ប្រវត្តិ​អតីត​ក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន

ប្រវត្តិ​អតីត​ក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន

ស្ដាប់ ឬ ទាញ​យក​សំឡេង



នៅ​ដើម​សតវត្ស​ទី​១៦ ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុគន្ធបទ គឺ​ជា​អតីត​ក្មេង​វត្ត​ម្នាក់​មាន​ឈ្មោះ​ថា នាយ​កន។ នាយ​កន បាន​ត្រូវ​ព្រះបាទ​សុគន្ធបទ ជួយ​ទំនុក​បម្រុង ហើយ​តែង​តាំង​ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន។ បន្ទាប់​មក នាយ​កន ក៏​ក្បត់​ស្ដេច​ផែនដី ហើយ​វាយ​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ នៅ​ចុង​បញ្ចប់ ស្ដេច​កន ត្រូវ​ប្អូន​របស់​ព្រះបាទ​សុគន្ធបទ នាំ​ទ័ព​មក​វាយ​ដណ្ដើម​យក​រាជ្យ​វិញ ហើយ​កាត់​ក​យក​ទៅ​ដោត​នៅ​មុខ​ខ្លោងទ្វារ​ចូល​ទីក្រុង កុំ​អោយ​អ្នក​ដទៃ​យក​តម្រាប់​តាម។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ព្រឹត្តិការណ៍​នេះ​ដូច​ត​ទៅ៖ គ.៦ ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី (ស្ដេច​កន) (ឆ្នាំ​១៥០៨-ឆ្នាំ​១៥២៥) ព្រះ​ស្ដេច​កន ដែល​ជា​ស្ដេច​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ កើត​ក្នុង​ឆ្នាំ​រោង នៅ​ស្រុក​ស្រីសន្ធរ (ខេត្ត​កំពង់ចាម បច្ចុប្បន្ន)។ នាយ​កន មាន​កំណើត​ក្នុង​ត្រកូល​អ្នក​ងារ​ដែល​ជា​វណ្ណៈ​ទាប​បំផុត​នៃ​សម័យ​នោះ ហើយ​មិន​ជាប់​ពូជ​ពង្ស​ក្នុង​ត្រកូល​រាជវង្ស​ទេ។ គ្រួសារ​របស់​នាយ​កន ឋិត​ក្នុង​ក្រុម​ពល​ព្រះ គឺ​ជា​ក្រុម​អ្នក​ងារ មាន​ភារៈ​ជា​អ្នក​ថែ​រក្សា​បោស​សម្អាត​វត្ត។ បិតា​របស់​នាយ​កន នាម​ពិជ័យ​នាគ និង​មាតា​នាម នាង​បាន។
​ស្ដេច​កន

នាយ​កន មាន​បងស្រី​ម្នាក់​ឈ្មោះ​ស ហើយ​ល្បី​ថា​មាន​រូប​ឆោម​បវរ​ល្អ​លើស​ស្រី​ទាំងពួង រហូត​ដល់​ព្រះបាទ​សុគន្ធបទ សព្វ​ព្រះរាជហឫទ័យ​យ៉ាង​ខ្លាំង ហើយ​ទទួល​យក​នាង​ធ្វើ​ជា​ស្នំ​ឯក និង​នាំ​យក​នាង​ទៅ​រស់នៅ​ក្នុង​ព្រះបរមរាជវាំង។ លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីត​រ៉េស៊ីដង់​បារាំង ប្រចាំ​កម្ពុជា សរសេរ​ថា ដោយ​សព្វ​ព្រះរាជហឫទ័យ​នឹង​នាង​ស នេះ​ខ្លាំង ព្រះបាទ​ស្រីសុគន្ធបទ ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​នាង​ស នេះ​ជាពិសេស។ ព្រះអង្គ​លើក​តម្កើង​ឪពុក​នាង​អោយ​ទៅ​ជា​មន្ត្រី។ ម្តាយ​នាង​អោយ​ទៅ​ជា​នាគ​ម៉ែ​បាន។ នាយ​កន ជា​ប្អូនប្រុស អោយ​ទៅ​ជា​មហាតលិក រួច​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ត។ រីឯ​នាង​ស ខ្លួន​ឯង ជា​អ្នក​ម្នាង​កេស​បុប្ផា។ គឺ​តាម​ខ្សែ​រយៈ​បងស្រី​ដែល​ជា​ស្នំ​ឯក​របស់​ស្ដេច​ផែនដី​នេះ​ហើយ ដែល​នាយ​កន បាន​ចូល​បម្រើ​ការ​នៅ​ឯ​ក្នុង​ព្រះរាជវាំង ហើយ​បាន​ក្លាយ​ជា​មន្ត្រី​ជំនិត​របស់​ព្រះរាជា។

លោក ឡឺក្លែរ ថា ព្រះបាទ​សុគន្ធបទ ក៏​មាន​ព្រះទ័យ​ចង់​លោះ​ស្នំ​ឯក និង​នាយ​កន អោយ​រួច​ចាក​ពី​ឋានៈ​ពល​ព្រះ​ទៀត​ផង។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះអង្គ​ពិគ្រោះ​យោបល់​ជាមួយ​សេនា​មន្ត្រី មន្ត្រី​ទូល​តប​វិញ​ថា ច្បាប់​មិន​អនុញ្ញាត​អោយ​ព្រះអង្គ​ធ្វើ​បែប​នេះ​បាន​ឡើយ ត្បិត​បើ​មាន​កំណើត​ជា​ពល​ព្រះ​ហើយ គឺ​ជាប់​ក្នុង​ឋានៈ​នេះ​រយៈពេល​៥​ពាន់​ឆ្នាំ។ ទោះ​ជា​ស្ដេច​ផែនដី ក៏​មិន​អាច​បំពាន​ច្បាប់​នេះ​បាន​ឡើយ។

ដោយ​មិន​អាច​ប្រគល់​តំណែង​ធំ​ដុំ​ណា​មួយ​អោយ​នាយ​កន បាន ព្រះបាទ​សុគន្ធបទ បាន​ត្រឹម​លើក​ប្អូន​ថ្លៃ​អោយ​មាន​ងារ​ត្រឹម​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន។ នេះ​ជា​តំណែង​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ត្រួតត្រា​អ្នក​ងារ​ក្នុង​ក្រុម​ពល​ព្រះ​ដូច​គ្នា តែ​ក៏​មាន​អំណាច​អាច​កាត់​ទោស និង​ផ្ដន្ទាទោស​ជន​ណា​ដែល​មាក់ងាយ​ព្រះពុទ្ធ​សាសនា មិន​គោរព​អាចារ្យ និង​ចាស់​ព្រឹទ្ធាចារ្យ ជាដើម។

ការ​ឡើង​បុណ្យ​ស័ក្តិ​តាំង​ពី​ក្មេង​វត្ត រហូត​ដល់​តំណែង​ខ្ពស់​មួយ​នៅ​ក្នុង​វាំង តាម​រយៈ​សាច់ញាតិ​នេះ បាន​ធ្វើ​អោយ​នាយ​កន កើត​ជំងឺ​រៀប​ឫក​មិន​ទាន់។ លោក អាដេម៉ារ ឡឺក្លែរ រៀប​រាប់​ថា មិន​យូរ​ប៉ុន្មាន នាយ​កន ភ្លេច​ដើម​កំណើត​ខ្លួន​ថា​ជា​ក្មេង​វត្ត​នៃ​ក្រុម​ពល​ព្រះ ហើយ​ចាប់​ផ្ដើម​វាយ​ឫក​មាក់ងាយ​មន្ត្រី​ឯ​ទៀតៗ ដែល​ធ្វើ​អោយ​មន្ត្រី​ជើង​ចាស់​ក្នុង​វាំង​ទាំង​ឡាយ​នាំ​គ្នា​ស្អប់​គុំកួន​ជា​ខ្លាំង ហើយ​រៀបចំ​ផែនការ​ប្រឆាំង​នឹង​នាយ​កន។ ពួក​គេ​បាន​ទូល​ថ្វាយ​ស្ដេច​ផែនដី​ថា នាយ​កន មាន​គំនិត​ក្បត់​ចង់​ដណ្ដើម​រាជ្យ ហើយ​ត្រូវ​តែ​កម្ចាត់​ចោល។

ពង្សាវតារ​ខ្មែរ​រៀបរាប់​ពី​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​ដែរ តែ​មាន​បញ្ចូល​ភាព​អច្ឆរិយ​ខ្លះៗ​ទៅ​ក្នុង​នោះ។ ឯកសារ​នេះ​សរសេរ​ថា ស្ដេច​សោយរាជ្យ គឺ​ព្រះបាទ​សុគន្ធបទ ទ្រង់​សុបិន​ឃើញ​នាគរាជ​ដេញ​ខាំ​ព្រះអង្គ ហើយ​ពាំ​យក​ទាំង​ស្វេតច្ឆត្រ​របស់​ព្រះអង្គ​ទៅ​បាត់​ផង។ ពួក​ហោរា បាន​ទាយ​ពី​សុបិន​នេះ​ថា អាច​នឹង​មាន​កោលាហល​កើត​ឡើង​បង្ក​ដោយ​ព្រះ​ស្ដេច​កន ដែល​កើត​នៅ​ឆ្នាំ​រោង គឺ​ឆ្នាំ​នាគ​នោះ ហើយ​ថា ត្រូវ​តែ​កម្ចាត់​នាយ​កន ចោល។ ផែនការ​នេះ ត្រូវ​បងស្រី​របស់​នាយ​កន លួច​ស្តាប់​ឮ ហើយ​ប្រាប់​នាយ​កន អោយ​ដឹង​ខ្លួន​មុន។ នាយ​កន ក៏​រត់​ភៀស​ខ្លួន ហើយ​ទៅ​បង្ក​ទ័ព​បក​មក​វាយ​ស្ដេច​ផែនដី​វិញ។

នៅ​ក្នុង​បេសកកម្ម​ដណ្ដើម​អំណាច​ពី​ស្ដេច​ផែនដី​នេះ នាយ​កន មិន​រុញរា​សោះ​ឡើយ​ក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ឃោរឃៅ និង​បោកប្រាស់​រាស្ត្រ​ប្រជា អោយ​មក​ចុះ​ចូល​ជាមួយ​នឹង​ខ្លួន។ នាយ​កន ក៏​ជា​អ្នក​ចេះ​ប្រើ​ល្បិច​យុទ្ធសាស្ត្រ​ស្ទាត់​ជំនាញ​ណាស់ ក្នុង​ការ​បំបែក​កម្លាំង​បច្ចាមិត្ត និង​យុទ្ធសាស្ត្រ​បញ្ចូល​ដៃ​ជើង​របស់​ខ្លួន អោយ​ទៅ​បង្កប់​ក្នុង​ក្រុម​ម្ខាង​ទៀត។

ពេល​ភៀស​ខ្លួន​ទៅ​ដល់​ខេត្ត​បាភ្នំ នាយ​កន បាន​សម្លាប់​ចៅហ្វាយ​ខេត្ត​ដើម្បី​ដណ្ដើម​កាន់​កាប់​ខេត្ត​នេះ ហើយ​បោក​បញ្ឆោត​ប្រាប់​អ្នក​ស្រុក​ថា ចៅហ្វាយ​ខេត្ត​បាភ្នំ ក្បត់​ទៅ​ចូល​ដៃ​ជាមួយ​ព្រះច័ន្ទរាជា ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​មាន​បំណង​បំបែក​ខ្លួន​ឡើង​សោយរាជ្យ​នៅ​ចតុមុខ។ ពាក្យ​ឃោសនា​ថា ព្រះច័ន្ទរាជា មាន​បំណង​ក្បត់​ស្ដេច​ផែនដី​ជា​បង​បង្កើត​នេះ បាន​បង្ក​អោយ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​បង និង​ប្អូន។ ទីបំផុត ព្រះច័ន្ទរាជា ក៏​ភៀស​ព្រះ​កាយ​ចោល​ក្រុង​ចតុមុខ រួច​ទៅ​សុំ​ជ្រក​កោន​ជាមួយ​ស្ដេច​សៀម​បាត់​ទៅ។

បន្ទាប់​មក នាយ​កន បាន​ប្រាប់​អ្នក​ស្រុក​ថា តាម​ពិត​ការ​កេណ្ឌ​ទ័ព​នេះ គឺ​ដើម្បី​ដណ្ដើម​រាជ្យ​ពី​ព្រះរាជា យក​ទៅ​ថ្វាយ​ក្មួយ​បង្កើត​របស់​ខ្លួន ដែល​ត្រូវ​ជា​បុត្រ​របស់​អ្នក​ម្នាង​កេស​បុប្ផា។ មិន​តែ​ប៉ុណ្ណោះ នាយ​កន ប្រកាស​ថា ពេល​ខ្លួន​ដណ្ដើម​រាជ្យ​បាន ពួក​ពល​ព្រះ​ទាំងអស់ នឹង​ទទួល​បាន​នូវ​សេរីភាព​ជា​អ្នក​ជា​ធម្មតា​ឡើង​វិញ។ ហើយ​ជា​ការ​ទាក់ទាញ​ទិញ​ទឹក​ចិត្ត​អ្នក​ដទៃ​ទៀត នាយ​កន បាន​សន្យា​ថា ពេល​ដែល​ដណ្ដើម​រាជ្យ​បាន រាល់​អ្នក​ជា​ណា​ដែល​ធ្លាប់​ធ្វើ​ខ្ញុំ​គេ នឹង​បាន​ឡើង​ធ្វើ​ជា​មន្ត្រី ឯ​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ស្រាប់ នឹង​បាន​ឡើង​ជា​មន្ត្រី​ធំ​ជាង​នេះ​ទៀត។

ទីបំផុត ស្ដេច​កន ក៏​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះបាទ​ស្រីសុគន្ធបទ ជា​បង​ថ្លៃ ដោយ​ប្រើ​ល្បិច​អោយ​ដៃ​ជើង​របស់​ខ្លួន​ឈ្មោះ ឱកម៉ឺន សុរិន្ទកែវ ទៅ​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រះរាជវាំង ហើយ​ឆក់​ឱកាស​ធ្វើ​គត់​ស្ដេច​ផែនដី​តែ​ម្តង។

ដោយ​រក​គ្រឿង​បញ្ចក្សត្រ​សម្រាប់​ឡើង​គ្រងរាជ្យ​មិន​ឃើញ ស្ដេច​កន ក៏​បាន​ចាត់​អោយ​ធ្វើ​ព្រះ​ខ័ន​ថ្មី ហើយ​រៀប​ពិធី​ប្រាប្ដាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ ជាមួយ​នឹង​ព្រះ​ខ័ន​ក្លែងក្លាយ​នោះ​ក្នុង​គ.ស​១៥១២ នៅ​រាជធានី​ទួល​បាសាន។ ព្រះអង្គ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី។

រាជ​ពង្សាវតារ​សរសេរ​ថា បន្ទាប់​ពី​ដណ្ដើម​រាជ្យ​បាន​ពេញ​ក្នុង​ដៃ​ហើយ ស្ដេច​កន បាន​លើក​បន្តុប​បក្ខពួក និង​គ្រួសារ​ខ្លួន អោយ​មាន​ឋានៈ​ធំ​ដុំ​ក្នុង​ជួរ​អ្នក​ដឹក​នាំ។ ស្ដេច​កន លើក​ឪពុកមា​ឈ្មោះ​កៅ ដែល​ជា​មេទ័ព​ធំ អោយ​មាន​ឋានៈ​ជា​សម្ដេច​ចៅហ្វ៊ាទឡ្ហៈ ដែល​ជា​ឋានន្តរស័ក្តិ​ថ្នាក់​ខ្ពស់​បំផុត​នៃ​មន្ត្រី​ក្នុង​កម្ពុជរដ្ឋ នា​បុរាណ​សម័យ។ រីឯ​ក្រុម​បរិវារ​ដៃ​ជើង​ដទៃ​ទៀត ក៏​ព្រះមហាក្សត្រ​ថ្មី​នេះ​ប្រទាន​អោយ​មាន​យសស័ក្ដិ​តាម​គុណ​បំណាច់​រៀងៗ​ខ្លួន។

ស្ដេច​កន ទ្រង់​លើក​លែង​មិន​អោយ​យក​សួយសារអាករ​មួយ​រដូវ​តាម​បុរាណ​ប្រវេណី ដែល​ផ្លាស់​ផែនដី​ថ្មី។ ម្យ៉ាង​ទៀត ដោយ​ចង់​អោយ​មាន​ជាប់​កេរ្តិ៍​ដំណែល​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះ​ស្រីជេដ្ឋាធិរាជ​ស្ដេច​កន ទ្រង់​បាន​ប្ដូរ​រាជធានី​ពី​ទួល​បាសាន ទៅ​ទិស​ខាង​កើត ហើយ​សាង​ក្រុង​ថ្មី​ត្រង់​ចន្លក់ដូងតី។ តែ​ព្រះអង្គ​គង់​នៅ​ទីនោះ​បាន​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ក៏​ទ្រង់​យាង​ទៅ​សាង​ក្រុង​ថ្មី​មួយ​ទៀត​នៅ​ភូមិ​ស្រឡប់ពិជ័យ ចុង​ខេត្ត​ត្បូងឃ្មុំ ទល់​ដែន​ខេត្ត​បាភ្នំ។

រាជធានី​ថ្មី​នេះ ជា​បន្ទាយ​មួយ​យ៉ាង​មាំ ដែល​ព្រះអង្គ​ប្រទាន​នាម​ថា ក្រុង​ស្រឡប់ពិជ័យ​ព្រៃនគរ​បវរ​រាជធានី។ ក្រៅ​ពី​ការ​កសាង​វត្ត​អារាម​ជាច្រើន ព្រះ​ស្រី​ជេដ្ឋា​ស្ដេច​កន បាន​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគ សម្រាប់​អោយ​ប្រជារាស្ត្រ​ចាយ​វាយ​ក្នុង​ប្រទេស ហើយ​ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​នឹង​ល្បែង​ស្រី ទត​រាំ​របាំ​មហោស្រព និង​តូរ្យតន្ត្រី​ណាស់។
ស្ដេច​កន

ព្រះ​ស្រីជេដ្ឋា​សោយរាជ្យ​ដោយ​សុខ​សន្តិភាព​បាន​តែ​បី ឬ​បួន​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​រង​នឹង​សង្គ្រាម​ស៊ីវិល​មួយ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​ដប់​ឆ្នាំ ជាមួយ​នឹង​ព្រះច័ន្ទរាជា ដែល​ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​សៀម ដើម្បី​ច្បាំង​ដណ្ដើម​រាជ្យ​ពី​ស្ដេច​កន វិញ។

នៅ​ក្នុង​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​នេះ ថ្វី​ត្បិត​តែ​ព្រះ​ពញាច័ន្ទរាជា ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​រាស្ត្រ និង​មន្ត្រី​ជាច្រើន​រូប ដូច​ជា​តា​ពេជ្រ ឬ​ឃ្លាំងមឿង និង​កូន​ទាំង​៤​របស់​គាត់ ជាដើម​ក៏ដោយ តែ​ពី​ដំបូង ទ័ព​នេះ​ត្រូវ​បាន​ទ័ព​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ដ៏​មាន​កម្លាំង វាយ​សន្ធាប់ ហើយ​ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​ខេត្ត​ពោធិ៍សាត់ អស់​រយៈពេល ១២​ខែ។ គឺ​ក្នុង​ស្ថានភាព​នេះ ហើយ​ដែល​តា​ពេជ្រ ឬ​ឃ្លាំងមឿង ត្រូវ​បាន​គេ​ដំណាល​ថា បាន​ធ្វើ​ពលិកម្ម​បូជា​ជីវិត ធ្វើ​ពិធី​លោត​ចូល​រណ្ដៅ​ចម្រូង ដើម្បី​ទៅ​កេណ្ឌ​ទ័ព​បិសាច​មក​ជា​ទ័ព​ជំនួយ។ ហើយ​ក្រោយ​មក ទ័ព​ខាង​ព្រះច័ន្ទរាជា កាន់​តែ​រីក​ចម្រើន ហើយ​ទទួល​បាន​ជោគជ័យ​ច្រើន​អន្លើ រំដោះ​បាន​ភាគ​ខាង​លិច​នៃ​ប្រទេស​ទាំង​មូល ដែល​ធ្វើ​អោយ​ដំណាក់​កាល​នេះ ប្រទេស​ខ្មែរ​ត្រូវ​ចែក​ជា​ពីរ គឺ​ព្រះ​អង្គច័ន្ទ សោយរាជ្យ​ត្រើយ​ខាង​លិច ឯ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន សោយរាជ្យ​ត្រើយ​ខាង​កើត។

នៅ​គ.ស​១៥២៥ ព្រះអង្គ​ច័ន្ទ បាន​បញ្ជា​អោយ​សំពៅ​ព្រះអង្គ ទៅ​ទិញ​កាំភ្លើង​ធំ​ចំនួន ១០០​ដើម និង​កាំភ្លើង​តូច​ចំនួន ១​ពាន់​ដើម​ពី​ស្រុក​ជ្វាម៉ាឡាយូ យក​មក​បន្ថែម​លើ​កាំភ្លើង​ចាស់​ដែល​មាន​ពី​មុន​មក។ ឯ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ក៏​បញ្ជា​អោយ​ទិញ​កាំភ្លើង​ធំ ១៥០​ដើម និង​កាំភ្លើង​តូច​ចំនួន ៣០០​ដើម​ផង​ដែរ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​ត្រឡប់​មក​ពី​ស្រុក​ជ្វា ឬ​ម៉ាឡាយូ វិញ​នោះ សំពៅ​របស់​ព្រះ​ស្ដេច​កន បាន​ប៉ះ​ខ្យល់​ព្យុះ​ដ៏​ធំ បោក​បក់​ទៅ​ជាប់​នៅ​ខេត្ត​ពាមមួយ និង​មួយ​ទៀត​ជាប់​នៅ​ខេត្ត​កំពត។ មេ​ទ័ព​ខេត្ត​ទាំង​ពីរ​ឃើញ​ដូច្នោះ ក៏​ចាប់ ហើយ​នាំ​កាំភ្លើង​ទាំងអស់​ដឹក​យក​ទៅ​ថ្វាយ​ព្រះអង្គ​ច័ន្ទរាជា ជា​ស្ដេច​ត្រើយ​ខាង​លិច​ទាំងអស់។

លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា និង ណុប សុខា នៃ​សាកលវិទ្យាល័យ​ភ្នំពេញ សរសេរ​ថា ទីតាំង​ភូមិសាស្ត្រ​ដែល​គូ​បដិបក្ខ​ទាំង​ពីរ​គ្រប់គ្រង អាច​ជា​កត្តា​ចម្បង​មួយ​ក្នុង​ការ​កំណត់​ជ័យជម្នះ​នៃ​សង្គ្រាម​រវាង​ព្រះច័ន្ទរាជា និង​នាយ​កន។ លោក​ថា ព្រះអង្គ​ច័ន្ទ កាន់​កាប់​តំបន់​ខាង​លិច​តាម​មាត់​បឹង​ទន្លេសាប ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជាង​នាយ​កន ដែល​គ្រប់គ្រង​នៅ​ភាគ​ខាង​កើត។ បន្ថែម​លើ​នេះ លោក​ថា ព្រះអង្គ​ច័ន្ទ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ក្នុង​កិច្ចការ​ជំនួញ​ជាមួយ​បរទេស ឯ​ស្ដេច​កន វិញ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ជំនួញ​ទេ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​ប្រជារាស្ត្រ ស្ដេច​កន បាន​បន្ធូរបន្ថយ​មិន​យក​ពន្ធ ដែល​អាច​ធ្វើ​អោយ​មាន​វិបត្តិ​សេដ្ឋកិច្ច រួច​ដែល​នាំ​អោយ​ចាញ់​សង្គ្រាម​តែ​ម្តង។

នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​នេះ ព្រះ​ស្រីជេដ្ឋា​ព្រះ​ស្ដេច​កន ត្រូវ​ទ័ព​ព្រះអង្គ​ច័ន្ទ ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​អស់​រយៈពេល​បី​ខែ។ ព្រះអង្គ​ត្រូវ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន និង​នៅ​ទី​អវសាន​ស្ដេច​កន ដែល​ជា​អតីត​ក្មេង​វត្ត​នៃ​ក្រុម​ពល​ព្រះ ហើយ​វាយ​ដណ្ដើម​យក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ នេះ ត្រូវ​បាន​ទ័ព​របស់​ព្រះច័ន្ទរាជា កាត់​ព្រះ​សិរសា រួច​យក​ទៅ​ដោត​នៅ​មុខ​បន្ទាយ​ស្រឡប់ពិជ័យ ដើម្បី​ជា​បម្រាម​ដល់​មនុស្ស​ទូទៅ​កុំ​អោយ​ធ្វើ​តម្រាប់​តាម។

ព្រះ​ស្រីជេដ្ឋាធិរាជ​ព្រះ​ស្ដេច​កន ជា​ស្ដេច​ជ្រែក​រាជ្យ​នេះ ទ្រង់​បាន​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​១៥០៨ ឬ​ឆ្នាំ​១៥១២ នៃ​គ.ស នៅ​ទួល​បាសាន ហើយ​ទ្រង់​សោយ​ទិវង្គត​ដោយ​គេ​កាត់​ព្រះ​សិរសា នៅ​ឆ្នាំ​១៥២៥ នៅ​បន្ទាយ​ស្រឡប់ពិជ័យ​ព្រៃនគរ៕ ដោយ ជុន ច័ន្ទបុត្រ

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ប្រវត្តិ​អតីត​ក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន
ប្រវត្តិ​អតីត​ក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន
ប្រវត្តិ​អតីត​ក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBVcjvozMb8DSWsZcGdVoy-Sgse4ZSSs1m0xT2n9Y8YGoNLeUxrzgN5VJezQFGsm47Mwr_C8gXko0iZJsUoLCUqqe6OpDUKVdlmeJ0Pc5vD-9KIpVve0U5PXFHgrFRIk-3wggfJUUnSA/s640/khmer-movie_large.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBVcjvozMb8DSWsZcGdVoy-Sgse4ZSSs1m0xT2n9Y8YGoNLeUxrzgN5VJezQFGsm47Mwr_C8gXko0iZJsUoLCUqqe6OpDUKVdlmeJ0Pc5vD-9KIpVve0U5PXFHgrFRIk-3wggfJUUnSA/s72-c/khmer-movie_large.jpg
Khmer Legend (រឿងព្រេងខ្មែរ)
https://khmer-legend.blogspot.com/2017/11/sdech-kan.html
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/
https://khmer-legend.blogspot.com/2017/11/sdech-kan.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy