ្នកតែមួយ។
សូមលោកកុំស្រលាញ់ខ្ញុំ ខ្ញុំជាមនុស្សអភ័ព្វណាស់ . . . ។
វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។
ខ្ញុំមិនចង់បានប្ដីទៀតទេ។ អាណិតខ្ញុំទៅ។
នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។
សូមលោកកុំពាល់ខ្ញុំ!
អ្នកៗ អ្នកមិនឲ្យខ្ញុំពាល់ឯណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ។
នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា៖
លោកៗ អាណិត អាណិតខ្ញុំទៅ!
កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់ឯង៖
ឯងស្រលាញ់អស់ប៉ុណ្ណឹងហើយ ។ ឱ ! ខ្ញុំមានតែទុក្ខទេជាតិនេះ ទុក្ខៗ ព្រោះស្រីតែមួយ។ ឯងបានអង្វរគេយ៉ាងគោរព គេមិនស្ដាប់ខ្ញុំ។
ថាហើយ បុរសស្ទុះភ្លែតទៅចាប់នាង ចាប់ឱបរិតនាងយ៉ាងខ្លាំង។ នារីប្រឹងបំរះយ៉ាងណា ក៏មិនរួចពីកន្ដាប់ដៃយក្ខកំនាចនេះ។ ភ្នែកដែលនាងយំ អ្នកមើលឃើញរឹតតែល្អឡើង។
អ្នក ! ខ្ញុំពិតជាស្រលាញ់អ្នកមែន!
ទេៗ !
ខ្ញុំសុខចិត្ដអ្នក . . . !
ទេ . . . ទេ . . . ទេ . . . !
ខ្ញុំសូមរួមវាសនានឹងអ្នក ។
ទេ . . . ទេ . . . កុំធ្វើដូច្នោះ !
មហាចោរនៅទល់ដែន
កាមាខឹងយ៉ាងខ្លាំង ក៏ច្រាននាងមួយទំហឹងដៃទៅមុខ ដួលខ្ពោកលើក្ដារ។ នាងទេវីភ្ញាក់ងើបឡើង កាមាស្ទុះទៅទៀត ចាប់នាងច្របាច់យ៉ាងខ្លាំងនឹងម្រាមដៃ។
ម្ដេចមិនស្រលាញ់អញទេរឺ ?
ខ្ញុំសូមលោកអត់ទោសចុះ!
យី ! មីនេះអញសម្លាប់ចោលឥឡូវ។
លោកអើយអាណិតខ្ញុំទៅ!
ភ្នែកនាងហាក់ដូចធំៗក្រៃលែង ។ ដៃដែលចាប់នាងហាក់ដូចដៃដែកលាយភ្លើង ។ នារីទន់ខ្លួនបន្ដិចម្ដងៗ រួចបាត់វិញ្ញាណទៅ។ កាមាទម្លាក់រូបនេះលើក្ដារប្រូស រួចក្រោកឡើងយកជើងរុញហើយដើរចេញទៅ។ គាប់ជួនពេលនោះ នាងភួងមកពីផ្សារវិញ ឃើញនាងទេវីដេកដួលលើក្ដារ ក៏ស្ទុះទៅឱបបីនាងឡើង។
យី ! លោកអើយធ្វើបាប ធ្វើកម្មអីកូនខ្ញុំ។
នាងភួងយំសស្រាក់។
ហងឯងស្គាល់អញទេ ?
ឱ ! កូនសំលាញ់មាសម្ដាយ ម្ដាយស្លាប់ជាមួយកូនទៀត ។ ហើយ លោកអើយ! កូនខ្ញុំស្លាប់ហើយ។
ឲ្យវាស្លាប់ទៅ ស្លាប់ឲ្យអស់ទៅបានវាសមមុខវា។
លោកៗ អីក៏មានចិត្ដអាក្រក់ម៉្លេះ ?
យី ! ថាអញអាក្រក់ ?
កាមាទាត់យាយភួងមួយជើងពឹប។ នាងភួងផ្កាប់មុខ ។ ស្រីចាស់ប្រឹងស្ទុះ មកវិញចាប់នាងទេវីឱបជាប់នឹងដើមទ្រូង ។ កាមាដើរតន្ត្រំជើងទូងៗទៅបាត់ទៅ។ នាងភួងឱបនាងទេវីយំស្រែកហៅ៖
កូនៗ កូនមាសម្ដាយ។
យូរបន្ដិចក្រោយមក នាងទេវីបើកភ្នែកបន្ដិចម្ដងៗ ។ ស្រីទាំងពីរយំទៅយំមកដាក់គ្នា។ ជីវិតនារីទាំងពីរស្ថិតនៅលើគំនរទុក្ខជាដរាប។ យូរៗ កាមាមកម្ដង និយាយពាក្យដដែលៗ ចែចង់ដែលៗ ធ្វើបាបដដែលៗ គ្មានឈប់ឈរ។ វេលាក្រោយមក កាមាបណ្ដេញទេវីឲ្យទៅទីណាឆ្ងាយផុតពីភូមិខ្លួន។ នាងទេវីក៏នាំនាងភួង ទៅនៅទីភូមិក្រោមចំងាយប្រមាណប្រាំគីឡូម៉ែត្រពីទីកន្លែងធ្លាប់នៅ។ កល្យាណរងទុក្ខវេទនាអនេកទាំងពីរប្រាណ។ រាត្រីមួយនាងទេវីឈឺពោះ ។ នាងភួងក៏ភ័យរត់ដាស់គេឯងមកជួយទាំងយប់ ។ យាយម៉បនៅក្នុងភូមិ មេត្ដាករុណាមកជួយផងដែរ ។បុត្រីមួយក៏ប្រសូតឡើងក្នុងពេលនោះ ។ កូននោះមានរូបឆោមលោមពណ៌ល្អឯក ថ្លោសទ្រលុកៗ គួរជាទីស្នេហាក្រៃពេក។ នាងទេវីមើលមុខបុត្រីនាងញញឹមដោយរីករាយ។ ប៉ុន្មានថ្ងៃក្រោយមក នាងទេវីបានចេញពីភ្លើង។ មានបងប្អូនជិតខាងជាច្រើន ខ្លះយកអង្ករមួយកញ្ជើម្នាក់មកចងដៃកូនថ្មី ខ្លះយកសំពត់ថ្មីៗ មកជូន ខ្លះបានត្រីសាច់មកជូន រួចនាងទេវីក៏បានជូនអំណរអរគុណទៅគេវិញយ៉ាងអស់ពីដួងចិត្ដ៕
***************************
វគ្គទី៧៖បាត់កូន
នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម ។ រាល់ថ្ងៃ នាងទេវីឱបក្រសោបនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ ដោយបានបំបៅស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រី ជាបុត្រភ្ងា។
ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ ។ បុត្រីនេះជាព្រលឹងរបស់ធីតា ។ ក្នុងរូបដ៏តូចច្រឡឹងនេះទេវីហាក់ឃើញជីវិតនាងបន្ដសង្ខារទៅមុខទៀត។ បុត្រីនេះហើយ ជាថ្នាំទិព្វមួយដែលរំលាយទុក្ខ បំភ្លេចសេចក្ដីព្រួយរបស់នាង រួចធ្វើឲ្យរស់រៀងតទៅ។ កុមារីចេះញញឹមយ៉ាងស្រស់ប្រិមប្រិយហើយ។ កែវចេះឆ្លើយឆ្លងបន្ដិចៗ នឹងនាងដែលជាហេតុរឹតតែឲ្យនាងស្រលាញ់ថែមទៀត។ ឱ ! សេចក្ដីស្នេហានៃមាតាចំពោះបុត្រ គ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយ។ តាំងពីបានបុត្រីកំសត់នេះមក នាងទេវីកើតទុក្ខតែនាងសប្បាយយ៉ាងអនេក ។ នាងកើតទុក្ខក្នុងសង្គម ព្រោះនាងព្រាត់ប្រាស់ឪពុក ព្រាត់ប្រាស់ប្ដីសម្លាញ់ ។ ម្យ៉ាងទៀត ព្រោះកាមាជាមនុស្សបានមកយាយីដល់រូបនាងរាល់ពេលវេលា រហូតដល់បណ្ដេញនាងឲ្យចេញពីភូមិឋានផ្ទះសំបែង។ នាងសប្បាយ សប្បាយព្រោះក្នុងសង្គមដដែលនេះ អរុណមួយថ្មីរះក្នុងជីវិតនាង គឺនាងបទុមតែមួយនេះ។
មែននាងសប្បាយមែន សប្បាយប្រហែលលើសអស់មាតាទាំងពួង។ ណាមួយកុមារីប្រកបដោយសុខភាពបរិបូណ៍ មានសំណើចស្រស់ចិញ្ចាច មានសាច់សស្អាត មានសម្ដីរអាក់រអួលបន្ដិចផង គួរជាទីស្នេហាប្រាកដ។ បទុមបានមួយខែហើយ។ ថ្ងៃនេះនាងទេវីបំបៅបុត្រី ។ នាងដាក់កូនទៅក្នុងអង្រឹង រួចមាតាកម្សត់ដេកយោលកូនដែលលក់ស្កប់ស្កល់។ មិនយូរប៉ុន្មាន នារីជាមាតាក៏លង់លក់ទៅជាមួយកូនដែរ។ ស្រីយល់សប្ដិឃើញមានន្ទជាប្ដីនាងមកឱបក្រសោបនាង។ ធីតាយំដាយរឮកប្ដីខ្លាំងពេក។ ទេវីលង់លក់ក្នុងដំណេក។ លុះដល់នាងភ្ញាក់ដឹងខ្លួនឡើង ព្រះសុរិយាជ្រៀងជ្រេណាស់ទៅហើយ។ នាងទាញអង្រឹងយោលបទុមជាបុត្រី ។ តែ ! អ្វីក៏ដូច្នាះ ? អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។ បាត់បុត្រីទៅណាហើយកែវកូនអើយ។ កែវល្អស្ទុះចេញទៅក្រៅស្រែកហៅមីងភួង តែខាងក្រៅស្ងាត់ឈឹង ។ យាយភួងទៅផ្សារពុំទាន់មកផង។ នាងនឹកថា ប្រហែលយាយភួងមកលើកកូនយកទៅមុជទឹកឯស្ទឹងហើយ ។ ស្រីរត់ទៅរកស្ទឹង តែគ្មានឃើញអ្វីសោះ។ នាងសួរអ្នកឯទៀតដែលនាងជួបប្រទះថា «ឃើញអ្នកណាមកយកកូនខ្ញុំទេ ?» គេឆ្លើយថា «ទេ ! . . . យ៉ាងណាដូច្នោះ ?»។ ទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។ នារីឆ្លេឆ្លា បីដូចមេមាន់រកពង។ មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។ មិនយូរប៉ុន្មានមនុស្សក្នុងភូមិជួយឆោឡោរកបុត្រីរបស់នាងទេវី ។ នាងភួងមកដល់ទៀត ក៏ជួយរកទៀត។ ទឹកភ្នែកហូរសស្រាក់ នាងទេវីស្រែកទ្រហោយំថា៖
ឱ ! ម្ចាស់ថ្ងៃអើយ លោកអ្នកណាយកកូនខ្ញុំទៅ ? ខ្ញុំលង់ដំណេកភ្ញាក់ឡើងស្រាប់តែបាត់កូន។ ឱ! អ្នកណានោះអីក៏ចិត្ដអាក្រក់ម៉្លេះ ? លួចអីមិនលួច ៗកូនខ្ញុំ។ កូនទើបបានមួយខែ ថ្ងៃនេះផង។ ឱ ! តើនាងបានអីបៅ តើគេយកថ្លៃទៅសម្លាប់ចោលរឺអ្វី ? ។ កូន ៗ ! ទើបបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែវិនាសទៅវិញ។ នាងពុំទាន់ចេះនិយាយ ចេះគិតគូរផង ស្រាប់តែបាត់ទៅ។ ឱ ! លោកអ្នកអើយជួយកូនខ្ញុំផង ខ្ញុំស្លាប់ក្នុងពេលនេះជាប្រាកដហើយ ។ ពូមីងអើយ ! ជួយយោងជីវិតខ្ញុំផង។ ខ្ញុំគ្មានទ្រព្យធនអ្វីទេ។ ខ្ញុំមានតែកូនមួយនេះ។
នាងទេវីដើរបណ្ដើរ យំបណ្ដើរ ពីផ្ទះមួយទៅផ្ទះមួយ រៀបរាប់សព្វគ្រប់ ។ អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់ៗគ្នា។ រាត្រីក៏ដណ្ដប់ពិភពលោកធ្វើឲ្យងងឹតស្លុង ។ នាងទេវីរឹងរឹតតែខ្លោចផ្សាទៅទៀត ។ នាងដើរពេញភូមិសួរគេ។ ដោយពុំឃើញ នាងដើរទៅដល់ព្រៃក្រោយផ្ទះ ត្រចៀកប្រុងស្ដាប់ក្រែងឮសូរមាត់កូនយំ ។ ស្រីអុជចន្លុះដើរឆួលក្រោមគុម្ពផ្កា តាមគៀនរបង តាមរូងរន្ធផ្សេងៗ ក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះ។ ធីតាយកឈើមួយកំណាត់ដើរវែកព្រៃល្បោះទាំងពួង ដើម្បីឲ្យកូននាងភ្ញាក់ឡើង យំឡើង ឲ្យនាងឮសូរសម្លេង នឹងអាលនាងបានរត់ទៅលើកឱបកូននោះមកវិញ។ កល្យាណបានយកចែវច្រវាទៅកូរក្នុងដងស្ទឹងក្រែងអ្នកណា យកកូននាងទៅចោលក្នុងទឹក។ នាងលួចសំលឹងដីណាថ្មីៗ ក្រែងគេកប់កូននាង។ លុះដល់កូនដំបូកណាមួយ ធីតាឡើងលើដំបូកនោះក្រែងបានឮសូរ រឺ បានឃើញកូននាង។ កន្លែងត្រង់ណាខ្មៅស្រទំគួរសង្ស័យ នាងរុកចូលទៅខំកកាយ ញែកវែករកបទុមកូនសម្លាញ់។
រាត្រីកន្លងទៅ បុត្រីនាងនៅតែបាត់ដដែល។ ថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀត ស្រីនៅតែដើររកកូននាង ទឹកភ្នែកដែលហូរ ឈប់ហូរអស់រលីងនៅតែទឹកចិត្ដទេដែលហូរតទៅទៀត។ ថ្ងៃមួយទៀតកន្លងមក ពីរថ្ងៃទៀតកន្លងមក គ្មានលេចឮដំណឹងអ្វីមួយពីបុត្រសង្សារនាងសោះ ឱ ! ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះ ។ នាងទេវីអស់សង្ឃឹម។ នាងពុំដេកពួនសោះ។ ដោយអស់កំលាំងខ្លាំងពេក មាតាទុគ៌តចូលទម្រេតខ្លួនលើគ្រែប្របនាងភួងដែលអស់កំលាំងដូចគ្នា។ កាលនាងនឹកដល់បុត្រី នាងឃើញមុខស្រីកល្យាណនៅតែនឹងភ្នែក មុខមូលក្រលង់ញញឹមស្រល់ ។ ស្រីមើលទៅឆ្វេង ស្រមៃឃើញកូនកម្សត់មើលទៅខាងស្ដាំឃើញរូបកូន មើលលើតុហាក់ឃើញកូន មើលគ្រប់ទិសឃើញកូនដរាប។ រូបកូនបែងចែកគ្រប់ទិសានុទិស។ ធីតាឈោងដៃចាប់ កូនថយទៅ។ នាងដើរតាម កូនថយទៅទៀត។ នាងថយមកវិញ កូនដើរតាមមក ។ ស្រីអង្គុយសំពះឲ្យកូន នៅស្ងៀមមួយកន្លែង រួចសើចគ្រហាញមករកនាងវិញ។ ឱ ! រកាំក្នុងចិត្ដអ្វីម៉្លេះទេ ធីតារមួលអស់ទាំងខ្លួន។ ទេវីជិតតែនឹងទៅជាឆ្កួតទៅហើយ។ កែវរលក្ខណ៍ដើរមួយៗ ទៅយកកាំបិតស្នៀតមកកាន់ថើបអាវុធពីក្រៅស្រោម ឱបអាវុធជាប់នឹងទ្រូង សើចដាក់អាវុធ រួចនាងយំដាក់អាវុធ រួចទឹកភ្នែកស្រក់តក់ៗ។ មួយៗ នាងហូតកាំបិតចេញពីស្រោម ។ នាងយកមេដៃស្ទាបមុខកាំបិត ។ នាងមើលចុងកាំបិត។ ឱ ! កាំបិទមុត ៗ មែនចុងស្រួច។ ស្រីកម្សត់និយាយតិចៗថា៖
ថ្ងៃនេះ ខ្ញុំផុតអស់ទុក្ខហើយ ។ កាំបិតនេះហើយជាមិត្ដ ជាទីអវសានរបស់ខ្ញុំ។ កាំបិតនេះជាថ្នាំដែលស្រាយចំណងខ្ញុំឲ្យមានសេរីភាពពិតៗ ក្នុងវដ្ដសង្សារ ។ ជីវិតមនុស្សហាក់វេទនាណាស់ មានតែទុក្ខ គ្មានសុខមែន ! !
ធីតានឹកទៀតថា តើរស់នៅធ្វើអ្វី បើចិត្ដ បើថ្លើមស្លាប់អស់ទៅហើយ។ ទេវីថើបចុងកាំបិទហាក់ដូចស្រលាញ់ណាស់។ នាងយកដៃបេះឡេវអាវ រួចមើលទៅចុងដង្ហើមខ្លួន។ នាងយកចង្អុលដៃចុច ៗចុងដង្ហើមនាងនេះ ដើម្បីរកមើលកន្លែងដែលចុងកាំបិតត្រូវលូកចូលទៅ។ កញ្ញាលុតជង្គង់សំពះដល់ទេវតា សុំកុំឲ្យយកទោសនាង ៗនឹងសម្លាប់ខ្លួនក្នុងពេលនេះហើយ ។ ចុងកាំបិតក៏ចុចលើចុងដង្ហើមគ្មានបង្អង់។ ស្រីប្រាថ្នាថា កើតជាតិនានា កុំឲ្យមានទុក្ខដូចជាតិនេះទៀត។ កាំបិតស្នៀតរុញទៅមុខ ស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយនាង ស្រែកយ៉ាងរីករាយថា៖
ខ្ញុំទើបបានដំណឹងមួយថា លោកមេទ័ពមានន្ទពុំទាន់ស្លាប់ទេ នាងទេវីលួចលាក់កាំបិទដ៏មុតថ្លានោះ សៀតនៅចង្កេះបង្កប់ក្នុងអាវដែលនាងបិទឡេវវិញយ៉ាងស្រួលបួល។ កែវបែរយ៉ាងស្ងួតមករកពូនោះ៖
ពូដឹងពីណាមក ?
យី ! អាសូរវាមកដល់ហើយ។
នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក។
កាលណាបានបងមកដល់ ?
អាសូរវាថា បីថ្ងៃទៀត។
ម្ដេចបងមិនមកថ្ងៃនេះ ?
ថាចាំរៀបទ័ពហែក្បួនឲ្យបានសង្ហាបន្ដិច។
ខ្ញុំត្រេកអរណាស់ពូ ! ឱ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . ឱ ! ពូអញ្ជើញទៅវិញហើយ ?
បាទ ! ហេតុតែសំណាងនាង។
ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ។
នាងទេវី រីករាយយ៉ាងក្រៃលែងនឹងដំណឹងនេះ។ នាងរត់ទៅប្រាប់នាងភួង ដែលអរ កខិបកខុប ។ នាងទៅមុជទឹកលុបលាងកាយ ដុសសាប៊ូ លាបល្មៀតយ៉ាងស្អាត។ បើជនណាដែលពុំស្គាល់នាង មុខជាចាត់ថានាងនៅក្រមុំមិនខាន។ ចំនួនយូរខែមកហើយ នាងពុំដែលតុបតែងខ្លួនសោះ។ ទើបតែថ្ងៃនេះនាងហៅយាយភួងសិតសក់នាង ឲ្យជួយលាបម្សៅនាង។ ឆវីញញឹមដោយឃើញថា នាងនៅតែល្អស្រស់ដដែល។ សំណើចនាងធ្វើឲ្យឃើញធ្មេញសស្គុស។ ធីតាពាក់អាវល្អ សំពត់ល្អ។ នាងបេះផ្កាមកចងជាបូដាក់លើសក់ នាងប្រុងខ្លួនចាំទទួលប្ដី ប្ដីដែលនាងនឹកជាយូរមកហើយ ប្ដីដែលជាគូកម្សត់ព្រាត់យូរថ្ងៃខែមកហើយ ប្ដីដែលស្រលាញ់នាងវិញយ៉ាងពេញចិត្ដ។
មាណវីនឹកថា ត្រូវនាងតុបតែងខ្លួន កុំឲ្យធុំឆ្អេះឆ្អាបទៅលើប្ដីដែលរឮកនាងដែរ។ ឱ ! បីថ្ងៃទៀត មុខជានាងបាននិត្យនៅជាប់នឹងដើមទ្រូងប្រុសសម្លាញ់នេះហើយ គឺនឹងបាននិយាយរៀបរាប់ប្រាប់ទុក្ខនាង ប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមក ប្រាប់អំពីកំនើតបុត្រី ប្រាប់អំពីបុត្រី។ មកដល់ត្រង់នេះ នាងទេវីហូរទឹកភ្នែករហាមវិញ។ សេចក្ដីសប្បាយទាំងប៉ុន្មានរត់ចេញអស់ពីចិត្ដនាង។ សេចក្ដីរីករាយរបស់នាងហាក់របេះមួយម្ដងៗ ធ្លាក់ទៅក្នុងរណ្ដៅជ្រៅមួយ។ ស្រីនឹកថា បើបុត្រីជាទីស្នេហានៅម៉្លេះ សមនឹងបានពបុត្រីនេះទៅបង្ហាញប្ដី ឲ្យប្ដីថើបបុត្រនេះផង។ តែឥឡូវ ដៃនាងទទេ ។ នាងហាក់ស្រាលខ្លួនស្ងើក។ ក្នុងពេញមួយថ្ងៃនេះ ធីតាប្រឹងរៀបចំផ្ទះសម្បែង បោសសំអាត ដុសលាងវត្ថុនានា ខាត់តុបតែងយ៉ាងឱឡារិក រួចចាត់ការទិញម្ហូបអាហារធ្វើនំ ទុកចាំប្ដីមានទិញចានល្អៗ ទុកសម្រាប់ដាក់ឲ្យស្វាមីបរិភោគអាហារ និងទិញកន្ទេលថ្មីៗ ឲ្យអ្នកប្រុសសំរាន្ដ។ ឱ !នាងចេះតែនឹកឃើញចំណុចឯទៀតៗ ជាច្រើនណាស់តែនាងពុំអាចធ្វើតាមចិត្ដដែលនាងនឹកឃើញទាំងអស់នោះឡើយ ពីព្រោះស្រីក្រណាស់។ គំនិតនិមួយៗ ដែលដុះលេចឡើងក្នុងវិញ្ញាណរបស់នាងក្នុងមួយពេលនេះគឺដុះលេចមកឯងៗ រួចគំនិតនីមួយៗ ជាសន្ដានចិត្ដនាងដែលស្មោះចំពោះលើស្វាមី៕
******************************
វគ្គទី៨៖ត្រលប់ពីច្បាំង
ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរេចចិត្ដចាំមើលក្បួនទ័ពមានមានន្ទដែលវិលត្រលប់ពីច្បាំង។ យើងរាល់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់។
ដំបូងគេឮស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសម្បើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមានខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។ បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ ។ ម្នាក់ៗ អង្គុយលើខ្នងអាជានេយ្យ ត្រង់ខ្លួនគ្មានងាកទៅណាឡើយ ។ ដាវដែលព្យួរនៅចង្កេះឃើញគួរស្ញើប។ ក្រោយមកទៀត មានទ័ពខាងដំរីដែលតុបតែងដោយគ្រឿងអលង្ការនៅភ្លុក នៅលើក្បាល និងទៅលើខ្នង មើលឃើញរុងរឿងបីដូចក្នុងរឿងមួយពាន់មួយយប់ ។ នៅលើខ្នងដំរីនេះ អ្នកឈរមើលពលរេហ៍ គឺមានន្ទមេទ័ព។
មានន្ទឈរធ្មឹង ដាវដែលហូតហើយ ដែលកាន់នៅដៃនោះមានរស្មីចាំងនឹងព្រះអាទិត្យភ្លឺព្រាតៗ ។ ដោយគ្រឿងសម្លៀកបំពាក់ ដោយមាឌមាំ វីរបុរសហាក់មានអំណាចឥតឧបមា។ មានន្ទនាំទ័ពដែលមានចំនួនប្រមាណប្រាំពាន់នាក់ ។ រួចគេឮសូរសម្រែកយ៉ាងខ្លាំង បញ្ជាឲ្យពលរេហ៍ឈប់។ តាមរបងប្រជាជន ក្មេង ចាស់ ប្រុស ស្រី ដែលឈរមើលក៏បន្លឺនូវសម្រែកថា ជយោលាន់ឮរំពងឡើង។ ឱ! តាំងពីកាលណាមក ពុំដែលមានព្រឹត្ដិការណ៍ដ៏រីករាយដូច្នោះទេ ក្នុងអាណាខេត្ដសេរីសោភ័ណយើង។ មនុស្សម្នាក់ៗ សប្បាយគ្រប់ៗគ្នា។ អ្នកលក់ដូរក៏ចេញទៅលក់ព្រោងព្រាត ។ អ្នកដើរមើលក្បួនទ័ពក៏ច្រើន ណែនណាន់តាន់តាប់ ដើរចុះឡើងប្រជ្រៀតប្រជែងគ្នា។ ទ័ពក៏ហែព័ទ្ធជុំវិញបន្ទាយព្រះកម្ពុត ចំនួនបីជុំ ឆាកហោជយោលាន់ឮរណ្ដំគ្នាអឹងកង ។ ភ្លេង និង ស្គរឲ្យចង្វាក់ដល់ទាហានដែលដើរ។ ក្មេងៗរត់តាមមើលប្រញាយ កាន់ដៃគ្នារណោង។ នាងទេវីនៅផ្ទះតែងខ្លួនស្អាតបាត។ ធីតាចង់ទៅទទួលប្ដី តែនាងពុំហ៊ានទៅទេ ព្រោះខ្លាចក្រែងគេសើចនាង ។ ស្រ្ដីបារម្ភក្រែងនាងយំនៅមុខគេឯង នាំឲ្យខ្មាសគេ។ ទេ! នាងពុំទៅទេ ព្រោះប្រាំបីខែមកហើយ ពុំដឹងប្រុសប្រែប្រួលយ៉ាងណា។ បើនាងទៅទទួលគេ ហើយស្រាប់តែគេធ្វើពុំស្គាល់នាងក៏ពុំដឹង នោះនាងមុខជាដាច់ខ្យល់ស្លាប់ភ្លាមក្នុងពេលនោះមិនខាន។ កល្យាណនឹកទៅទៀតថា បើគេស្មោះចំពោះនាង ស្រលាញ់នាងពិតៗ ប្រាកដជាគេមករកនាងហើយ ។ អាស្រ័យហេតុនេះ នាងសម្រេចថាត្រូវរង់ចាំប្ដីអែផ្ទះទើបត្រូវ។ ស្រីនៅផ្ទះមែន តែនាងលួចស្ដាប់សូរស្គរ និង សូរមាត់គេដែលស្រែកទ្រហឹងអឹងកង។ នាងស្រៀវក្នុងចិត្ដចង់ទៅឲ្យឆាប់បានឃើញមុខប្ដី។ ចំណង់នេះរកទប់ស្ទើរពុំឈ្នះ។ ដើម្បីបំភ្លេចសេចក្ដីទន្ទឹង នាងដើរចុះដើរឡើង តែក្នុងផ្ទះម្នាក់ឯង ក្នុងការទន្ទឹងរង់ចាំនេះ មួយនាទីយូរដូចមួយសតវត្ស។ មនុស្សម្នាក់លោតចូលតាមបង្អួចឮសូរគ្រឹប។ នាងទេវីភ្ញាក់ងាកទៅ ស្រាប់តែឃើញកាមាជាប្អូនមានន្ទមកដល់។ នាងភ័យតក្កមា ស្ទើរស្លុតស្មារតី។ កាមាដើរទៅរកនាងឈរជំទាញជើង ដៃទាំងពីរកាន់ដាវ ដែលហូតទុកជាស្រេច។
ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតដែលខ្ញុំប្រើវិធីឃោរឃៅ . . . ។ ខ្ញុំបាននិយាយនឹងអ្នកឲ្យមានចិត្ដស្មោះស្ម័គ្រនឹងខ្ញុំ ព្រោះខ្ញុំបានស្រលាញ់អ្នកស្មើជីវិត។ ពាក្យដែលខ្ញុំនិយាយទៅអ្នក អ្នកឥតស្ដាប់ខ្ញុំសោះ។ ខ្ញុំដាក់ខ្លួនរហូតដល់ទៅហ៊ានអង្វរចិត្ដអ្នក ។ ឥឡូវខ្ញុំឈប់និយាយ ឈប់អង្វរទៀតហើយ ។ ខ្ញុំចាប់ប្រើវិធីអកុសលប្រាកដ ។ ខ្ញុំស្ដាយណាស់ដោយអ្នកបង្ខំឲ្យខ្ញុំលេងវិធីដ៏លាមកនេះដែលខ្ញុំពុំចង់លេងឡើយ។ តែខ្ញុំធ្វើនេះ គឺប្រាកដធ្វើដោយចិត្ដចង់ ដោយចេតនា ដើម្បីលុបលាងអាម៉ាស់របស់ខ្ញុំចំពោះអ្នក ដែលខ្ញុំបានរាយលើកំណាត់ជីវិតរបស់ខ្ញុំជាមួយនឹងអ្នក ។ ថ្ងៃនេះ ជាថ្ងៃផ្ដាច់ព្រាត់របស់ខ្ញុំ។
កាមានិយាយដោយពាក្យធ្ងន់ៗ ។ នាងទេវីចំហមាត់ បើកភ្នែកធំៗស្ដាប់ ។ សេចក្ដីភិតភ័យមួយយ៉ាងធំមកគ្របដន្ដប់ដួងចិត្ដនាងជាប់។ នាងយំអង្វរថា ៖
ទេ ! លោក ៗ កុំធ្វើបាបខ្ញុំ . . . ។
កាមាគំហកវិញថា៖
ខ្ញុំធ្វើល្អណាស់ហើយជាមួយនឹងអ្នក។ អ្នកពុំព្រមយល់ ពុំព្រមធ្វើតាម ពុំព្រមជឿខ្ញុំ។ នែ ! ទេវីស្រីវរលក្ខណ៍ មើលនុ៎ះហ្ន៎ !
កាមាចង្អុលទៅបង្អួចដែលចំហនៅផ្ទះធំមួយទៀត។ នាងទេវីមើលតាម ឃើញកូនស្រីរបស់នាងគេងលក់ស្កប់ស្កល់។ នាងស្ទុះក្រោក តែចុងដាវកាមាចុចជាប់ត្រង់កនាងកន្លែងជីពចរមិនឲ្យស្រីកម្សត់ក្រោកបាន។ ដោយតឹងទ្រូងពេក ធីតាទ្រហោយំ ហើយពោលយ៉ាងរអាក់រអួលថា៖
កូន ៗ មាសម្ដាយ កូន ! ម្ដាយនឹកកូនណាស់ កូនមកនេះមក។ កូនមកពីណាបាត់យូរម៉្លេះ ? កូននឹកម្ដាយទេ ?។ ឱ !កូនគេងលក់ទេ ? ម្ដាយស្មានតែកូនស្លាប់ទៅហើយ។ កូនទៅណាបាត់ប៉ុន្មានថ្ងៃ? កូនបានអ្វីបៅ ? លោក ! ខ្ញុំសុំកូនខ្ញុំមកវិញ។
កាមាគំហកទៀតថា៖
នៅឲ្យស្ងៀម មើលទៅទៀតមើល!
នាងទេវីចោលភ្នែកទៅទៀត នាងស្រែកយ៉ៃឡើង ដោយនាងបានឃើញមនុស្សម្នាក់មាឌធំ ចាប់លើកបីកូននាងដែលនៅក្នុងពូកឡើង។ មនុស្សមោហនេះយកចុងដាវដាក់លើកូននាងដែលដេកលក់ ហាក់បម្រុងនឹងប្រហារជីវិត។
អៃ ! ធ្វើយ៉ាងនេះស្លាប់កូនខ្ញុំហើយ។ លោកធ្វើអ្វីយ៉ាងហ្នឹង អាណិតកូនខ្ញុំទៅកុំធ្វើបាបគ្នា។ ឱ ! ស្លាប់ឥឡូវហើយ ព្រះម្ចាស់ថ្លៃអើយ ! កុំ ៗ លោកជួយខ្ញុំផង កុំៗ។
នាងទេវីញ័ររន្ធត់អស់អង្គប្រាណ។ កល្យាណបម្រះននៀលរមួលខ្លួន។ ចុងដាវធ្វើឲ្យនាងតក់ស្លុតត្រជាក់ចុងដៃ និងចុងជើង។ នាងដាក់ភ្នែកចុះ ពុំមែនកែវពុំហ៊ានមើលទេ តែស្រីរអាក្នុងចិត្ដក្រៃពេក។ នាងយំឮឃឹសៗ។ កាមាពេបមាត់និយាយថា៖
ទេវី ! វាមិនទាន់ស្លាប់ទេ ។ ចូរអ្នកជ្រាបថា គឺខ្ញុំនេះហើយដែលបានលួចយកកូនអ្នកទៅ។
ច៎ាះ ! លោក ! ឱ ! លោកយកកូនខ្ញុំទៅឬ ? ច៎ាះ !
ឥឡូវនេះអ្នកចង់បានកូនអ្នកវិញទេ?
ច៎ាះ លោក ចង់បាន សុំអាណិតខ្ញុំទៅ ខ្ញុំអង្វរ . . . !
តើអ្នកស្រលាញ់កូនអ្នកទេ ?
ច៎ាះ លោក ស្រលាញ់ ហ៊ី ! ស្រលាញ់ណាស់ . . . ពេក ស្រលាញ់ផុតអស់របស់ដែលមានក្នុងលោកនេះ។
តើអ្នកចង់ឲ្យកូនអ្នកស្លាប់ ឬ រស់ ?
ច៎ាះ ! ចង់ឲ្យរស់!
អើ ! បើចង់ឲ្យកូននេះរស់ ងាយណាស់ !
ឲ្យខ្ញុំធ្វើយ៉ាងណា ? ច៎ាះ ខ្ញុំចង់ឲ្យរស់ ធ្វើយ៉ាងណាលោក ខ្ញុំធ្វើទាំងអស់។ ជម្រាបប្រសាសន៍មកខ្ញុំធ្វើ។
កាមាសើច មើលមុខកល្យាណយ៉ាងកំណាច។ បុរសបន្ដវាចាទៅទៀតថា៖
កិច្ចអ្នកត្រូវធ្វើងាយទេ។ បន្ដិចទៀត ប្ដីអ្នកមុខជាមកដល់ទីនេះហើយ ។ ដើម្បីឲ្យកូនរស់ ដើម្បីឲ្យបានកូនមកដៃអ្នកវិញ ដល់ប្ដីអ្នកមក ឲ្យអ្នកនៅស្ងៀមធ្វើថ្លង់ ធ្វើដូចគ កុំនិយាយឲ្យសោះ។
គ្រាន់តែកុំនិយាយឲ្យសោះប៉ុណ្ណោះ ឬ លោក ?
អើ ! ទោះជាមួយមានន្ទ ក៏កុំនិយាយដែរ។
ទេ ! ខ្ញុំនឹកប្ដីណាស់ ខ្ញុំសុំនិយាយរកគាត់បានបួនដប់ម៉ាត់ អាណិតខ្ញុំទៅ ខ្ញុំនឹកគាត់ណាស់។
មិនបាន ! បើអ្នកហ៊ានតែហើបមាត់មួយម៉ាត់ កូនអ្នកមុខជាស្លាប់មិនខាន អ្នកឃើញទេខ្ញុំនៅទីនេះ បើអ្នកហ៊ាននិយាយមួយម៉ាត់ ខ្ញុំគ្រាន់តែធ្វើសញ្ញាបន្ដិចទៅ អ្នកដែលកាន់កូនអ្នកនោះសម្លាប់កូនអ្នកចោលមិនខាន ។ ម៉េចអ្នកយល់ទេ ?
ច៎ាះ ! ខ្ញុំយល់ហើយ ហ៊ី ! លោកគ្មានមេត្ដាដល់ខ្ញុំសោះ ម៉េចក៏លោកមិនចង់ឲ្យខ្ញុំនិយាយនឹងប្ដីខ្ញុំ ? ខ្ញុំធ្វើដូចលោកមិនកើតទេ សូមលោកអត់ទោសចុះ ។ ឱប្ដីអើយ ! ឱកូនអើយ ! ខ្ញុំស្លាប់ហើយ។
មើលហ្ន៎ ! ឃើញទេ ?
អស់ ! ឱ ទេៗ កុំសម្លាប់កូនខ្ញុំ ទេ! លោកអើយ លោកអើយ ឱ!
ម៉េចធ្វើតាមខ្ញុំឬទេ ឆាប់ៗឡើង ?
ហ៊ីស លោកអើយ!
ថាឲ្យភ្លាមមក !
ច៎ាះ ! ខ្ញុំធ្វើតាមទាំងអស់ហើយ!
ម៉េចអ្នកធ្វើតាមខ្ញុំទេ ? និយាយឲ្យត្រង់ទៅ!
ច៎ាះ ខ្ញុំយល់ព្រមហើយលោក!
អើ ! អ្នកត្រូវនៅឲ្យស្ងៀមមួយកន្លែងនេះ។
ច៎ាះ ! ខ្ញុំធ្វើបាន . . . តែកាលណាទៅបានលោកឲ្យកូនមកខ្ញុំវិញ។
មិនអីទេ ចាំខ្ញុំយកមកឲ្យ។
កាលណាទៅ ទើបខ្ញុំអាចនិយាយបាន ?
ចាំខ្ញុំជូនដំណឹងជាក្រោយ តែមិនយូរទេ មួយភ្លែតប៉ុណ្ណោះក៏បានហើយ
ច៎ាះ ! ខ្ញុំត្រេកអរណាស់ ខ្ញុំមិនភ្លេចទេ ខ្ញុំធ្វើតាមលោកមិនឲ្យខុសទេ គឺនៅស្ងៀមមួយកន្លែងនេះ រួចមិននិយាយមួយម៉ាត់សោះ ។ អូ តិចលោកច្រឡំធ្វើសញ្ញាអ្វីទៅ។ គេសម្លាប់កូនខ្ញុំហើយ។
ទេ ! ទេ ! ខ្ញុំមិនច្រលំទេ!
អោ ! កូនកំសត់អើយ . . . ។
ជើងសេះមួយលាន់ឮរំពង ឯវាលស្រែ។ សូរជើងសេះនេះកាន់តែមកជិតដល់។ នាងទេវី ព្រឺព្រួចក្នុងក្នុងចិត្ដ។ កាមាមើលតាមបង្អួចទៅឃើញប្រាកដជាបងរបស់ខ្លួន គឺមានន្ទនោះឯង។
ឥឡូវនៅស្ងៀមឈប់និយាយ។
មហាចោរនៅទល់ដែន
នាងទេវីក៏ប្រុងស្មារតី ដៃទាំងពីរសំពះឱនមុខលុតជង្គង់ ។ ធីតាឮសូរជើងសេះដែលធ្វើឲ្យនាងព្រឺអស់ទាំងខ្លួន។ នាងភ័យផងអរផង។ នាងនឹកឆ្ងល់ថា អាកាមានេះវាឲ្យនាងធ្វើដូច្នោះ តើមានប្រយោជន៍អ្វី ? នាងបំបែរដៃនាងដែលសំពះឲ្យចំមាត់ទ្វារ ព្រោះកែវវរលក្ខណ៍ដឹងថាគឺតាមច្រកទ្វារនោះហើយដែលប្ដីនាងបម្រុងនឹងចូលមក។ មានន្ទមកដល់មុខខ្ទម លោតចុះពីលើខ្នងសេះយ៉ាងរហ័ស។ អ្នករត់តម្រង់ទៅមាត់ទ្វារខ្ទម។ លុះទៅដល់មាត់ទ្វារអ្នកទុចង៉ក់ មើលឃើញកាមានៅឈរច្រត់កែងដៃនឹងបង្អួច ឃើញនាងទេវីសំពះអ្នកយ៉ាងស្មោះស្ម័គ្រ។
កាមា រឿងអី ?
កាមាសើចនិយាយយ៉ាងស្ងួតថា៖
ខ្ញុំសូមជូនបងស្រីដែលបងបានផ្ញើខ្ញុំ ថែរក្សានោះមកបងវិញ។
មាន្ទននៅស្ងៀមស្ដាប់កាមា រួចនិយាយថា៖
ម្ដេចក៏ឯងនិយាយសើចហាក់ខ្ពើមរអើមម៉្លេះ ?
ហាស់ ៗ ពីព្រោះជារឿងដែលខ្ញុំពុំគួរនឹងជម្រាបបងសោះ។
មានន្ទខាំធ្មេញក្រឹត។
រឿងអីកាមា ? កាមាប្រាប់មកឲ្យឆាប់ !
កាមាដើរធ្វើរាយមាយនៅជិតបង្អួចនោះ
អើ ! សមណាស់ហើយ ប្រពន្ធបងនោះ ។ សមមុខបងឯងណាស់ហើយ ។ កាលបងផ្ដាំផ្ញើខ្ញុំ ៗ នឹកស្មានថាជាស្រីមួយល្អគួរគោរព ។ តែដល់ចុងបង្ហើយ ហ៊ី ! ខ្ញុំមិនចង់និយាយទៀតទេ។
មាន្ទនស្ទុះទៅចាប់កាមា ញេញធ្មេញ មុខឡើងក្រហម។ ទេវីរលត់អស់ស្មារតី។
កាមានិយាយ តោងនិយាយប្រាប់បងឲ្យឆាប់មក!
រឿងនេះក្រែងបងខឹងជ្រុលណា!
រឿងអ្វី ? កាមារឿងអ្វី ? យី ! កាមាតោងនិយាយមក។
ដោយបងតឿនឲ្យខ្ញុំនិយាយហើយ ខ្ញុំក៏និយាយទៅចុះ ប្រពន្ធបង ខ្ញុំបានបណ្ដេញចេញពីភូមិយើង។ ខ្ញុំសូមទោសបងទៅចុះ។ តែបានជាបណ្ដេញនេះ ពីព្រោះទេវីជាស្រីមួយយ៉ាងអាក្រក់បំផុត នាងលួចមានសហាយ។
យី ! អីទេវីមានសហាយ ? ទេវីក្បត់អញ ?
បាទ !
សហាយនឹងអ្នកណា ? អាណាមួយហ៊ានសហាយជាមួយប្រពន្ធអញ ? ប្រាប់មកៗ អូនប្រាប់បងមក។
បើបងដឹងបងធ្វើអាសហាយនោះយ៉ាងណាទៅ ?
ហ៊ីស កាមាអូន ! ដាវៗ កាត់ហុតឈាម!
ហ៊ីៗ សហាយវានេះមិននៅឆ្ងាយទេ គឺនៅជិតៗនេះ។ គឺជាមនុស្សម្នាក់ខែងសម្ដីលើក ឫកពាខ្ពង់ខ្ពស់ បុណ្យស័ក្ដិធំ ប៉ុន្ដែបងទៅចងពៀរនឹងអាសហាយនោះបានជាការអ្វី ? ស្រីវាខូចទេតើ ?
អញផ្ដាន្ទាទោសទាំងពីរហ្នឹង ។ កាមា ! អញឲ្យឯងជួយរក្សា ឯងគ្មានបានការអីទេ។
ខ្ញុំមើលអស់ប៉ុណ្ណឹងហើយ!
កាមា អាណាមួយមានបណ្ដាសក្ដិធំ ហ៎ ? តើអាណាមួយ . . . បងចង់ស៊ីសាច់ហុតឈាមវាឥឡូវ កាមាប្រាប់មងមក វានៅជិតៗនេះរឺ ?
កាមាសើច និយាយមួយៗថា៖
មនុស្សអប្រិយកំណាចចិត្ដទាបអាម៉ាស់នោះ គឺ . . . គឺ . . . គឺ . . . ខ្ញុំ ។
ប្អូនឯង ? យី ! អីប្អូនឯងសហាយនឹងប្រពន្ធបង ?
បាទ គឺខ្ញុំនេះឯង !
យី ! កាមា ! ប្អូនសំលាញ់ . . . នែ! ម្ដេចទេវីអូន ! ម្ដេចអូនធ្វើដូច្នោះ? ទេវីអូន ! បងស្រលាញ់អូនប្ដូរជីវិតគ្មានតក់ គ្មានណាយ គ្មានភ្លេចមួយពេល។ បងអាណិត ប្អូនរាល់វេលា។ ទេវីអូន ! បងស្រលាញ់ហៅពេញបង់ចិត្ដ អូនក្បត់ចិត្ដបង។ បើអូនទៅស្រលាញ់អ្នកណា ក្រៅពីប្អូនរបស់បង ៗមិនថាអ្វីទេ នេះប្អូនស្រលាញ់ប្អូនប្រុសរបស់បង។ ក្ដៅណាស់ ក្រហាយណាស់ ឈឺណាស់ ! ទេវី ! ទេវីអូន ! ហេតុម្ដេចយ៉ាងហ្នឹង ? អូននិយាយមកមើល ប្រាប់មក ពន្យល់មក។
មើលហ្ន៎ ! សត្វនេះវានៅស្លៀមឈឹង ។
ទេវី ៗ !យើងព្រាត់គ្នាពីពេលនេះហើយ។
មែន ! នាងទេវីព្រាត់មែន ព្រាត់ព្រោះនាងនិយាយពុំរួច កម្រើកខ្លួនពុំបាន។ ធីតាមានតែទឹកភ្នែកដែលហូរប៉ុណ្ណោះ ។ ដៃនាងឡើងញ័រ ចិត្ដនាងតឹងៗជាងជាប់ចំណងប្រាំប្រការទៅទៀត ។ ពាក្យរបស់កាមាមួយម៉ាត់មានពាក្យថា នាងបានសហាយនឹងវា ធ្វើឲ្យចិត្ដនាងធ្លាក់ក្ដុកយ៉ាងខ្លាំង។ ពាក្យនេះចាក់ដោតដួងចិត្ដនាងយ៉ាងរកាំបំផុត រួចមុតដូចកាំបិតដែលចាំងរំលំព្រឹក្សានៃសេចក្ដីសុខរបស់ស្រី។ ឱ ! ប្ដីនាងពុំដឹងរឿងនឹកស្មានថាការនេះជាការពិត។ មានន្ទបែរទៅនិយាយជាមួយកាមាថា
ថ្ងៃបែរគងភ្នំ ប្អូនឯងទៅជួបនឹងបងនៅក្រោមដើមពោធិ៍កុំខាន។
កាមាសើចក្អាកក្អាយងក់ក្បាលតបវិញ៖
បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ៍។
រួចមានន្ទបែរមកមើលនាងទេវីជាចុងក្រោយបង្អស់។ អ្នកមួម៉ៅក្ដៅក្រហាយក្នុងចិត្ដជាពន់ពេក។ ពីដើមរូបនាងទេវីជាទីត្រជាក់ចិត្ដ ឥឡូវរូបដដែលនេះក្លាយទៅជាភ្លើងទៅវិញ។ អ្នកខឹងយ៉ាងខ្លាំង រហូតដល់លែងមើលមុខនាងទៀត អ្នកនិយាយជាទីបង្ហើយថា៖
ទេវី ស្រីកាលកាឡកណ្ណីឫស្យា អញលែងបានឃើញឯងទៀតហើយ។
ថាដូច្នោះស្រេច មានន្ទស្ទុះចេញពីផ្ទះ រត់ឡើងលើខ្នងសេះទៅ។ ព្រលឹងនាងទេវីស្ទុះតាមបណ្ដាលឲ្យរូបនាងដួលដេកស្ដូកលើក្ដារ។ លើខ្នងសេះ មានន្ទឈឺចាប់ក្នុងចិត្ដជាពន់ពេក។ ភ្នែកលែងមើលអ្វីឃើញ ត្រចៀកលែងឮអ្វី នេះហើយដែលជាស្ថានភាពដែលអ្នករស់ក្នុងកេសារបស់អ្នកហាក់មានអ្វីវិលស្លុង នាំឲ្យនឹកអ្វីពុំឃើញ គិតអ្វីក៏ពុំយល់ មានតែរឿងនាងទេវីកាឡកណ្ណីប៉ុណ្ណោះទេដែលមកបុកដើមទ្រូងអ្នក ញ៉ាំងៗ គ្មានត្រាប្រណី។ បុរសនឹកឃើញកាលគ្រាមុន អ្នកស្រលាញ់ស្រ្ដីនេះយ៉ាងអស់ពីពោះ។ អ្នកបានប្ដេជ្ញាថា រស់ស្លាប់ជាមួយទេវីតែមួយរហូតរៀងទៅ ដោយជឿថា ជីវិតអ្នកមុខជាបានរស់និត្យនៅជាមួយនាងមិនខាន។ ហើយស្មានទៀតថា នាងមុខជាធ្វើឲ្យអ្នក បានសប្បាយជានិច្ចវិញ។
មាណពប្រឹងត្រិះរិះរកឃើញថា កាលស្រលាញ់គ្នានោះ នាងនេះបាននិយាយនឹងអ្នក រួចកាលនិយាយគ្នានោះ នាងបានបង្ហាញឲ្យឃើញថា នាងស្មោះត្រង់មែនស្ទើរហ៊ានចាត់ទុកថា គ្មាននារីណាមួយមកប្រៀបបានឡើយ ពីព្រោះគ្រប់ពាក្យដែលនាងចេញស្ដី នាងគ្មានបានគិតទេ ស្រីនិយាយរអិលរអិចទាក់។ រីឯពាក្យមួយម៉ាត់ៗ បុរសជាសង្សារសង្កេតឃើញទឹកចិត្ដមែនៗ នៃសេចក្ដីស្នេហា។ មកដល់មួយពេលនេះ ទេវីស្រីដាច់ចិត្ដមានសហាយទៀត ភ្លេចអ្នកជាប្ដី ភ្លេចអស់ពាក្យសម្ដី ភ្លេចអស់អំពើដែលធ្វើទៅវិញទៅមកតាំង ពីអំពើតូចតាច បន្ដិចបន្ដួចរហូតដល់ទៅលូកដៃចោលខ្លួនទាំងស្រុងចូលក្នុងរង្វង់ដៃគ្នាទៅវិញទៅមក រហូតដល់រួមរស់ រួមមេត្រីនែបនិត្យគ្នាជាប្ដីប្រពន្ធ។ មានន្ទនឹកឃើញសព្វគ្រប់ដូច្នោះ អ្នកអស់កម្លាំងចិត្ដហេវនឹងរកជឿស្រីណាទៀតមិនបាន។ ក្នុងពេលនោះ អ្នកចាត់ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន។ ភេទមោហៈ នេះជាភេទស្រើបស្រាល នឹងកាមរាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អ ស្រេកឃ្លាននឹងកាមគុណ ឃ្លាន ! ឃ្លាន ! . . . ណាស់ឃ្លានរហូតទៅក្បត់។ មានន្ទខាំធ្មេញ ដោយហាក់មើលឃើញនាងទេវីធ្វើឫក ធ្វើពារកកាមាជាសហាយ។ កម្លោះហាក់ឃើញនាងញញឹមដោយឥតអៀនខ្មាស ដាក់ប្រុសថ្មី ហាក់ឃើញនាងបើកទ្វារឲ្យគេចូលមក ដោយស្ទុះទៅទទួលគេ ចោលខ្លួនទាំងស្រុង ទៅក្នុងកណ្ដាប់ដៃគេ បណ្ដោយឲ្យគេឱបរឹតដូចកាលនាងបានធ្វើជាមួយអ្នកដែរ ។ ស្រីឫស្យានេះនិយាយរកគេ ដូចបាននិយាយនឹងអ្នកជាប្រាកដ។
មានន្ទនឹកទៀតថា បើអ្នកមកទាន់ក្នុងពេលនោះ អ្នកមុខជាហូតដាវវាត់ឲ្យដាច់ចង្កេះទាំងពីរនាក់ឲ្យស្លាប់ ជាមួយគ្នាមួយរំពេចមិនខាន ។ ក្រោយពីសុបិននេះ មានន្ទសន្មតថា ស្រីដែលមានរូបល្អជាស្រីមានចិត្ដអាក្រក់ ។ រូបវាល្អណាស់ វាអាងរូប ចង់ឲ្យតែគេរាល់គ្នាស្រលាញ់វា។ ឱ ! ទេវី ! ស្រីទាំងអស់អាក្រក់គ្មានសល់មួយនាក់ ទោះមានរូបមិនល្អក៏ដោយ គឺថាណាមួយក៏ដូចណាមួយ។ អាស្រ័យហេតុនេះ មានន្ទនឹកដល់ព្រះពុទ្ធអង្គលោកបានហៅចំជាកំពូលមនុស្សមែន។ លោកយល់រឿងនេះ រួចបានលះបង់ទាំងអស់ដើម្បីព្រះនិព្វាន ដែលជាឋានផុតទុក្ខ។
ជិះលើខ្នងសេះមានន្ទវង្វេងអស់ស្មារតី។ នឹកម្ដងឃើញថាត្រូវសម្លាប់ស្រីៗឲ្យអស់។ នឹកម្ដងឃើញថា ត្រូវសម្លាប់ប្រុសៗដែលអាក្រក់ ទៅស្រលាញ់ប្រពន្ធគេឲ្យអស់បានត្រូវជាង។ នឹកតទៅទៀតឃើញថាទេ! កុំរវល់ នេះហើយជាជីវិត មានទុក្ខ មានសុខ មានក្បត់ មានស្រលាញ់ មានស្អប់ . . . ៘ សំរេចសេចក្ដី មានន្ទនៅតែមានទុក្ខដដែល។ វាលដែលអ្នកកំពុងជិះសេះកាត់ធំល្វឹងល្វើយ បីដូចវាលវដ្ដសង្សារដែលអ្នកកំពុងឆ្លងកាត់។ អ្នកឃើញថា អ្នកប្រឹងទៅមុខតែម្នាក់ឯងត្បិតគូស្នេហាគេចោលអ្នកហើយ។ វាលនេះមើលយូរបន្ដិចទៅ ក្លាយទៅជាមហាសាគរមួយដ៏ធំក្រៃលែង ដែលរកមើលជើងមេឃពុំឃើញ ។ ខ្យល់ដែលបក់រវិចៗ ក្លាយទៅជាខ្យល់ព្យុះព្យោមាយ៉ាងខ្លាំងអនេក ។ សេះដែលអ្នកជិះក្លាយជាកូនទូកតូចមួយ ដែលឃ្លេងឃ្លោងៗ កណ្ដាលសមុទ្រ បោកបក់ដោយជំនោរខ្យល់។ តែកូនទូកនេះ គឺមានន្ទដែលភ័យប្រឹងតស៊ូនឹងខ្យល់ កុំឲ្យលិចទូកបាន។
ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។ អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក។ បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា៖
ទេវីអូន ! បងព្រាត់ពីអូនតាំងពីពេលនេះហើយ ! អូនជាគូកម្ម នឹងបងទេ ។ បងមិនធ្វើអ្វីដល់អូនទេ ! កុំព្រួយ ។ បងមិនចងពៀរទេ។ សូមអូនទៅរស់ជាមួយគូថ្មីរបស់អូនចុះ រស់ឲ្យបានសប្បាយតាមបំណងចិត្ដអូនចុះ។ បងមិនខឹងទេ ពីព្រោះបងធ្លាប់ដែលបានរួមរក្សរូបអូនហើយ ។ បងមានជ័យជំនះលើអូនជានិច្ច មានតែអូនទេដែលចោលបងនោះ ចាញ់បង ។ បងឈប់ស្រលាញ់អូនទៀតហើយព្រោះអូនស្រលាញ់គេ។ បងមិនស្ដាយអូនទេ ព្រោះអូនមិនស្ដាយបង។ ពីពេលនេះទៅអូនដើរផ្លូវមួយ បងដើរផ្លូវមួយ ព្រោះផ្លូវយើងដើរនោះវាបែកគ្នា ។ អូនមានសង្សារថ្មី បងដើរទៅមុខតែម្នាក់ឯង គ្មានសង្សារ ។ អូននៅតែមានទុក្ខ បងផុតអស់ទុក្ខហើយ ។ អូននៅតែមានចំណងចង បងទៅណាក៏បានធ្វើអ្វីក៏បាន ដេកត្រង់ណាក៏បាន បាយត្រង់ណាក៏បាន តាមចិត្ដឥតចំណង បងមានប្រៀបលើអូនជានិច្ច ព្រោះថាបើប្ដូរប្រុសរបស់អូននឹងបង គង់ឃើញថាបងគ្រាន់បើជាងប្រាកដ ទាំងផ្លូវចិត្ដ ទាំងផ្លូវលើសីលធម៌ ទាំងផ្លូវមនុស្សធម៌ ទាំងផ្លូវតម្រិះវិជ្ជា ទាំងផ្លូវបុណ្យសក្ដិ ទាំងផ្លូវថ្លៃថ្នូរ។ លើពិភពផែនដីនេះ តើអូនរកមនុស្សណាឲ្យបានដូចបងទៀតទេ ? ។ បងជាមនុស្សចេះជួយសង្គ្រោះគេ ដោយមិនគិតគ្រោះខ្លួន ចេះគោរពស្រលាញ់គេជាងស្រលាញ់ខ្លួនឯង ចេះឈឺឆ្អាលដល់រឿងគេដោយឥតគិតដល់រឿងខ្លួនហួសហេតុ ចេះជួយកិច្ចការឲ្យគេ ហ៊ានធ្វើការឲ្យគេ ទោះតែម្នាក់ឯងក៏ហ៊ានធ្វើដែរ។ ឱ ! អូនទេវី ! អូនស្រលាញ់គូថ្មីព្រោះអ្វី ? ព្រោះប្រាក់មែនទេ? ព្រោះគេ
ចេះសប្បាយហ៊ឺហា ព្រោះគេចេះបញ្ឆោត ចេះបោកផងមែនទេ ?។ ទេវីអូន ! បងពុំចេះដូចគេទេ ។ ហេតុនេះ សេចក្ដីសំរេចវាសនាអូន គឺអូន។ បងទុកឯកសិទ្ធិនេះលើអូនចុះ តែបងគ្រាន់តែអាណិតអូនដោយស្រីមើលតំលៃមនុស្សខុស។ ទេវីអូន ! បងខំបំភ្លេចរឿងអូន និង បងឲ្យភ្លេចសូន្យពីពេលនេះទៅ។
ព្រះអាទិត្យជ្រៀងជ្រេគងលើភ្នំស្វាយហើយ។ ពពកក្រហមឆ្អៅនៅផ្ដុំរាយមាយត្រង់នេះ ត្រង់នោះ ។ ឃើញមេឃចិត្ដកើតក្ដីសង្វេគដោយនឹករឮកដល់ពេលដែលទ្វីបលោកត្រូវឆេះកល្បទៅអនាគត។ គឺក្នុងពេលចុងបំផុតនេះហើយ ដែលមនុស្សត្រូវរលាយរូប រលាយខន្ធ ប្រាសចាកអស់ទុក្ខផងទាំងពួង។ ឱ ! គឺថ្ងៃគងភ្នំនេះហើយដែលលោកអ្នកចាំបានថា មានន្ទសន្យាជួបកាមាជាប្អូន។ មានន្ទស្ទុះលោតលើខ្នងសេះ បំផាយត្រង់ឆ្ពោះទៅដើមពោធិ៍កណ្ដាលស្រែដែលបាននិយាយទុក។ តាំងពីព្រឹកមក អ្នកលេបបាយពុំរួច ដេកពុំលក់ចេះតែរសាប់រសល់។ លុះដល់ទីកំណត់អ្នកលោតចុះពីលើខ្នងអាជានេយ្យដែលអ្នកចងនៅជិតនោះ។ បុរសច្រត់កែងដៃទាំងពីនៅចង្កេះដើរចុះដើរឡើង មើលនាយអាយរួចឈរគិតរឿងដដែលតែមួយ គឺរឿងនាងទេវីជាភរិយាក្បត់ចិត្ដអ្នក។
នៅជើងមេឃ សេះមួយទៀតផាយកាន់តែជិតមក។ មានន្ទឈប់ឈរនៅស្ងៀមមើលសេះនេះ។ លុះបានមកដល់ជិត អ្នកជិះសេះលោត ចុះមកដីលែងសេះឲ្យបរិភោគស្មៅទើបមកគោរពមានន្ទយ៉ាងគួរសម។ ដោយឥតមាននិយាយមួយម៉ាត់ មានន្ទហូតដាវខ្វាកប្រាប់ថា៖
កាមាប្អូនប្រុងខ្លួន ពីព្រោះបងបានសន្យាថាសំលាប់អាចោរលួច ប្រពន្ធគេឲ្យអស់ពីដែនដីខ្មែរ។
មានជាការអីបង !
មហាចោរនៅទល់ដែន
កាមាញញឹម ក៏ហូតដាវវិញ ដាវមានន្ទកាប់ឆ្វេងឮឆាំងៗ រន្ថើនគ្នារន្ដំដូចលាចផ្ទុះ។ តែកាមាកាត់ឮច្រែស ៗ ដូចសូរផាវ។ មានន្ទកាប់ខាងស្ដាំប៉ាំង ៗ សូរជាប់ប្រកិតគ្នា ។ កាមារងជាប់យ៉ាងអង់អាច។ មានន្ទគ្រវាសដាវកាប់ពីលើប៉ាំងៗ។ កាមាវាសដាវរងបានទៀត មានន្ទចាក់បណ្ដើរសើចបណ្ដើរ
យើ ! ប្អូនឯងគ្រាន់បើឥឡូវ!
បាទ ! ល្មមតែស៊ីសងបានដែរ ។ ហ៊ី សុំជូនបងវិញម្ដង!
ក្នុងពេលនោះ ដាវកាមារហ័សដូចរន្ទះ ស្ទុះវាត់មានន្ទខាងឆ្វេងត្រឹមចង្កេះ រួចរត់វឹងទៅរះខាងស្ដាំ រួចលោតមកពីលើវិញ។ បើភ្នែកពុំរឹង ស្មារីតីពុំបាន ប្រហែលជាពុំអាចរងនឹងមុខដាវទាំងពីរយ៉ាងដែលមានទម្ងន់មហិមានេះទេ។ តែមានន្ទវៃណាស់ រងទាន់ឮប៉ែសៗ បែកព្រាយព្រិចៗ។ កាមាសើចនិយាយម្ដងថា៖
យើ ! គ្រាន់បើដែរ។
មានន្ទសើចតបវិញ
មិនអ្វីទេ !
លំដាប់នោះគេឮសូរតែដាវវីតៗ ផាំងៗ គួរស្ញើបក្រៃពេក។ ជនទាំងពីរសុទ្ធសឹងតែចំណានក្នុងវិធីកាន់អាវុធ។ ជនទាំងពីរជួនកាល ជួបជិតគ្នា ស្អិតដូចតាំងម៉ែ ជួនកាលថយឆ្ងាយពីគ្នា។ ជួនកាលមានន្ទជាបងជំពប់ជើងដួល កាមាស្ទុះទៅបម្រុងសម្លាប់ចោល តែមានន្ទគេចផុត បណ្ដាលឲ្យកាមាជ្រុលខ្លួនដាំទីង នឹងដី។ រួចក្រោកឡើងទាំងពីរវិញបន្ទាន់បន្ទាប់គ្នា ចុងដាវក៏ប្រកៀកប្រកិតគ្នាជាថ្មី។ កាមាដួលវិញ មានន្ទស្ទុះទៅសង្កត់ពីលើ ប្រឹងរមួតដៃទប់គ្នាកុំឲ្យចុងដាវផ្ទាប់ជាប់នឹងកខ្លួន រួចធាក់គ្នាដួលផ្កាប់ផ្ងារ ។ មានន្ទដួលវិញ កាមាស្ទុះទៅចាក់បុកជញ្ជ្រាំពីលើដូចគេរុតត្រី។ តែមានន្ទគេចឆ្វេងស្ដាំ . . . ផុត។ រួចផ្លែដាវទាំងគូមកប្រកួតគ្នាវិញដដែលយ៉ាងស្វិតស្វាញ។
មានន្ទមានវាចាថា៖
អញទុកចិត្ដឯង។ អញជឿសម្បថឯង ព្រោះឯងស្បថឲ្យអញ ឯងមកក្បត់អញវិញ។
កាមាសើច
ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថឯណា គ្មានពាក្យសច្ចាឯណាធំជាងចិត្ដទេ។
អញប្រដៅឯងឲ្យដឹងបន្ដិច!
ឥតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងឲ្យចេះស្រលាញ់ស្រី កុំឲ្យទុកចិត្ដស្រី។
បើក្នុងពេលនេះ អញសំលាប់ឯងមិនបាន អញសុខចិត្ដស្លាប់។
ប្រាកដហើយ!
អញយកឈាមឯងលាងអាម៉ាស់ដែលឯងបានប្រព្រឹត្ដ។
តាមចិត្ដ!
អញកាត់ក្បាលឯងដោតឲ្យអ្នកផងមើល។
តាមត្រូវការ!
ឯងនេះហៅចំជាព្រហើន!
ពិតមែន អ្នកណាមិនស្គាល់កាមា ? បងឯងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ ។
លុះកាមានិយាយដូច្នោះ មានន្ទនឹកខឹងនាងទេវីក្រៃពេក។ រូបនាងលេចចេញនៅចុងដាវ លេចចេញនៅមុខអ្នក ខាំធ្មេញដាក់អ្នក សម្លក់អ្នក រូបនេះញញឹមដាក់អ្នក សំពះអ្នក អង្វរអ្នក។ មានន្ទភ្លេចនឹកដល់អាវុធដែលកំពុងកាន់ ស្រាប់តែ . . . អុ ! ស្រាប់តែចុងដាវរបស់កាមា ស្ទុះវ៉ីតមកបុកចំដើមទ្រូងអ្នក។ បុរសផ្អៀងខ្លួនតែពុំផុត ចុងដាវរុកចូលក្នុងស្មាស្ដាំ ឈាមហូរខ្ចាយក្រហមឆ្អៅ។ ចុងដាវធ្វើឲ្យអ្នកចុកពើតក្រៃលែង។ កាមា បានឱកាសនេះវាយផ្ដាច់ព្រ័ត្រ កាប់ឆ្វេងស្ដាំ ពីចំហៀង មានន្ទប្រឹងរងគេចយ៉ាងត្រដរ។ ក្នុងពេលនោះមានន្ទដឹងខ្លួនឡើងថា អ្នកកំពុងតស៊ូដើម្បីរស់ ទើបអ្នកផ្លាស់ដាវមកកាន់ដៃឆ្វេងវិញ ចាក់តទៅទៀត។
កាមាសើចយ៉ាងរីករាយ។
ម៉េចបង បងថាយកឈាមខ្ញុំ ឥឡូវគឺបងទេដែលហូរឈាម . . . ។
អត់ទាន់អីទេ ! ប្អូន !
សូរដាវក៏លាន់ឮរន្ថើនយ៉ាងខ្លាំងឡើងវិញដដែល។
និយាយពីអ្នកស្រុកដែលដឹកគោបញ្ចូលក្រោល ដើរជិតនោះ កាលបើបានឃើញមានន្ទ និងកាមាប្រកាប់ប្រចាក់គ្នាដូច្នាះ មានសេចក្ដីភិតភ័យយ៉ាងខ្លាំង រត់ទៅភូមិប្រាប់អស់ញាតិមិត្ដឲ្យមកជួយជាប្រញាប់។ តែព្រះអាទិត្យលិចបាត់ទៅហើយ។ ពន្លឺព្រះចន្ទក៏បំភ្លឺឡើងស្រាងៗ។ អ្នកស្រុកខ្លះអុចចង្កៀង ខ្លះអុជចន្លុះរត់មកទីសមរភូមិនៃបងប្អូនទាំងពីរនោះ មានចំនួនច្រើនអនេក ។ តែគ្មានអ្នកណាមួយហ៊ានចូលឃាត់សោះ ពីព្រោះដាវទាំងពីរនៅតែប្រកៀកជាប់គ្នាជានិច្ច ។ ដល់ឃើញអ្នកស្រុកមកកាន់តែច្រើនឡើង មានន្ទប្រកិតដាវរបស់កាមាជាប់ រួចនិយាយថា៖
ចូលប្អូនប្រុងខ្លួនឲ្យមែនទែនហ្ន៎ា !
ខ្ញុំអត់ភ័យទេ បងឯងចាក់ដៃឆ្វេងនោះ!
ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !
ដាវមានន្ទបុករុញៗទៅមុខប៉ាច់ៗ ដូចព្រួញដែលដេញកាមាជាប់។ កាមាភ័យនឹងចុងដាវនេះដែរ ពីព្រោះឃើញថាបងផ្លាស់ស្នៀតថ្មីហើយទម្ងន់ដៃឃើញថា ខ្លាំងជាងធម្មតារកទប់ស្ទើរពុំរួច តែកាមាប្រឹងឆ្មក់រកឱកាសល្អ។ ក្រោយមកស្រាប់តែដាវមានន្ទវាត់ក្រឡាច់ចំពាក់កណ្ដាលដើមទ្រូង កាមាធ្វើឲ្យកាមាដួលតូង ក្រាបស្រប៉ាបលើដីឈាមហូរគគុក។ កាមាប្រឹងក្រោកឡើងទៀត តែដួលទៅវិញ ។ អ្នកស្រុកលាន់មាត់ស្រែកថា អូយគ្រប់ៗគ្នា។ កាមាប្រែខ្លួនធ្វើអ៊ឹះៗ។ មានន្ទដែលអស់កម្លាំងណាស់ទៅហើយ លុះឃើញកាមាអស់តដៃបាន ក៏ជូតដាវដែលប្រលាក់ឈាម ស៊កចូលក្នុងស្រោមវិញ ដើរទាំងធេងធោងៗ ទៅរកសេះ។ ដល់ហើយ អ្នកឡើងលើខ្នងអស្សពាហ៍បំបោលទៅខាងទិសឯត្បូងក្នុងងងឹតបាត់ទៅ។
អ្នកស្រុកដែលទៅមើលទាំងប៉ុន្មាន ក៏លើកកាមាឡើង ខ្លះជួយជូតឈាមខ្លះជួយស្រែកហៅ តែកាមាសន្លប់បាត់ស្មារតីយូរណាស់ទៅហើយ ។ អ្នកសួរដោយភិតភ័យថា៖
ស្លាប់ហើយ ឬអី ?
ទេ ! មិនទាន់ស្លាប់ទេ!
របួសតិច រឺខ្លាំង ?
របួសខ្លាំងណាស់ មិនដឹងជាស្លាប់ ឬរស់ទេ!
អ្នកទាំងអស់គ្នាក៏សែងកាមាយកទៅគេហដ្ឋានព្រះកម្ពុតទាំងយប់ឥតបង្អង់ឡើយ៕
*************************

វគ្គទី៩៖រត់តាមប្ដី
រត់តាមប្ដី
នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖
បង ! បង ! បង ! . . . នេះប្អូន !
នាងភួងឃើញដូច្នោះ ខំបមបីស្រីថែមទៀត។
កូន ! កូន ! នេះម៉ែ ! ម៉ែណា !
ច៎ាះ ! ម៉ែ!
អី ! នេះម៉ែ!
ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។
នាងភ័យរឹតតែខ្លាំងឡើង ។ ស្រ្ដីជាម្ដាយញ័រ អស់សព្វសព៌ាង្គកាយ នាងទេវីបិទភ្នែកជិតស្លុង មាត់ចេះតែនិយាយៗទៅ គ្មានដឹងខ្លួនប្រាណសោះ។
ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . ។
កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអី ដូច្នោះ ? កូន ! កូន !
នាងភួងអង្រួន នាងទេវីយំរឹតតែខ្លាំងឡើង។
ទេ ! កុំៗ សម្លាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំ ឲ្យរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកឱស ៗ ស្លាប់ខ្ញុំហើយ ! ទេខ្ញុំចង់រស់ . . . !
នាងភួងគ្រវីក្បាល ហួសចិត្ដ មិនដឹងគិតយ៉ាងណា ដើម្បីឲ្យកូនសម្លាញ់របស់គាត់ និយាយត្រឹមត្រូវវិញ។
កូនៗ កុំនិយាយ ! កូនទៅឲ្យស្ងៀម !
ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនឲ្យខ្ញុំនិយាយឯណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ ...បង បង..! បង កុំជឿតាមគេណា ! អាណិតប្អូនទៅ កុំជឿតាមគេ។
ញើសហូរចេញពីថ្ងាសនាងទេវី ផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបណ្ដើរ និយាយបណ្ដើរ៖
ឱ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំឲ្យកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសម្ងំឲ្យលក់ទៅ ។
ច៎ាះ !
អឺ ! កូននៅឲ្យស្ងៀមកុំនិយាយអី ។
ច៎ាះ !
បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ ។
ច៎ាះ !
កូនមិនស្លាប់ទេ ព្រោះមានម៉ែ ។
ច៎ាះ !
មួយស្របក់ក្រោយមក នាងទេវីក៏ដេកលក់ ស្កប់ស្កល់។ ដល់នាងភ្ញាក់ឡើង ធីតាហាក់មានកម្លាំងកំហែង។ កល្យាណក្រោកដើរទៅមុជទឹក រួចទើបនិយាយ ទៅកាន់នាងភួងទៀតថា៖
ម្ដាយអើយ ! ក្នុងជាតិនេះ កូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះ អំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមា វាសម្លាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមា វាឲ្យមនុស្សអសិរពិសម្នាក់ យកដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំឲ្យខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមា វាបង្កាច់ថាខ្ញុំនឹងវា សហាយគ្នា។ ឱ អ្នកម្ដាយ ! កូនស្លាប់តែក្នុងថ្ងៃនេះឯង ជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ ឱ! ឥឡូវកូនខ្ញុំទៅណា បាត់ពីបង្អួចនោះហើយ . . .? អំបាញ់មិញ ខ្ញុំមើលឃើញកូនខ្ញុំ ពីទីនេះទៅ។ វាយកកូនខ្ញុំ ទៅទៀតហើយ។ កូនខ្ញុំដេកលក់ គ្មានដឹងថាជីវិត នៅនឹងចុងដាវគេទេ មានតែខ្ញុំទេ ដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ ព្រងើយ។ ឯខ្ញុំ ស្ទើរស្លាប់ខ្លួន។ ឱ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខ ថ្ងៃនេះហើយ។ តែឥឡូវ កូនរឹតតែមានទុក្ខទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅឱបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនឥតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេនិយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណា ក៏កូនមិនថាដែរ កូនមុខជាឲ្យគេគំហកតាមចិត្ដ ឲ្យតែកូនបានឮសម្លេងគេ បានស្ដាប់សម្ដីគេ ទោះសម្ដីនោះ ទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ ! ហេតុតែកូនស្រលាញ់គេ។ ឥឡូវគេមិនដឹងរឿង គេទៅបាត់ ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាឲ្យកូន កុំសើចកូន។ ច៎ាះ ! កូនថើប ដោយឥតអៀនខ្មាសទេ។ ឥឡូវកូនក៏បាត់ ប្ដីបាត់ តើឲ្យកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើយ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ ឱ ! . . . !
ក្នុងពេលនោះ មនុស្សម្នាក់ មាឌមាំ អាយុប្រមាណហាសិបប្លាយឆ្នាំ ចូលមក បីកូនមកផង។ នាងទេវីស្គាល់ជាក់ ជាកូនខ្លួន ក៏ស្ទុះរត់មកលុតជង្គង់ ពីមុខបុរសពុំស្គាល់នោះ លាតដៃទាំងពីរ . . . ។ បុរសអង្គុយចុះ ទឹកមុខញញឹម ហុចកូនទៅឲ្យនាង។
លោក ៗ កូនខ្ញុំមែនទេ?
បាទ ! កូននាងហើយ !
ឱ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
ខ្ញុំលួចគេយកមកជូននាងវិញ។
ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំឯណាលោក ?
មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។
ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ ឱ ! លោកហៅ ចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក
ចង់បានអ្វីពីខ្ញុំ ឲ្យតែខ្ញុំមាន ខ្ញុំជូនលោកទាំងអស់។
ទេ ! ខ្ញុំធ្វើនេះឥតមានចង់បានអ្វីពីនាងទេ។
ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅឯណា ? ដើម្បីឲ្យខ្ញុំបានដឹង ឲ្យខ្ញុំបាននឹកគុណអស់មួយ
ជីវិតខ្ញុំ។
ខ្ញុំជាមនុស្សឥតឈ្មោះ ឥតទីលំនៅ ឥតគ្រួសារទេ . . . ។
ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក!
ទេ ! ខ្ញុំឥតខ្លាចអ្វីទេ គឺជាការពិតដូច្នោះឯង។
ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។
បើដូច្នោះ កិច្ចខ្ញុំសម្រេចហើយ ខ្ញុំសូមលាអ្នកហើយ។
ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយ នឹងខ្ញុំសិន។
បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច ។
ហ៊ី ! លោកមានការអ្វី ?
ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅឲ្យសុខសប្បាយណ៎ា !
ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអាណិតចូលលេងផ្ទះខ្ញុំផងកុំខាន។
បាទ ! អរគុណនាងណាស់!
ចុះលោកស្គាល់ប្ដីខ្ញុំទេ?
បាទស្គាល់ តែឥឡូវអ្នកស្រុកប្រាប់ថា ឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាឯវាលស្រែឯណោះ តាំងពីល្ងាចម៉្លេះ រួចកាមាក៏ចាញ់ទៅ។ ឥឡូវ ឮថាជិះសេះទៅខាងត្បូង បាត់ទៅហើយ។ មិនដឹងជាទៅណាផង។
តាមស្មានប្រហែលទៅណា ?
ប្រហែលទៅបាត់ដំបង!
ឱ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះឲ្យសុខសប្បាយ ឲ្យមានជ័យជំនះឈ្នះអស់មារ សត្រូវៗ ទាំងប្រាំបីទិស។
មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវី ក៏ក្រសោបបុត្រីថើប។ នាងនិយាយថា៖
កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។
នាង បទុមក៏ភ្ញាក់ ដោយនាងទេវីញក់ញីខ្លាំងពេក។ នាងសើចគ្រហាញដាក់ម្ដាយ ដែលធ្វើឲ្យនាងទេវី រឹតតែសប្បាយចិត្ដទៅ ទៀតនាងយំបណ្ដើរផង។
កូន ! កូនអត់ត្រូវគេធ្វើបាបអ្វី ទេឬ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ
សាច់ ហុតឈាមទៅហើយ។ ម្ដាយយំខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ។ ទៅកូន ! ទៅជាមួយម្ដាយ ទៅរកឪពុកកូនឯងទៀត។
ថាដូច្នោះហើយ នាងទេវីរកកន្សែងដណ្ដប់ឲ្យនាងបទុម រួចប្រាប់នាងភួងថា៖
ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំឲ្យម៉ែ ទៅណាចោលផ្ទះឲ្យសោះ។
ថាហើយ នាងទេវីឱបបុត្រីជាប់នឹងដើមទ្រូង ថើបកូនបណ្ដើរ រត់ទៅមុខបណ្ដើរ។ នាងតម្រង់ទៅ គេហដ្ឋានព្រះកម្ពុត ទាំងកណ្ដាលរាត្រី។ ធីតាលែងនឹកខ្លាច លែងនឹកនាអ្វីទៀតហើយ។ នាងរីករាយក្រៃពេក ស្រីឆោមឆ្លងកាត់ផ្នូរខ្មោច តែនាងឥតដឹងខ្លួនសោះ។ ញើសនាងហូររហាម តែនាងឥតគិត មកដល់សោះ។ មុខនាងឱន តែទៅលើមុខបុត្រី របស់នាង ដែលនាងព្រាត់យូរមកហើយ។
លុះមកដល់ភូមិស្វាយ នាងស៊ើបសួរគេរកប្ដីនាង។ គេប្រាប់តាមដំនើរ ដើមទង។ កញ្ញាឱបកូន រត់តាមទៅទៀត។ កល្យាណតម្រង់ ទៅខាងស្រុកមង្គលបុរី ដែលសព្វថ្ងៃ មានចម្ងាយប្រាំបួនគីឡូម៉ែត្រ ពីភូមិស្វាយ។ យប់ងងឹតស្លុង។ ឆវីទៅតាមផ្លូវរទេះ ប៉ះជន្លង់ឈើ ព័ន្ធជើងដួល ធីតាក្រោកឡើង រត់ទៅទៀត ដើម្បីឲ្យទាន់សេះរបស់មានន្ទជាប្ដី បន្ដិចមក មានសេះមួយ បំផាយមកពីក្រោយនាង។ អ្នកជិះសេះស្រែកសួរថា៖
អ្នកណាហ្នឹង ?
ច៎ាះ ! ខ្ញុំលោក ឱ ! លោកដ៏មានគុណឬ ?
ចុះនាងអញ្ជើញទៅណា មកណា ទាំងយប់ដូច្នេះ ?
ច៎ាះ! ខ្ញុំទៅតាមប្ដីខ្ញុំ។ គេថាប្ដីខ្ញុំ ទៅតាមផ្លូវមង្គលបុរីនេះឯង។
យីនាងមិនខ្លាចទេ ?
ច៎ាះ ! ទេខ្ញុំមិនខ្លាចទេ។
មានខ្លាណ៎ា តាមផ្លូវ !
ច៎ាះ ! ខ្ញុំមិនខ្លាចខ្លាទេ។
នាងរត់ម្ដេចទាន់ បើគេជិះសេះ នាងដើរដូច្នោះ !
ខ្ញុំទាន់ត្រឹមណា ឈប់ត្រឹមនោះ។
យីយកសេះខ្ញុំជិះទៅ។
ឱ! ច៎ាះទេ ! អរគុណសោកណាស់ លោកមានគុណនឹងខ្ញុំណាស់ . . . ខ្ញុំទៅហើយ ។
ឈប់សិន និយាយគ្នាឲ្យអស់សិន។
ច៎ាះ ! អត់ទោសខ្ញុំប្រញាប់ណាស់។ លោកអញ្ជើញទៅចុះ កុំគិតដល់ខ្ញុំ។
បុរសជិះសេះប្រឹងជំរត់សេះ ឲ្យទាន់ធីតាកម្សត់ ដែលពុំព្រមឈប់និយាយសោះ។
អ្នកមានស្គាល់គេទេ ឯមង្គលបុរីនោះ ?
ច៎ាះ ទេ!
ចុះ ឯបាត់ដំបង ?
អត់ស្គាល់អ្នកណាទេ។
យី ! បើដូច្នោះ អ្នកអញ្ជើញទៅផ្ទះអ្នកណា ? បើរកប្ដីអ្នកមិនឃើញ ?
ច៎ាះ ! មិនអីទេ ខ្ញុំទៅនៅត្រង់ណាក៏បានដែរ។
មិនបានទេ ! មិនបានទេ ។ អ្នកមានប្រាក់កាស ជាប់ខ្លួនទេ ?
ទេខ្ញុំអត់ប្រាក់ទេ។
បុរសចម្លែកនេះ លុះបានឮដូច្នោះ ក៏លូកថង់យាម បោះប្រាក់មួយថង់ធំ មកឲ្យនាង។ នាងទេវី លុះដឹងថាប្រាក់ ក៏ប្រឹងរត់តាមសេះ ហើយស្រែកថា៖
ទេៗ លោកៗ យកទៅវិញចុះ។
តែអ្នកជិះសេះ បំផាយយ៉ាងលឿន ទៅបាត់ទៅ។
នាងទេវី ឃើញប្រាក់នោះ ប្រាំណែន។ ធីតា មានសេចក្ដីអរគុណ នឹងបុរសមិនស្គាល់មុខនេះ ជាអនេកកប្បការ។ លុះដល់មង្គលបុរី នាងទេវី ដើរពីផ្ទះមួយទៅផ្ទះមួយ រកប្ដី តែគេបិទទ្វារដេកលក់អស់។ នាងឃើញផ្ទះមួយ នៅពុំទាន់បិទទ្វារ។ ចង្កៀងប្លុងៗ នាងរត់តម្រង់ទៅសួរគេ ៗឆ្លើយថា៖
អំបាញ់មិញនេះ មានមនុស្សជិះសេះម្នាក់ មកសុំទឹកផឹក មនុស្សនោះរបួសផង ប្រហែលមានរឿងអ្វី ធំដុំហើយមើលទៅ។
មនុស្សនោះទៅណាហើយមីង ?
ច៎ាះ ! ខ្ញុំសួរ គេថា គេមានការ ទៅបាត់ដំបងទាំងយប់ នេះឯង។ ខ្ញុំឃាត់ដែរ តែគេពុំព្រមនៅសោះ។
ទៅយូរហើយឬអ្វី ?
ច៎ាះ ! ទេ ! ទើបនឹងទៅអំបាញ់មិញនេះឯង។
ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ។
យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ !
ច៎ាះ ! ខ្ញុំអត់ទៅណាទេ!
អ្នកជិះសេះនោះ ត្រូវជាយ៉ាងម៉េចនឹងនាង ?
ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ។
នាងនៅឯណា ?
ខ្ញុំនៅស៊ីសុផុន។
អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ?
ខ្ញុំមានការអ្នកមីង!
យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ។
ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ?
ខ្ញុំទៅមុខទៀត!
នាងទេវីបានទឹក ក៏ផឹកក្អឿកៗ រួចលាមីងនោះរត់ទៅទៀត។ កល្យាណ ហាក់ដូចជាមានកម្លាំងឡើងវិញ សាយពេញខ្លួន។ នាងបែកញើសសស្រាក់ ត្រជាក់អស់ទាំងខ្លួន។ លុះរត់មួយសន្ទុះទៅ នាងឮសូរជើងសេះ នាងស្រែកហៅ៖
បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ !
គេឮសូរ តែមាត់នាង ដែលអណ្ដែតទៅក្នុងព្រៃស្ងាត់បាត់ឈឹង គ្មានឮសូរអ្វី ឆ្លើយមកវិញឡើយ។ រីឯជើងសេះ ក៏លាន់ឮកាន់តែល្វើយទៅៗ លុះត្រាតែបាត់សូន្យជាអចិន្រ្ដៃយ៍។
ពីរថ្ងៃក្រោយមកទៀត នាងទេវី និង បុត្រីបានដើរទៅជិតអ្នកលក់បន្លែម្នាក់ នៅទីផ្យារបាត់ដំបង។ នាងដើរតាមស៊ើបសួរ រកប្ដីនាង តែមិនលេចឮដំណឹងអ្វីសោះ។ នាងដើរតាមសំយាបផ្ទះចិន តាមរោងចក្រផ្សេងៗ តាមរោងលក់ម្ហូបអាហារ ចំនី តាមផ្ទះអ្នករាជការ តូច ធំ គយគន់ រកមើលគូកម្សត់។ ធីតាពកូនយំបណ្ដើរ ដើរបណ្ដើរ តែរាល់ថ្ងៃដូច្នោះឯង៕
*****************************

វគ្គទី១០៖ស្ដេចខ្ញាល់
ស្ដេចខ្ញាល់
ល្ងាចថ្ងៃ ដែលមានការវិវាទ រវាងមានន្ទ និង កាមានេះ ព្រះកម្ពុតជាបិតា ពុំបានទៅណាទេ។ នៅក្នុងដំណាក់ គេឮសូរ តូរ្យតន្រ្ដីរងំ។ យូរៗ ចម្រៀងកញ្ញាម្នាក់ លាន់ឮឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវ សប្បាយ។ ព្រះកម្ពុត លង់ក្នុងសេចក្ដីសប្បាយ នេះឯង។ អង្គុយលើកៅអីដាំត្បូង ទ្រង់សំលៀកបំពាក់មួយ ដ៏ល្អឆើតឆាយ ព្រះកម្ពុតទះដៃ សើចក្អាកក្អាយ ពីមុខស្រី ដែលរេរាំយ៉ាងស្រស់អស់ពីចិត្ដ។ ក្នុងនោះ ទាហានម្នាក់ចូលមក ព្រះកម្ពុតរាដៃ ឲ្យពួករបាំឈប់។ របាំក៏ឈប់ស្ងាត់សូន្យ ។ អ្នករាំក៏លបៗ ចូលទៅកៀន។ ព្រះកម្ពុត ឱនសួរទៅទាហាន ដែលឈរត្រង់ខ្លួន នៅពីមុខលោកថា៖
មានការអ្វី ?
ព្រះបាទម្ចាស់ កាមាត្រូវរបួសជាទំងន់។
ព្រះកម្ពុតឮចំលើយយ៉ាងនោះ បើកភ្នែកធំៗ ញេញធ្មេញសួរតទៅទៀតថា៖
រឿងអី វានៅឯណា ?
ព្រះបាទម្ចាស់នៅខាងមុខ មានរឿងជាមួយមានន្ទ។
យី ! ឯណា ជូនអញទៅ
ព្រះកម្ពុតក៏ដើរចេញពីកៅអីកិត្ដិយស ដោយមានទាហានអមទាំងសងខាង ចេញទៅផង។ អ្នកភ្លេង អ្នករាំទាំងប៉ុន្មាន ឆ្ងល់នឹងរឿងនេះក្រៃពេក តែពុំមានអ្នកណាមួយ ហ៊ានមាត់កអ្វីឡើយ។ លុះដើរទៅដល់ ឃើញជាក់ជាកាមាមែនហើយ ព្រះកម្ពុតមានទឹកមុខឡើងក្រហម លោកបញ្ជាដូចតទៅ៖
យកវាទៅថែរក្សាទៅ ! ទៅឆាប់ ៗ!
សេនាជំនិតទាំងអស់ ក៏គ្រាហ៍កាមាយកទៅ។ ព្រះកម្ពុតដកដង្ហើមធំសម្លឹងទៅក្រៅ ឃើញមនុស្សម្នាក់ក្មេង មុខកាច សក់រួញ ក៏ហៅបុរសនោះ ឲ្យចូលមក។
និលៗ ឯងដឹងរឿងរ៉ាវអ្វីទេ ?
ព្រះបាទម្ចាស់ ដឹងខ្លះដែរ។
អាមានន្ទ និង អាកាមា វាមានរឿងអីនឹងគ្នា ?
ព្រះបាទម្ចាស់មានរឿងពីស្រី។
ស្រី ? ស្រីអី?
មានន្ទមានប្រពន្ធមួយ ឈ្មោះនាងទេវី កាមាក៏ស្រលាញ់នាងនេះដែរ។
ទេវី ? កូនវិសេសក្លាហាន ដែលទើបស្លាប់ទៅនោះឬ ?
ព្រះបាទម្ចាស់!
អាមានន្ទ វាការគ្នាពីកាលណា ?
បាទទានប្រោស ការរួចប្រហែលមួយឆ្នាំហើយ។
យី ! អានេះ ចិត្ដធំមែន ! ចុះអាកាមា ម្ដេចក៏វាស្រលាញ់នាងទេវីដែរ ?
ព្រះបាទម្ចាស់ស្រលាញ់ដែរ។
ស្រលាញ់មុន ឬ ក្រោយអាមានន្ទ?
ព្រះបាទម្ចាស់ស្រលាញ់ក្រោយទេ។
រួចវាដណ្ដើមគ្នា ?
ព្រះបាទម្ចាស់ ប្រហែលដូច្នោះហើយ បានជាកាប់គ្នាថ្ងៃនេះឯង។
ហ៊ឺ ! គិតទៅកូនៗ វាមើលងាយឯងមែន។ អាអស់នេះ សមតែកាត់ក្បាលវាចោល។ អាកាមាចុះវានៅក្មេង ចុះអាមនន្ទក្បាល
កញ្ចាស់ ក៏វាព្រើលដែរ រួចវាស្រលាញ់អ្នកណាមិនស្រលាញ់ ទៅស្រលាញ់មីទេវី កូនអាចង្រៃវិសេសក្លាហាន នោះទៀត។ ហ៎ា ៗ! វាដឹងថាអញស្អប់វិសេសក្លាហាន រួចវាស៊ុមគ្រលុំគ្នាមិនប្រាប់អញ។ តើឥឡូវ អាមានន្ទវាទៅណាហើយ ?
ព្រះបាទម្ចាស់ ឮថា ជិះសេះទៅខាងមង្គលបុរី។
យើ ! អានេះរត់ហើយតើ។ វាដឹងខ្លួនវាហើយ ។ ទៅនិលឯងយកទាហាន ១២នាក់ជិះសេះ ទៅចាប់វាចង នាំមកឲ្យខ្ញុំ យ៉ាងប្រញាប់។
ខ្ញុំព្រះបាទសុំចុតហ្មាយ ទានប្រោស។
អើ ៗ !
ព្រះកម្ពុតសរសេរចុតហ្មាយដូចតទៅ៖
ចុតហ្មាយឲ្យចាប់ខ្លួន
យើងព្រះកម្ពុត ចៅហ្វាយខេត្ដសិរីសោភ័ណ បង្គប់ឲ្យមេកងនិល ពេជ្រ ចេញមកចាប់មេទ័ពមានន្ទ។
បើឈ្មោះនេះរឹងទទឹង និលពេជ្រអាចសម្លាប់ចោលបានពេញច្បាប់។
ព្រះកម្ពុត
លុះសរសេររួចហើយ ព្រះកម្ពុតហុចលិខិតឲ្យទៅនិលពេជ្រ ដែលគេតែងហៅ មេកងនិលៗ ប៉ុណ្ណោះឯង។ ព្រះកម្ពុតបន្ថែមថា៖
ទៅចាប់អាមានន្ទឲ្យប្រុងប្រយ័ត្នបន្ដិច ព្រោះដូចឯងដឹងស្រាប់ហើយ វាក្លាហានណាស់។
ខ្ញុំព្រះករុណាធ្វើតាមបន្ទូល ទាន។
តែនិលពេជ្រឯងក៏ជាជើងឯកមួយដែរ បានជាអញបញ្ជូនទៅនេះ។
សូមព្រះតេជគុណទុកចិត្ដលើខ្ញុំបាទចុះទាន ។ ខ្ញុំបាទសូមរើសយកពលណា ដែលធ្លាប់មានថ្វីដៃបំផុតទៅជាមួយ។
អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់ ឲ្យគ្រប់គ្រាន់ណា។
ព្រះបាទម្ចាស់។
និលពេជ្រ ក៏គំនាប់ព្រះកម្ពុត ហើយស្ទុះចេញទៅ។ ក្នុងពេលនោះ មនុស្សម្នាក់ចាស់ អាយុប្រមាណហុកសិបប្លាយឆ្នាំ តែមាឌនៅរឹងប៉ឹង ដូចក្មេងអាយុម្ភៃឆ្នាំ ចូលមកដល់។ គាត់ចាប់អាវនិលពេជ្រ រួចនិយាយថា៖
ទៅណា ?
បាទ ! ព្រះតេជគុណ ឲ្យទៅចាប់មានន្ទ លោកតា។
ចូលមកវិញ និយាយគ្នាសិន។
បាទ !
មនុស្សចាស់នេះមានទឹកមុខមាំ ចូលមកដល់ព្រះកម្ពុត ព្រះកម្ពុតឃើញ ក៏ឲ្យអង្គុយកៅអីដោយគួរសមយ៉ាងគោរព ។ តែមនុស្សចាស់នេះ ទាញកៅអីក្រាក ដោយគំរិះគំរុះ ទៅកៀនជញ្ជាំង មុខបែរទៅរកបង្អួច ឥតមើលមុខព្រះកម្ពុតឡើយ ។ ព្រះកម្ពុតប្រឹងពន្យល់ ថា៖
សូមលោកជ្រាប គួរអីព្រហើនម៉្លេះ ?
ព្រហើនអី ?
បាទ ទាន ! វាលួចការប្រពន្ធឥតឲ្យខ្ញុំដឹង។
ដឹងទៅបានការអី ?
បាទទេ ! ខ្ញុំជាឪពុកវា គួរតែវាប្រាប់ខ្ញុំមុននឹងសម្រេចការអ្វីនីមួយៗ។
វាដឹងថា លោកមិនធ្វើតាមវាពិត បានជាវាមិនប្រាប់ ។ ឈប់និយាយ ! ចុះឥឡូវលោកធ្វើអ្វី ?
ខ្ញុំឲ្យទាហានទៅចាប់វាមក។
លោកជាឪពុក លោកធ្លាប់ស្គាល់ខ្ញុំជានិច្ចរៀងដរាបមក។ ខ្ញុំស្រលាញ់លោកចិត្ដមួយ ថ្លើមមួយ។ ខ្ញុំចាស់ហើយ តែខ្ញុំធ្លាប់ភប់
ប្រទះ នឹងរឿងរ៉ាវច្រើនណាស់ ខ្ញុំដឹងរឿងអស់នោះ ។ ខ្ញុំជាទីប្រឹក្សា របស់គ្រប់ចៅហ្វាយខេត្ដទាំងអស់ ដែលមានចំនួនបួននាក់ មកហើយ គឺ មានលោកនេះជាក្រោយបង្អស់។ ខ្ញុំសូម កុំឲ្យលោកចាត់ទៅចាប់វា ធ្វើអ្វី។ តាមខ្ញុំយល់ គឺគួរបង្រួញរឿងនេះ ឲ្យខ្លី កុំពង្រីក ឲ្យវែងទៅៗ នោះ។
ចុះ ឲ្យខ្ញុំធ្វើយ៉ាងណាវិញ ?
មានន្ទវាមានទៅណា វាជាកូនលោកស្រាប់ តែបន្ដិចទៀតវាមកវិញហើយ។ ចាំបាច់ទៅព័ទ្ធចាប់វាធ្វើអ្វី ?
សូមទោស គិរីមេរុ ឥឡូវព្រះកម្ពុត ចាត់ការនេះហើយ ព្រះកម្ពុតមិនអាចដកពាក្យទេ ។ ខ្ញុំស្ដាប់លោកជានិច្ច ខ្ញុំគោរពលោក
ជានិច្ច តែក្នុងពេលនេះ ខ្ញុំត្រូវតែផ្ដន្ទាទោសអាមានន្ទ ឲ្យអស់ចិត្ដខ្ញុំខឹង។ ខ្ញុំខឹងណាស់ សូមប្រាប់លោកឲ្យត្រង់។ ទៅនិលពេជ្រទៅ!
និលពេជ្រ ក៏ចេញទៅតាមពាក្យព្រះកម្ពុត។ តាគិរីសុមេរុ ពេបមាត់ សម្លឹងមើលក្ដារ ឥតនិយាយមួយមាត់។ តាគិរីសុមេរុនេះ ជាអ្នកចម្បាំងជើងចាស់ ដែលរស់ប្រាំរាជស្ដេច មកហើយ។ គាត់គ្មានខ្លាចអ្នកណាទេ ទោះព្រះកម្ពុត ក៏គ្មានខ្លាចដែរ។ តែព្រះកម្ពុត គោរពគាត់ជាចាស់ទុំដរាប។ កាលព្រះកម្ពុតនៅក្មេង គាត់បានចិញ្ចឹមបីបាច់រក្សា រួចក្នុងសង្រ្គាមនានា គាត់បានជួយជីវិតព្រះកម្ពុតនេះ ឲ្យរួចពីក្ដីមរណៈ ជាច្រើនលើក ច្រើនគ្រា។ ដើម្បីតបស្នង សងគុណតាគិរីសុមេរុវិញ ព្រះកម្ពុត បានអញ្ជើញគាត់ ឲ្យមកនៅជាមួយ។ គិរីសុមេរុ ជាមនុស្សមានបញ្ញាវៃឆ្លាត ហើយពូកែស្វិតស្វាញ ខាងកាន់គ្រឿងអាវុធ រកអ្នកណាមួយ ប្រៀបធៀបពុំបានឡើយ។ គិរីសុមេរុ ក្រោកឈរច្រានកៅអីដួលផ្កាប់ផ្ងារ រួចដើរចេញទៅខាងក្រៅ។ ព្រះកម្ពុតមានសេចក្ដីបារម្ភ នឹងអាកប្បកិរិយានេះដែរ តែដឹងចិត្ដតាគិរីសុមេរុ ...។ ទោះជាយ៉ាងណា ក៏បុគ្គលនេះ ជាមនុស្សផុតចាប់ទោស អូសដំណើរដែរ។ ព្រះកម្ពុតមុខឡើងស្លាំងអង្វរថា៖
អញ្ជើញលោកតាពិសាតែសិន!
គិរីសុមេរុស្រលាញ់មានន្ទណាស់ ហេតុនេះហើយបានជាគាត់ មិនចង់ឲ្យព្រះកម្ពុត តាមរកមានន្ទនោះ។ លុះដើរចេញមក ដល់ក្រៅបន្ទាយ គាត់ក្រលេកមើលនាយអាយ រួចស្ទុះទៅចាប់ស្មានាយកោប ជាប់ពីក្រោយ។
លោកតាៗ ! សួស្ដីលោកតា !
អាចំកួត មានន្ទទៅណាហើយ ?
បាទ ! ខ្ញុំបាទមិនដឹងដែរ។
ចុះម្ដេចអាឯង នៅប៉ែលប៉ោលទីនេះទៀត ?
ឲ្យខ្ញុំធ្វើយ៉ាងណាលោកតា ?
អាឯងឆ្កួត ឬជា ?
បាទ ! ជាលោកតា!
អាឯងស្រលាញ់មានន្ទ ទេ ?
ស្រលាញ់ដែរ!
មានន្ទមានទុក្ខ ម្ដេចអាឯងសប្បាយនៅនេះ?
បើដូច្នេះ ខ្ញុំទៅរកឥឡូវ។
អើ ! ទៅ ! ទៅប្រាប់វាថា គេតាមចាប់ ឲ្យប្រយ័ត្នខ្លួន . . .។
បាទ !
ឯងដឹងមានន្ទនៅឯណាទេ ?
ទេ !
បើឯងមិនដឹងធ្វើម្ដេច ទៅរកឃើញ ?
ការនេះស្រេចនៅលើខ្ញុំ ខ្ញុំជ្រែកដីរាវទឹក កកូរអាកាសរកទាល់តែឃើញហ្នឹង។ យ៉ ! វាទៅណា កំបាំងភ្នែកអាកោប។
គិរីសុមេរុ សើចទះស្មានាយកោប៖
ប្រយ័ត្នតែឯងមិនឃើញវិញ តើឲ្យអញធ្វើម៉េច ?
ឲ្យពុះក្បាលកោបជាប្រាំពីភាគ។
បីភាគបានទេ ?
តិចណាស់ មិនស្លាប់កោបទេ កោបធ្លាប់ទទួលបួនរួចមកហើយ ៗឥតអី។
បើដូច្នោះ អញសុំតែមួយសិនបានទេ ?
គ្នាឯង អ្នកណាដែលឲ្យលេងអញ្ចឹង។
អាកោប អញសួរឯងបន្ដិចបានទេ ?
បាន ! យី ! លោកតាសួរចុះ សួររឿងព្រះ ឬរឿងជាតិ ឬរឿងព្រះឥសូរ . . . ។
អើ ! កាលណាបានឯងយកប្រពន្ធ ?
ដល់លោកតាយក បានខ្ញុំយកដែរ។
ហាស ៗ អាចំកួត!
ទៅគិតអីរឿងប្រពន្ធកូននោះ?
ចុះឯងគិតអីវិញ ?
រឿងជាតិ!
អូ ! អាខ្មោច លោជា ឯងចេះគិតពីរឿងជាតិដែរ។
យី ! សិស្សមានន្ទណ៎ា ខ្ញុំ!
ឱ ! ឯងចេះគិតជាតិ ព្រោះឯងជាសិស្សគេទេឬ ?
ឱស ៗ តែ ខ្ញុំគិតរឿងជាតិ ព្រោះខ្ញុំជាខ្មែរ។
បើអញ្ចឹងទៅចុះ!
នាយកោបហួច ឮសូរវើតៗ។ សេះមួយ កញ្ជៀវឯចម្ងាយ។ មិនយូរប៉ុន្មាន សេះនេះលូនមកដល់ ពីមុខនាយកោបភ្លាម ដែលស្ទុះទៅយកអាន និង បង្ហៀរមកដាក់ ដោយរួសរាន់។ តាគិរីសុមេរុឃើញយ៉ាងនេះ មានចិត្ដស្ងើចនាយកោបមួយអន្លើដែរ តែពុំចេញស្ដីអ្វី ឲ្យវាដឹងចិត្ដគាត់ឡើយ។ នាយកោបស្ទុះលោតភ្លែត ឡើងលើខ្នងសេះ គំនាប់តាគិរីយ៉ាងគួរសម រួចបំផាយសេះ ទៅខាងទិសមង្គលបុរី ទៅ។ តាគិរីឈរមើលសេះនាយកោប ដោយញញឹមគ្មានដាច់ ទាល់តែបាត់ឮសូរជើង ទើបឈប់មើល។ បន្ទាប់ក្រោយពីនេះបន្ដិច ហ្វូងសេះរបស់និលពេជ្រ ក៏ចេញដំនើរតាមយ៉ាងកក្រើកដី នាំឲ្យរាត្រីនោះ រន្ធត់ញាប់ញ័រជាពន់ពេក៕
****************************

វគ្គទី១១៖តដៃដោះខ្លួន
តដៃដោះខ្លួន
កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖
អឺ ! ខ្ញុំរបួស!
អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
អឺ ! ឆាប់ឡើង!
មានការឬទេ ?
ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
មិនអីទេ ?
ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
មិនជាអ្វីទេ!
លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
អី....បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
អ្នកណាជាសហាយ ?
ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖
កុំចង់ដឹងអី !
ទេលោកគ្រូ !
ជារឿងហួសអស់ទៅហើយ។
ទេ លោកគ្រូ !
ជារឿងឥតប្រយោជន៍។
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖
លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖
កាមាប្អូនប្រុសខ្ញុំ . . .។
យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
ឱ ! ព្រះម្ចាស់ថ្លៃអើយ !
កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖
ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
គឺអ្វី ?
គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
ធ្វើយ៉ាងណា ?
តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
បាទ ! ខ្ញុំក៏តស៊ូដែរ!
អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
ទឹកពុះហើយឬ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖
គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?
ទៅ! ប្រាកដជាទៅដាច់ខាត។
យើងទៅតាំងទីកន្លែងត្រង់ណា ?
គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖
យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។
នាយអគ្គីមុខស្មើ។
ឱ ! បាទ !
តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖
បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖
អូ ! អូ ! អូ !
បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។
ខ្ញុំឆ្លើយតបថា៖
ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
បងមិនទៅណាទេ!
ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
ប្អូនជាខ្មែរ ឬ ខ្មាំង ?
ច៎ាះ ! ប្អូនជាខ្មែរ!
បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖
បងសម្លាញ់ប្អូន ?
ខ្ញុំខ្សឹបប្រាប់វិញថា៖
បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា៖
ចុះយ៉ាងណាទៀត ?
បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។
អ្នកណា ?
អញ!
អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។
នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។
អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
អាឆ្កួត ! មានការ។
ការអី ?
អញមកប្រាប់លោកគ្រូ។
យី ! ម៉េចអាឯងដឹង ?
ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។
ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖
អ្នកណា កោបឬ ?
បាទ !
គីឲ្យកោបចូលមក !
នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖
ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
បាទទេ!
គី ?
បាទ ទេ !
កោប ?
បាទ !
ត្រៀមខ្លួន!
នាយកោបញាក់មុខឆ្លើយថា៖
បាទ!
មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។
បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
បាទ !
បាទ !
មានន្ទសួរទៀតថា៖
អ្នកណានាំមក ?
និលពេជ្រ!
អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល។
បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
បាទ !
មានទ្វារ រត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា៖
បាទ ! មានផ្លូវសម្ងាត់មួយ។
របងគីឯង ល្មមពួកវាចូលបានទេ ?
មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
បាទ !
បាទ !
យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
បាទ!
បាទ!
ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
ទល់ដែន!
ទល់ដែន !
កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
បាទ !
បាទ !
ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។
និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖
បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។
លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។
ម៉េចមានឃើញអ្វីខ្លះ ?
ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
ប្រហែលមានមនុស្សទេ ?
ប្រហែលដេកលក់អស់ហើយ។
បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖
ម៉េចបើកទ្វាររួចទេ ?
បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។
បាទ !
សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។
នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។
និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖
សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។
ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា៖
អញ!
អឺ ! គីទេឬ ?
អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
អឺអញៗ មកលេង!
បើមកលេង មកកុំបង្អង់ !
ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
អញមកជាតំណាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖
ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
យី ! អាកោប អញមកនេះមានសំបុត្រ។
ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។
មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
អញទៅក្នុងផ្ទះ។
ប្លន់ឬ ?
អញចាប់មនុស្សទោស។
គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
មាន ។
ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
ព្រះកម្ពុតឲ្យអញមកណ៎ា។
ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
ឯងរឹងទទឹងនឹងច្បាប់ឬ ?
ឯងរកចាប់អ្នកណា ?
មានន្ទ !
ហ៊ីសៗ អាក្រពើ វង្វេងបឹង!
មានន្ទនៅឯណា?
នៅនេះ ?
សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
រកខ្ញុំធ្វើអី ?
ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។
យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
មិនមែនទេ ! បោះត្រាលោកផងណា!
អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖
ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖
មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖
ឯនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖
ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។
ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕
****************************

វគ្គទី១២៖អាសន្នធំ
គឺជាផ្ទះមួយ ដ៏សមរម្យ ដែលមានន្ទពួន ធ្វើអំពីឈើប្រក់ក្បឿង មានទីធ្លាធំតាមឋានៈខ្មែរជនកណ្ដាល។ តែក្នុងភូមិកុយមែងនេះ ផ្ទះប៉ុណ្ណេះជាផ្ទះមួយ ដ៏រុងរឿងណាស់ទៅហើយ កណ្ដាលចំណោមផ្ទះឯទៀត ដែលសុទ្ធសឹងតែជាកូនខ្ទម រយីករយាក។
មានន្ទចូលក្នុងបន្ទប់មួយ រួចបិទទ្វារជិតស្លុង។ មាណព មើលឃើញគ្រែពូកស្អាត មុងសស្គុស។ អ្នកនឹកថា ប្រហែលជាបន្ទប់ដេកហើយ។ នៅកៀនគ្រែមានតុមួយ ប្រដាប់ដោយកញ្ចក់តាំង ស្និតសិតសក់ កែវម្សៅ កែវល្មៀត ដបទឹកអប់ផង។ មានន្ទចាប់អារម្មណ៍ថា «លោៗ ជាបន្ទប់កូនក្រមុំគេ ក៏មិនដឹង ?។ បុរសត្រិះរិះមើល តើឧត្ដម មិត្ដចាស់របស់អ្នក មានកូនក្រមុំទេ ? ទេ! វាមិនដែលមានកូនឯណាទេ។ ចុះវា លក់ផ្ទះនេះ ឲ្យទៅអ្នកណាមួយ ហើយឬ? តែតាមតុទូក្នុងផ្ទះ ដែលធ្លាប់ដូចបានស្គាល់ពីមុន មកហើយ គឺតុ ទូ ដដែលសោះ។
អតីតសង្សារនាងទេវី ភិតភ័យយ៉ាងខ្លាំងនឹងរឿងនេះ ។ ណាមួយនៅភូមិកុយមែង មានភ្នាក់ងាររាជការ របស់ឪពុកអ្នកផង ប្រហែលជាពួកអស់នេះ បានទទួលកិច្ចបញ្ជាពីសិរីសោភ័ណមក ឲ្យជួយចាប់អ្នកជាប្រាកដ។ ណាមួយទៀត ដៃអ្នក ដែលពីម្សិលមិញ បានលាងរុំនោះ ក៏ឈឺចាប់ចុកយ៉ាងខ្លាំង ពីព្រោះអ្នកបានតស៊ូ ដើម្បីរំដោះខ្លួន ឲ្យបានរួចជីវិត ពីយប់មិញ មកនេះ។ អ្នកកម្លោះ យកដៃឆ្វេងស្ទាបមើល ឃើញហើម ធ្វើឲ្យឈឺក្រៃពេក។ រីឯ ពូកខ្នើយ ធ្វើឲ្យអ្នកងងុយដេកយ៉ាងខ្លាំង តែពុំហ៊ានប្រាសខ្នង ដល់ឡើយ ។ អ្នកនឹកថា « ចុះឧត្ដម វាទៅណា ? វាភ្លេចអ្នក ហើយឬនៅ ? ពីព្រោះមិត្ដទាំងពីរនេះ ឃ្លាតគ្នា តាំងពីកាលនៅវ័យកុមារ រៀងៗខ្លួនមក។
ខាងក្រៅ ឮសូររទេះបរបាក់ឃឹបៗ ចូលមកក្នុងរបងផ្ទះ។ មានន្ទ លបស្ដាប់ ឮសូរមាត់ស្រីជជែកងេកងោកៗ អំពីដូរស្រូវលក់ថ្លៃ តថ្លៃ ទិញប្រហុក ។ បន្ទាប់មក ទើបអ្នកឮសូរមាត់ឧត្ដម ដែលអ្នក នៅចាំសម្លេង នៅឡើយ។ បុរសត្រេកអរយ៉ាងខ្លាំង ដោយទើបបានដឹងប្រាកដថា ជាផ្ទះមិត្ដចាស់របស់អ្នកពិតមែន។ ក្នុងពេលនោះ ឧត្ដមជជែកវ៉ូងវ៉ាងរួច ក៏ចូលមកបើកទ្វារបន្ទប់ ដែលមានន្ទនៅពួន មានន្ទស្ទុះទៅខាងទ្វារ កំបាំងខ្លួនបាត់ នឹងទ្វារ ដែលបើកមក។ លុះឧត្ដម បានចូលស៊ប់ ដល់ក្នុងបន្ទប់ហើយ មានន្ទរាំងទ្វារជិតភ្លាមមួយរំពេច។ ឧត្ដមស្រឡាំងកាំង ទើបដឹងហើយស្គាល់ថា ជាមានន្ទ ក៏ស្ទុះទៅ ឱបមិត្ដកម្សត់នេះ។
យឺ ! មកពីណា ? ម៉េចឯងមកពួននៅទីនេះ ? មានរឿងអ្វី ?
មានន្ទយកដៃខ្ទប់មាត់ឧត្ដម៖
កុំមាត់ខ្លាំង គេឮ!
មិត្ដឯងសុខសប្បាយជាទេឬ ?
សុខសប្បាយទេ តែក្នុងពេលនេះយើងមានរឿង . . . ។
មានន្ទច្រានឧត្ដមចេញ និយាយយ៉ាងនឹងនួនទៅទៀតថា៖
យើងជាមនុស្សអសិរពិស តើឯងអាចទទួលយើង ឲ្យនៅទីនេះបានទេ?
ឧត្ដមធ្វើទឹកមុខស្រងូតស្រងាត់៖
រឿងអ្វី ? ធំប៉ុន្មាន ?
មានន្ទក៏រ៉ាយរ៉ាប់រឿង ប្រាប់ឧត្ដមដោយត្រួសៗ តាំងពីដើមដល់ចុង។ លុះស្ដាប់ចប់សេចក្ដី ឧត្ដមសើចទះស្មាមានន្ទ យ៉ាងរីករាយ។
ឯងនៅទីនេះបាន។ តោងទុកផ្ទះនេះ ដូចជាផ្ទះឯង ។ តើឯងបម្រុងនៅប៉ុន្មានថ្ងៃ?
ប្រហែលបីថ្ងៃ។
កុំភ័យអី ចាំអញជួយលាក់បំពួនឯង រួចជួយរក្សាឯងឲ្យជា។
ឥឡូវឯងបាយទឹក រួចហើយនៅ ?
ទេកុំឲ្យឯងព្រួយអី ! អញបាយរួចហើយ តែសុំទឹកមួយផ្ដិលមក។
អុះ ! ណ្ហើយកុំ . . . !
ម៉េច ?
ក្រែងគេដឹងច្រើនគ្នា!
ហ៊ី ! ឆ្កួតអញគ្មានឲ្យអ្នកណាដឹងទេ។
ថាហើយ ឧត្ដមបើកទ្វារចេញទៅក្រៅ រួចបិទទ្វារវិញយ៉ាងស្រួល។ គឺបុរសម្នាក់ អាយុប្រមាណសាមសិបឆ្នាំ មុខមាំ ស្លូតបូត សម្ដីម៉ាត់ៗ។ បន្ដិចក្រោយមក បុរសដ៏ប្រពៃនេះ ត្រលប់ចូលមកក្នុងបន្ទប់វិញ កាន់ទឹកមួយផ្ដិលមក ហុចឲ្យមានន្ទ។ មានន្ទទទួលផ្ដិលទឹកនេះ រួចផឹកឮក្អឿកៗ។ ឧត្ដមច្រត់ចង្កេះ មើលមិត្ដកម្សត់របស់អ្នក ដោយស្នេហា៖
ហ៊ឹសៗ តាំងពីណាមក កាលណាអញជួបនឹងឯង គឺមានតែរឿងមួយទេ គឺរឿងទឹកមួយផ្ដិលប៉ុណ្ណោះឯង។
មានន្ទផឹកទឹកឆ្អែត ទៅអង្គុយលើគ្រែ ។ ឧត្ដមទៅអង្គុយជិតទន្ទឹមស្មាគ្នា។
ឯងដេកក្នុងបន្ទប់នេះចុះ
ចុះឯងទៅដេកឯណា ?
ហ៊ី ! អញតាមបានទេ ដេកឯណាក៏បាន អូ ! ចាំអញ ទៅប្រាប់ប្រពន្ធអញ ឲ្យគេដឹងផង។
មានន្ទទាញស្មាឧត្ដមជាប់។
កុំ !
ហ៊ី ! ឆ្កួត មានអី កុំភ័យឲ្យសោះ បើឯងមានគ្រោះថ្នាក់ អញសាកដៃអញម្ដង ឲ្យឯងឃើញ។
ឧត្ដមក៏ទៅខ្សឹបដាក់ត្រចៀកនាង យីហ៊ុប ជាភរិយា។ គឺជាស្រីម្នាក់ អាយុប្រមាណម្ភៃឆ្នាំ ស្គមខ្ពស់ ភ្នែកមាន់ សម្រស់ល្អ សម្ដីលះ ចេះខ្នះខ្នែង ក្នុងការរកទទួលទាន និងចេះរាក់ទាក់ ក្នុងការទទួលភ្ញៀវពន្លឺ។ ដំបូងនាងភ័យ សួរប្ដីថា៖
រឿងអី ? អ្នកណា ?
ពួកម៉ាកបង!
ឈ្មោះអ្វី ?
មានន្ទ!
ឱ ! លោកមានន្ទ គាត់នៅឯណា ? លោកអើយ ! ខ្ញុំខានឃើញគាត់យូរមកហើយ។
ក្នុងបន្ទប់ផ្ទះយើង។ តែកុំមាត់ឲ្យសោះ។
ឧត្ដមក៏និយាយរឿងមានន្ទ ប្រាប់នាងយីហ៊ុប ឲ្យបានដឹង ។ នាងយីហ៊ុប ក៏ចូលទៅសំពះ សួរមានន្ទ។
ច៎ាះ ! អញ្ជើញលោកសម្រាន្ត នៅកន្លែងនេះចុះ ។ ចំនែកខ្ញុំ និងប្ដីខ្ញុំ មិនជាការអ្វីទេ។
ថាហើយ នាងយីហ៊ុប ក៏លាចេញមក បើកទូ យកសារុង កន្សែងជូនទៅមានន្ទ ឲ្យផ្លាស់។ រួចនាងដាំទឹកក្ដៅ យកមកឲ្យ មានន្ទស្អំដៃ។ ថ្ងៃនោះ ភរិយាស្វាមី ខ្នះខ្នែងយ៉ាងអស់ពីចិត្ដ តាំងពីម្ហូបអាហារទទួលទាន រហូតដល់កន្លែងដេកពួន និងប្រដាប់ប្រើប្រាស់ ផ្សេងៗ ។ លុះដល់ពេលស្រស់ស្រូបរួច មានន្ទដោយអស់កម្លាំងខ្លាំងពេក និទ្រាលក់យ៉ាងស្កប់ស្កល់។ ភ្ញាក់ឡើង អ្នកឃើញនាងយីហ៊ុប អង្គុយនៅចុងជើង អ្នកហុចទឹកមួយផ្ដិល ឲ្យលុបមុខ ជូនផ្លែក្រូច ដែលបកសម្បកស្រេច ឲ្យបរិភោគ ។ មានន្ទទើបឃើញមុខនាងច្បាស់ អ្នកនៅធ្មឹង រួចនាងសើច។
បង ! ភ្លេចខ្ញុំហើយឬនៅ ?
បាទ ! ខ្ញុំប្រហែលៗអ្នកដែរ។
ខ្ញុំនៅសិរីសោភ័ណ។
ផ្ទះអ្នកណា ?
ឪពុកខ្ញុំ ពូកែវមណី។
អូ ! អូ ! អត់ទោស ខ្ញុំភ្លេចហើយ ខ្ញុំទើបតែនឹកឃើញ។ ឱ! យើងបែកគ្នាយូរណាស់មកហើយ តាំងពីយើងនៅតូចៗ . . .។
អនុស្សាវរីយ៍កម្សត់មួយ ងើបផុសចេញពីផ្នូរចាស់មក។ មានន្ទនឹកឃើញនាងយីហ៊ុប ឡើងវិញពេញទី ។ អ្នកឃើញនាងបេះផ្លែត្របែក យកឲ្យអ្នក ឃើញនាង និងអ្នកលេងលោតអន្ទាក់ ក្រោមដើមក្រខុប។ នាងយីហ៊ុប នឹកឃើញដូចគ្នា ដែរ។ គឺនាងហើយ ដែលចាប់និយាយតទៅទៀត៖
ខ្ញុំឃើញថា បងមិនភ្លេចខ្ញុំទេ!
បាទ ! ខ្ញុំឥតភ្លេចអ្នកទេ!
ច៎ាះ ! កុំហៅខ្ញុំអ្នក តោងហៅខ្ញុំដូចដូចកាលយើងនៅពីតូចៗ។
អូនសុខសប្បាយជាទេ?
ច៎ាះ ប្អូនសុខសប្បាយជាទេ។
អូន ! រៀបការយូរហើយ ?
ច៎ាះ ពីរឆ្នាំហើយ!
ការនៅឯណា ?
ការនៅបាត់ដំបង ។ កាលនោះ ខ្ញុំទៅនៅបាត់ដំបង ជាមួយឪពុកធំខ្ញុំ។
បាទ ! បាទ ! មែនហើយ ឧត្ដមទៅណាហើយ ?
ច៎ាះ ! ទៅកំពង់ក្រោមហើយ។
ឆ្ងាយទេ ?
ល្ងាចបានគាត់វិលត្រលប់មកវិញ។
នារីខិតចូលជិតមានន្ទ ។ នាងចង់និយាយអំពីរឿងផ្សេងៗ ជាច្រើន តែនាងនឹកថា «នាងមានប្ដីហើយ»។ មានន្ទក្រោកអង្គុយឡើង ប្រុងប្រយ័ត្ន មិនឲ្យប៉ះពាល់ដល់ភរិយាគេទេ រឿងចាស់ជារឿងចាស់។ តោងបង្កប់រឿងចាស់ ក្នុងផ្នូរមួយ រួចបំភ្លេចចោល កុំបីនឹកនា។ គប្បីកុំជម្រុញរឿងថ្មី រហូតដល់ទៅមានតំណមួយ ដែលអាចក្លាយទៅជា កម្មទៀត ។ ហេតុនេះត្រូវកាន់ចិត្ដរឹង ក្នុងរឿងនិយាយគ្នា ជាការសំខាន់បំផុត។ នាងយីហ៊ុបចាប់ដៃមានន្ទ ស្រាយរបួសស្អំទឹកក្ដៅ៖
ប្អូនជួយធុរៈបងទេ ! យើងមិនមែនស្រលាញ់គ្នាទេ ប្អូនមានប្ដីហើយ។
មានន្ទសើច ។ សំណើច សម្រស់ទឹកមុខ នាំឲ្យនាងព្រឺខ្លួនខ្ញាកៗ តែនាងចេះតែខំប្រឹងទប់ជានិច្ច។
បងដឹងថាប្អូនមានប្ដីហើយ តោងជឿចិត្ដបងចុះ។
ប្អូនជឿ ច៎ាះ ! បងឈឺទេ ?
ឈឺ។
ប្អូនធ្វើតិចៗ។ សូមបងនៅផ្ទះប្អូន ទម្រាំដល់ជាមុខរបួស ចាំអញ្ជើញទៅចុះ។
បងអរគុណណាស់ តែបងនៅទីនេះមិនបានយូរទេ។
បង ! មានការអី ?
មានការប្រញាប់ ជួបនឹងគេ។
ឯណា ?
នេះជាការផ្ទាល់ខ្លួនបង មិនមែនជាភារៈសំខាន់ទេ ។ តែនៅទីនេះ មានក្រុមអ្នករាជការទេ ?
មាន ! ម៉េចបងភ័យឬ បានជាធ្វើទឹកមុខស្ងួតយ៉ាងនេះ ?
បងកំពុងរបួស ហើមដៃអស់ រកការពារខ្លួនមិនបានទេ។
មិនអីទេ បើមានរឿងអី ប្អូននាំបងទៅពួនក្នុងជង្រុកស្រូវនោះ។ នុ៎ះបងមើលឃើញទេ ?
ឃើញ . . . អើស្រួលហើយ។
តែល្ងាចនេះ មានបងប្អូនខ្ញុំម្នាក់ទៅភ្នៀត។
កាលណា បានគេចេញដំណើរទៅ ?
យប់បន្ដិច ដ្បិតពិបាកចាប់គោណាស់។ ខ្ញុំឲ្យគាត់ខ្ចីរទេះខ្ញុំ។
គេដឹកអ្វីទៅ ?
អត់ដឹកអ្វីទេ ។ ឱ ! គេដឹកចំបើងទៅ។ ឥឡូវចាំប្អូន រៀបចំបាយទឹកជូនបង។
មានអ្វីខ្លះថ្ងៃនេះ ?
ច៎ាះ ! អត់មានអ្វីទេ តែខ្ញុំបានធ្វើមាន់មួយជូនបង។
អរគុណណាស់។
មានន្ទ ដោយសេចក្ដីរាក់ទាក់ដែលនាងយីហ៊ុប បានធ្វើដោយស្មោះត្រង់បំផុតនេះ អ្នកភ្លេចខ្លួន ភ្លេចឈឺ ភ្លេចគ្រោះថ្នាក់ ។ នាងសើចតបវិញយ៉ាងព្រងើយ រួចចេញទៅ។
ព្រះសុរិយាជិតអស្ដង្គត ចោលពន្លឺល្អះល្អ ទន់ភ្លន់មកលើពសុធា។ មានន្ទឮសូរមាត់ឧត្ដម ដែលទើបវិលត្រលប់ ពីកំពង់មកវិញ។ ក្រៅពីមាត់មិត្ដនេះ អ្នកឮសូរមាត់ស្រីប្រុស ឯទៀតជាច្រើន ដែលលើកចំបើងដាក់រទេះ។ ទ្វារបន្ទប់របើកឡើង។ នាងយីហ៊ុប លើកបាយល្ងាចជូនលាយទាំងសំណើច ញញឹមមួយ ដែលបុរស ពុំអាចភ្លេចបានឡើយ។ នៅកៀនមាត់ ដែលហើបបន្ដិចនេះ មានន្ទសង្កេតឃើញធ្មេញតូចស្មើ ដែលចាំងរលើបដូចភ្លុក។ ខាងក្រៅ ភ្ញៀវទាំងឡាយ ចូលមក។ ឧត្ដម ទទួលភ្ញៀវប្រុស ស្រី ដែលមកបរិភោគបាយ យ៉ាងរកាកដូចសត្វ ចូលសម្បុក។
រាត្រី ក៏ត្រដាងស្បៃងងឹត មកពាសពេញ។ ពន្លឺកូនចង្កៀងក្នុងផ្ទះឧត្ដម ក៏ឆេះឡើង បន្ដពីពន្លឺព្រះសុរិយា ដែលរលត់ទៅ ថ្មីៗនេះ។ បន្ដិចមក មានន្ទឮសូរជើងសេះ សន្ធឹកសន្ធាប់មកដល់។ អ្នកស្លៀកពាក់ព្រឹបគ្មានបង្អង់ ចងដាវព្យួរនឹងចង្កេះ ឆ្លុះកញ្ចក់ លបចាំស្ដាប់។ ចិត្ដអ្នក ញាប់ញ័រយ៉ាងខ្លាំង។ ជនអ្នកជិះសេះ ឡើងមកលើផ្ទះ ។ ឧត្ដមចេញទៅទទួល។
ជម្រាបសួរលោក !
លើកដៃថ្វាយព្រះ។
ទាន! លោកអញ្ជើញមកមានការអីទាន ?
លោកមានឃើញអ្នកទោសម្នាក់ រត់មកជ្រកនៅទីនេះទេ ?
អ្នកទោស ?
បាទ! អ្នកទោស!
មិនឃើញអ្នកទោសណាទេ។
និលពេជ្រមើលនាយអាយ។ ឧត្ដម ឡើងស្លាំង បន្ដពាក្យទៅទៀតថា៖
គ្មានអ្នកណាក្រៅពីគ្រួសារខ្ញុំទេ។
អត់ទោស ! ខ្ញុំសុំឆែក។
លោកមិនចាំបាច់ឆែកទេទាន !
ខ្ញុំមានសំបុត្រពីអ្នករាជការធំមក។
និលពេជ្រហុចសំបុត្រឲ្យទៅឧត្ដមមើល។ កងទាហាន ក៏ចូលមើលក្នុងបន្ទប់ផ្ទះ រកមើលក្រោមគ្រែ បើកទូ រកមើលតាមពាងទឹក និងកៀនកោះសព្វគ្រប់ តែឥតមានឃើញអ្វី។ ឧត្ដម មានក្ដីតក់ស្លុត យ៉ាងខ្លាំង។ លុះចូលក្នុងបន្ទប់ មិនឃើញមានន្ទវិញ ក៏អ្នកហាក់ធូរដើមទ្រូងបន្ដិច តែព្រួយបារម្ភ មិនដឹងមិត្ដនេះ ទៅឯណាបាត់ទៅហើយ។
និលពេជ្រនិយាយថា៖
ខ្ញុំបានដឹងការច្បាស់ថា ចោររបស់ខ្ញុំរត់មកជ្រកនៅទីនេះតាំងពីព្រឹក។
បាទទេ ! ប្រហែលលោកច្រលំហើយមើលទៅ ពីព្រោះបើរត់មកនៅទីនេះ មុខជាឃើញមិនខាន បើឆែកគ្មានសល់រន្ធមួយ យ៉ាងនេះ។
បាទ ! មិនប្រាកដដែរ តែសូមលោកអត់ទោសចុះ។
បាទទេ ! មានការអីទាន ចាំក្រោយៗ អញ្ជើញមកទៀត ខ្ញុំទទួលលោកដាយរាក់ទាក់ជានិច្ចទាន !
និលពេជ្រក៏លា ចុះទៅវិញ ។ ឧត្ដមសុំអញ្ជើញ អង្គុយពិសាតែសិន ក៏មិនព្រម ។ ឧត្ដមបានជូនកងអ្នករាជការនេះ ដល់មាត់ជណ្ដើរ។ នាងយីហ៊ុប កាលឧត្ដមចូលមកវិញ ក៏ស្ទុះទៅប្រាប់ឧត្ដម ជាប្ដីយ៉ាងញ័រមាត់ថា៖
ខ្ញុំបានបង្ហាញជង្រុកនោះឲ្យគាត់ពួន។
អូនឯងឆ្លាតមែន។
តែប្អូនខ្លាចក្រែងពួកវារើជង្រុកទៀតណ៎ា !
ក្នុងពេលនោះ ពូកនិលពេជ្ររើជង្រុកមែន។ នាងយីហ៊ុប យកដៃទាំងពីរខ្ទប់មុខ។ ឧត្ដម ស្ទុះយកដាវ ប្រាប់ភរិយាថា៖
តែប៉ុណ្ណោះយើងចោលផ្ទះហើយ។
នាងយីហ៊ុបចាប់ដៃប្ដីជាប់។
កុំបង ! កុំ ! គ្នាគេច្រើនណាស់
ទេ ! មិត្ដរបស់បងមានអាសន្នធំហើយ តោងស្លាប់រស់ជាមួយគ្នា។
ទេបង ! ទេ !
ឧត្ដមចោលកន្ទុយភ្នែក ទៅជង្រុក តាមចន្លោះបង្អួច ។ តែអ្នកមិនឃើញ ចាប់បានមានន្ទសោះ។ អ្នកបែរទៅរក នាងយីហ៊ុបវិញ៖
ម៉េចពួកវា រកមានន្ទមិនឃើញ ក្នុងជង្រុក ?
ប្អូនមិនដឹងជាគាត់ទៅពួនឯណាទៀតទេ។ ប្រហែលគាត់ចេញទៅ ពួនឯណាទៀតហើយ។
ឧត្ដមដាក់ដាវ ទៅនឹងជញ្ជាំងវិញ ឈានផ្លោះរំលងបីបួនកាំជណ្ដើរ ចុះទៅជួបនិលពេជ្រ។
ខ្ញុំបាទជម្រាបថា នៅទីនេះគ្មានចោរទេ លោកមិនជឿខ្ញុំ ។ ម៉េចរកឃើញទេលោក ?
ខ្ញុំត្រូវរកឲ្យសព្វកន្លែង។
បាទ ! ខំរកទៅក្រែងបានឡើងបុណ្យសក្ដិបន្ដិចទៀត
និលពេជ្រពេបមាត់ ដោយអៀនប្រៀន។ ឧត្ដមឡើងទឹកមុខថ្លា។
ខ្ញុំបាទជាខ្មែរអ្នកសប្បុរស រួចបើកងរាជការ មករុកកួនយ៉ាងនេះ មុខជាខូចចិត្ដច្រើន ជាមិនខាន។
ខ្ញុំធ្វើនេះ សម្រាប់ជាប្រយោជន៍អ្នករាល់គ្នាទេតើ ?
ឱ ! មិនមែនដោយឈ្នានីស ដោយចង់យកគាប់គួរ ឬដោយចង់បានបុណ្យសក្ដិទេ ?
តោងលោកជ្រាបថា ខ្ញុំជាមនុស្សកាចណាស់ ក្រៅពីលោកខ្ញុំទះកំផ្លៀងហើយ។
អ្នកកាន់អំនាច មិនដែលទះកំផ្លៀងជនអ្នកស្លូតត្រង់ទេ ? តើចោរនោះចិន ឬ យួន ?
ខ្មែរ!
អូ ខ្មែរ ! ខ្ញុំមានសេចក្ដីសោកស្ដាយណាស់ តាមរបៀបរកចាប់ទាំងព្រលឹម ខ្ញុំស្មានថាជាចិន ឬ ជ្វា។
មុខនិលពេជ្រ ឡើងក្រហម។ និលពេជ្រស្រែកដល់កងទាហាន ឲ្យចាប់សេះរុករានពេញភូមិ ទាំងអស់។ កងនិលពេជ្រ បែរទៅរកផ្ទះជិតខាងទៀតទៅ។
ក្នុងពេលនោះ បងប្រុសរបស់ឧត្ដម ដែលកំពុងបរិភោគបាយជាមួយ ក៏លាឧត្ដមទៅភូមិភ្នៀត គឺលោកឧត្ដុង្គ ។ គាត់មានបុត្រីមួយ ឈ្មោះនាងមាលា រូបល្អគួរសម ដែលបរិភោគបាយ ជាមួយគាត់។ ក្នុងពេល ដែលគេឆែកឆេរផ្ទះ នាងមាលា គ្មានតក់ស្លុតអ្វីទេ។ និលពេជ្រចេះតែលបមើលនាង ម្ដងជាពីរដងដែរ។ នាងដឹងខ្លួន ខាំធ្មេញខឹងនឹងនិលពេជ្រជាពន់ពេក។ លុះលាឧត្ដម ជាឪពុកមាហើយ នាងឡើងលើរទេះ អង្គុយលើចំបើង យ៉ាងស្រួលបួល។ ឪពុកនាង លោកឧត្ដុង្គ បររទេះទៅ ក្រោយដែលបានលានាងយីហ៊ុប និងឧត្ដមដែលបានជូននាងដល់រទេះ។ តាមផ្លូវ នាងមាលានិយាយថា៖
យី ! ខ្ញុំមិនដែលឃើញពួក អីក៏មហាតម៉្លេះ ? ចូលរុករានផ្ទះគេទាំងអំណាច ឫកក្រអើតគ្រប់គ្នា។
អញ្ចឹងហើយពួកគេនោះ។
ពួកអាអស់នេះ បានតែកាប់ចោលឲ្យអស់ទេ។ ហ៊ី ! និយាយពីអាមេគេនោះ វាធ្វើឫកសង្ហាណាស់ ច្រត់ដៃចំខែង។
ពូឧត្ដុង្គ ជាឪពុក បង្ហុយបារីស្លឹកសង្កែបណ្ដើរ ស្ដាប់បុត្រីបណ្ដើរ ដែលប្រាសខ្លួនដេក ខាងលើចំបើងឯណោះ ។ យូរៗ អ្នកឆ្លើយសម្របថា៖
អឺ !
នារីបន្ដសម្ដី យ៉ាងស្រួយស្រះ ទៅទៀត៖
វាសុទ្ធតែរកចោរ ៗ។ វាចេះតែពាក្យមួយម៉ាត់នេះ មើលទៅ។ ឲ្យតែចង់ចាប់អ្នកណា អ្នកនោះចោរហើយ។ ហ៊ី ! បន្ដិច
ទៀតវាមកចាប់យើង វាថាយើងចោរដែរមិនខាន។ ឱ ! ពុកអើយ ! បើលោតែ វាហ៊ានចាប់ពុក ខ្ញុំប្រថុយស្លាប់ នឹងពួកអារាតត្បាត នេះម្ដង។ ខ្ញុំខឹងណាស់។ ពួកអានេះ វាថាស្គាល់ខ្មែរ ក៏ដូចជាមិនស្គាល់ខ្មែរ។
អឺ ! ខ្មែរយើងចិត្ដគ្រាន់បើ តាំងពីដើមមក។
ខ្ញុំស្អប់វាណាស់។ ធ្វើម្ដេច ឲ្យមានខ្មែរណាបះបោរឡើង ខ្ញុំជួយខ្មែរនោះទាំងចិត្ដ ទាំងធនធានមិនខាន។
គ្មានអ្នកណាចង់នៅខ្ញុំគេទេ តែគ្មានខ្មែរណាហ៊ានហើបទេ ព្រោះគេដឹង គេសម្លាប់ចោលទៅ។
គិតទៅអាណិតគ្នា អ្នករត់នោះ។ ប្រហែលមិនដឹង ជាគ្នាភិតភ័យយ៉ាងណាទេ ។ ខ្ញុំលបសួរមីងយីហ៊ុប ៗថា «មិនមែនចោរឯណាទេ គាត់នោះឈ្មោះមានន្ទ» ។ គាត់ជាមេទ័ពណ៎ាពុក «មេទ័ពរបស់ព្រះកម្ពុត» ។ គេរកចាប់គាត់ ដោយរំលោភតែម្ដង។ គាត់ជាមនុស្សសុចរិតទេ។
អ្នកណា ? មានន្ទ ? ឪពុកស្គាល់ហើយ មានន្ទ ត្រូវជាកូនបង្កើតរបស់ព្រះកម្ពុត នេះឯង ។ ឱ! បើមានន្ទ អាណិតស្រណោះ មែន ពីព្រោះគាត់នោះខែងណាស់ ចិត្ដស្រលាញ់ញាតិខ្មែរណាស់។ គាត់និយាយតែពីខ្មែរ កាន់ជើងខ្មែរ ការពារខ្មែរ ដាស់ទឹកចិត្ដខ្មែរ។ ហ៊ី ! មានន្ទ ហ្ន៎ ! ។ អាក្រក់មែន ពួកអាប្លន់នគរនេះ។ ឱ !ដូចនោះហើយ បានជាគេរកចាប់។ តែមិនអីទេ ទេវតាខ្មែរ គង់ជួយឲ្យមានន្ទ រួចពីភយន្ដរាយមិនខាន ខ្មែរនឹងឈ្នះអស់មារ សត្រូវមិនខាន។ ឱលោកអើយ ! ខ្ញុំបន់ មួយថ្ងៃដប់ដង មួយរយដង ឲ្យខ្មែរយើងឈ្នះម្ដងលមើល តើវាទៅណាទៅ អាពួកចោរពិតៗនោះ ? សព្វថ្ងៃឫកវា ធំណាស់ ឲ្យតែមានជ័យវិញម្ដង បានតែចាប់សម្លាប់ចោល ទើបសមមុខវា។
កិច្ចសន្ទនារវាងបិតា និងបុត្រី មានជាហូរហែ រហូតតាមផ្លូវទៅ គ្មានឈប់ឈរឡើយ។ លុះរទេះយើង បានទៅដល់ភូមិភ្នៀត រទេះបរចូល ទៅក្នុងផ្ទះមួយ យ៉ាងគួរសម។ នាងមាលាចុះពីលើចំបើង និយាយទៅកាន់ឪពុកនាងថា៖
ពុកអញ្ជើញទៅលើផ្ទះចុះ ទុកឲ្យខ្ញុំយករទេះទៅទុក យកគោទៅឯក្រោល។
ឧត្ដុង្គញញឹមរកបុត្រី ជាសញ្ញាទទួលយល់ព្រម។ នាងមាលា បរទេះតម្រង់ចូល ទៅក្នុងខ្ទមតូចមួយនៅជិតនោះ។ ព្រះអាទិត្យ ដែលលិចទៅយូរហើយ បណ្ដលឲ្យក្ដីងងឹត គ្របដណ្ដប់ពាសពេញ។ គេមើលឃើញ តែចន្លុះនារី ដែលបញ្ចាំងពន្លឺក្រហមភ្លឹបភ្លែតៗ។
នាងដោះគោរួច នាងនាំទៅចងឯក្រោល ។ នាងត្រលប់មកវិញ អូសរទេះ បញ្ចូលក្នុងខ្ទមនោះ ។ ស្រាប់តែបុរសម្នាក់ ឈរនៅពីមុខនាង ប្រលាក់ចំបើងស្រមាម។ នាងភ្ញាក់ហៀបនឹងស្រែកឡើង តែនាងនឹកឃើញថា មិនមែនចោរទេ។ នាងមើលមុខបុរសនេះ សម្រេចបានជាមនុស្សស្លូតត្រង់។ ទឹកមុខបុរស ហាក់អង្វរឲ្យនាងជួយធុរៈមួយ យ៉ាងធំ។ បុរសហត់អស់កម្លាំង។ ភែ្នកប្រុសដែលមើលនាង ធ្វើឲ្យនាងអាណិត ។ នាងសួរថា៖
អ្នកឯងមកពីណា ?
អ្នកជិះខ្ញុំមក !
ទេ ! ខ្ញុំអត់ជិះអ្នកឯងទេ ។
បើមិនជិះខ្ញុំ ម៉េចអ្នកបានមកដល់ទីនេះ?
ឱ ! អីអ្នកឯងនៅពួនក្នុងចំបើង ?
មានន្ទសើច ងក់ក្បាល។ នាងមាលាដឹងជាក់ថា មានន្ទប្រាកដ។ បុរសឃើញថា នាងតក់ស្លុតយ៉ាងខ្លាំង ដោយភ្នែកនាងដាក់ចុះ។ កាយវិការរបស់យុវតី ធ្វើឲ្យមានន្ទដឹងថា នាងមិនដែលនិយាយ ជាមួយប្រុសណាក្នុងទីស្ងាត់ ដូចនេះសោះ។
ចូរអ្នកកុំភ័យបារម្ភអ្វី!
ខ្ញុំមិនមែនខ្លាចទេ គឺលោកទេដែលត្រូវភ័យនាះ។ ឥឡូវតើលោកបម្រុង អញ្ជើញទៅណាទៀត ?
ដើររកអ្នកមានសប្បុរស និង នារីដែលមានរូបល្អ ចិត្ដល្អដូចអ្នក។
លោកអាចជ្រកនៅក្នុងផ្ទះខ្ញុំនេះសិន ចាំខ្ញុំទៅជម្រាបលោកឪពុកខ្ញុំ។
មានន្ទចាប់ដៃនាងជាប់មិនឲ្យទៅ។
ទេ ! កុំ ! ខ្ញុំសូមអរគុណណាស់ ដោយមានចិត្ដអនុគ្រោះ មកដល់ខ្ញុំយ៉ាងនេះ ខ្ញុំមិនភ្លេចទេ អស់មួយជីវិតខ្ញុំ ។ ទៅជម្រាបលោកធ្វើអ្វី ពីព្រោះខ្ញុំជាសត្វពស់ តែគេដឹងឮ មុខជាអ្នក ក៏មិនបានសុខ ។ ហេតុនេះ ខ្ញុំសុំតែទឹកមួយផ្ដិលទេ បើអ្នកមេត្ដា ចែកទានផង។
ច៎ាះ ! មានអី ចាំខ្ញុំដងមកជូន។
សូមកុំទៅប្ដឹងគេណ៎ា !
បើដូច្នោះ ខ្ញុំមិនទៅទេ ទុកឲ្យលោកស្រេកស្លាប់ចុះ !
បើអ្នកមានចិត្ដករុណាមែន ៗ អ្នកអាចអញ្ជើញបាន។
នារីរត់យ៉ាងលឿន ផ្លោះកាំជណ្ដើរចុះមកវិញ បានទឹកមួយផ្ដិលយ៉ាងស្អាត ។ មានន្ទផឹកទឹកក្អឿកៗ។ នាងមាលា មានចិត្ដមេត្ដា ដល់បុរស ជាពន់ពេក។
ខ្ញុំស្ដាយណាស់ដោយគ្មានពេលយូរ នឹងនិយាយជាមួយអ្នក។ អរគុណ នឹងទឹកមួយផ្ដិលណាស់។
ទៅណាវិញ ? កុំអាលទាន់ទៅ . . . ចាំ . . . ច៎ាះ !
វាសនាយើង បានជួបគ្នាតែប៉ុណ្ណេះទេ។ ខ្ញុំទៅមុខទៀត។
ខ្ញុំត្រេកអរណាស់ ដោយសារបានជួប រួចបានជូនទឹកមួយផ្ដិលដល់ខ្មែរម្នាក់ ដែលស្រលាញ់ខ្មែរឯទៀត។
មានន្ទផ្ទៀងក្បាលស្ដាប់សម្ដី ដ៏ពីរោះនេះ រួចនិយាយថា៖
បើផែនដីខ្មែរទាំងមូលមានកុលបុត្រ ប្រកបដោយចិត្ដដូចអ្នក ប្រហែលជាខ្ញុំមិនរងទុក្ខដូច្នេះទេ។ តែឥឡូវខ្ញុំទើបយល់ជាក់ថា ក្នុងដំណើរការជាតិ ដែលខ្ញុំកំពុងពុះពារនេះ ខ្ញុំហាក់ដូចឃើញកាន់តែជាក់ថា ពុំមែនមានតែខ្ញុំមួយទេ។
ច៎ាះ ! គឺខ្ញុំមួយដែរ។
ជយោ ! នារីខ្មែរ !
ជយោ ! វីរបុរសខ្មែរ ! ឥឡូវយកសេះឪពុកខ្ញុំទៅ ។ លោកមានសោហ៊ុយទេ ?
បាទ ! គ្មានទេ!
លោកយកកញ្ចប់កន្សែងខ្ញុំនេះ ទៅចុះ។
ក្នុងពេលនោះ នាងមាលា ឮសូរមាត់ឪពុកនាងហៅ៖
មាលា ! មាលា !
ច៎ាះ !
មក ម៉េចក៏យូរម៉្លេះ ?
អាល័យតែរលត់ចន្លុះពុក ចាំខ្ញុំរកភ្លើងអុជសិន។
នាងធ្វើ ឲ្យរលត់ចន្លុះ ។ នាងស្ដាយ ដោយអស់ពន្លឺ នឹងទៅរកមើលមុខបុរសទៀត មិនបាន។ មានន្ទវាចាតទៅទៀតថា៖
សូមលាអ្នកហើយ ។ ថ្ងៃណាមួយគង់ជួបគ្នាវិញទេ។
ច៎ាះ ! អញ្ជើញចុះ ឲ្យបានសុខសប្បាយ។
មានន្ទឱនគំនាប់នាងមាលា យ៉ាងគោរព ។ នាងមាលាស្ទើរស្ទុះទៅចាប់ដៃបុរស ដែលសំពះនាង ។ តែនាងមានសេចក្ដីអៀន ខ្មាស ដែលឃាត់នាងមិនឲ្យធ្វើដូចនោះកើត។ នាងរំជួលក្នុងចិត្ដ ឥតឧបមា។ កល្យាណឃើញបុរស យកអានដាក់លើខ្នងសេះ ឃើញបុរសលោតទំលើខ្នងសេះ ឃើញបុរសគំនាប់នាងជាលើកចុងបង្ហើយ ឃើញសេះចេញទៅទិសខាងកើត បាត់ក្នុងក្ដីងងឹត។ ភ្នែកនាង ហាក់លែងបានឃើញពន្លឺរស្មី នៃសេចក្ដីស្នេហាដ៏ល្អមួយ រួចមានតែសេចក្ដីស្ដាយមួយម៉ាត់ទេ ដែលរស់នៅយ៉ាងរវើក ក្នុងចិត្ដនាង។
********************************

វគ្គទី១៣៖វាយផ្តាច់ព្រ័ត្រ
មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ​ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានថ្ងៃនេះ មានមកយ៉ាងខ្លាំងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងអាយុជីវិតនេះ មានន្ទនឹកឃើញកោប អគ្គី នាងយីហ៊ុប....មែន ! នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។ នៅពីចម្ងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗកណ្តាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំណាចណាមួយ។
អីយ៉ា ! ខ្មាំង ឬ មិត្ត ?
មានន្ទភ័យញ័រក្នុងពោះឡើងវិញ ។ បុរសលោតចុះពីលើខ្មងសេះចងអាជានេយ្យ​ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិនឲ្យមានឮសូរអ្វីដល់តិចតួចឡើយ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង។ អ្នកលបភ័យតក្កមានឹកថា ម្តងនេះមុខជាស្លាប់មិនខាន។ មនុស្សបួននាក់ក្រោកច្រូង។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។ គឺជាទាហន។ ជនអ្នកត្រៀមឱនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់ព្រុសខ្លាំងឡើង សម្លឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោមភ្លើងកំហែងលាន់ឡើងថា :
អ្នកណា ?
មានន្ទដែលគិតតែថយរត់ដកខ្លួន កាលបើឮសូរមាត់ស្រែកសួរនោះ ក៏សប្បាយចិត្តជាពន់ពេកដូចបានរស់ឡើងវិញម្តងទៀត ក្រោកឈរដើរទៅមុខស្លុងឥតបង្អង់។​ មាត់អ្នកសួរបន្លឺទៀតថា :
អ្នកណា? លោកគ្រូឬអី?* អឺ!
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសផ្លែដាវដែលយើងស្មានថា មុខជាបានឮនោះ។
អូ! លោកគ្រូ! លោកគ្រូ វើយ! អាកោបៗ
អ៊ើយ
អគ្គី! អគ្គីអ៊ើយ!
អើយ
លោកគ្រូទេវើយ!
អ្នកទាំងអស់គ្នារត់ទៅទទួលមានន្ទដែលសើចស្ញាញដើរចូលកាន់តែជិតមក។ មានន្ទទះស្មាបុរសម្នាក់ដែលមានមាឌស្តើងខ្ពស់ដើមទ្រូងធំក្រអាញ
ម៉េចមហាកាល សុខសប្បាយទេ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
​ បាទ! ចុះលោកគ្រូ?
សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន?
រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់។
ជនទាំងដប់ប្រាំនាក់ ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួនមុខញញឹមរកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។
អើ! ប៉ុណ្ណឹងបានហើយ។
មហាកាលដែលមើលមុខមានន្ទធំជាងគេនោះ និយាយឡើងថា :
​ ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាម មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំៗ ក៏ប្រមូលគ្នាមកភ្លាមបានតែប៉ុណ្ណឹងឯង។
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។
ចុះអ្នកឯទៀតទៅណា?
ហ៊ី! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះឬទេ ក៏មិនដឹងស្បៃវែង និងអរុណមិននៅទេ។
ទៅណា?
បាទ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេមិនចេះសោះខាងផ្លួវទឹក។
អ្នកទាំងអស់គ្នា ដែលឈរជុំវិញជនទាំងពីរស្តាប់យ៉ាងជក់ចិត្ត ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជម្រៅអ្វីឡើយ។
កាលណាពួកនោះមកវិញ?
ប្រហែលកន្លះខែទៀត។
មានន្ទបែទៅកាន់ស្មាកោបវិញម្តង រួចសួរថា:
ម៉េចកោប?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នោះ លោកគ្រូបែកទៅខាងណា។
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាយគីសហជីវិនចាស់ទៀត។
គីភ័យដែរឬ?
ខ្ញុំបាទវាយថយៗ រួចគេចផុតទៅ
​ ទាំងអស់គ្នាមានត្រូវរបួសដែរឬអ្វី?
​ បាទ ទេ!
នាយកោបក៏ឆ្លៀតបញ្ចូលសំឡេងខ្លួនជាមួយអគ្គីទៀតថា :
​ បាទ ទេ!
មហាកាលកាត់ថា :
ពួកនេះលោកគ្រូទុកចិត្តចុះ ថាវាយននៀលដូចត្រីក្រាញ់។
នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្តិចនេះ យកម្រាមដៃលូកមាត់ ឱនមុខលួចសំឡក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលាន់ឮក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាបមក គេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។ នាយគីនឹកឃើញនិយាយថា :
អុញហ្ន៎ ! ភ្លេចសួរលោកគ្រូ តើពិសាបាយហើយឬនៅ?
នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្តិលទេ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួយផូងរួចនិយាយថា :
អូ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។
នាយកោបជ្រុលតះៗទៅមុខ។ មានន្ទសួរទៅមហាកាលថា :
​ មានអ្វីជាអាហារ?
មាន!​ លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន!
អើ បានទន្សាយផង! នាំឲ្យពិបាកទេឬ?
ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។
ជនទាំងអស់មិនព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទក៏និយាយអំពីស្ថានការណ៍បច្ចុប្បន្នឲ្យអ្នករាល់គ្នាស្តាប់ រួចដាស់ទឹកចិត្តអ្នករាល់គ្នាថា :
យើងត្រូវតែតស៊ូ។ ការពិបាកនេះតែជាការចាំបាច់។ ការនេះធំតែជាការដែលគេអាចសម្រេចបានដោយយើងពួតដៃគ្នាពុះពារឡើង។ ក្នុងសង្រ្គាមយើងកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្តរឹតតែរឹបវាយយើង ។
បើយើងហ៊ាន ខ្មាំងខ្លាចយើងវិញ ។ នៅពេលតស៊ូ ឬខ្មាំងសម្លាប់យើង ឬយើងសម្លាប់ខ្មាំង។ មានតែពីរយ៉ាងនេះទេ។ ក្រៅពីនេះ មានន្ទនិយាយអំពីវិន័យដែលត្រូវកាន់ គឺកុំធ្វើបាបដល់អ្នកស្រុក​ កុំសម្លាប់ខ្មែរគ្នាឯង វាយចោះយកតែខ្មាំងពិតៗ ។ល។ អ្នកទាំងអស់គ្នាស្តាប់ដោយរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ លុះដល់បរិភោគអាហាររួច មានន្ទក៏និទ្រ្ទាលក់ស្កប់ស្កល់។ មហាកាលដាក់យាមដើរមើលនាយអាយ រួចទើបចូលនិទ្រ្ទាដែរ។ ភ្លើងភ្នក់ក៏រលត់ឈឹង ។ យប់ដំបូងនៃការបដិវត្តន័ក៏ចាប់ផ្តើមឡើង។ មាន់រងាវភ្លឺស្រាងៗ ។ មានន្ទភ្ញាក់នឹងសម្រែកទាហានយាម ដែលឮសូរអូយៗ ដោយព្រួញអសិរពិសមួយរត់មកបុកចំដើមទ្រូង។ មហាលស្ទុះលោតច្រងាង ស្រែកឡើងទាំងញីភ្នែកស្រពេចស្រពិលថា : ត្រៀមៗ។ មិនយូរប៉ុន្មានទ័ពនិងទ័ពទល់មុខគ្នា។ ព្រួញបាញ់ទៅបាញ់មកគ្មានឈប់ឈរ ។ ខាងខ្មាំងយើង សូរមាត់និលពេជ្រ​ ដែលបញ្ជាឲ្យចូលៗ ។ យូរៗកងទាហាននិលពេជ្រដួលច្រងាងៗ ។ ព្រួញរត់ធ្លាក់ដូចគ្រាប់ភ្លៀង។ មានន្ទនិយាយទៅមហាកាល នាយកោប និងអគ្គីថា :
ពួកវាច្រើនណាស់ ។ តាមស្មានជាងមួយរយនាក់ ។ តែយើងតស៊ូទាល់តែឈ្នះដៃ ពីព្រោះបើយើងចាញ់ក្នុងពេលនេះ មុខជាយើងកទ័ពមិនកើតឡើយ។
មហាកាលសើចបណ្តើរ យិតធ្នូរបញ់បណ្តើរដោយស្រែកថា :
ទៅហើយវើយ ! អាម៉ាក !
សូរមាត់ទាហានទាំងសងខាងលាន់ឮទ្រហឹងអឺងកងតិះដៀលគ្នា ។ គិតទៅរឿងសង្រ្គាមវាជារឿងសប្បាយវិញ​។ មនុស្សម្នាក់ៗលែងគិតស្លាប់លែងភិតភ័យ លែងនឹកនាអ្វីឡើយ។ មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
បាញ់មួយៗ កនយើង ! បាញ់ចោលយកមួយៗ
នាយកោបដែលនៅចុងស្រែកថា :
ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
មិនអីទេ! ឲ្យវាមកច្រើនចុះស្រួលបាញ់។
មហាកាលបង្កូកឡើងថា :
បាញ់អាកូន បាញ់ឲ្យអស់ដៃ។
ទ័ពទាំងពីរក៏កាន់តែជិតគ្នាឡើងៗ ។ ពលរេហ៍ខាងនិលពេជ្រស្លាប់ដេរដាស ឈាមហូរក្រហមឆ្អៅលើប្រថពី។ ខាងមានន្ទស្លាប់បីនាក់ថែមទៀត រួចរបួសប្រាំនាក់ ។ តែអ្នកដែលរបួសទាំងប៉ុន្មាននៅតែតស៊ូពុំព្រមឈប់ឡើយ។ មានន្ទស្រែកបញ្ជាវ៉ាសឡើងថា :
ចូល ! អាកូន អាវុធនៅដៃចូល!
អ្នកទាំងអស់គ្នាគ្រវាត់ស្នាចេញចាប់ដាវ ស្ទុះសំរុកទៅរកគូសត្រូវ ទីសមរភូមិក៏ក្លាយទៅជាទីប្រកាប់ប្រចាក់វិញយ៉ាងអស្ចារ្យ ។ មានន្ទស្ទុះទៅរកនិលពេជ្រទៀត។ មហាកាលត្រូវគេរោមដូចមមង់។ នាយកោប អគ្គី ក៏កាប់យ៉ាងម៉ឺងម៉ាត់។ ជនទាំងពីរក្រោយនេះ ញាក់មុខដាក់គ្នាធ្វើគួរឲ្យចង់សើច។ កងខាងនិលពេជ្រ វិនាសអស់ជាងពាក់កណ្តាលទៅហើយ ។ ខាងមានន្ទដែលពីដើមហាក់តឹងឥលូវបានធូរ ហើយសង្ឃឹមថា មានជ័យជំនះនៅចុងបំផុតមិនខាន។ អ្នកបែរមើលគ្នា អ្នកឃើញនៅសល់ប្រាំនាក់គត់។
អ្នកញញឹមជានិច្ច។ ខាងសត្រូវនៅសល់គ្នាប្រមាញសាមសិបនាក់ទេ។ មានន្ទនិយាយទៅកាន់និលពេជ្រថា :
ម៉េចពេជ្រ ស្គាល់ដៃមានន្ទហើយឬនៅ?
និលពេជ្ររងបណ្តើរ ឆ្លើយបណ្តើរ :
ខ្ញុំមានកិត្តិយសណាស់ ដោយបានប្រយុទ្ធផ្ទាល់ដៃឯងជាមួយមេទ័ពខ្មែរម្នាក់។
គួរដែរ! ដាវជាងដប់ទល់នឹងដាវមួយ។
ក្នុងពេលនោះមហាកាលស្រែកឡើងថា :
លោកគ្រូ ! កាត់ !
មានន្ទក្រឡេកកន្ទុយភ្នែកទៅក្រោយខ្នង ឃើញទាហានម្នាក់កាន់កាំបិតស្ទុះស្លុងមក។ អ្នកគេចភ្លែត ទាហាននោះជ្រុលទៅចំដាវនិលពេជ្រ ។ ឆ្លៀតឱកាសនោះ មានន្ទវាត់ដាវម៉ាំងទៅត្រូវដៃស្តាំនិលពេជ្រ ដែលដូរផ្កាប់មុខឈាមហូរស្រស្រាក់។ នាយកោបបន្លឺឡើងថា :
ជយោ ! លោកគ្រូ ! ដួលមេហើយវើយ !
និលពេជ្រស្ទុះឡើងយ៉ាងប្រញាប់កាត់ដាវមានន្ទ ដែលកាប់បន្ថែមផ្តាច់ព្រ័ត្រ។ តែសំណាងល្អនិលពេជ្រក្រោកឈរវិញបាន សូរដាវក៏លាន់ឮប៉ែសៗដដែល ។ មានន្ទសើចនិយាយថា :
ឥឡូវសល់តែប្រាំពីរនាក់ទេ រួចពេជ្រឯងរបួសទៀតផង ។
ស្លាប់នឹងដាវមេទ័ពជាការធម្មតាទេ តែប្រយ័ត្នមេទ័ពស្លាប់នឹងពេជ្រនិលវិញណា ! មិនដឹងទៅជាយ៉ាងណាទេ......
ការស្លាប់ជាការធម្មតា ។
នាយកោបស្រែកថា :
វាយផ្តាច់ព្រ័ត្រវើយ ! កនយើង !
សូរសង្រ្គាមក៏ឮងឹងឡើងដូចមុនដំបូង ។ និលពេជ្រមានចិត្តភ័យបារម្ភយ៉ាងខ្លាំង ។ ខាងមានន្ទនៅសល់ប្រាំនាក់។ ខាងខ្លូននៅដប់ប្រាំនាក់គត់ ។ ឥឡូវកោបកំហែងវាយផ្តាច់ព្រ័ត្រទៀត។ និលពេជ្របញ្ជាឡើងថា :
ស៊ូកនយើង ! ប្តូរកនយើង !
មានន្ទបន្លឺថែមឡើងថា :
វាយផ្តាច់ព្រ័ត្រ !
រួចគឺសូរមាត់មហាកាល មាត់អគ្គីដែលឆ្លើយតែមួយពាក្យ "វាយផ្តាច់ព្រ័ត្រៗ" ។ ខាងនិលពេជ្រ របេះដល់ប្រាំនាក់ទៀតជាបន្ទាប់នោះ ។ ណាឈាមហូរនៅដៃស្តាំយ៉ាងខ្លាំង និលពេជ្រមើលឃើញ សេចក្តីស្លាប់នៅខាងមុខជាប្រាកដ ។ មានន្ទនិយាយថា :
ម៉េចពេជ្រ ! ល្មមចុះចាញ់ទេ ?
ពេជ្រមិនដែលចុះចាញ់អ្នកណាទេ !
ហាសៗ ! ស៊ូមែន ប្រុង ៗ ៗ​ !
ពេជ្រទន់ដៃអស់ទៅហើយ ។ អ្នកដួលរមៀលខ្ពោកនៅដីក្រោមចុងដាវមានន្ទ ដែលខ្លាំងដូចភ្នំ។ ស្រាប់តែជើងសេះលាន់ឮគគឹកមក ។ ពេជ្រប្រឹងកាត់នឹងដាវមានន្ទជាចុងក្រោយបង្អស់ ។ ទ័ពសេះស្រែកហ៊ោទ្រហឹងអឺងកង ។ មានន្ទក្រឡេកឃើញ ស្រែកថា :
ប្រុងកនយើង ប្រុងវិញម្តង ពួកវាមកទៀតហើយ ។
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
ឲ្យកោប អគ្គី មកជិតយើងមក ឆាប់ៗ ។
មហាកាលបញ្ជាក់ថា :
កនយើង ! ទល់ខ្នងគ្នា !
ទ័ពសេះក៏ចុះពីលើអជានេយ្យយ៉ាងរួសរាន់រត់សម្រុកមកទៀត ។ គ្នាមកថ្មីមានចំនួនប្រមាណសាមសិបនាក់ ។ ខាងមានន្ទនៅសល់តែបួននាក់គត់ ដូចមានឈ្មោះមកស្រាប់ ។ ទាំងបួននាក់រាថយ ដំកង់ជារង្វង់មូលទល់ខ្នងគ្នា ។ ការប្រកាប់ប្រចាក់ក៏មានសន្ទុះខ្លាំងឡើងជាថ្មីដដែល ។ ខាងលើព្រះអាទិត្យរះកាន់តែខ្ពស់ណាស់ទៅហើយ ។ ពន្លឺជះកំដៅមកពាសពេញលើពសុធា ។ ជនទាំងបួននាក់ហូរញើសអស់កម្លាំងក្រៃពេក ។ មានន្ទនៅតែសើចនិយាយទៅកាន់មេទ័ពថ្មីខាងខ្មាំងថា :
ពោធីឯងមិនខែងទេ !
ពោធីខាំធ្មេញពេបមាត់ !
គេច្បាំងយកឈ្នះណា៎ ! លោកគ្រូ ។
មហាកាលនិយាយថា :
យើងឈ្នះត្រង់គ្នាតិច រួចសម្លាប់បានច្រើន ។
ពោធីសើច :
ហាស៎ ៗ យើងឈ្នះត្រង់សម្លាប់បានមេទ័ពក្បត់មួយ ។
មហាកាលស្រែក :
យ៉ាស
មានន្ទភ័យក្តុកៗ សួរថា :
ម៉េចកាល ! តបានទេ ?
បាទ ! បានលោកគ្រូ ។
ធ្ងន់ទេ ?
គ្រាន់តែឈាមទេ ។
បន្តិចទៀត កោបលាន់មាត់ថា :
អូយ !
មានន្ទសួរទៀត :
ម៉េច កោប ?
បាទ ! អត់អីទេលោកគ្រូគ្រាន់តែប៉ះមួយដាវទេ ។
ពោធីសើចក្អាកក្អាយ
ម៉េច ! លោកមេទ័ពដាក់អាវុធទេ ?
មេទ័ពមួយៗទាល់តែស្លាប់ទើបដាក់អាវុធ ។
យ៉ាស់ !
មហាកាលសួរ :
ម៉េច ! លោកគ្រូ ?
មិនទាន់ស្លាប់ទេ ។
ខាងសត្រូវស្រែកជយោទ្រហឹងអឺងកង ។ មានន្ទចុកចាប់យ៉ាងខ្លាំង ។ អ្នកនិយាយថា :
វាយ ! កនយើង វាយផ្តាច់ព្រ័ត្រ !
សូរដាវលាន់ឮចែសៗជានិច្ច ។ សូរនេះកាន់តែថយទៅៗបន្តិចម្តងៗ លាន់ឮខ្លាំងវិញ បន្តិចទាបចុះវិញ ។ មានន្ទ មហាកាល នាយកោប អគ្គីនៅតែតយុទ្ធជានិច្ច ។ គួរឲ្យអាសូរណាស់ ខ្លួនជនទាំងបួននាក់ហូរឈាមរហាមជំនួសញើសដែលហូរពីមុនមក។
ដាវខ្លាំងឃើញច្រុះបែកមួយជាពីរព្រឹលភ្នែកអស់ ។ ជនទាំងបួនដួលដូចដំរីត្រូវគ្រាប់។ ជនទាំងបួនគ្រវាសដាវជាចុងបង្ហើយ ។ ជនទាំងបួនប្រឹងឈរតែពុំរួច។ ជនទាំងបួនជ្រោមលើក្បាលអង្គង់ទល់ខ្នងគ្នា ។ ជនទាំងបួនដួលគរលើគ្នាម្តងម្នាក់ៗ ជាទីអវសាន ។
១៤ ព្រះនាងខត្តិយាណី មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង ។ ក្នុងកេសាអ្នកហាក់ធីងធោងដូចមនុស្សពុលរលក។ បុរសប្រឹងសញ្ចប់សញ្ចឹង ដើម្បីប្រមូលវិញ្ញាណឲ្យរួមមកកាន់រូបកាយអ្នកវិញ ។ មុខរបួសពីម្សិលធ្វើឲ្យអ្នកចុកចាប់ណែនពេញសព្វសព៌ាង្គកាយស្ទើរលើកដៃជើងពុំរួច។ បុរសងាកឆ្វេង ងាកស្តាំ ស្រាប់តែបើកភ្នែកធំៗ ។ ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្ម តូចថប់ងងឹត ត្រជាក់។ ចិត្តមួយរត់ច្រាលឡើង ។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំបើង គាត់ស្ទើរដេកពុំកើត មើលទៅចុងជើងឃើញមានទឹកមួយផើង ទើបអ្នកដឹងខ្លួនថា អ្នកនៅក្នុងគុកទេតើ ។ មុខរបួសដែលឈឺចាប់ទាំងប៉ុន្មានមក ក៏ហាក់នៅពុំទាន់ឈឺស្មើនឹងត្រូវជាប់ជុចដូច្នោះទេ ។

សំគាល់៖
ប្រសិនជាអត្ថបទ©រក្សាសិទ្ធិរបស់លោកអ្នក​បានផ្សាយលើ​គេហទំព័រយើងខ្ញុំ ហើយលោកអ្នកចងឲ្យយើងលប់ចេញ។ សូមេត្តាផ្ញើរឯកសារបញ្ចាក់អំពីកម្មសិទ្ធិមកយើងតាមរយៈប្រអប់ផ្ញើ​ឯកសារមក​យើង ។ យើងខ្ញុំនិងឆ្លើយតបក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។ យើងខ្ញុំមិនមានបំណងធ្វើអជីវកម្មលើ អត្ថបទ©រក្សាសិទ្ធិ នោះទេ។ យើងខ្ញុំសូមលើកទឹកចិត្តដ៏មិត្តអ្នកអាន សូមមេត្តាជាវនូវសៀវភៅវ ឬ អត្ថបទដើម​ពីការបោះពុម្ភផ្សាយរបស់អ្នកនិពន្ធ។

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): រឿងមហាចោរនៅទល់ដែន
រឿងមហាចោរនៅទល់ដែន
រឿងមហាចោរនៅទល់ដែន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBZjOkmNpMVkqruVP5Bq0FU7ge7IY4yJeIysUPtq5qb2hI5hBCJHGmjdO7n-qlPHF-lrBm8Bx7nU_GrYBr66H7sYGzEe90rBLYuJrwRRr1K_02AUwo9egBtgDoVdmHq1ZbuyDsZ0BzHs/s640/kml-maha-jaor-pic.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBZjOkmNpMVkqruVP5Bq0FU7ge7IY4yJeIysUPtq5qb2hI5hBCJHGmjdO7n-qlPHF-lrBm8Bx7nU_GrYBr66H7sYGzEe90rBLYuJrwRRr1K_02AUwo9egBtgDoVdmHq1ZbuyDsZ0BzHs/s72-c/kml-maha-jaor-pic.jpg
Khmer Legend (រឿងព្រេងខ្មែរ)
https://khmer-legend.blogspot.com/2017/11/robber-at-border.html
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/2017/11/robber-at-border.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy